លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានក្នុងខេត្តព្រះសីហនុ ពង្រឹងវិធានការសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈដើម្បីទប់ទល់នឹងអំពើភេរវកម្មព្រមទាំងឧក្រិដ្ឋកម្មឆ្លងដែន។
ក្នុងលិខិតដែលមានកម្រាស់ប្រាំទំព័រ លោក ស ខេង បានបញ្ជាឲ្យក្រុមអាជ្ញាធរមានសមត្ថកិច្ច «ពង្រឹងវិធានការសន្តិសុខ សណ្តាប់ធា្នប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីម្ចាស់ការបង្ការទប់ស្កាត់ និងបង្រ្កាបការប៉ុនប៉ងសកម្មភាពភេរវកម្ម សកម្មភាពបទឧក្រិដ្ឋឆ្លងដែន និងបទល្មើសគ្រប់ប្រភេទសំដៅធ្វើឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តព្រះសីហនុ ត្រូវបានពង្រឹង និងមានភាពល្អប្រសើរ»។
នៅក្នុងបទបញ្ជាដដែល លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានសង្កត់ធ្ងន់ឲ្យមានការយកចិត្តទុកដាក់«គ្រប់គ្រង និងការពារផលប្រយោជន៍ស្របច្បាប់របស់ជនបរទេស និងទេសចរព្រមទាំងពង្រឹងការគ្រប់គ្រងមនុស្ស ការគ្រប់គ្រងមុខរបរ ការគ្រប់គ្រងមធ្យោបាយយានយន្តគ្រប់ប្រភេទ ការគ្រប់គ្រងអាវុធជាតិផ្ទុះឲ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាបរិយាកាសក្នុងសង្គម ឲ្យមានរបៀបរៀបរយល្អប្រសើរ។
លើសពីនេះ អាជ្ញាធរមូលដ្ឋានក្នុងខេត្តព្រះសីហនុ ត្រូវរៀបចំវេទិកាសាធារណៈ ដោយផ្តោតសំខាន់លើការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» និងឬរៀបចំវេទិកាសាធារណៈ សំដៅដោះស្រាយបញ្ហាប្រឈមណាមួយជាក់លាក់ ដែលមានឥទ្ធិពលដល់ខឿនសន្តិសុខ និងសណ្តាប់ធា្នប់សាធារណៈ ជាពិសេសពាក់ព័ន្ធចរាចរណ៍ បញ្ហាគ្រឿងញៀននិងជួញដូរមនុស្ស។
អ្នកស្រី ជាប សុធារី មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ ប្រាប់ VOA នៅថ្ងៃចន្ទនេះថា វិធានការនេះអាចអនុវត្តទៅបាន អាស្រ័យលើឆន្ទៈអនុវត្តច្បាប់របស់មន្ត្រីថ្នាក់ក្រោមនៅខេត្តព្រះសីហនុ។
«បើសិនជាចង់និយាយថា យើងប្រគល់ ឆន្ទានុសិទ្ធិ ឬក៏ឲ្យមន្ត្រីរាជការ កងកម្លាំង ឬក៏តុលាការ គាត់មានឆន្ទានុសិទ្ធិ ឬក៏មានការឯករាជ្យក្នុងការធ្វើការងារទាំងអស់ហ្នឹងតាមភាពជាក់ស្តែងនៃសំណុំរឿង ឬក៏តាមភាពជាក់ស្តែងនៃបទល្មើសដែលកើតមាន អាហ្នឹងខ្ញុំយល់ថា វាអាចមានប្រសិទ្ធភាព»។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុនៃខេត្តព្រះសីហនុអះអាងថាអាជ្ញាធរជាគោលការណ៍បានអនុវត្តតាមគោលការណ៍ច្បាប់ដើម្បីធានាសន្តិសុខសុវត្ថិភាពក្នុងខេត្ត។
បទបញ្ជារបស់លោក ស ខេង ស្តីពីការពង្រឹងសន្តិសុខក្នុងខេត្តព្រះសីហនុ កើតមានឡើង នៅក្រោយការបាក់រលំអគារកម្ពស់៧ជាន់របស់ជនជាតិចិន ដែលបានសម្លាប់កម្មករខ្មែរ២៨នាក់ និង២៦នាក់ផ្សេងទៀតរងរបួស។
ក្រុមអង្គការសមាគមក្រៅរដ្ឋាភិបាលចំនួន១០០ នៅថ្ងៃចន្ទនេះ បានចេញសេចក្តីថ្លែងការណ៍រូមមួយ សម្តែងការ«សោកស្តាយនិងរន្ធត់ពន់ពេក»ចំពោះសោកនាដកម្មនេះ។ ក្រុមអង្គការទាំងនេះក៏បានស្នើឲ្យ ផ្អាកជាបន្ទាន់នូវគម្រោងសាងសង់ទាំងអស់ក្នុងខេត្តព្រះសីហនុរង់ចាំឲ្យមានការត្រួតពិនិត្យ វាយតម្លៃពីស្ថាប័នជំនាញ ដើម្បីឲ្យប្រាកដថា គម្រោងសាងសង់នីមួយៗ មានច្បាប់អនុញ្ញាតនិងមានគុណភាពតាមស្តង់ដារសុវត្ថិភាព៕