រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកការធ្វើដំណើររបស់ឥណ្ឌូនេស៊ី បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមអ្នកមុជទឹករកឃើញឧបករណ៍កំណត់ត្រាទិន្នន័យហោះហើរ ឬប្រអប់ខ្មៅរបស់យន្តហោះក្រុមហ៊ុន Sriwijaya Air ដែលបានធ្លាក់ចូលក្នុងសមុទ្រជ្វា កាលពីថ្ងៃសៅរ៍ ដោយមានមនុស្សលើយន្តហោះចំនួន៦២នាក់។
ឧបករណ៍កំណត់ត្រាទិន្នន័យហោះហើរ នោះត្រូវបានបញ្ចូនទៅកាន់កំពង់ផែមួយក្នុងរដ្ឋធានីហ្សាការតា (Jakarta) ដើម្បីបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយ។ នៅក្នុងសន្និសីទព័ត៌មាន ប្រធានគណ:កម្មាធិការសុវត្ថិភាពដឹកជញ្ជូន លោក Soerjanto Tjahjono បាននិយាយថា ពួកគេបានឮសំឡេង «ពីង» ពីរដង នៅពេលពួកគេរកឃើញឧបករណ៍កំណត់ត្រាទិន្នន័យហោះហើរ ដែលនេះបង្ហាញថា ឧបករណ៍ថតសំឡេងនៅក្នុងកាប៊ីនយន្តហោះនៅក្បែរនោះ ហើយពួកគេមានទំនុកចិត្តថា នឹងរកឧបករណ៍នោះឃើញក្នុងពេលឆាប់ៗ។
ឧបករណ៍ទំាងពីរត្រូវបានគេរំពឹងថា នឹងជួយដល់អ្នកស៊ើបអង្កេតកំណត់ពីមូលហេតុដែលធ្វើឲ្យយន្តហោះស៊េរី Boeing 737-500 ធ្លាក់ចូលក្នុងសមុទ្រជ្វា រយៈពេលបួននាទីបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានចម្បងរបស់ក្រុងហ្សាការតា។
យន្តហោះឆ្ពោះទៅកាន់ទីក្រុង Pontianak នៅលើកោះ Borneo ចម្ងាយប្រហែល ៧៤០ គីឡូម៉ែត្រពីរដ្ឋធានីហ្សាការតា មុនពេលបាត់ខ្លួនពីអេក្រង់រ៉ាដា។
លោក Tjahjono បានប្រាប់អ្នកសារព័ត៌មានថា ការស៊ើបអង្កេតដំបូងបង្ហាញថា យន្តហោះមិនបានផ្ទុះទេ និងមានទ្រង់ទ្រាយល្អពេលវាបុកនឹងផ្ទៃទឹក។ ពួកគេកំណត់ថា ម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីនទាំងអស់នៅដំណើរការ នៅពេលយន្តហោះប៉ះទង្គិច។
សាកសពជាច្រើនត្រូវបានគេរកឃើញ និងច្រកក្នុងថង់ច្រកសាកសព បញ្ជូនឲ្យប៉ូលិសជំនាញរកអត្តសញ្ញាណ។ អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃចន្ទថា ពួកគេបានកំណត់អត្តសញ្ញាណសពជនរងគ្រោះដំបូង គឺលោក Okky Bisma ជាអ្នកបម្រើតាមយន្តហោះអាយុ២៩ឆ្នាំ៕