ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ អ្នក​វិភាគ​យល់​ថា​ចរន្ត​នយោបាយ​វៀតណាម​បន្ត ខណៈ​អគ្គលេខាធិការ​បក្ស​ក្លាយ​ជា​ប្រធានាធិបតី


លោក Nguyen Phu Trong [​ង្វៀង ហ៊្វូជុង​] លេខា​គណបក្ស​កុម្មុយនីស្ត (ស្តាំ) និងគណៈប្រមុខរដ្ឋវៀតណាមផ្សេងៗ ចូលរួមពិធីដង្ហែរសពលោកប្រធានាធិបតីវៀតណាម Tran Dai Quang នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
លោក Nguyen Phu Trong [​ង្វៀង ហ៊្វូជុង​] លេខា​គណបក្ស​កុម្មុយនីស្ត (ស្តាំ) និងគណៈប្រមុខរដ្ឋវៀតណាមផ្សេងៗ ចូលរួមពិធីដង្ហែរសពលោកប្រធានាធិបតីវៀតណាម Tran Dai Quang នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

មក​ទល់​នឹង​ពេលនេះ លោក Trong បាន​បង្ហាញ​ថា​ លោក​ព្រមព្រៀង​ក្នុង​ការ​ចូល​ទៅកាន់​តំណែង​ប្រធានាធិបតី បន្ទាប់ពី​ការ​ទទួល​មរណភាព​ភ្លាមៗ​របស់​អតីត​ប្រធានាធិបតី លោក Tran Dai Quang។

កំណត់​និពន្ធ​៖ នៅ​ថ្ងៃ​អង្គារ​នេះ​ រដ្ឋសភា​នៃ​ប្រទេស​វៀតណាម​ធ្វើ​សម័យ​ប្រជុំ​ពេញអង្គ ដើម្បី​ពិភាក្សា​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ដោយ​រួម​ទាំង​ការ​បោះឆ្នោត​ប្រថាប់ត្រា​យល់ព្រម​លើ​បេក្ខភាព​លោក Nguyen Phu Trong [​ង្វៀង ហ៊្វូជុង​] លេខា​គណបក្ស​កុម្មុយនីស្ត ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី​ផ្លូវការ​វៀតណាម​ផង​ដែរ។ លោក Nguyen Phu Trong [ង្វៀង ហ៊្វូជុង​] នឹង​ជំនួស​តំណែង​លោក Tran Dai Quang [​ជឹន ដៃ​គ័ង​] អតីត​ប្រធានាធិបតី​វៀតណាម ដែល​បាន​ទទួល​មរណភាព​ក្នុង​អំឡុង​ពេល​កាន់​តំណែង​កាលពី​ខែ​កញ្ញា។ ព្រឹត្តិការណ៍​នេះ​នឹង​នាំ​ឱ្យ​លោក Nguyen Phu Trong [​ង្វៀង ហ៊្វូ​ជុង​] ក្លាយ​ជា​អ្នក​ទី​មួយ​ចាប់​តាំង​ពី​ជំនាន់​លោក Ho Chi Minh [​ហូ ជី​មិញ​] អគ្គលេខាធិការ​ស្ថាបនិក​របស់​គណបក្ស​មក ដែល​អាច​កាន់​តំណែង​កំពូល​ទាំងពីរ​របស់​ប្រទេស​ក្នុង​ពេល​តែមួយ។ លោក អូន ឆេង​ប៉រ នៃ VOA បាន​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​នឹង​បណ្ឌិត Le Hong Hiep [​ឡេ ហុង​ហៀប​] អ្នក​ជំនាញ​ផ្នែក​នយោបាយ​ផ្ទៃក្នុង​និង​កិច្ចការ​បរទេស​វៀតណាម នៃ​វិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍ ប្រទេស​សិង្ហបុរី ជុំវិញ​ស្ថានការណ៍​នយោបាយ​វៀតណាម​ក្នុង​ពេល​អន្តរកាល​នេះ។ សូម​លោក​អ្នក​នាង​អាន និងស្តាប់​បទសម្ភាសន៍​នេះ​ដូច​ត​ទៅ៖

VOA៖ តើ​លោក​មានការ​វិភាគ​បែប​ណា​ដែរ ចំពោះ​ការសម្រេច​របស់​រដ្ឋសភា​វៀតណាម ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ដ ​លោក​ Nguyen Phu Trong ​ឲ្យ​កាន់​តំណែង​ជា​ប្រធានាធិបតី​នៃ​ប្រទេស​វៀតណាម?​

​Le Hong Hiep៖ នីតិវិធី​ក្នុង​ប្រទេស​វៀតណាម​គឺ​ដូច្នេះ៖ នៅ​ពេល​ដែល​គេ​ចង់​ជ្រើសរើស​មេដឹកនាំ​ថ្នាក់​ជាតិ គណបក្ស​នឹង​ពិគ្រោះ ដើម្បី​ឧទ្ទេសនាម​បេក្ខជន​ណា​ម្នាក់​ទៅ​ឱ្យ​រដ្ឋសភា។ ដោយសារ​តែ​វៀតណាម​ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដោយ​គណបក្ស​តែមួយ ក្នុង​ករណី​ភាគច្រើន រដ្ឋសភា​នឹង​គ្រាន់​តែ​ប្រថាប់ត្រា​យល់​ព្រម​លើ​ការសម្រេច​របស់​គណបក្ស​តែ​ប៉ុណ្ណោះ។ ក្នុង​ករណី​នេះ វា​ច្បាស់​ណាស់​ហើយ [​នៅ​មុន​ការបោះឆ្នោត​ទៅទៀត​] សឹងតែ១០០​% ដែល​ថា​រដ្ឋសភា​មុខ​ជា​សម្រេច​អនុម័ត​ឱ្យ​លោក Trong ក្លាយ​ជា​ប្រធាន​រដ្ឋ​ដូច​ការ​ស្នើ​របស់​បក្ស​ជា​មិនខាន​ឡើយ។

​VOA៖ តើ​ការណ៍​ដែល​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ដ លោក​ Nguyen Phu Trong ឡើង កាន់​តំណែង​ជា​ប្រធានាធិបតី​នៃ​ប្រទេស​វៀតណាម មាន​អត្ថន័យ​យ៉ាងដូចម្ដេច​ទៅលើ​នយោបាយ​ផ្ទៃ​ក្នុង​វៀតណាម?​

​Le Hong Hiep៖ ខ្ញុំ​គិត​ថា ក្នុង​ពេល​ឥឡូវ​នេះ ការ​ចូល​ទៅកាន់​តំណែង​នេះ​មិន​ជា​ផ្ដល់​បម្រែបម្រួល​អ្វី​ជា​ដុំ​កំភួន​ឡើយ ទៅ​លើ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស។ បើ​មើល​លើ​ជ្រុង​សេដ្ឋកិច្ច គោលនយោបាយ​នានា​នឹង​បន្ត​ដដែល​គ្មាន​អ្វី​ផ្លាស់ប្ដូរ​នោះ​ទេ នៅ​ក្រោយពេល​ដែល​លោក Trong ក្រសោប​តំណែង​ប្រធានាធិបតី។ បើ​មើល​លើ​ជ្រុង​នយោបាយ វា​អាស្រ័យ​ទៅលើ​ការរៀបចំ​បែបនេះ ដែល​មនុស្ស​ម្នាក់​ជា​អគ្គលេខាធិការ​បក្ស​ផង​និង​ជា​ប្រធាន​រដ្ឋ​ផង នឹង​បន្ត​កាន់​តំណែង​ដល់​ឆ្នាំ​២០២១ដែរ​ឬទេ ពេល​ដែល​បក្ស​ត្រូវ​រៀបចំ​សមាជ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី។

មក​ទល់​នឹង​ពេលនេះ លោក Trong បាន​បង្ហាញ​ថា​ លោក​ព្រមព្រៀង​ក្នុង​ការ​ចូល​ទៅកាន់​តំណែង​ប្រធានាធិបតី បន្ទាប់ពី​ការ​ទទួល​មរណភាព​ភ្លាមៗ​របស់​អតីត​ប្រធានាធិបតី លោក Tran Dai Quang។ នេះ​បានន័យ​ថា វា​មិនទាន់​ច្បាស់លាស់​នៅ​ឡើយ ថា​តើ​នៅ​ក្នុង​សមាជ​បក្ស​ឆ្នាំ២០២១ នា​ពេល​ខាងមុខ បក្ស​នឹង​បន្ត​របៀប​នេះ​ដែរ​ឬទេ ដែល​បុគ្គល​តែម្នាក់​នឹង​កាន់​តំណែង​ជា​អគ្គលេខាធិការ​បក្ស​ផង​និង​ជា​ប្រធាន​រដ្ឋ​ផង ដូច​អ្វី​ដែល​លោក Trong កំពុងតែ​ធ្វើ​នេះ។ ហើយ​បើ​គេ​បន្ត​របៀប​របប​បែបនេះ ខ្ញុំ​គិត​ថា​ វា​នឹង​បង្កើត​ជា​ការ​ផ្លាស់ប្ដូរ​មួយ​ចំនួន​ទៅ​លើ​ស្ថានភាព​នយោបាយ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​ក្នុង​រយៈពេល​យូរ។

ហើយ​វា​ក៏​អាស្រ័យ​ទៅលើ​ថា​តើ​នរណា​នឹង​អាច​ទៅ​ជំនួស​លោក Trong។ ​សម្រាប់​ឥឡូវនេះ​ ដែល​លោក Trong កាន់​តំណែង​ជា​អគ្គលេខាធិការ​បក្ស​ផង​និង​ជា​ប្រធាន​រដ្ឋ​ផង នឹង​មិន​នាំ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​ដុំ​កំភួន​អ្វី​ដល់​ប្រព័ន្ធ​នយោបាយ​វៀតណាម​ឡើយ។

​VOA៖ នៅ​ប្រទេស​ចិន អំណាច​និង​ឥទ្ធិពល​របស់​លោក ស៊ី ជីនពីង ដែល​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ដ​ផង​និង​ជា​ប្រធាន​រដ្ឋ​ផង បាន​នាំ​ឱ្យ​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​រំលាយ​ការកំណត់​អាណត្តិ​របស់​លោក នឹង​បើក​លទ្ធភាព​ឱ្យ​លោក​អាច​កាន់អំណាច​ដោយ​គ្មាន​កាលកំណត់។ តើ​ករណី​ស្រដៀងគ្នា​នេះ​អាច​កើតមានឡើង​នៅ​វៀតណាម​ដែរ​ឬទេ?​

​Le Hong Hiep៖ ខ្ញុំ​គិត​ថា វា​អាស្រ័យ​ទៅលើ​អ្វី​ដែល​នឹង​កើតឡើង​បន្ទាប់ ព្រោះអី លោក Trong តាម​ថា ត្រូវ​ចូល​និវត្ត​នៅ​ឆ្នាំ២០២១។ បើ​សិន​ជា​លោក​ព្យាយាម​បន្ត​ស្ថិត​ក្នុង​អំណាច​ទៅ​ដល់​ក្រោយ​ឆ្នាំ២០២១ ដូចជា​តាមរយៈ​ការ​ផ្លាស់ប្ដូរ​ធម្មនុញ្ញ​របស់​បក្ស ដើម្បី​ពង្រីក​ការកំណត់​អាណត្តិ​ ព្រោះ​នេះ​ជា​អាណត្តិ​ទីពីរ​ហើយដែល​លោក​កាន់​តំណែង​ជា​អគ្គលេខាធិការ​គណបក្ស​នោះ​ ហើយ​បើ​តាម​បទបញ្ញត្តិ​ដែល​មានស្រាប់​នៅ​ពេល​បច្ចុប្បន្ន​របស់​បក្ស លោក​មិន​អាច​កាន់​តំណែង​នេះ​ឆ្លង​ចូល​ទៅ​អាណត្តិ​ទីបី​នោះ​ទេ។

បើសិនជា​លោក​ព្យាយាម​ផ្លាស់ប្ដូរ​បទបញ្ញត្តិ​របស់​បក្ស​ដើម្បី​បន្ត​កាន់​តំណែង​ក្នុង​អាណត្តិ​បន្តបន្ទាប់​ទៀត​នោះ ខ្ញុំ​គិត​ថា ​វា​នឹងជា​និន្នាការ​ដែល​ទំនងជា​នឹង​កើតមាន ហើយ​លោក​នឹង​ព្យាយាម​ធ្វើ​ដូច​អ្វី លោក ស៊ី ជីនពីង កំពុងតែ​ធ្វើ​នៅ​ប្រទេស​ចិន។

យ៉ាងណាក្ដី ខ្ញុំ​គិត​ថា ​លទ្ធភាព​ដែល​អាច​ចេញ​ជា​សេណារីយោ​បែប​នេះ​មាន​តិចតួច​ណាស់។ ខ្ញុំ​មិន​គិត​ថា លោក​នឹង​មហិច្ឆិតា​ធ្វើ​ដូច​អ្វី​ដែល​លោក ស៊ី ជីនពីង ធ្វើ​នៅ​ប្រទេស​ចិន​នោះ​ទេ។ នៅ​ប្រទេស​វៀតណាម ប្រព័ន្ធ​នយោបាយ​មាន​លក្ខណៈ​ពហុនិយម និង​ដាក់​អត្ថិភាព​ដល់​ការសម្រេច​ចិត្ត​ក្នុង​រូបមន្ត​ព្រមព្រៀង​ផ្ទៃក្នុង​តាម​បែបផែន​កុងសង់ស៊ីស។ បើ​ទោះជា​លោក Trong កំពុងតែ​កាន់​តំណែង​កំពូល​ទាំងពីរ​ក្នុង​ពេល​តែមួយ​ក៏​ដោយ ក៏​លោក​នឹង​នៅ​តែ​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង ការិយាល័យ​នយោបាយ​មជ្ឈឹម​បក្ស និង​គណៈមជ្ឈឹ​ម នៅ​ពេល​ដែល​ត្រូវ​ធ្វើ​សេចក្ដីសម្រេច​ចិត្ត​ចម្បងៗ​នានា។

​ហើយ​បើ​ទោះជា​នៅ​ក្នុង​សមាជ​បន្ទាប់​របស់​បក្ស ​លោក Trong អាច​នៅ​បន្ត ឬក៏​នរណា​ផ្សេង​ត្រូវ​បាន​គេ​បោះឆ្នោត​ឱ្យ​ទៅ​ជំនួស​លោក ដើម្បី​កាន់​តំណែង​កំពូល​ទាំងពីរ ការអនុវត្ត​តាម​បែបផែន​សមូហភាព​បែបនេះ​នឹង​នៅ​រក្សា​បន្ត ហើយ​ទាំង​លោក Trong ឬ​អ្នកស្នង​តំណែង​លោក មិនទំនង​ជា​មានអំណាច​ខ្លាំង​ដូច​អ្វី​ដែល​លោក ស៊ី ជីនពីង មាននៅ​ប្រទេស​ចិន​នោះ​ទេ។

លោកបណ្ឌិត Le Hong Hiep [​ឡេ ហុង​ហៀប​] អ្នក​ជំនាញ​ផ្នែក​នយោបាយ​ផ្ទៃក្នុង​និង​កិច្ចការ​បរទេស​វៀតណាម នៃ​វិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍ ប្រទេស​សិង្ហបុរី។
លោកបណ្ឌិត Le Hong Hiep [​ឡេ ហុង​ហៀប​] អ្នក​ជំនាញ​ផ្នែក​នយោបាយ​ផ្ទៃក្នុង​និង​កិច្ចការ​បរទេស​វៀតណាម នៃ​វិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍ ប្រទេស​សិង្ហបុរី។

VOA៖ នៅមុន​សមាជ​គណបក្ស​ឆ្នាំ២០១៦ មានការ​លេចឮ​អំពី​ការ​ប្រជែង​តស៊ូ​អំណាច​ផ្ទៃក្នុង​រវាង​អគ្គលេខាធិការ​បក្ស ​លោក Nguyen Phu Trong និង​លោក​អតីត​នាយក​រដ្ឋមន្ត្រី Nguyen Tan Dung។ តើ​លោក​យល់ថា​ការ​ក្រសោប​តំណែង​កំពូល​ពីរ​ក្នុង​ពេល​តែមួយ​របស់​លោក Trong នឹង​នាំ​ឱ្យ​ក្រុម​ប្រជែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​បក្ស​ចុះ​ខ្សោយ​ដែរ​ឬទេ?​

Le Hong Hiep៖ ខ្ញុំ​គិត​ថា​ ទម្រង់​អំណាច​ក្នុង​ប្រទេស​វៀតណាម នា​ពេល​បច្ចុប្បន្ន មាន​លក្ខណៈ​ប្រមូល​ពង្រួម​ច្រើន​ជាង​ពីរឆ្នាំកន្លងទៅ​នេះ។ ដូចដែល​លោក​បាន​លើកឡើង​អីចឹង ក្រោម​រដ្ឋការ​ចាស់ មានការ​ប្រទាញប្រទង់​តស៊ូ​អំណាច​រវាង លោក Trong និង​លោក Dung។ តែ​ឥឡូវនេះ មិន​មាន​សោះ​ឡើយ​ក្រុម​ណា​ផ្សេងទៀត ដែល​ចង់​ប្រជែង​ជាមួយ​នឹង​លោក Trong និង​សហការី​របស់​លោក។

ជា​មូលដ្ឋាន មិន​មាន​ចលនា​ប្រឆាំង​អ្វី​ជា​រូបវ័ន្ត​នៅ​ក្នុង​បក្ស​ទៅ​នឹង​ការ​ចូល​កាន់​តំណែង​ជា​ប្រធាន​រដ្ឋ​របស់​លោក Trong ឡើយ។ តាមពិត គណៈមជ្ឈឹម​របស់​បក្ស បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ដើម្បី​គាំទ្រ​ការ​ឧទ្ទេសនាម​លោក Trong ទៅ​ឱ្យ​សភា​អនុម័ត​ជា​ប្រធានាធិបតី។ ខ្ញុំ​មិន​គិត​ថា នឹង​មានការ​តស៊ូ​ប្រវាយគ្នា​ផ្ទៃក្នុង​ប្រឆាំង​នឹង​លោក Trong នោះ​ទេ នៅ​ពេល​នេះ។

​VOA៖ ស្ថានភាព​បែបនេះ​អាច​នឹង​បន្ត​ឆ្លងផុត​ទៅដល់​សមាជ​បក្ស​ឆ្នាំ២០២១ដែរ​ឬទេ?​

Le Hong Hiep៖ ខ្ញុំ​គិត​ថា​នឹង​នៅ​ដដែល។ ក្នុងរយៈពេល​ពីរបី​ឆ្នាំខាងមុខ ខ្ញុំ​យល់ថា​លោក Trong នឹង​នៅតែ​អាច​ប្រមូល​គ្រប់គ្រង​អំណាច​របស់​លោក ហើយ​នឹង​មិន​មានការ​ប្រឆាំង​ចេញពី​ផ្ទៃក្នុង​បក្ស​ទៅ​នឹង​តួនាទី​របស់​លោក​ឡើយ។

VOA៖ តើ​សាធារណៈមតិ​របស់​វៀតណាម នឹង​មាន​ប្រតិកម្ម​បែប​ណា​ទៅ​លើ​ការ​ចូលកាន់​តំណែង​ប្រធាន​រដ្ឋ​របស់​លោក Trong?​

Le Hong Hiep៖ តំណែង​ថ្នាក់ដឹកនាំ​ជាតិ​នៅ​ប្រទេស​វៀតណាម​ត្រូវ​សម្រេច​បោះឆ្នោត​ដោយ​រដ្ឋសភា ដែល​យើង​អាច​ហៅ​បាន​ថា​ជា​ប្រជាធិបតេយ្យ​ដោយប្រយោល មិនមែន​ជា​ប្រជាធិបតេយ្យ​ដោយ​ផ្ទាល់​នោះ​ទេ។ ហេតុនេះ​ប្រជាពលរដ្ឋ​វៀតណាម​ពុំ​មាន​សំឡេង ឬ​ការសម្រេច​អ្វី​ជា​រូបវ័ន្ត​នោះ​ទេ ទៅលើ​ការបោះឆ្នោត​ជ្រើស​យក​លោក Trong។

មនុស្សម្នា​ជាច្រើន​នឹង​គ្រាន់តែ​ដាក់​ខ្សែ​ចក្ខុ​តាមដាន​ដំណើរ​វិវត្តន៍​នេះ។ ពួកគេ​ពុំ​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ដំណើរ​វិវត្តន៍​ជាច្រើន​ផ្សេងទៀត​នោះ​ទេ។ ពិត​ណាស់ ប្រជាជន​ខ្លះ​គាត់​មុខ​ជា​នឹង​មាន​ក្ដី​បារម្ភ​ថា ការ​ប្រមូល​គ្រប់គ្រង​អំណាច​នៅ​ក្នុង​គណបក្ស នឹង​នាំទៅ​ឱ្យ​មានការ​គ្រប់គ្រង​បែប​ដាច់​ណាត់ និង​តាម​បែប​បង្ក្រាប​ចាប់ចង​កាន់តែ​រន្ថើន​ជាង​មុន។

តែ​អ្នកខ្លះ​ទៀត​ក៏​អាច​នឹង​មាន​សុទិដ្ឋិនិយម​ផង​ដែរ ថា​ដំណើរ​វិវត្តន៍​នេះ នឹង​នាំ​ឱ្យ​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​មាន​ប្រសិទ្ធ​ផល​ជាង​មុន ហើយ​បក្ស​ក៏​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ និង​នាំមក​ដល់​នូវ​កំណើន​សេដ្ឋកិច្ច​ ដែល​នៅទីបំផុត​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន។

​VOA៖ បើ​បក្ស​អ្នក​សម្រេច​អីចឹង វា​សំខាន់​ដែរ​ឬទេ ដែល​បេក្ខភាព​ថ្នាក់ដឹកនាំ​ជាតិ​ដូចជា​លោក Trong ចាំបាច់​ត្រូវតែ​មាន​ប្រជាប្រិយ​ភាព​បែប​បុគ្គល​ដែរ​ក្នុងចំណោម​ប្រជាជន​វៀតណាម?​

Le Hong Hiep៖ បាទ! ខ្ញុំ​គិត​ថា ហ្នឹង​វា​ជា​ប្រការ​សំខាន់ មិនថា​នៅ​ប្រទេស​ណា​ក៏​ដោយ ដែល​ថា​មេដឹកនាំ​អាច​ឱ្យ​គេ​មើល​ឃើញ​និង​គិត​ថា​មាន​សមត្ថភាព​និង​ស្អាតស្អំ។ កេរ្តិ៍ឈ្មោះ​ដែល​អ្នកមាន​នឹង​ជះឥទ្ធិពល​ទៅលើ​ការយល់ឃើញ​របស់​ប្រជាជន​ទៅលើ​ថ្នាក់ដឹកនាំ ក៏ដូចជា​រដ្ឋាភិបាល​និង​បក្ស​កាន់អំណាច។

នៅ​វៀតណាម​ឥឡូវនេះ ខ្ញុំ​គិត​ថា មនុស្សជា​ច្រើន មានការ​គោរព​ចំពោះ​លោក Trong ចំពោះ​កេរ្តិ៍ឈ្មោះ​និង​សមត្ថភាព​របស់​លោក ក្នុង​ការ​អនុវត្ត​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​នា​ពេល​កន្លងមក។ ខ្ញុំ​យល់ថា​ប្រជាជន​ជាច្រើន​រំពឹង​ថា ​លោក​នឹង​បន្ត​យុទ្ធនាការ​នេះ​តទៅមុខ​ទៀត បន្ទាប់​ពី​លោក​ប្រមូល​គ្រប់គ្រង​អំណាច​របស់​លោក ហើយ​ត្រូវ​បាន​ឧទ្ទេសនាម​ឱ្យ​កាន់​តំណែង​កំពូល​ទាំងពីរ​នៅ​ក្នុង​ប្រទេស។

VOA៖ អ្នក​តាមដាន​នយោបាយ​វៀតណាម​មួយ​ចំនួន បាន​ហៅ​លោក Trong ថា​ជា​«ជន​ប្រកាន់​និន្នាការ​តឹងរ៉ឹង»​ក្នុងចំណោម​ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនីស្ត។ មូលហេតុ​អ្វី​ដែល​នាំ​ឱ្យ​លោក​ក្លាយជា «ជន​ប្រកាន់​និន្នាការ​តឹងរ៉ឹង»?​

​Le Hong Hiep៖ រឿង​នេះ​គេ​អាច​យល់​បាន ព្រោះ​លោក Trong គឺជា​លេខា​បក្ស ដែល​ជា​ប្រមុខ​ដឹកនាំ​របស់​បក្ស ម្ល៉ោះហើយ​ការងារ​ចម្បង​របស់​លោក គឺ​រក្សា​ការពារ​វិន័យ និង​ការ​បន្ត​វត្តមាន​រស់រាន​មានជីវិត​របស់​គណបក្ស។

ពេលខ្លះ បើសិនជា​មិន​មាន​គោលនយោបាយ​តាម​បែប​ប្រកាន់​និន្នាការ​តឹងរ៉ឹង​នោះ​ទេ លោក​មិន​អាច​ដើរតួ​នាទី​ជា​ចំណែក​របស់​លោក​បាន​នោះ​ទេ។ ជា​ធម្មតា ក្នុង​ប្រទេស​កុម្មុយនីស្ដ​ភាគច្រើន បុគ្គល​ជា​ប្រមុខ​ដឹកនាំ​របស់​បក្ស នឹង​មាន​ចរឹត​ដឹកនាំ​តាម​បែបផែន​អភិរក្សនិយម និង​ប្រកាន់​គោលនយោបាយ​ប្រកាន់​តឹងរ៉ឹង​ជាង​អ្នកដទៃ​ទៀត លើ​បញ្ហា​នយោបាយ។

ព្រមពេល​ជាមួយគ្នា នាយក​រដ្ឋមន្ត្រី​នឹង​មាន​និន្នាការ​សេរីនិយម​ជាង​នេះ ព្រោះ​ត្រូវ​ទទួល​កិច្ចការ​លើកកម្ពស់​កំណែទម្រង់​សេដ្ឋកិច្ច​និង​កំណើន​សេដ្ឋកិច្ច ដែល​ត្រូវតែ​មាន​និន្នាការ​សេរីនិយម​ជាង​បែបនេះ។

​VOA៖ លោក​រំពឹង​ទេ​ថា គោលនយោបាយ​ការបរទេស និង​គោលនយោបាយ​ជាមួយ​ប្រទេសជិតខាង​នឹង​មានការ​ប្រែប្រួល ក្រោម​ការ​ដឹកនាំ​របស់​លោក Trong ជា​ប្រធាន​រដ្ឋ​វៀតណាម?

​Le Hong Hiep៖ ខ្ញុំ​មិន​គិត​ថា​ នឹង​មាន​អ្វី​ប្រែប្រួល​នោះ​ទេ។ វៀតណាម​ទំនងជា​នឹង​រក្សា​គោលនយោបាយ​ការបរទេស​បច្ចុប្បន្ន​របស់​ខ្លួន។ ខ្ញុំ​គិត​ថា​ នោះ​គឺជា​ការព្រមព្រៀង​តាម​បែប​កុងសង់ស៊ីស ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​វៀតណាម ទៅលើ​បញ្ហា​ថា​ត្រូវ​ប្រាស្រ័យ​រាប់អាន​យ៉ាងដូចម្ដេច​ជាមួយ​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក។ នេះ​មិនមែន​ជា​គោលនយោបាយ​ការបរទេស​របស់​លោក Trong នោះ​ទេ តែ​ជាគោល​នយោបាយ​ការបរទេស​របស់​គណបក្ស​ទាំងមូល​តែម្ដង។

​ខ្ញុំ​គិត​ថា វៀតណាម​ដែល​ស្ថិត​ក្រោម​ការដឹកនាំ​របស់​លោក Trong ដែល​ជា​អគ្គលេខាធិការ​បក្ស​និង​ជា​ប្រធាន​រដ្ឋ នឹង​បន្ត​រក្សា​គោលនយោបាយ​ការបរទេស​ដែល​មាន​ស្រាប់​របស់​ខ្លួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG