ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​បារម្ភ​អំពី​សេចក្តី​ព្រាង​«ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន»​របស់​ក្រសួង​ព័ត៌មាន


រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​លោក​ នេត្រ ភក្រ្តា ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះយោបល់​លើ​សេចក្តីព្រាង«ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន» ​កាលពីថ្ងៃទី​២៤ កក្កដា ឆ្នាំ២០២៤។(Facebook/Neth Pheaktra)
រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​លោក​ នេត្រ ភក្រ្តា ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះយោបល់​លើ​សេចក្តីព្រាង«ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន» ​កាលពីថ្ងៃទី​២៤ កក្កដា ឆ្នាំ២០២៤។(Facebook/Neth Pheaktra)

អ្នក​ធ្វើការ​លើ​វិស័យ​សារ​ព័ត៌មាន​បាន​លើក​ឡើង​ថា​ ​ខ្លឹមសារ​ដែល​ចែង​ក្នុង​សេចក្តី​ព្រាង​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន​មាន​លក្ខណៈ​ទូលាយ ​និង​ចែង​មិន​ច្បាស់​លាស់​មួយ​ចំនួន។​

សេចក្តី​ព្រាង​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ដែល​វីអូអេ​ទទួល​បាន​ចែង​ថា​ បុគ្គល ​ឬ​អ្នក​គ្រប់​គ្រង​អង្គភាព​ដែល​អនុវត្ត​សកម្ម​ភាព​ក្នុង​វិស័យ​ព័ត៌មាន​ និង​សោត​ទស្សន៍​ត្រូវ​ចៀស​វាង​ការ​ផ្សាយ ​ឬ​គាំទ្រ​ព័ត៌មាន​ដែល​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង ​និង​ស្អប់​ខ្ពើម​ជាតិ​សាសន៍ ​ពណ៌​សម្បុរ ​ឋានៈ​នៅ​ក្នុង​សង្គម ​ឬ​និន្នាការ​នយោបាយ ​ញុះញង់​ឱ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ ​ឬ​សកម្ម​ភាព​ប៉ះពាល់​ដល់​សន្តិភាព ​សន្តិសុខ​ជាតិ ​សណ្នាប់​ធ្នាប់​សាធារណៈ ​និង​សិទ្ធិ​អ្នក​ដទៃ​ជាដើម។​

បើ​តាម​សេចក្តី​ព្រាង​នោះ ​អ្នក​សារ​ព័ត៌មាន​ចៀសវាង​ការ​ផ្សាយ​ព័ត៌មាន​ប៉ះពាល់​ដល់​អធិប​តេយ្យ​ជាតិ​ បូរណ​ភាព​ដែនដី ​ឬ​ទំនាក់​ទំនង​ការ​ទូត​ ការ​ចុះ​ផ្សាយ​រូបភាព​កុមារ​ដោយ​មិនមាន​ការ​អនុញ្ញាត​ពី​អាណាព្យាបាល ​និង​ផ្សាយ​ខ្លឹមសារ​ដែល​នាំ​ឱ្យ​ឈាន​ទៅ​មាន​ចំណង់​សេព​គ្រឿង​ស្រវឹង​ ថ្នាំ​ជក់ ឬ​គ្រឿង​ញៀន​ជាដើម។​

សេចក្តី​ព្រាង​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ចែង​ទៀត​ថា​ អ្នក​អនុវត្ត​សកម្ម​ភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោត​ទស្សន៍​ត្រូវ​គោរព​ច្បាប់​ជា​ធរមាន​នៃ​ប្រទេស​ ហើយ​ទង្វើ​បំពាន​ត្រូវ​ប្រឈម​នឹង​ផល​វិបាក​ផ្នែក​រដ្ឋប្បវេណី ​និង​ព្រហ្មទណ្ឌ​ដូច​មាន​ចែង​ក្នុង​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្តិ។​ ទង្វើ​បំពាន​ប្រភេទ​ទាំង​នេះ​មិន​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​នៃ​សេរីភាព​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​សារ​ព័ត៌មាន​ឡើយ។​

នាយកប្រតិបត្តិសមាគមខេមបូចា លោក ណុប វី ផ្តល់បទសម្ភាសន៍ឱ្យវីអូអេ ក្នុងព្រឹត្តិការណ៍មួយដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
នាយកប្រតិបត្តិសមាគមខេមបូចា លោក ណុប វី ផ្តល់បទសម្ភាសន៍ឱ្យវីអូអេ ក្នុងព្រឹត្តិការណ៍មួយដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

លោក​ ណុប វី​ នាយក​ប្រតិបត្តិ​នៃ​សមាគម​ខេមបូចា ​ប្រាប់​វីអូអេ​ថា​ អ្នក​ផ្តល់​ធាតុ​ចូល​តាម​រយៈ​សមាគម​របស់​លោក​បាន​លើក​ឡើង​ថា​ វិសាល​ភាព​នៃ​សេចក្តី​ព្រាង​នេះ​«មាន​ការ​គ្រប​ដណ្តប់​ទូលាយ»​ច្រើន​ជាង​កិច្ចការ​របស់​អ្នក​សារ​ព័ត៌មាន​វិជ្ជាជីវៈ​ ដែល​ក្នុង​នោះ​ផ្តោត​ទៅ​លើ​ពលរដ្ឋ​អ្នក​សារ​ព័ត៌មាន ​និង​អ្នក​ផលិត​មាតិកា​ដូចជា ​MMO​ ជាដើម។ ​លោក​បន្ថែម​ថា​ សេចក្តី​ព្រាង​នេះ​ក៏​មាន​ការ​កំណត់​ខ្លឹម​សារ​ទូលាយ​មួយ​ចំនួន​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «ប្រសិន​បើ​ជា​ការ​ចែង​នៅ​ក្នុង​ក្រម​ហ្នឹង​ដូច​ខ្ញុំ​បាន​លើក​ឡើង​ខាង​ដើម​អ៊ីចឹង​ថា​ វា​មាន​ភាព​ទូលាយ​ពេក។​ វា​អាច​ធ្វើ​ឱ្យ​មាន​ការ​បកស្រាយ​ផ្សេងៗ​បាន​ ហើយ​អ្នក​បកស្រាយ​ហ្នឹង​មិន​មាន​ឯករាជ្យ​ភាព​គ្រប់គ្រាន់​ ឬ​មួយ​ក៏​អ្នក​មាន​ឥទ្ធិពល​ពី​បញ្ហា​ដែល​កើត​មាន​ឡើង​ទៅ​លើ​អ្នក​សារ​ព័ត៌មាន​ អ៊ីចឹង​វា​ធ្វើ​ឱ្យ​មាន​ការ​គំរាម​កំហែង។​ វា​ធ្វើ​ឱ្យ​មាន​ការ​រឹតត្បិត​ដល់​ការងារ​របស់​អ្នក​សារ​ព័ត៌មាន»។​

បើ​តាម​លោក​ ណុប វី​ ប្រការ​មួយ​ចំនួន​ដែល​មាន​ក្នុង​សេចក្តី​ព្រាង​នេះ​«មាន​រូបភាព​គំរាម​កំហែង​ច្រើន​ជាង​ផ្តល់​ការ​ណែនាំ» ​ដូចជា​ការ​ចែង​ថា​ត្រូវ​ចៀសវាង​ដាច់​ខាត​ជ្រក​ក្រោម​ស្លាក​សារ​ព័ត៌មាន​ ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​ជាដើម។​

ទោះជា​យ៉ាងណា ​លោក ​ណុប វី​ លើក​ឡើង​ថា​ ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នេះ​មាន​ចំណុច​ល្អ​ច្រើន។​

លោក ​ណុប វី​ អះអាង​ថា​ សមាគម​ខេមបូចា​នឹង​ដាក់​ជូន​ធាតុ​ចូល​ដែល​ខ្លួន​បាន​ប្រមូល​ពី​ភាគី​ពាក់ព័ន្ធ​ទៅ​កាន់​ក្រសួង​ព័ត៌មាន​នា​ថ្ងៃទី​២ ​ខែ​សីហា​នេះ។ ​លោក​បន្ថែម​ថា​ ក្រសួង​បាន​ផ្តល់​ពេល​វេលា​តិចតួច​ពេក​សម្រាប់​អ្នក​ធ្វើការ​លើ​វិស័យ​សារ​ព័ត៌មាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​សេចក្តី​ព្រាង​ធម្មនុញ្ញ​មួយ​នេះ។​

លោក​ថ្លែង​ថា៖​ «យើង​យល់​ឃើញ​ថា​ ក្រសួង​គួរតែ​ផ្តល់​ពេល​វេលា​បន្ថែម​ទៀត។​ ជា​ការណ៍​ពិត​ ការ​ផ្តល់​ពេល​វេលា​ច្រើន​គ្រប់គ្រាន់​សម​ល្មម​គឺ​ជា​រឿង​មួយ​ចាំបាច់​ដើម្បី​ធានា​ថា​ អ្នក​សារ​ព័ត៌មាន​ទាំង​អស់ ​បើ​មិន​បាន​ទាំង​អស់​ក៏​ភាគ​ច្រើន​គឺ​បាន​យល់​ បាន​ដឹង ​បាន​អាន​ ហើយ​បាន​ផ្តល់​ជា​គំនិត​យោបល់​ផ្សេងៗ​ទៅ​ក្រសួង​ព័ត៌មាន​ដើម្បី​ពិនិត្យ​នៅ​ក្នុង​ការ​កែ​សម្រួល​ទៅ​ក្នុង​ធម្មនុញ្ញ​សារ​ព័ត៌មាន​នេះ»។​

កាល​ពី​កន្លង​ទៅ ​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​សារ​ព័ត៌មាន​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នេះ​នឹង​ធ្វើ​ឱ្យ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​តានតឹង​ជាង​មុន ​ក្នុង​ករណី​ក្រសួង​ជា​អ្នក​តាក់​តែង​និង​រៀបចំ។ ​អ្នក​ជំនាញ​ធ្លាប់​លើក​ឡើង​ថា ​ក្រម​សីលធម៌​សារ​ព័ត៌មាន​គួរ​ត្រូវ​បាន​រៀបចំ​ដោយ​សមាគម​សារ​ព័ត៌មាន​ឬ​ក្រុម​ប្រឹក្សា​សារ​ព័ត៌មាន​ឯករាជ្យ​មួយ មិន​មែន​ធ្វើ​ឡើង​ដោយ​ក្រសួង​ព័ត៌មាន​ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​ឡើយ។​

អ្នកស្រី ​ហង្ស សម្ជស្ស ​ប្រធាន​ក្រុម​អ្នក​សារ​ព័ត៌មាន​ស្រ្តី​កម្ពុជា ​ថ្លែង​ថា ​អ្នកស្រី​ចង់​ឃើញ​កម្ពុជា​មាន​ក្រុម​ប្រឹក្សា​សារ​ព័ត៌មាន​ឯករាជ្យ​មួយ​ ដែល​មាន​តួនាទី​ត្រួត​ពិនិត្យ​វិជ្ជាជីវៈ ​និង​ការ​បំពេញ​ការងារ​របស់​អ្នក​សារ​ព័ត៌មាន។​

អ្នកស្រី​ថ្លែង​ថា៖​ «ហើយ​ក្រុម​ប្រឹក្សា​សារ​ព័ត៌មាន​នេះ​គួរ​តែ​ជា​ក្រុម​ប្រឹក្សា​ដែល​ឯករាជ្យ​ មាន​ន័យ​ថា​ បង្កើត​ឡើង​ដោយ​មាន​សមាស​ភាព​ចម្រុះ​គ្នា​ ធានា​បាន​នូវ​ឯករាជ្យ​ភាព​របស់​សារ​ព័ត៌មាន​គឺ​មិន​គួរ​មាន​ក្រសួង​ព័ត៌មាន​ចូល​មក​ក្នុង​ការ​គ្រប់គ្រង​ចាត់ចែង​ទេ ​ព្រោះ​បើ​ក្រសួង​ព័ត៌មាន​គ្រប់គ្រង​ចាត់ចែង​មើល​ទៅ​ក្រសួង​ហាក់​ដូចជា​អ្នក​ត្រួតត្រា​ ឬ​ដាក់​សម្ពោធ​មក​លើ​អ្នក​ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អ៊ីចឹង»។​

អ្នកស្រី ​ហង្ស សម្ជស្ស ​បន្ថែម​ថា​ កន្លង​ទៅ ​អ្នក​សារ​ព័ត៌មាន​តែង​តែ​ទទួល​រង​បញ្ហា​តាម​ផ្លូវ​ច្បាប់ ​ដែល​ស្ថិត​ក្រោម​បទ​ចោទ​ញុះញង់​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ។ ​អ្នកស្រី​បន្ត​ថា ​បទ​ចោទ​ប្រកាន់​នេះ​មាន​ភាព​ទូលាយ​ខ្លាំង​ពេក​ ហើយ​បាន​ធ្វើ​ឱ្យ​អ្នក​សារ​ព័ត៌មាន​មាន​ភាព​ខ្លាច​រអា ​និង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ក្នុង​អំឡុង​ពេល​បំពេញ​ការងារ។​

អ្នកស្រី​បញ្ជាក់​ថា៖​ «បើ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​កើត​ឡើង​ទៀត​ ខ្ញុំ​មើល​ខ្លឹមសារ​ទៅ​ហាក់​យល់​ថា​ វា​មិន​បាន​ជួយ​ដល់​អ្នក​សារ​ព័ត៌មាន​ធ្វើការ​ឱ្យ​កាន់តែ​មាន​សេរីភាព​ពេញ​លេញ​ មិន​មាន​ការ​ភ័យ​ខ្លាច​ មិន​មាន​ការ​គំរាម​កំហែង​ បែរ​ជា​ដាក់​សម្ពាធ​បង្រួម​លំហ​របស់​គាត់​ក្នុង​ការ​បំពេញ​ការងារ​កាន់​តែ​តូច​ទៅ​ទៀត។​ អ៊ីចឹង​តើ​ប្រជា​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា​ គាត់​ទទួល​បាន​ព័ត៌មាន​ពិត​គ្រប់​ជ្រុង​ជ្រោយ​តាម​របៀប​ណា ​នៅ​ពេល​ដែល​អ្នក​បំពេញ​វិជ្ជាជីវៈ​មិន​បំពេញ​ដោយ​ភាព​ពេញលេញ​បាន»។​

កាល​ពី​ថ្ងៃទី​២៤​ ខែ​កក្កដា ​ក្រសួង​ព័ត៌មាន​បាន​បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ ដោយ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ព័ត៌មាន​ប្រមាណ​២០០​នាក់។​

ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នេះ​ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​តាំង​ពី​ខែ​មេសា ​ដោយ​មាន​ការ​តម្រង់​ទិស ​និង​ប្រមូល​ធាតុចូល​ពី​អ្នក​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ព័ត៌មាន​ រួមមាន​អ្នក​សារ​ព័ត៌មាន ​និង​សមាគម​សារ​ព័ត៌មាន​ជាដើម។​

ថ្លែង​នៅ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ កាល​ពី​ថ្ងៃទី​២៤ ​ខែ​កក្កដា ​ឆ្នាំ​២០២៤​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​លោក​ នេត្រ ភក្រ្តា ​លើក​ឡើង​ថា​ វិស័យ​សារ​ព័ត៌មាន ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​វិវដ្ត​ខ្លួន​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​ទៅ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ ​ លោក​បន្ត​ថា​ កំណើន​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ចែកចាយ​ព័ត៌មាន​គ្រប់ប្រភេទ​ រួមទាំង​ព័ត៌មាន​ក្លែងក្លាយ​ដែល​វា​បាន​ធ្វើ​ឱ្យ​ជះ​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម។​

លោក​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ដែល​ទាក់​ទង​នឹង​ក្រុម​ដែល​រក​ប្រាក់​តាម​អនឡាញ ​ឬ​ហៅ​ថា MMO ​ថា ​បាន​បង្ក​បញ្ហា​ជា​ច្រើន ​ដោយសារ​ពួកគេ​មិន​បាន​គិត​ពី​ក្រម​សីលធម៌​ក្នុង​ការ​ផ្សព្វផ្សាយ​មាតិកា​ណាមួយ​នោះ​ទេ ​គឺ​ពួកគេ​គ្រាន់​តែ​ចង់​បាន​ចំនួន​likes, comments shares​ និង​views ​ដើម្បី​បាន​លុយ​ពី​បណ្ដាញ​សង្គម ​ដែល​បាន​បំផ្លាញ​ទំនុកចិត្ត​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ។​

ទោះជា​យ៉ាងណា​ សេចក្តី​ព្រាង​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នេះ​បញ្ជាក់​ថា​ ធម្មនុញ្ញ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បន្ត​ធានា​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ ប្រកប​ដោយ​ទំនុក​ចិត្ត​ គុណភាព ​និង​ទំនួល​ខុស​ត្រូវ​វិជ្ជាជីវៈ។ ​សេចក្តី​ព្រាង​បន្ថែម​ថា​ អ្នក​សារ​ព័ត៌មាន​ អង្គភាព​សារ​ព័ត៌មាន​និង​សមាគម​អ្នក​សារ​ព័ត៌មាន​ត្រូវ​គោរព​តាម​ការ​ព្រម​ព្រៀង​និង​ប្តេជ្ញា​ចិត្ត​ប្រកាន់​ខ្ជាប់​តាម​ធម្មនុញ្ញ​វិជ្ជាជីវៈ​នេះ។​

អនុ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ លោក​ ទេព អស្នារិទ្ធ​ លើក​ឡើង​ថា ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​បង្កើត​ជា​មូលដ្ឋាន​គ្រឹះ​រួម​នៃ​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​សម្រាប់​អ្នក​សារ​ព័ត៌មាន​ អង្គភាព​សារ​ព័ត៌មាន​ សមាគម​សារ​ព័ត៌មាន​ និង​អ្នក​ប្រកប​អាជីព​ក្នុង​វិស័យ​ព័ត៌មាន ​និង​សោត​ទស្សន៍​ យក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​អនុវត្ត​វិជ្ជាជីវៈ​របស់​ខ្លួន។​

យ៉ាងណាមិញ ​លោក​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ តើ​ក្រសួង​ព័ត៌មាន​នឹង​មាន​ចំណាត់​ការ​យ៉ាង​ដូច​ម្តេច​ ប្រសិន​បើ​ស្ថាប័ន​សារ​ព័ត៌មាន ​ឬ​អ្នក​សារ​ព័ត៌មាន​ប្រព្រឹត្ត​ខុស​ពី​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន។​

លោក​ថ្លែង​ថា៖​ «ការ​អនុវត្ត​ការងារ​ដោយ​ភាព​ស្មោះត្រង់ ​និង​ការ​គោរព​វិជ្ជាជីវៈ​របស់​អ្នក​សារ​ព័ត៌មាន ​គឺ​ត្រូវ​បាន​ទទួល​គំាពារ​ និង​ការពារ​ដោយ​ច្បាប់​ ហើយ​ផ្ទុយ​ទៅ​វិញ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ ច្បាប់​ដែល​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ លិខិត​បទដ្ឋាន​គតិយុត្តិ​ដទៃ​ទៀត​ជា​ធរមាន​មិន​អាច​ការពារ​បាន​ចំពោះ​អ្នក​ដែល​ប្រកប​ការងារ​ និង​ផ្សាយ​ដែល​មិន​បាន​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ ឬ​មិន​គោរព​ច្បាប់​នោះ​ទេ»។​

រូបឯកសារ៖ អ្នកកាសែត​កម្ពុជា​នាំ​គ្នា​សួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត នៃ​អង្គការ​លីកាដូ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។
រូបឯកសារ៖ អ្នកកាសែត​កម្ពុជា​នាំ​គ្នា​សួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត នៃ​អង្គការ​លីកាដូ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។

បញ្ហា​ក្រម​សីលធម៌​របស់​អ្នក​សារ​ព័ត៌មាន​ក៏​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត​ សង្កត់​ធ្ងន់​និង​ព្រមាន​ផង​ដែរ។​ កាលពី​ពេល​ថ្មីៗ​នេះ​ លោក​ ហ៊ុន ម៉ាណែត ​បាន​អំពាវនាវ​ឱ្យ​អ្នក​កាសែត​ប្រកាន់​ខ្ជាប់​ក្រម​សីលធម៌​ កុំ​យក​អាជីព​ទៅ​គាប​ ដើម្បី​យក​លុយ។ ​លោក​ព្រមាន​ដក​អាជ្ញា​បណ្ណ​សារ​ព័ត៌មាន ​ដាក់​ក្នុង​បញ្ជី​ខ្មៅ ​ហើយ​ឈប់​ឱ្យ​ធ្វើ​ជា​អ្នក​កាសែត ​ប្រសិន​បើ​មាន​ករណី​នេះ។​

លោក​ថ្លែង​ថា៖​ «កុំ​ឱ្យ​អ្នក​កាសែត​ម្នាក់​ពីរ​នាក់​ បួន​ដប់​នាក់​ ទៅ​បំផា្លញ​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​សារ​ព័ត៌មាន​របស់​យើង​រាប់​ម៉ឺន​នាក់​ ព្រោះ​បងប្អូន​មាន​ក្រម​សីលធម៌​ បងប្អូន​ខំ​ធ្វើ​ដោយ​សុទ្ធចិត្ត»។​

គួរ​បញ្ជាក់​ថា​ កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៥១​ក្នុង​ចំណោម​១៨០​ប្រទេស ​ដែល​មាន​ន័យ​ថា​ សេរី​ភាព​សារ​ព័ត៌មាន​បន្ត​ស្ថិត​ក្នុង​ស្ថាន​ភាព​អាក្រក់​ ដោយ​សារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ​នេះ​បើ​តាម​របាយ​ការណ៍​ស្តីពី​សន្ទទស្សន៍​សេរី​ភាព​សារ​ព័ត៌មាន ​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា ​ដោយ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ (Reporters Without Borders) ​ដែល​ជា​អង្គការ​ឃ្លាំ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​លើ​ពិភព​លោក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG