ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ប្តេជ្ញា​ថា​នឹង​បង្កើន​ចំណេះ​ដឹង​ពាក់​ព័ន្ធ​ការ​ផ្ទេរ​អំណាច​ថ្នាក់​ក្រោម​ជាតិ​ដល់​ពលរដ្ឋ


រូបឯកសារ៖ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ឡើងថ្លែងសុន្ទរកថានៅសាលាខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុកលោក ស ខេង)
រូបឯកសារ៖ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ឡើងថ្លែងសុន្ទរកថានៅសាលាខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុកលោក ស ខេង)

សង្គម​ស៊ីវិលនៅ​ថ្ងៃ​ចន្ទ​នេះ​ ស្នើ​ឲ្យ​មាន​ការ​ពង្រឹង​បន្ថែម​លើ​យន្តការ​វិមជ្ឈការ​និង​វិសហ​មជ្ឈការ​ ខណៈ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ ស ខេង​ លើកឡើង​ពី​សារៈសំខាន់​នៃ​ការ​បន្ត​ជំរុញ​កំណែទម្រង់​វិធីសាស្ត្រ​គ្រប់​គ្រង​អំណាច​នេះ​នៅ​ក្នុង​ប្រទេស។

កាល​ពី​ថ្ងៃ​ទី០២ ខែ​តុលា ​លោក ​ស ខេង​ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយថា លោក​សន្យា​ថា នឹង​បន្ត​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ទូទៅ អំពី​កំណែ​ទម្រង់វិមជ្ឈការ ​និង​វិស​ហមជ្ឈ​ការ ​ដែល​លោក​ចាត់​ទុក​ថា​ជា «​អភិបាលកិច្ច​ពាក់ព័ន្ធ​យ៉ាង​ដិតដិតបំផុត»​ ទៅ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ។

គោល​បំណង​ចម្បង​នៃ​យន្តការ​វិមជ្ឈការ​និង​វិសហមជ្ឈការ​គឺ ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់​គ្រង​តាម​បែប​ប្រជាធិបតេយ្យ​និង​អភិបាល​កិច្ច​ល្អ​នៅ​ថ្នាក់​រដ្ឋបាល​ក្រោម​ជាតិ។ កំណែ​ទម្រង់​ទៅ​លើ​វិមជ្ឈការ ​និង​វិសហមជ្ឈការ ដើម្បី​ផ្ទេរ​មុខងារ​ និង​ក្របខណ្ឌ​ការងារ​ដល់​ថ្នាក់​ក្រោម​ជាតិ និង​កំណែ​ទម្រង់​ទៅ​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ មាន​គោល​ដៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​កៀរគរ​ហិរញ្ញវត្ថុ​ និង​អនុវត្ត​គម្រោង​ផ្សេងៗ​ដោយ​ខ្លួន​ឯង។

លោក ​យង់ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ មើល​មិន​ឃើញការ​ខណ្ឌ​ចែក​ឲ្យ​ដាច់​រចនាសម្ព័ន្ធ​ដឹកនាំ​ និងការ​ប្រើ​ប្រាស់​ឋានៈ​ក្នុង​ជួរ​គណបក្ស​នយោបាយ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៅ​តែ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ណា​មួយ។

លោក​បាន​ថ្លែង​ថា៖ «បញ្ហា​នយោបាយ​បក្ស​ហ្នឹង​គឺ​ចាក់ស្រេះ​នៅ​គ្រប់​ពេលវេលា​គ្រប់​កាលៈ​ទេសៈ​ទាំងអស់​ហ្នឹង​គឺ ​វា​ពិបាក​ក្នុង​ការ​ធ្វើ​ឲ្យ​វិមជ្ឈការ​ហ្នឹង​ដើរ​ទៅ​មុខ​បាន​ស្រួល​ ដោយសារ​តែ​ជា​ហូរហែ​គឺ​ការ​អនុវត្ត​តួនាទី ខ្ញុំ​គិត​ថា វា​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ចែកដាច់​ ហើយ​ដែល​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ខ្លាច​ថ្នាក់​លើ​ បារម្ភ​ថ្នាក់​លើ​ចាប់​កំហុស​ ឬ​ក៏​ស្តី​បន្ទោស​ក្នុង​ករណី​អនុវត្ត​ខុស​អី​អញ្ចឹង​បាទ»។

មេដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​រូបនេះ​ បានជំរុញ​ឲ្យ​មានការចូលរួម​បន្ថែម​ពី​សំណាក់​យុវជន​ និង​ស្ត្រី​ក្នុង​ការស្វែង​យល់​ពីដំណើរ​ការ​ផ្ទេរ​អំណាច​របស់​រដ្ឋាបាល​ថ្នាក់​ជាតិ ទៅ​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​ឲ្យ​ដឹង​ពី​ការ​ផ្តល់​សេវាកម្ម​រដ្ឋបាល​ផ្សេងៗ​នៅតាម​សហគមន៍។

លោក​បាន​ថ្លែង​ថា៖ «អញ្ចឹង​បើ​ចង់ឲ្យ​ស្ត្រី យុវជន​ ជន​ងាយរងគ្រោះ​ហ្នឹង​ ហ៊ាន​លើក​យោបល់​ ទាល់​តែ​មាន​យន្តការ និង​ឥរិយាបថ​ហ្នឹង​របស់​មន្ត្រី​ថ្នាក់​ក្រោម​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​មាន​មេត្រី​ភាព​ជាមួយ​ប្រជាពលរដ្ឋ។ នេះ​គឺ​ជា​រឿង​មួយ​សំខាន់​ណាស់។ បើ​សិន​អត់​មាន​អញ្ចឹង​ទេ​គឺ​ វិមជ្ឈការ​ដែល​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ហ្នឹង​គឺ​នៅ​តែ​ជា​ក្តី​ស្រមៃ​របស់​យើង​ដដែល​ហ្នឹង​។ វា​មិន​កើត​ឡើង​ពិតប្រាកដ​ ហើយ​នឹង​ឲ្យ​មាន​ភាព​សកម្ម​និង​បាន​ប្រសិទ្ធភាព​ខ្ពស់»។

នាយក​ប្រតិបត្តិនៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក សន ជ័យ ចង់​ឃើញ​មាន​ការ​ឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាពពី​សំណាក់​រដ្ឋបាល​ក្រោម​ជាតិ​ក្រោម​យន្តការ​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន។

«តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​មាន​ចំនួន​ច្រើន ហើយ​ឱកាស​នៃ​ការ​ឆ្លើយតប​ហ្នឹង​ក៏​មាន​កម្រិត​ផង​ដែរ។ មាន​កម្រិត​មាន​ន័យ​ថា បើ​យើង​មើល​ទៅ​លើ​សមត្ថភាព​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​គឺ​ សម្រាប់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​គឺ រដ្ឋបាល​ឃុំ​ រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង ស្រុក​ខណ្ឌ​ហ្នឹង​តាមរយៈ​ខ្សែ​បណ្តោយ​នៃ​ការងារ​រដ្ឋបាល»។​

លោក​បាន​បន្ថែម​ថា ដើម្បីលើក​កម្ពស់​ការ​ឆ្លើយតប​ខាង​លើ​ឲ្យ​បានប្រកប​ដោយ​ប្រសិទ្ធភាព​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​បំពេញ​ឲ្យ​បាន​តាម​អ្វី​ដែលត្រូវ​បាន​កំណត់​ឡើង​ក្នុង​កម្មវិធី​អាទិភាព​តាម​ឃុំ​សង្កាត់ ​ដែល​ផ្តោត​លើ​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន។

នៅ​ពេល​សួរ​ពាក់ព័ន្ធ​នឹង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ​លោក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​សុំ​បង្វែរ​សំណួរ​ទៅ​កាន់​លោក ​ង៉ាន់ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ប្រធាន​លេខាធិការ​ដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម(គ.ជ.អ.ប)។

លោក​ ង៉ាន់ ចំរើន​បដិសេធ​មិនផ្តល់​ការ​អធិប្បាយ​ ដោយថា លោក​ជាប់ប្រជុំ។​

បើតាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ស ខេង​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដែល​មាន​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ជា​តំណាង​ ត្រូវ​មាន​គណនេយ្យ​ភាព​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នៅ​ក្នុង​ការ​អនុវត្ត​នូវ​សិទ្ធិ​អំណាច​ មុខងារ​ និង​ធនធាន​ដែល​ទទួលបាន​ពីរដ្ឋបាល​ថ្នាក់​ជាតិ៕

XS
SM
MD
LG