អ្នកកាន់សាសនាឥស្លាមបានប្រារព្ធពិធីបុណ្យ Eid al-Fitr ក្នុងសភាពស្ងប់ស្ងាត់នៅឆ្នាំនេះដែលជាឆ្នាំទីពីរ នៅពេលដែលការរាតត្បាតជំងឺកូវីដ១៩ បានបង្ខំជាថ្មីឲ្យមានការបិទព្រះវិហារឥស្លាម និងមិនឲ្យមានការជួបជុំគ្រួសារនៅថ្ងៃបុណ្យប្រារព្ធថ្ងៃបញ្ចប់ខែបួសរ៉ាម៉ាឌនដ៏ពិសិដ្ឋរបស់អ្នកកាន់សាសនាឥស្លាមនេះ។
អ្នកថ្វាយបង្គំសាសនាដែលមានពាក់ម៉ាសបានចូលរួមជាមួយអ្នកបួងសួងផ្សេងទៀតនៅតាមដងផ្លូវក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមច្រើនជាងគេបំផុតនៅក្នុងពិភពលោកមួយនេះបានអនុញ្ញាតឲ្យព្រះវិហារឥស្លាមបើកទ្វារទទួលអ្នកថ្វាយបង្គំសាសនានៅកន្លែងដែលមានហានិភ័យទាបនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ប៉ុន្តែតម្រូវឲ្យព្រះវិហារឥស្លាមនៅតំបន់ដែលមានហានិភ័យឆ្លងខ្លាំងបិទទ្វារ ដែលក្នុងនោះរួមមានទាំងព្រះវិហារឥស្លាម Istiqlal Grand Mosque នៅក្នុងរដ្ឋធានីហ្សាការតា ដែលជាព្រះវិហារឥស្លាមធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ប្រជាពលរដ្ឋឥណ្ឌូណេស៊ីនិងប្រជាពលរដ្ឋម៉ាឡេស៊ីត្រូវបានហាមឃាត់ជាបន្តនៅឆ្នាំទីពីរមិនឲ្យធ្វើដំណើរទៅលេងសាច់ញាតិនៅក្នុងពិធីបុណ្យ Eid ដែលតាមប្រពៃណីពួកគេត្រូវទៅលេងផ្ទះ។
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានថ្លែងក្នុងសុន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សន៍ថា៖ «ខ្ញុំយល់ថា យើងទាំងអស់គ្នានឹកសាច់ញាតិរបស់យើងក្នុងពេលវេលាបែបនេះ ជាពិសេសនៅក្នុងពិធីបុណ្យ Eid។ ប៉ុន្តែសូមរួមគ្នាផ្តល់អាទិភាពដល់សុវត្ថិភាពរបស់យើងទាំងអស់គ្នា តាមរយៈការមិនទៅស្រុកកំណើតរបស់យើង»។
ទោះបីជាមានការហាមឃាត់ស្រដៀងគ្នានេះកាលពីឆ្នាំមុនក៏ដោយ ក៏ចំនួនករណីឆ្លងប្រចាំថ្ងៃនៅឥណ្ឌូណេស៊ីបានកើនឡើង ៣៧% ក្នុងរយៈពេល ៣ សប្តាហ៍ក្រោយពេលពិធីបុណ្យនោះបានបញ្ចប់។ លំនាំស្រដៀងគ្នានេះបានកើតឡើងក្រោយពិធីបុណ្យផ្សេងទៀតនៅក្នុងប្រទេសនេះ។ ប្រទេសឥណ្ឌូណេស៊ីមានករណីឆ្លងជំងឺកូវីដ១៩ រហូតដល់ ១ លាន ៧ សែនករណី និងករណីស្លាប់ជាង ៤៧.៦០០ ករណី។
អភិបាលក្រុងហ្សាការតាក៏បានបញ្ជាឲ្យមានការបិទទ្វារចំពោះផ្សារទំនើប ភោជនីយដ្ឋាន និងកន្លែងលំហែកម្សាន្តផ្សេងៗ ដែលជាទូទៅមានមនុស្សច្រើនក្នុងពេលមានពិធីបុណ្យ។
អ្នកស្រី Maysa Andriana អ្នករស់នៅក្នុងទីក្រុងហ្សាការតា បាននិយាយថា ដោយមិនមានការប្រមូលផ្តុំគ្នាថ្វាយបង្គំសាសនានៅព្រះវិហារឥស្លាម មិនមានការជួបជុំគ្រួសារ និងមិនមានសាច់ញាតិចែកកាដូ និងនំឃុគឃី (cookies) ដល់ក្មេងៗ «ពិធីបុណ្យ Eid មិនមែនជាពិធីបុណ្យដ៏អធិកអធមទៀតនោះទេ។ ការរាតត្បាតជំងឺកូវីដ១៩ បានផ្លាស់ប្តូរអ្វីៗទាំងអស់។ ...ពិតជាគួរឱ្យស្តាយមែន»។
នៅភាគខាងត្បូងប្រទេសហ្វីលីពីន ការផ្ទុះឡើងនូវការឆ្លងរាតត្បាតជំងឺកូវីដ១៩ និងការប្រយុទ្ធគ្នាថ្មីៗរវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមបះបោរឥស្លាមនៅក្នុងខេត្តមួយបានរារាំងមិនឲ្យប្រជាពលរដ្ឋរៀបចំការថ្វាយបង្គំសាសនាឥស្លាមទ្រង់ទ្រាយធំជាសាធារណៈ។ ផ្ទុយទៅវិញ មនុស្សភាគច្រើនបានពួនសម្ងំនៅក្នុងផ្ទះរបស់ខ្លួន។ ចំណែកឯនៅក្នុងខេត្ត Maguindanao វិញ គ្រួសារជាច្រើនដែលបានភៀសខ្លួនដោយសារតែការវាយប្រហារថ្មីៗ បានប្រារព្ធពិធីបុណ្យនេះនៅក្នុងជំរំជនភៀសខ្លួន។
នៅក្នុងប្រទេសម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin បានប្រកាសដោយមិនរំពឹងទុកជាមុនអំពីការរាំងខ្ទប់នៅទូទាំងប្រទេសម្តងទៀតចាប់ពីថ្ងៃទី ១២ ខែឧសភា ដល់ថ្ងៃទី ៧ ខែមិថុនា ដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩។ ការធ្វើដំណើរឆ្លងរដ្ឋនិងសកម្មភាពសង្គមទាំងអស់ត្រូវបានហាមឃាត់។ ករណីនេះមានន័យថា ដូចនៅប្រទេសឥណ្ឌូណេស៊ីដែរ អ្នកកាន់សាសនាឥស្លាមមិនអាចទៅលេងសាច់ញាតិ ឬទៅផ្នូររបស់សមាជិកគ្រួសារបានទេ។
លោក Muhyiddin បានទទួលស្គាល់ថា មនុស្សជាច្រើនខឹងនឹងការរាំងខ្ទប់នេះ ប៉ុន្តែលោកបានការពារភាពចាំបាច់ដែលតម្រូវឲ្យមានវិធានការភ្លាមៗនេះ ដោយបាននិយាយថា មន្ទីរពេទ្យនានាស្ទើរតែមិនអាចទទួលអ្នកជំងឺបានតទៅទៀត៕