ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ព័ត៌មាន​ថា ក្រសួង​នឹង​បើក​ចំហ​លើ​ការពិភាក្សា​អំពី​វិសោធនកម្ម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន


លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ថ្លែង​សន្ទរកថា​បើក​«សន្និសីទ​លើកទីពីរ​ស្តីពីការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ»​ក្នុង​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ នៅ​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ថ្លែង​សន្ទរកថា​បើក​«សន្និសីទ​លើកទីពីរ​ស្តីពីការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ»​ក្នុង​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ នៅ​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្រ្តា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៤ ​ថ្លែង​ថា ​ក្រសួង​នឹង​រៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ដែល​មាន​អាយុ​កាល​ជិត ​៣០ ​ឆ្នាំ​មក​ហើយ គឺ​តាំង​ពី​ឆ្នាំ​ ១៩៩៥​។

ការ​ថ្លែង​របស់​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ​ធ្វើ​ឡើង​នៅ​ក្នុង ​«សន្និសីទ​លើក​ទីពីរ​ស្តីពី​ការ​អភិវឌ្ឍ​ប្រព័ន្ធផ្សព្វផ្សាយលើក​កម្ពស់​សេរី​ភាព​ក្នុង​ការ​បញ្ចេញមតិ​ក្នុង​យុគ​សម័យ​ឌីជីថល» ​ដែល​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន និង​អង្គការ​យូណេស្កូ​។

ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​អំពី​ការ​ចូល​រួម​មិន​ពេញ​លេញ​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ពិភាក្សា​លើ​ច្បាប់​នេះ ​និង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចែងបែបរឹតត្បិត​លើ​សេរីភាព​សារ​ព័ត៌មាន​។

លោក នេត្រ ភក្រ្តា បាន​ថ្លែង​ថា ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​សិក្ខា​សាលា​ពិគ្រោះ​ផ្តល់​យោបល់​លើ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​នេះ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ច្បាប់​នេះ​ឆ្លើយ​តប​នឹង​ការ​វិវឌ្ឍ​ថ្មី​នៃ​សង្គម​និង​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ឆ្លើយ​តប​នឹង​ច្បាប់​ជាតិ​និង​អន្តរជាតិ។
បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ​អង្គការ​យូណេស្កូ​ក៏​បាន​ផ្តល់​ធាតុ​ចូល​មួយ​ចំនួន​រួច​ហើយ​ទៅ​លើ​ច្បាប់​ស្តីពី​របប​សារព័ត៌​មាន​នេះ ដែល​លោក​ថា ​លោក​អាច​យក​ជា​មូលដ្ឋាន​ក្នុង​ការ​បង្កើត​ចំណុច​សំខាន់ៗ​រវាង​ច្បាប់​ជាតិនិង​អន្តរជាតិ​។

រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែង​ថា៖ «​ហើយ​ខ្ញុំសូម​អរគុណ​អង្គការយូ​ណេស្កូ​ដែល​បាន​ផ្តល់​នូវ​ការសិក្សា​អំពីវិសោធន​កម្ម​ច្បាប់ស្តីរបប​សារព័ត៌​មាន បានលើកឡើងអំពីចំណុច ១ ២​ ៣​ ហើយ​ខ្ញុំ​បាន​ទទួល​ឯកសារ​នេះ ហើយ​ខ្ញុំ​ក៏បាន​អាន​ចប់ជា​ច្រើន​ដង​ដែរ ពាក់​ព័ន្ធ​ជាមួយ​ករណី​នេះ ដើម្បី​យក​ជា​មូល​ដ្ឋាន​នៅ​ក្នុងការ​បង្កើននូវ​ចំណុច​សំខាន់​ៗ​រវាង​ច្បាប់​ជាតិនិង​អន្តរ​ជាតិ ​និងការ​អនុវត្ត​អន្តរ​ជាតិ ដើម្បី​ធ្វើម៉េច​ឲ្យ​ដំណើរ​រៀបចំ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌​មាន​នេះ​ ឆ្លើយ​តប​ទាំង​មូល​ដ្ឋាននៃ​ជាតិផង និង​អន្តរជាតិ​ផង​»។

កាល​ពី​កន្លង​ទៅ ក្រសួង​ព័ត៌មាន​បាន​បង្កើត​ «ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន»​ មួយ​ដែល​ត្រូវ​បាន​រិះគន់​ដោយ​ក្រុម​អ្នក​ជំនាញ ក្នុង​នោះ​ក៏​មានអ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ​។

ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​ ដំណើរ​ការ​នៃ​ការ​បង្កើត ​«ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន» ​«មិន​មាន​ការ​ពិភាក្សា​ផ្តល់​យោបល់​ទូលំ​ទូលាយ​ឡើយ» ​ហើយ​អ្នក​ពាក់ព័ន្ធ​ពីរ​បី​នាក់​ប៉ុណ្ណោះ​មាន​ពេល​វេលា​តែ​ ៩ ​ថ្ងៃ​ក្នុង​ការ​ផ្តល់​យោបល់​។

ទោះជាយ៉ាងណាក្តី ក៏​លោក នេត ភក្ត្រា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន បញ្ជាក់​ថា ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មិន​ល្អ​ឥត​ខ្ចោះនោះទេ។ ក៏ប៉ុន្តែ​បើ​ប្រៀប​ធៀប​បណ្តា​ប្រទេសនៅក្នុង​តំបន់ ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​និង​សេរី​ភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ដែរ​។ លោក​ជំរុញ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ដោយ​«សុភវិ​និច្ឆ័យ»​លើ​សេរីភាព​សារព័ត៌​មាន​ក្នុង​ប្រទេស​កម្ពុជា។

លោក នេត ភក្ត្រា ថ្លែង​ថា៖ «​ហើយ​បើ​សិន​ជា​ចង់​ប្រៀប​ធៀប​កម្ពុជា​ថា​ជា​ប្រទេស​ដែល​បិទ​សេរី​ភាព​សារ​ព័ត៌​មាន ​ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​អាច​ទៅ​មើល​ហ្កាហ្សា (Gaza) ​ឬ​ក៏​ទៅ​មើល​នៅ​អ៊ុយ​ក្រែន​ថា​ តើ​ស្ថានភាព​អ្នកសារ​ព័ត៌​មាន​នៅ​ទីនោះ ​វា​យ៉ាង​ម៉េច? ​អ៊ីចឹងយើង​ក៏កុំ​ទុទិដ្ឋិ​និយម​ទៅ​លើ​ស្ថាន​ភាព​នេះដែរ​»​។

លោក​រដ្ឋមន្រ្តី​បាន​ថ្លែង​បន្ថែម​ថា​ ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​ក្នុង​វិស័យ​សារព័ត៌​មាន កម្ពុជា​ត្រូវ​មាន​ច្បាប់​ដើម្បី​គ្រប់គ្រង​ក្នុង​យុគ្គសម័យ​ឌីជីថល​នេះ។

លោក Sardar Umar Alam តំណាង​អង្គការយូណេស្កូ​ប្រចាំ​នៅ​កម្ពុជា ថ្លែងសុន្ទរកថា​ស្វាគមន៍​ក្នុង​«សន្និសីទលើកទីពីរស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ»​ក្នុង​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ នៅ​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
លោក Sardar Umar Alam តំណាង​អង្គការយូណេស្កូ​ប្រចាំ​នៅ​កម្ពុជា ថ្លែងសុន្ទរកថា​ស្វាគមន៍​ក្នុង​«សន្និសីទលើកទីពីរស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ»​ក្នុង​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ នៅ​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

នៅ​ក្នុង​សន្និសីទ​នោះ លោក Sardar Umar Alam​ តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​ជំរុញឲ្យ​មាន​ការ​បង្កើត​បទ​ប្បញ្ញត្តិ​ក្នុង​សម័យ​ឌីជីថល​ដោយ​ត្រូវ​ធានា​ឲ្យស្រប​តាម​ស្តង់ដារ​អន្តរ​ជាតិ និង​ក្រោម​ដំណើរ​ការ​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។​ លោក​ក៏​ជំរុញ​ឲ្យ​មាន​ពិភាក្សា និង​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​លើ​ច្បាប់​ស្តីពី​របប​សារព័ត៌​មានផង​ដែរ។

លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា ប្រាប់​វីអូអេ​ថា​ ច្បាប់​ស្តី​ពី​របប​សារព័ត៌​មាន​មាន​ចំណុច​ល្អ​មួយ​ចំនួន ដូច​ជា​ការ​មិន​ត្រួត​ពិនិត្យ​អត្ថបទ​ជាមុន ការ​ការពារ​ប្រភព ការ​បង្កើត​សមាគម​សារព័ត៌មាន និង​ការ​ធានា​ការ​អនុវត្ត​តាម​ក្រម​សីលធម៌​ជាដើម​។ លោក​ជំរុញ​ឲ្យមាន​ការ​ចែង​ចំណុច​ល្អ​ផ្សេង​ទៀត​ ដែល​អាច​ការពារ​អ្នកសារព័ត៌មាន​បាន។

លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ​នៅ«សន្និសីទលើកទីពីរស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ»​ក្នុង​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ នៅ​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ​នៅ«សន្និសីទលើកទីពីរស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ»​ក្នុង​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ នៅ​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

លោក ណុប វី ​ថ្លែងថា៖ «យើង​ចង់​បានឲ្យ​មានចំណុច​មួយ​ចំនួន​ទៀត​ដែល​ផ្តល់​អំណាច ​ផ្តល់​តួនាទី ​ហើយ​ការ​ការ​ពារ​ដល់​អ្នក​សារ​ព័ត៌មាន​ ដែល​ជានិច្ច​កាល ​យើង​ឃើញ​ថា ​ក្រសួង​ព័ត៌​មាន​ដែល​លោក​កំពុង​តែ​រៀប​ចំ​ធ្វើវិ​សោធន​កម្ម​នេះ យើង​គួរ​តែ​មាន​ការ​ជជែក ​ហើយ​គួរ​ផ្តោត​ចំណុច​ទាំង​អស់​ហ្នឹង​»។

នៅ​ក្នុង​សារ​អបអរសាទរ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​ចុះ​ថ្ងៃ​ទី ១០ ខែ​ធ្នូ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា​ ក្នុង​ដំណាក់​កាល​ណា​ក៏​ដោយ ​រដ្ឋាភិបាល​កម្ពុជា​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​លើក​តម្កើង​សិទ្ធិ​សេរីភាព​សារព័ត៌​មាន និង​សេរីភាព​ខាង​បញ្ចេញ​មតិ ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជានិង​ច្បាប់​ស្តីពី​របប​សារ​ព័ត៌​មាន​។

គួរ​បញ្ជាក់​ថា ​នៅ​ក្នុង​សន្និសីទ​ស្តីពី​ការ​អភិវឌ្ឍ​ប្រព័ន្ធផ្សព្វ​ផ្សាយ​នា​ថ្ងៃ​ព្រហស្បតិ៍​មាន​គោលបំណងស្វែង​រក​«ការ​សន្ទនាជា​យុទ្ធសាស្ត្រ» និង​ការចែក​រំលែក​ការ​អនុវត្តល្អ និង​គំនិត​ច្នៃ​ប្រតិដ្ឋ ​ដើម្បី​ជួយ​ប្រព័ន្ធផ្សព្វផ្សាយ​របស់​កម្ពុជា​ឲ្យរីក​ចម្រើននៅក្នុង​សម័យ​ឌីជីថល​។ សន្និ​សទី​នេះ​ក៏​ផ្តោត​លើ​ការ​ពិភាក្សា​អំពី​ការគ្រប់គ្រង លំហ​ព័ត៌​មាន​ប្រកប​ដោយ​ប្រសិទ្ធភាព ការ​ពង្រឹង​គុណភាព​សារព័ត៌មាន ​និរន្តរ​ភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បរិវត្ត​កម្ម​ឌីជីថល៖ ឧបសគ្គ​និង​ឱកាស​នៃ​បច្ចេកវិទ្យា​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG