កំណត់និពន្ធ៖ រូបថតបែបសារព័ត៌មានមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការបង្ហាញអំពីព្រឹត្តិការណ៍ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងពិភពលោក។ លោក ម៉ក់ រ៉េមីស្សា (Mak Remisa) គឺជាអ្នកថតរូបអាជីពបែបសារព័ត៌មាន ហើយលោកបានបំពេញការងារក្នុងអាជីពនេះអស់រយៈពេលជាង២០ឆ្នាំមកហើយ ដើម្បីផ្តិតយកព្រឹត្តិការណ៍នានានៅក្នុងប្រទេសកម្ពុជា។ នៅក្នុងសប្តាហ៍កន្លងទៅនេះ កញ្ញា នូវ ពៅលក្ខិណានៃ VOA បានធ្វើបទសម្ភាសន៍ជាមួយលោក ម៉ក់ រ៉េមីស្សាទាក់ទិននឹងអាជីព និងសារៈសំខាន់នៃរូបថតបែបសារព័ត៌មាន។
VOA៖ ជាដំបូងសូមជម្រាបសួរលោកម៉ក រ៉េមីសា ចា៎! លោកគឺជាអ្នកថតរូបអាជីពបែបសារព័ត៌មានមួយរូបរបស់ទីភ្នាក់ងារព័ត៌មានបរទេសដ៏ល្បីមួយឈ្មោះថា European Press Photo Agency។ ជាដំបូង តើលើកអាចជួយរៀបរាប់ត្រួសៗបានទេ ថាតើលោកបានចាប់ផ្តើមអាជីពជាអ្នកថតរូបបែបសារព័ត៌មាននៅឆ្នាំណាដែរ? ហើយលោកទទួលបានការបណ្តុះបណ្តាលជំនាញហ្នឹងពីកន្លែងណាដែរ?
ម៉ក់ រ៉េមីស្សា៖ បាទ! ជម្រាបសួរ! កាលដើមឡើយ ខ្ញុំជាអ្នកគូររូបគឺជាវិចិត្រករ រៀននៅសាលាវិចិត្រសិល្បៈ ហើយទន្ទឹមគ្នានោះដែរ ខ្ញុំបានរៀនថតរូបពីសមាគមបារាំងមួយឈ្មោះថា Art Cambodge ហើយនៅពេលនោះដែរ គេបានបង្រៀនយើងគឺថា គ្រាន់តែថតរូបធម្មតា ដើម្បីឲ្យយើងចេះប្រើប្រាស់ម៉ាស៊ីនថតអីតាប៉ុណ្ណឹងទេ។ ប៉ុន្តែក្រោយមក ខ្ញុំបានទៅធ្វើការជាមួយនឹងកាសែតបារាំងឈ្មោះថា Cambodge Soir ហើយនៅពេលនោះគឺជាការសាកល្បងធ្វើការដំបូង ហើយខ្ញុំក៏មិនមែនជាអ្នកថតរូបខាងសារព័ត៌មានដែរ គ្រាន់តែថា យើងចេះប្រើប្រាស់ម៉ាស៊ីនថត។ ហើយក្រោយមកនៅឆ្នាំ១៩៩៧ ខ្ញុំមានឱកាសបានទៅរៀននៅប្រទេសថៃខាងរូបថតសារព័ត៌មាន។
VOA៖ ចា៎! សម្រាប់រូបលោកផ្ទាល់ដែលជាអ្នកថតរូប តើរូបលោកគិតថា រូបថតមានតួនាទីសំខាន់យ៉ាងណាខ្លះនៅក្នុងវិស័យសារព័ត៌មាន?
ម៉ក់ រ៉េមីស្សា៖ ជាការណ៍ពិត យើងដឹងទាំងអស់គ្នាហើយថា រូបថតគឺមានសារៈសំខាន់មិនអាចខ្វះបានជាមួយសារព័ត៌មាន។ នៅពេលខ្លះ គេយករូបថតដាក់នៅទំព័រមុខផង ព្រោះថា រូបថតងាយស្រួលក្នុងការមើលជាងអត្ថបទ។ ហើយបើរូបថតយើងល្អ មានការទាក់ទាញ ធ្វើឲ្យអ្នកអានចាប់អារម្មណ៍ បានគេទៅអានអត្ថបទរបស់យើង។ ហើយតួនាទីមួយទៀតដែលសំខាន់ តាមធម្មតាការសរសេររៀបរាប់នូវព្រឹត្តិការណ៍អ្វីមួយ អ្នកសារព័ត៌មានគឺមិនបាននិយាយឲ្យគ្រប់ជ្រុងជ្រោយទេ ជួនកាលអាចមានខ្វះចន្លោះ។ ប៉ុន្តែរូបថតគឺជាអ្នកបំពេញបន្ថែមនូវអ្វី ដែលអ្នកសារព័ត៌មានមិនបានរំលេចឡើង។
VOA៖ ចា៎! នៅពេលដែលលោកចុះថតរូបម្តងៗ តើអ្វីជាចំណុចសំខាន់ដែលលោកផ្តោតលើ?
ម៉ក់ រ៉េមីស្សា៖ តាមធម្មតា យើងត្រូវតែដឹងមុន ថាតើយើងទៅយកព័ត៌មានអំពីព្រឹត្តិការណ៍អ្វីមួយ យើងត្រូវតែដឹងថា រឿងហ្នឹងមានអ្វីដែលកើតឡើង ហើយនឹង តើនិយាយអំពីអ្វី? ហើយបានយើងពិចារណាទៅលើរូបភាពថា តើរូបភាពណាដែលយើងបង្ហាញប្រាប់នូវព្រឹត្តិការណ៍ទាំងនោះឯង។ ហើយយើងព្យាយាមធ្វើច្រើន ដែលអាចធ្វើទៅបាន ដើម្បីបង្ហាញអ្នកអាន ហើយនិងអ្នកទស្សនាទាំងអស់នូវអ្វីដែលបានកើតឡើងនៅពេលនោះ។
VOA ៖ នៅពេលថតរូបបែបសារព័ត៌មាន តើមានបញ្ហាអ្វីខ្លះដែលកើតឡើង?
ម៉ក់ រ៉េមីស្សា៖ តាមធម្មតា វាអាស្រ័យទៅលើព្រឹត្តិការណ៍ដែលកើតឡើង ព្រោះយើងជាអ្នកសារព័ត៌មាន យើងត្រូវយកព័ត៌មានមិនមែនតែរឿងមានបាតុកម្ម ប៉ូលិសទេ។ ពេលខ្លះ យើងធ្វើអំពីសេដ្ឋកិច្ច ធ្វើអំពីកសិកម្ម ធ្វើអំពីទូទៅអីអញ្ចឹងបាទ។ ខ្ញុំបញ្ជាក់ថា វាអាស្រ័យលើព្រឹត្តិការណ៍ដែលកើតឡើង។ ពេលខ្លះបើសិនណាមានសង្រ្គាមកើតឡើង យើងត្រូវប្រឈមច្រើន ហើយបើករណី ដូចជាបាតុកម្មអី ជាការណ៍ពិត យើងប្រឈមមុខគ្រប់បែបយ៉ាងទាំងអស់ ខាងប៉ូលិសក៏ដោយ ខាងបាតុករក៏ដោយ យើងត្រូវតែប្រយ័ត្នគ្រប់ពេលវេលា។
VOA៖ បច្ចុប្បន្នមានទំនោរថ្មីមួយបានកើតឡើង ភាពទំនើបនៃបច្ចេកវិទ្យាកាន់តែរីកចម្រើន។ មានមនុស្សជាច្រើនដែលគាត់អាចទិញកាមេរ៉ាថ្លៃបាន ហើយមានមនុស្សមួយចំនួនទៀតគាត់គិតថា គាត់អាចថតរូបបានស្អាត ទាល់តែមានជាកាមេរ៉ាដែលមានតម្លៃថ្លៃ។ ក្នុងនាមលោកជាអ្នកថតរូបមួយរូប តើលោកយល់យ៉ាងណាដែរចំពោះមតិនេះ?
ម៉ក់ រ៉េមីស្សា៖ តាមធម្មតាម៉ាស៊ីនថតទំនើបគឺជួយយើងច្រើន ព្រោះវាទំនើប គ្រាន់ថា វាសម្រួលការងាររបស់យើង។ ក៏ប៉ុន្តែរូបភាពដែលល្អគឺជារឿងមួយផ្សេងគឺមិនអាចថា ម៉ាស៊ីនថតល្អ គឺយើងធ្វើរូបបានល្អនោះទេ។ អ្វីដែលល្អគឺវាចេញពីគំនិតរបស់យើង។
VOA៖ តើលោកមានអ្វីជាសារផ្តាំផ្ញើរទៅអ្នកជំនាន់ក្រោយៗទៀត ដើម្បីបង្កើនស្នាដៃរបស់គាត់ឲ្យមានលក្ខណៈកាន់តែល្អ?
ម៉ក់ រ៉េមីស្សា៖ បាទ សម្រាប់អ្នកជំនាន់ក្រោយ ល្អណាស់សម័យនេះ ខ្ញុំសង្កេតឃើញថា ក្មេងៗជំនាន់ក្រោយ ចេះប្រើប្រាស់ម៉ាស៊ីនថតល្អច្រើន ហើយធ្វើការងារច្រើនទាក់ទងទៅនឹងរូបថត។ ប៉ុន្តែអ្វីដែលសំខាន់គឺយើងចេះធ្វើឲ្យរូបភាពយើងល្អ។ យើងត្រូវតែស្វែងយល់ឲ្យបានច្រើនអំពីរូបថត ដូច្នេះយើងនឹងដឹងថា អ្វីដែលល្អសម្រាប់រូបភាព។
VOA៖ ចា៎ ជាចុងក្រោយ តើលោកមានអ្វីចង់បន្ថែមទៅសាធារណជនទេ?
ម៉ក់ រ៉េមីស្សា៖ តាមបទពិសោធន៍ ខ្ញុំគិតថា សម្រាប់អ្នកថតរូបសារព័ត៌មាន យើងត្រូវតែដឹងពីសារព័ត៌មាន។ ហើយការធ្វើរូបថតសារព័ត៌មានគឺវាខុសប្លែកពីរូបថតប្រភេទផ្សេងទៀត។ ហើយបើសិនណាយើងមិនមានជំនាញខាងរូបថតសារព័ត៌មានទេ យើងអាចថតបាន តែវាមិនអាចទៅជារូបថតល្អបានទេ។
VOA៖ សូមអរគុណច្រើនលោកម៉ក់ រ៉េមីស្សា អ្នកថតរូបសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន EPA ដែលបានផ្តល់បទសម្ភាសផ្ទាល់នៅ បន្ទប់ផ្សាយរបស់ VOA ក្នុងរាជធានីភ្នំពេញ។
ម៉ក់ រ៉េមីស្សា៖ បាទ អរគុណ៕