ក្រុមអង្គការសង្គមស៊ីវិលកម្ពុជា បានបន្តសុំឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើសេចក្តីព្រៀងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយងាកមកមើលសេចក្តីព្រាងច្បាប់ផ្សេងៗទៀត ដែលមានភាពចាំបាច់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានប្រាប់វីអូអេ ខេមរភាសានៅថ្ងៃព្រហស្បតិ៍នេះ នៅឯកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការរៀបចំគោលនយោបាយ និងអង្គការសង្គមស៊ីវិល ដែលរៀបចំឡើងក្នុងទីក្រុងភ្នំពេញថា សេចក្តីព្រៀងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនមែនជាច្បាប់ដែលពលរដ្ឋកម្ពុជាត្រូវការជាចាំបាច់នោះទេ។
លោកលើកឡើងថា រដ្ឋាភិបាលគួរសំឡឹងទៅមើលសេចក្តីព្រាងច្បាប់ណា ដែលបម្រើប្រយោជន៍ពលរដ្ឋកម្ពុជា ដូចជាច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានជាដើម៖
«ច្បាប់នេះវា អត់ទាន់ចាំបាច់ហេតុអីបានរុញ? ហេតុអីបានប្រញាប់ចុះច្បាប់ផ្សេងៗដែលមានផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ម៉េចយើងប្រញ៉ាប់ប្រញ៉ាល់? ដូចជាច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។ ហើយប្រជាពលរដ្ឋប៉ុន្មាននាក់ដែលរងគ្រោះ ដោយសារតែអត់ទទួលបានព័ត៌មានសាធារណៈ»។
លោកបន្តថា៖ «ខ្ញុំឧទាហរណ៍ ប្រជាពលរដ្ឋច្រើនណាស់ដែលគាត់លក់ដីក្នុងតម្លៃថោក អត់ដឹងថាតំបន់ហ្នឹងគេអភិវឌ្ឍ។ ប៉ុន្តែ បើមានច្បាប់សិទ្ធិទទួលព័ត៌មាន គាត់មានសិទ្ធិទៅសួរគេបាន ដឹងថាប្លង់ហ្នឹងគេប្រុងអភិវឌ្ឍន៍ គាត់មិនលក់ដីគាត់ក្នុងតម្លៃថោកនោះទេ។ ប្រហែលជាគាត់លក់ក្នុងតម្លៃ សមរម្យ ដែលគាត់អាចទៅទិញកន្លែងមួយផ្សេងទៀតបាន ឬក៏គាត់រង់ចាំបន្តិចបាន»។
ការបន្តស្វះស្វែងស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ធ្វើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលពីសំណាក់ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ គឺធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃអង្គារថា កម្ពុជាត្រូវតែអនុម័តច្បាប់មួយចំនួន ដែលចាំបាច់ និងដែលមាននៅក្នុងផែនការដោយមិនបង្អង់ឡើយ បើទោះជាមានប្រតិកម្មរិះគន់ជាបន្តបន្ទាប់ពីអង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិក៏ដោយ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍កាលពីពេលនោះយ៉ាងដូច្នេះថា៖ «យើងនឹងបន្តចេញច្បាប់តាមផែនការរបស់យើង ព្រោះមានតែរដ្ឋសភាទេ ដែលមានសិទ្ធិអនុម័តច្បាប់ មិនមែនអង្គការក្រៅរដ្ឋាភិបាល ឬទូតបរទេសនោះទេដែលមានសិទ្ធិអនុម័តច្បាប់នោះ»។
លោក យ៉ង់ គឹមអេង យល់ថា ការប្រញ៉ាប់ប្រញ៉ាល់របស់រដ្ឋាភិបាលក្នុងការបង្កើតច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ គឺដោយសារតែច្បាប់នេះមានប្រយោជន៍ដល់រដ្ឋាភិបាល មិនមែនប្រយោជន៍សម្រាប់មហាជនកម្ពុជាឡើយ។
លោកនិយាយថា៖ «យើងឃើញថាដូចជាច្បាប់ដែលមិនឲ្យនិយាយពីថាគ្មានរបបខ្មែរក្រហម អាហ្នឹងដោយសារប៉ះពាល់មុខមាត់ដល់រដ្ឋាភិបាលអាហ្នឹង គឺច្បាប់ហ្នឹងចេញលឿនណាស់។ ហើយច្បាប់ដែលថាមានផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ យើងឃើញច្បាប់ប្រឆាំងអំពើពុករលួយយូរណាស់បាទជិត២០ឆ្នាំបានចេញ»។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តី បានការពារជំហររដ្ឋាភិបាល ក្នុងការជំរុញបន្តធ្វើសេចក្តីព្រាងច្បាប់នេះ ពីព្រោះអង្គការសង្គមស៊ីវិលមិនមានសិទ្ធិលូកដៃចូលកិច្ចការរដ្ឋាភិបាលនោះទេ។
លោកបានបន្ថែមថា៖ «ទីមួយអង្គការសង្គមស៊ីវិលខ្លួនឯងហ្នឹង គឺមិនមានដែនសមត្ថកិច្ចអ្វីមួយក្រៅពីស៊ីឈ្នួលបរទេសធ្វើកិច្ចការ ទីមួយ។ ហើយទីពីរខ្លួនឯងអត់មានច្បាប់ផង រឿងអីមកបង្គាប់ឲ្យរដ្ឋាភិបាលឱ្យឈប់ គឺខុសហើយអាហ្នឹង»។
លោក បានបញ្ជាក់ផងដែរថា សេក្តីព្រាងច្បាប់សេចក្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមិនត្រូវបានធ្វើឡើងក្នុងស្ថានភាពប្រញ៉ាប់ប្រញ៉ាល់ ក្នុងបំណងបម្រើផលប្រយោជន៍របស់រដ្ឋាភិបាលនោះទេ គឺច្បាប់នេះមានអាយុច្រើនជាងមួយឆ្នាំទៅហើយ។
លោកពន្យល់ថា៖ «អត់ទេច្បាប់ហ្នឹង ធ្វើច្រើនអាយុច្រើនជាងមួយឆ្នាំយ៉ាងតិចពីអណត្តិមុនមក។ ជាការវាយប្រហារមករដ្ឋាភិបាលគួរអាណិតអាសូរ ដែលសង្គមស៊ីវិលហ្នឹងគ្មានព័ត៌មានច្បាស់លាស់»។
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវចូលជាធរមាន វានឹងប៉ះពាល់ដល់គម្រោងជាង៤ពាន់របស់អង្គការសង្គមស៊ីវិលនានា ដែលកំពុងអនុវត្តន៍នាពេលបច្ចុប្បន្ន។ជាងនេះទៀត វាអាចធ្វើឲ្យមនុស្សជាង១លាននាក់ប្រឈមនឹងការបាត់បង់ការងារធ្វើ៕