ជំងឺកូវីដ១៩ កំពុងឆក់យកជីវិតក្រុមបុគ្គលិកសុខាភិបាលនៅប្រទេសឥណ្ឌូណេស៊ីកាន់តែច្រើនឡើងៗ ដែលមកទល់នឹងពេលនេះ មានរហូតដល់ទៅ១១៤នាក់ហើយ ដែលបានស្លាប់នៅក្នុងខែកក្កដានេះ។ ចំនួននេះ កើនលើសទ្វេដងនៃចំនួនវេជ្ជបណ្ឌិតដែលបានស្លាប់កាលពីខែមិថុនា។ នេះបើយោងតាមបណ្ដាញគ្រូពេទ្យមួយ ដែលគេស្គាល់ថា «ក្រុមការងារជួយដោះស្រាយនៃសមាគមសុខាភិបាលឥណ្ឌូណេស៊ី» ឬហៅកាត់ថា IDI។
ចំនួនមរណភាពនៃក្រុមវេជ្ជបណ្ឌិតដែលចេះតែកើនឡើងនេះ កើតមានខណៈដែលរដ្ឋាភិបាលកត់សម្គាល់ឃើញថា ក្រុមការងារសុខាភិបាលជាង៩៥ ភាគរយ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចហើយ។
កាលពីថ្ងៃអាទិត្យ ប្រធានដឹកនាំនៃក្រុមការងារដោះស្រាយ លោក Mahesa Paranadipa Maikel បានថ្លែងប្រាប់សារព័ត៌មាននៅរដ្ឋធានីហ្សាការតាថា ការស្លាប់របស់ក្រុមវេជ្ជបណ្ឌិតប្រចាំខែកំពុងមានចំនួនខ្ពស់ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះកាលពីខែមីនា ឆ្នាំ២០២០ មក។ ក្នុងនោះអត្រាស្លាប់កាលពីខែមករា ឆ្នាំ២០២១នេះ មានវេជ្ជបណ្ឌិតចំនួន ៦៥នាក់បានស្លាប់។
គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតសាកលមកទល់នឹងពេលនេះ ក្រុមវេជ្ជបណ្ឌិតឥណ្ឌូណេស៊ីសរុបចំនួន៥៤៥ នាក់ បានស្លាប់។ ចំនួនអ្នកស្លាប់ខ្ពស់ជាងគេមាននៅខេត្ត Java ខាងកើត ឬ East Java ដែលមានចំនួន១១០ នាក់ ខណៈដែលចំនួនស្លាប់ខ្ពស់បន្ទាប់ គឺនៅរដ្ឋធានីហ្សាការតាមានចំនួន៨៣ នាក់ និងនៅភាគកណ្តាលនៃកោះ Java មានអ្នកស្លាប់ចំនួន៨១ នាក់។
នៅក្នុងខែមិថុនា ក្រុមវេជ្ជបណ្ឌិតចំនួន ៥១ នាក់បានស្លាប់ ប៉ុន្តែអត្រាអ្នកស្លាប់បានហក់ឡើងរហូតដល់ទៅ១២៣ ភាគរយ នៅក្នុងខែកក្កដានេះ។
លោក Mahesa បាននិយាយថា៖ «ចំនួនអ្នកស្លាប់ទាំងនេះ អាចនឹងមានខ្ពស់ជាងនេះ ដោយសារតែមន្ទីរពេទ្យ និងគ្លីនិកសម្រាកព្យាបាលនានា មិនបានរាយការណ៍ដល់ពួកយើង»។
វេជ្ជបណ្ឌិតភាគច្រើនដែលបានស្លាប់ គឺជាគ្រូពេទ្យផ្នែកជំងឺទូទៅ គ្រូពេទ្យសម្ភព អ្នកចុះហាត់ការ និងគ្រូពេទ្យផ្នែកវះកាត់។ កូវីដ១៩ គឺជាជំងឺបង្កដោយវីរុសកូរ៉ូណា។
ក្រុមការងារបានកត់សម្គាល់ឃើញថា បុគ្គលិកសុខាភិបាលជាច្រើនរយនាក់ទៀតបានស្លាប់ដោយសារជំងឺរាតត្បាតនេះ ដែលក្នុងនោះរួមមាន ក្រុមគិលានុបដ្ឋាកចំនួន ៤៤៥នាក់ ឱសថការី ៤២នាក់ ពេទ្យឆ្មប ២២៣នាក់ និងបុគ្គលិកផ្នែកមន្ទីរពិសោធន៍ចំនួន ២៥នាក់។
រដ្ឋមន្ត្រីសុខាភិបាល លោក Budi Gunadi Sadikin និយាយថា រដ្ឋាភិបាលបានចាប់ផ្ដើមប្រើប្រាស់កញ្ចប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ចាក់បន្ថែមមួយដូសទៀតដល់បុគ្គលិកសុខាភិបាលដែលបានចាក់វ៉ាក់សាំងចិនស៊ីណូវ៉ាក់រួចហើយ។ វ៉ាក់សាំងស៊ីណូវ៉ាក់ គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់គ្រាអាសន្នដោយអង្គការសុខភាពពិភពលោក។ ការសិក្សានានាអំពីអត្រាប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ កំពុងត្រូវបានធ្វើឡើង ប៉ុន្តែវ៉ាក់សាំងនេះ ហាក់ដូចជាមានឥទ្ធិពលតិចតួចជាងវ៉ាក់សាំងកូវីដ១៩ផ្សេងទៀតសម្រាប់ប្រឆាំងនឹងវីរុសកូរ៉ូណា។
ទន្ទឹមនឹងនេះ កាលពីសប្ដាហ៍កន្លងទៅ ចំនួននៃការឆ្លងជំងឺប្រចាំថ្ងៃក្នុងចំណោមពលរដ្ឋឥណ្ឌូណេស៊ី បានកើនឡើងជាង៥ពាន់នាក់ ដោយមានអ្នកស្លាប់ថ្មីចំនួនជាង១ពាន់នាក់។
បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ីមានករណីឆ្លងសរុបជាង ២លាន ៨សែននាក់ហើយ ដោយមានអ្នកស្លាប់៧ម៉ឺន ២ពាន់នាក់។ នេះបើតាមតួលេខរបស់សាកលវិទ្យាល័យ Johns Hopkins ដែលបានកត់ត្រាការផ្ទុះឡើងនៃជំងឺនេះនៅទូទាំងសាកលោក។ ឥណ្ឌូណេស៊ី គឺជាប្រទេសទី៤នៅលើសាកលលោកដែលមានចំនួនប្រជាជនច្រើនជាងគេ គឺមានជាង២៧៥លាននាក់។
លោក Windhu Purnomo គឺជាអ្នកឯកទេសស្រាវជ្រាវជំងឺរាតត្បាត ដែលបម្រើការនៅមហាវិទ្យាល័យសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Airlangga។ លោកបានថ្លែងប្រាប់ VOA ថា ស្ថានភាពបច្ចុប្បន្ននេះ អាចវិវត្តកាន់តែអាក្រក់ជាងនេះដោយសារកត្តា៣យ៉ាង រួមមាន ដំណើរការចាក់វ៉ាក់សាំងយឺត ការបរាជ័យក្នុងការទប់ស្កាត់ការផ្លាស់ទីរបស់ពលរដ្ឋ និងការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta)។
លោកថ្លែងក្នុងសម្តីដើមថា៖ «យើងទើបតែទទួលបានវ៉ាក់សាំងថ្មីៗ ដូចជាមកពីសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសផ្សេងទៀត។ ដូច្នេះបើទោះបីជាយើងបង្កើនកម្មវិធីចាក់វ៉ាក់សាំងក៏ដោយ ក៏វានៅតែមិនទាន់មានភាពប្រសើរឡើងដែរ»។
ឥណ្ឌូណេស៊ី មិនអាចអនុវត្តការបិទខ្ទប់ដូចដែលត្រូវបានអនុវត្តនៅប្រទេសផ្សេងទេ ពីព្រោះប្រទេសនេះពុំមានប្រាក់សម្រាប់ផ្ដល់ជូនពលរដ្ឋឲ្យស្នាក់នៅក្នុងផ្ទះ។ វីរុសប្រភេទបំប្លែងថ្មីដែលតាដែលកំពុងឆ្លងរាលដាលពាសពេញពិភពលោកនេះ ក៏កំពុងវាយប្រហារប្រទេសឥណ្ឌូណេស៊ីយ៉ាងដំណំផងដែរ។
លោក Windhu Purnomo បាននិយាយបន្ថែមថា៖ «យើងមានបន្ទុកធ្ងន់ធ្ងរណាស់នៅពេលនេះ»។
រដ្ឋាភិបាលបានដាក់វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ការផ្លាស់ទីរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី៣ ខែកក្កដា ក្នុងគោលបំណងបន្ថយល្បឿននៃការឆ្លងជំងឺកូវីដ១៩។ ការរឹតបន្តឹងទាំងនោះរួមមាន ការដាក់បទបញ្ជាឲ្យធ្វើការពីផ្ទះសម្រាប់បុគ្គលិកការងារមិនសូវមានភាពចាំបាច់ និងការបិទហាងលក់ទំនិញ ទីផ្សារ និងអាគារសាធារណៈទាំងអស់នៅកោះ Java កោះបាលី និងទីក្រុងចំនួន ១៥ ផ្សេងទៀត នៅទូទាំងប្រជុំកោះទាំងនោះ។
លោក Luhut Pandjaitan ទេសរដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលវិធានការទប់ស្កាត់ជំងឺរាតត្បាតបានថ្លែងប្រាប់ VOA កាលពីថ្ងៃសុក្រថា រដ្ឋាភិបាល នឹងសម្រេចក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ថាតើត្រូវបន្តរយៈពេលនៃវិធានការរឹតបន្តឹងនេះ ឬយ៉ាងណា។
លោកថ្លែងបានដូច្នេះថា៖ «វាមិនមែនជាកិច្ចការងាយស្រួលនោះទេ ហើយមានជម្រើសផ្សេងជាច្រើនទៀត។ ប៉ុន្តែយើងទំនងជានឹងត្រូវពន្យារការរឹតបន្តឹងនេះ ព្រោះថា យើងមិនអាចកាត់បន្ថយការឆ្លង ឬគ្រប់គ្រងវីរុសប្រភេទបំប្លែងថ្មីនេះក្នុងរយៈពេល តែ២សប្ដាហ៍នោះបានទេ។ យើងចាំមើលសិន ថានឹងមានអ្វីកើតឡើងបន្ទាប់ពីនេះ»។
ក្រុមការងារជួយដោះសា្រយនេះព្រមានថា មណ្ឌលសុខភាពនានាប្រហែលជាប្រឈមនឹងបញ្ហា ពីព្រោះថាអាចនឹងមានអ្នកជំងឺច្រើនចូលព្យាបាល ខណៈមិនមានថ្នាំពេទ្យ និងឧបករណ៍ពេទ្យគ្រប់គ្រាន់ កង្វះក្រុមគ្រូពេទ្យ គិលានុបដ្ឋាក និងបុគ្គលិកពេទ្យផ្សេងទៀតសម្រាប់ថែទាំអ្នកជំងឺ។
លោក Adib Khumaidi ជាប្រធានដឹកនាំម្នាក់ទៀតនៃក្រុមការងារនេះ បានថ្លែងក្នុងសម្តីដើមថា៖ «យើងបារម្ភថា មណ្ឌលសុខភាពនានាអាចនឹងដួលរលំ។ យើងត្រូវបង្កើតផែនទីដើម្បីដឹងពីសមត្ថភាពនៃមន្ទីរព្យាបាលនីមួយៗនៅក្នុងស្រុក»។
រដ្ឋាភិបាលថា ខ្លួនមានផែនការពន្លឿនដំណើរការបង្កើតមន្ទីរពេទ្យជាច្រើនកន្លែង ព្រមទាំងដាក់ក្រុមគ្រូពេទ្យចំនួន២ ពាន់នាក់ និងគិលានុបដ្ឋាកចំនួន២ម៉ឺននាក់ ដើម្បីទប់ទល់ការកើនឡើងយ៉ាងគំហុកនៃករណីទាំងនេះ៕
Sasmito Madrim រាយការណ៍បន្ថែមពីទីក្រុងហ្សាការតា
ប្រែសម្រួលដោយលោក នៀម ឆេង