មនុស្សរាប់សិបនាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលបានឆ្លងជំងឺកូវីដ១៩បានស្លាប់កាលពីចុងសប្ដាហ៍នៅពេលមន្ទីរពេទ្យមួយក្នុងទីក្រុង Yogyakarta អស់អុកស៊ីហ្ស៊ែន។
មន្ទីរពេទ្យ Dr. Sardjito General Hospital បានព្យាយាមប្ដូរទៅប្រើស៊ីឡាំងអុកស៊ីហ្ស៊ែនក្នុងអំឡុងពេលខ្វះខាតនេះប៉ុន្តែមិនអាចជួយជីវិតអ្នកជំងឺកូវីដ១៩ចំនួន៦៣ នាក់បានទេដោយសារទីក្រុងនានាទូទំាងប្រទេសកំពុងប្រឈមនឹងកំណើនករណីឆ្លងវីរុសកូរ៉ូណា ដែលត្រូវការអុកស៊ីហ្ស៊ែនច្រើន។
លោក Rukmono Siswishanto ប្រធានមន្ទីរពេទ្យនេះបាននិយាយថា លោកបានផ្ដល់ដំណឹងទៅកាន់អាជ្ញាធរជាច្រើនរួមមានក្រសួងសុខាភិបាលថាមន្ទីរពេទ្យនឹងអស់អុកស៊ីហ្ស៊ែនត្រឹមល្ងាចថ្ងៃសៅរ៍សប្ដាហ៍មុន។
កាលពីសប្ដាហ៍មុនប្រទេសឥណ្ឌូណេស៊ីមានករណីឆ្លងថ្មីនិងករណីស្លាប់ច្រើនបំផុតដោយសារជំងឺកូវីដ១៩។ប្រទេសឥណ្ឌូណេស៊ីមានកំណត់ត្រាករណីស្លាប់ចំនួន៣.២៩៨ករណីកាលពីសប្ដាហ៍មុន។នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
ចំណែកនៅក្នុងប្រទេសឥណ្ឌាវិញក្រុមមន្ត្រីបានប្រកាសថាប្រជាជនរាប់ពាន់នាក់ត្រូវបានគេចាក់វ៉ាក់សំាងក្លែងក្លាយឲ្យក្នុងទីក្រុងជាច្រើនដូចជា Mumbai និង Kolkata។ មន្ត្រីនិយាយថាមកដល់ពេលនេះមនុស្ស៦នាក់ត្រូវបានចាប់ខ្លួនជាប់ទាក់ទងនឹងការចាក់វ៉ាក់សាំងក្លែងក្លាយនេះ។
ក្រសួងសុខាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃអាទិត្យថាមានកំណត់ត្រាការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៣.០០០ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
នៅក្នុងប្រទេសអ៊ីរ៉ង់មន្រ្តីកំពុងបិទអាជីវកម្មមួយចំនួនខណៈវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) បន្តរាលដាលហើយអត្រាចាក់វ៉ាក់សាំងនៅតែបន្តយឺតយ៉ាវ។ស្ទើរតែមួយភាគបីនៃប្រជាជនអ៊ីរ៉ង់បានចាក់វ៉ាក់សាំងវីរុសនេះ។
ទន្ទឹមនឹងនេះដែរចក្រភពអង់គ្លេសដែលបានចាក់វ៉ាក់សាំងគ្រប់ដូសឲ្យជិតពាក់កណ្តាលនៃចំនួនប្រជាជនរបស់ខ្លួនរំពឹងថានឹងប្រកាសបញ្ចប់តម្រូវការពាក់របាំង។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍កាលពីថ្ងៃអាទិត្យថាផែនការរបស់លោកនាយករដ្ឋមន្រ្តីBoris Johnson សម្រាប់«ទិវាសេរីភាព»នៅថ្ងៃទី១៩ខែកក្កដានឹងដកចេញតម្រូវការពាក់របាំងមុខស្របច្បាប់បើកអាជីវកម្មនិងអន្តរកម្មសង្គមដែលត្រូវបានរឹតបន្តឹងនាពេលបច្ចុប្បន្ន៕
ព័ត៌មានពី AP និង Reuters បញ្ចូលក្នុងអត្ថបទនេះ