ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ ILO ថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវ​ជ្រើសរើស​រវាង​ការ​ដាច់ពោះ​ស្លាប់ ឬ​ការ​ប្រឈម​ឆ្លង​ជំងឺ​កូវីដ១៩


រូបឯកសារ៖ កម្មករចំណាកស្រុកនិងសមាជិកគ្រួសារ រងចាំធ្វើដំណើរតាមរថភ្លើងដើម្បីទៅផ្ទះរបស់ពួកគេវិញ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបិទដំណើរការក្នុងប្រទេស ខេត្ត Ahmedabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។

អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ព្រមាន​ថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រាប់​លាន​នាក់​ នឹង​ត្រូវ​ជ្រើសរើស​ថា​ តើ​គួរ​ទៅ​ធ្វើ​ការ​ដែល​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ឬ​ក៏​មិន​ទៅ​ធ្វើការ​ ហើយ​ប្រឈម​នឹង​ការ​គ្មាន​ម្ហូប​អាហារ​បរិភោគ។

សេដ្ឋវិទូ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ ​ដែល​ហៅ​កាត់​ថា ILO បាន​ព្រមាន​ថា វិធានការ​បិទ​ប្រទេស​ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នឹង​បង្កើន​ភាព​ក្រីក្រ​ក្នុង​ចំណោម​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​២ ពាន់​លាន​នាក់​ នៅ​លើ​ពិភពលោក។ ការងារ​បែប​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​នៅ​គ្រប់​កន្លែង​ទាំង​អស់​នៅ​លើ​ពិភពលោក ក៏​ប៉ុន្តែ​មាន​ទូទៅ​ច្រើន​នៅ​ក្នុង​បណ្ដា​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប។

អង្គការ ILO បញ្ជាក់​ថា អ្នក​ទាំង​នោះ​អាច​ងាយ​រងគ្រោះ​ដោយសារ​ការ​បញ្ហា​រង្គោះរង្គើ​ណា​មួយ​ផ្នែក​សេដ្ឋកិច្ច ដែល​ប៉ះពាល់​ដល់​ការងារ និង​ជីវភាព​រស់នៅ​របស់​ពួកគេ។ អង្គការ​នេះ​និយាយ​ថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ភាគ​ច្រើន​រស់នៅ​ក្នុង​ស្ថានភាព​អសន្តិសុខ​ខ្ពស់។ ពួកគេ​គ្មាន​ការ​ការពារ​ខាង​សង្គម​ណា​មួយ​ទេ ហើយ​មិន​មាន​ប្រាក់​កាស​បម្រុង​ទុក​សម្រាប់​គ្រា​លំបាក​នោះ​ឡើយ ប្រសិនបើ​ពួកគេ​គ្មាន​ការងារ​ធ្វើ។

លោក Philippe Marcadent គឺ​ជា​ប្រធាន​ផ្នែក​ទីផ្សារ​ពលកម្ម ទំនាក់ទំនង​ពលកម្ម និង​លក្ខខណ្ឌ​ការងារ​ដែល​ហៅ​កាត់​ថា INWORK របស់​អង្គកា រILO។ លោក​និយាយ​ថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ក្រីក្រ និង​ងាយ​រងគ្រោះ​រួច​ទៅ​ហើយ​នៅ​ក្នុង​ស្ថានការណ៍​ធម្មតា​នោះ នៅ​ពេល​នេះ ប្រឈម​នឹង​ហានិភ័យ​ថ្មីៗ ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា។

លោក Marcadent បាន​និយាយ​ថា៖ «កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​នេះ យើង​បាន​ប៉ាន់​ប្រមាណ​ថា វិធានការ​បិទ​ប្រទេស​មានផល​ប៉ះពាល់​ច្រើន​ក្រាស់ក្រែល​លើ​កម្មករ ១ ពាន់ ៦ រយ​លាន​នាក់​ ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។...សម្រាប់​មនុស្ស​ជា​ច្រើន ការ​គ្មាន​ការងារ​ធ្វើ​មាន​ន័យ​ថា​គ្មាន​ប្រាក់​ចំណូល»។

របាយការណ៍​មួយ​របស់​អង្គការ ILO បាន​រក​ឃើញ​ថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ទ្វីប​អាមេរិក​ឡាទីន និង​នៅ​បណ្ដា​ប្រទេស​អារ៉ាប់ បាន​រងគ្រោះ​ខ្លាំង​បំផុត​ពី​ការ​បិទ​ប្រទេស ហើយ​បន្ទាប់​មក​ គឺ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ទ្វីប​អាហ្វ្រិកតំបន់​អាស៊ី​ប៉ាស៊ីហ្វិកទ្វីប​អឺរ៉ុប និង​តំបន់​អាស៊ី​កណ្ដាល។ ការ​ជូន​ដំណឹង​មួយ​អំពី​របាយការណ៍​នេះ បង្ហាញ​ថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ភាគ​ច្រើន ដែល​គ្មាន​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បី​ចិញ្ចឹម​ជីវិត ប្រឈម​នឹង​ស្ថានការណ៍​ពិបាក​សម្រេច​ចិត្ត​ថា​តើ​អាច​ស្លាប់​ដោយសារ​ការ​អត់​ឃ្លាន ឬ​ក៏​ដោយសារ​វីរុស​កូរ៉ូណា។

លោក Marcadent និយាយ​ថា មនុស្ស​ភាគ​ច្រើន​ដែល​ធ្វើ​ការ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ដែល​មាន​ជំងឺ​គ្មាន​ការ​ជួយ​ធានា​រ៉ាប់រង​ណា​មួយ​ដោយ​ប្រព័ន្ធ​សន្តិសុខ​សង្គម ឬ​ក៏​គម្រោង​សុខភាព​ណា​មួយ​នោះ​ទេ។

លោក Marcadent ថ្លែង​ទៀត​ថា៖ «ការណ៍​នេះ​មាន​ន័យ​ថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជា​ច្រើន​នឹង​ត្រូវ​បង្ខំ​ចិត្ត​ខ្ចី​បុល​គេ ឬ​ក៏​លក់​របស់របរ​ដែល​ពួក​គេ​មាន ដើម្បី​បង់​ថ្លៃ​ថែទាំ​សុខភាព ដែល​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​ជ្រៅ​ថែម​ទៀត​ទៅ​ក្នុង​ភាព​ទីទាល់​ក្រ។ ពលករ​ជា​ច្រើន​គ្មាន​លទ្ធភាព​ទទួល​បាន​ការ​ថែទាំ​សុខភាព។ បន្ថែម​ពី​លើ​ផល​វិបាក​ធ្ងន់ធ្ងរ​ ដែល​អាច​កើត​មាន​លើ​ពួកគេ​ផ្ទាល់ ករណី​នេះ​ក៏​រួម​ចំណែក​ផង​ដែរ​ដល់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា»។

របាយ​ការណ៍​នេះ​គូស​បញ្ជាក់​អំពី​សេចក្តី​ត្រូវការ​នៅ​ក្នុង​ការ​ការពារ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​បង្កើត​គោល​នយោបាយ​ដែល​កាត់បន្ថយ​ការ​ប្រឈម​របស់​ពួកគេ​ចំពោះ​វីរុស​នេះ។ របាយការណ៍​នេះ​បាន​បន្ថែម​ថា កម្មករ​ណា​ដែល​ធ្លាក់​ខ្លួន​ឈឺ​ត្រូវតែ​ទទួល​បាន​ការ​ព្យាបាល និង​ការ​ថែទាំ​សុខភាព ហើយ​រដ្ឋាភិបាល​គួរ​ផ្តល់​ប្រាក់​ចំណូល និង​ស្បៀង​អាហារ​ដល់​ពួកគេ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG