ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​ក្រសួង​ព័ត៌មាន៖ មន្ត្រី​ដែល​មិន​ព្រម​ផ្តល់​ព័ត៌មាន​នឹង​មានទោស


លោក សាន ពុទ្ធារី​ ទីប្រឹក្សា និង​ជាប្រធាន​នាយកដ្ឋាន​សោតទស្សន៍​​នៃ​​ក្រសួង​ព័ត៌មាន ប្រាប់អ្នកសារព័ត៌មាន ក្នុង​​សិក្ខាសាលា​​ស្តីពីការប្រៀបធៀបច្បាប់របបសារព័ត៌មាន និងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នៅ​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
លោក សាន ពុទ្ធារី​ ទីប្រឹក្សា និង​ជាប្រធាន​នាយកដ្ឋាន​សោតទស្សន៍​​នៃ​​ក្រសួង​ព័ត៌មាន ប្រាប់អ្នកសារព័ត៌មាន ក្នុង​​សិក្ខាសាលា​​ស្តីពីការប្រៀបធៀបច្បាប់របបសារព័ត៌មាន និងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នៅ​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ប្រាប់ VOA ថា ​ដោយ​សារ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​នៅ​មាន​ភាព​ធូររលុង​ ដូច្នេះ​លោក​បារម្ភ​ថា ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​អាច​នឹង​គ្មាន​ប្រសិទ្ធ​ភាព។

ការ​ដាក់​ពិន័យ​លើ​មន្រ្តី​សាធារណៈ​ដែល​មិន​ផ្តល់​ព័ត៌មានតាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​និង​អ្នក​សារ​ព័ត៌មាន​នឹង​ជួយ​ឲ្យ​ការ​ផ្តល់​ព័ត៌មាន​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​ទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន។

នៅព្រឹក​ថ្ងៃ​ពុធ​នេះ ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ​សហការ​ជាមួយ​អង្គ​ការ​ UNESCO ​ប្រចាំ​កម្ពុជា ​រៀបចំ​សិក្ខា​សាលា​មួយ​ស្តីពី​ការ​ប្រៀប​ធៀប​ច្បាប់​របប​សារព័ត៌មាន ​និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ ច្បាប់​របប​សារព័ត៌មាន​កម្ពុជា​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​តាំង​ពី​ឆ្នាំ​១៩៩៥​មិនមាន​ចែង​ពី​ទោសទណ្ឌ​ឬ​ការ​ពិន័យ​ណា​មួយ​លើ​មន្រ្តី​សាធារណៈ​ដែល​មិន​ផ្តល់​ព័ត៌មាន​តាម​ការ​ស្នើ​សុំ​របស់​អ្នក​កាសែត​ឬ​ប្រជាពលរដ្ឋ​ដូច​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​រដ្ឋាភិបាល​កំពុង​ព្រាង​នោះ​ទេ។

មាត្រា​២៥ ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ចែង​ថា ​មន្រ្តី​ស្ថាប័ន​សាធារណៈ ​ឬ​មន្រ្តី​ទទួល​បន្ទុក​ព័ត៌មាន​ដែល​ពុំ​បាន​បំពេញ​កាតព្វកិច្ច​តាម​បញ្ញត្តិ​មាត្រា​៩ មាត្រា​១១ មាត្រា​១២ មាត្រា​១៣ ​មាត្រា​១៤ ​មាត្រា​១៧ ​មាត្រា​១៨ ​និង​មាត្រា​២៣ ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ ​ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​រដ្ឋបាល​ ដោយ​មិន​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ។

លោក សាន ពុទ្ធារី​ ទីប្រឹក្សា​ និង​ជា​ប្រធាន​នាយកដ្ឋាន​សោតទស្សន៍នៃក្រសួង​ព័ត៌មាន​ ថ្លែង​ក្នុង​សិក្ខា​សាលា​នៅថ្ងៃពុធ​នេះ​ថា ​ការ​ផ្តល់ព័ត៌មាន​ពី​មន្រ្តី​សាធារណៈ​ទៅ​កាន់​ប្រជាពលរដ្ឋ​និង​អ្នកសារ​ព័ត៌មាន​ហាក់​មាន​ភាព​ប្រសើរ​ជាង​មុន។ ទោះ​ជា​យ៉ាង​ណា​លោក​ថា​ ការ​ចែង​ពី​ការ​ពិន័យ​ដែល​នឹង​ដាក់​លើ​មន្រ្តី​សាធារណៈ​ដែល​មិន​បាន​ផ្តល់​ព័ត៌មាន​ឬមិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ស្នើ​សុំ​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​និង​អ្នកកាសែត​នឹង​ធ្វើ​ឲ្យ​ការ​ផ្តល់​ព័ត៌មាន​របស់​មន្រ្តី​ទាំង​នោះ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។

លោក​បញ្ជាក់​ថា៖ «នៅ​ពេល​ដែល​ច្បាប់​នេះ​ចេញ​ទៅ​គឺ​ថាមន្រ្តី​សាធារណៈ​នឹង​ខិត​ខំ​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​ជូន​សាធារណៈ​ជន​ ដើម្បី​ចូល​រួមអនុវត្តគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល ​អភិបាល​កិច្ច​ល្អ។ អភិបាល​កិច្ច​ល្អ​គឺ​តម្រូវ​ឲ្យ​មាន​ព័ត៌មាន​គ្រប់គ្រាន់​ទៅ​ដល់​ថ្នាក់​ជាតិ​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​បំពេញ​ការងារ​ហ្នឹង»។​

លោក សាន ពុទ្ធារី ​បន្ថែម​ថា ​ការ​ពិន័យ​រដ្ឋបាល​លើ​មន្រ្តី​សាធារណៈ​ដែល​មិន​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារ​ព័ត៌​មាន​ ឬ​ប្រជា​ពលរដ្ឋ ​ធ្វើ​ឡើង​ក្នុង​លក្ខខណ្ឌ​ដែល​មន្រ្តី​ទាំង​នោះ​មិន​បាន​ឆ្លើយ​តប​ក្នុង​រយៈ​ពេល​១៥ថ្ងៃ ​ក្រោយ​ទទួល​បាន​សំណើ។​ លោក​ថា ​ការ​ពិន័យ​រដ្ឋបាល​ទាំង​នោះ​រួម​មាន​ ការ​ទទួល​រង​ការ​ស្តី​បន្ទោស ​ការ​ព្យួរ​ការងារ​ ​ និង​ការមិន​បើក​បៀវត្សរ៍​មាន​រយៈពេល ព្រម​ទាំង​អាច​ឈាន​ដល់បណ្តេញ​ចេញ​ពី​ក្របខណ្ឌ​ ក្នុង​ករណី​ធ្ងន់ធ្ងរ។​

បើទោះបីជា​មាន​ការ​លើក​ឡើង​ថា ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​នឹង​ជួយ​ឲ្យ​ការ​ផ្តល់​ព័ត៌មានពី​មន្រ្តី​សា​ធា​រណៈ​ទៅ​ប្រជាពល​រដ្ឋ​ និង​អ្នក​សារ​ព័ត៌មាន កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ក្តី ក៏​អ្នក​ធ្វើ​ការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​យល់​ថា ​ច្បាប់​នេះ​នឹង​គ្មាន​ប្រសិទ្ធ​ភាព​នោះ​ទេ ​ប្រសិន​បើ​មន្រ្តី​រដ្ឋាភិបាលអនុវត្ត​ច្បាប់​មិន​បាន​ខ្ជាប់​ខ្ជួន​ដូច​ពេល​បច្ចុប្បន្ន​។​

លោក ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ប្រាប់ VOA ថា ​ដោយ​សារ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​នៅ​មាន​ភាព​ធូររលុង​ ដូច្នេះ​លោក​បារម្ភ​ថា ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​អាច​នឹង​គ្មាន​ប្រសិទ្ធ​ភាព។

លោក​បញ្ជាក់​ថា៖​ «វា​អាស្រ័យ​ទៅលើ​សកម្មភាព​របស់​រដ្ឋាភិបាល​ ទៅ​លើ​ឆន្ទៈ​នយោបាយ​របស់​រដ្ឋា​ភិបាល ​ថា​តើ​ពេល​ដែល​សភា​អនុម័ត​ច្បាប់​ហើយ ​គាត់​យក​ទៅ​អនុវត្ត​ប៉ុណ្ណា​? គាត់​ប្រើប្រាស់​ប៉ុណ្ណា? ប្រសិន​បើ​គាត់​យក​ច្បាប់​ទៅ​ហើយ​ទុកម្តុំ​ដូច​ច្បាប់​នានា ​អាហ្នឹង​វា​ពិបាក»។

លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ប្រាប់ VOA ក្នុងសិក្ខាសាលាស្តីពីការប្រៀបធៀបច្បាប់របបសារព័ត៌មាន និងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នៅ​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ប្រាប់ VOA ក្នុងសិក្ខាសាលាស្តីពីការប្រៀបធៀបច្បាប់របបសារព័ត៌មាន និងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នៅ​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក ប៉ា ​ងួនទៀង ​បន្ថែម​ថា ​ការទទួល​បាន​ព័ត៌មានរបស់​ប្រជាពលរដ្ឋ​និង​អ្នក​សារព័ត៌មាន​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ប្រឈម​នឹង​បញ្ហា​ដោយ​សារ​ការ​យល់ដឹង​ពី​សិទ្ធិ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់មន្រ្តី​សាធារណៈ អ្នកកា​សែត​ និង​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​នៅ​ឡើយ។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ​មាន​៩​ជំពូក ​និង៣៦​មាត្រា។ ការ​ពិភាក្សាលើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ​មាន​ភាព​ចម្រូង​ចម្រាស​ច្រើន​រវាង​ក្រុម​ការងារ​បច្ចេក​ទេស ​ដោយសារ​ជំពូក​មួយ​ចំនួន​បាន​ចែង​បិទ​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ ​និង​អ្នក​សារព័ត៌មាន ដែល​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាមទារ​ឲ្យ​កែប្រែ​មាត្រា​មួយ​ចំនួន។ ចំណែក​ក្រុម​សង្គម​ស៊ីវិល​បាន​ស្នើ​ឲ្យ​មាន​ការ​កែ​តម្រូវ​មាត្រា​ខ្លះ​និង​បញ្ជាក់​ចំណុច​ខ្លះៗ​ទៀត​នៅ​ក្នុង​សេចក្ដី​ព្រាង​នេះ​ឲ្យ​កាន់​តែ​ច្បាស់​លាស់​ពាក់​ព័ន្ធ​នឹង​មាត្រា​ដែល​ចែង​ពី​ព័ត៌មាន​សម្ងាត់​ជាដើម៕

XS
SM
MD
LG