ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​សង្ឃឹម​ជាប់ឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​សន្យា​ថា​នឹង​ដោះស្រាយ​កង្វល់​សំខាន់ៗ​របស់​អ្នក​វិនិយោគទុន​


បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ Ganjar Pranowo ថ្លែងសុន្ទរកថា​នៅ​រដ្ឋធានី​ហ្សការតា​ ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២៣។
បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ Ganjar Pranowo ថ្លែងសុន្ទរកថា​នៅ​រដ្ឋធានី​ហ្សការតា​ ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២៣។

បេក្ខជន​សង្ឃឹម​ជាប់ឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ពីរ​នាក់​ក្នុង​ចំណោម​បីនាក់​បាន​ប្រាប់​អ្នក​វិនិយោគទុនអាមេរិកាំង​កាលពី​ថ្ងៃ​អង្គារ​ថា​ពួកគេ​នឹង​ដោះស្រាយ​បញ្ហា​ជុំវិញ​ការ​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍។

អតីត​អភិបាល​ខេត្ត Central Java លោក​ Ganjar Pranowo បានប្រាប់​កម្មវិធី​ជួបជុំមួយ​ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អាមេរិក​ថា លោក​នឹង​ធានា​បាន​នូវ​ភាព​ប្រាកដ​ប្រជា​ផ្នែកច្បាប់​សម្រាប់​អ្នកវិនិយោគ​ទុន​បរទេស និង​ជំរុញ​ការ​ប្រមូល​ពន្ធ​នៅក្នុង​សេដ្ឋកិច្ច​ដែល​មាន​តម្លៃ​រាប់​លាន​លាន​ដុល្លារ។

លោក Anies Baswedan ​អតីត​អភិបាល​នៃ​រដ្ឋធានី​ហ្សាកាតា ​បាន​សន្យា​ថា​នឹង​រក្សា​ភាព​ជឿជាក់​លើគោល​នយោបាយ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ​ដោយផ្តល់​មុខតំណែង​សំខាន់ៗ​ដល់​អ្នក​បច្ចេកទេស ​និង​ជំរុញ​ការវិនិយោគទុនក្នុង​ឧស្សាហកម្ម​ផលិតកម្ម ​ប្រសិន​បើ​លោក​ឈ្នះ​ការបោះឆ្នោត​នៅ​ថ្ងៃទី ​១៤ ​ខែកុម្ភៈ។

លោក Ganjar ​ដែល​មាន​ការ​គាំទ្រប្រកៀក​ប្រកិតគូប្រជែង​គឺលោក Prabowo Subianto នៅក្នុង​ការ​ស្ទង់មតិ​បានបន្ថែម​ថា​បញ្ហា​ភាព​ប្រាកដ​ប្រជា​ស្ថិត​នៅក្នុង​ចំណោម​កង្វល់​សំខាន់ៗ​របស់​វិនិយោគិន។ លោក​ថ្លែង​ថា៖ «ថ្លៃ​សេវា​ខុសច្បាប់​ត្រូវតែ​ត្រូវបាន​លុបចោល​ សេវាកម្ម​នានា​ត្រូវតែ​ធ្វើឱ្យ​ថោកជាង​ និង​លឿន​ជាងមុន។ យើង​ត្រូវតែ​ផ្តល់​ភាព​ច្បាស់លាស់​ផ្នែកច្បាប់​ដោយ​ការ​អនុវត្ត​ច្បាប់»។

លោក Ganjar ​បាន​សន្យា​ថា​នឹង​ជំរុញ​កំណើន​ជាមធ្យម​នៃ​សេដ្ឋកិច្ច​ធំបំផុត​របស់​អាស៊ី​អាគ្នេយ៍​ដល់​ ៧%​ ប្រសិនបើ​លោកឈ្នះ​អាណត្តិ​ប្រធានាធិបតី​ប្រាំឆ្នាំ​បន្ទាប់។ លោក​ Anies ​ដែល​មាន​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក​កំណត់​គោល​ដៅ​កំណើន​ជា​មធ្យម ៥,៥% ទៅ ៦,៥%។

សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូណេស៊ី​បាន​កើន​ឡើង​ ៥,៣% ​កាលពី​ឆ្នាំមុន ​ដែល​ត្រូវបាន​ជំរុញ​ដោយ​ការ​កើនឡើង​នៃ​តម្លៃ​ទំនិញ​ ប៉ុន្តែ​ជាមួយ​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ទំនិញ ​កំណើន​ត្រូវ​បាន​គេរំពឹង​ថា​នឹង​បន្ធូរបន្ថយ​មក​ត្រឹម​ប្រហែល ​៥% ​នៅឆ្នាំ​នេះ។

លោក Ganjar ​បាន​ប្តេជ្ញា​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​អភិបាលកិច្ច​នៅក្នុង​ការិយាល័យ​ពន្ធ​ដើម្បី​បង្កើន​សមត្ថភាព​ចំណាយ​របស់​រដ្ឋាភិបាល​ទ្វេដង​ដោយ​មិន​ផ្តល់​ព័ត៌មាន​លម្អិត។ លោកAnies ​បាន​ផ្តល់​ផែនការ​ដើម្បី​បង្កើត​យ៉ាង​ហោច​ណាស់​មជ្ឈមណ្ឌល​កំណើន​សេដ្ឋកិច្ច​ថ្មី​ចំនួន ១៤​ នៅ​ខាងក្រៅ​កោះ ជ្វា (Java) ដ៏​សំខាន់។

លោក​ Prabowo ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​មិនបាន​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​របស់​សភា​ពាណិជ្ជកម្ម​អាមេរិក​ទេ។ លោក​ត្រូវបាន​គេរំពឹង​ថា​នឹង​ចុះ​ឈ្មោះ​ជា​ផ្លូវការ​នូវ​បេក្ខភាព​របស់​លោក​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នៅថ្ងៃ​ពុធ​ទី​២៥ ខែ​តុលា​ ហើយ​មិន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវគោលនយោបាយ​របស់​លោក​ទេ។

ការបោះឆ្នោត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​ជារឿយៗ​ជា​សមរភូមិ​នៃ​បុគ្គលិក​លក្ខណៈ​ជា​ជាង​គោលនយោបាយ ​ដោយ​បេក្ខជន​នានា​ត្រូវប្រជែង​លើ​គោល​នយោបាយស្រដៀងគ្នា​ដើម្បី​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច ​ ការងារ​ និង​ពហុនិយម​នៅក្នុង​ប្រទេស​ដែល​ភាគច្រើន​កាន់​សាសនា​ឥស្លាម​ធំជាងគេ​លើ​ពិភពលោក។

ទោះ​ជា​យ៉ាង​ណា ​បេក្ខជន​ជាច្រើន​ជារឿយៗ​តែងតែ​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ​និយម​នៅ​ពេល​ឃោសនា​បោះឆ្នោត។ប្រធានាធិបតី​កំពុង​កាន់តំណែងលោក​ Joko Widodo ដែល​ត្រូវតែ​ចាកចេញ​ពីតំណែង​បន្ទាប់ពី​កាន់​អំណាច​ពីរ​អាណត្តិ​ជា​អតិបរមា​បានស្នើសុំ​អ្នកស្នងតំណែង​របស់​លោក​ឱ្យ​បន្ត​គោលនយោបាយ​របស់​លោក​ក្នុង​ការ​ផ្តល់​អាទិភាព​ដល់​ការ​កែច្នៃ​ទំនិញ​ធម្មជាតិ​នៅ​លើ​ដីគោក។ លោក ​Widodo ​បាន​ត្រួតពិនិត្យ​ការហាម​ឃាត់ការ​នាំចេញ​នៅ​ឆ្នាំ ២០២០ ​របស់​ឥណ្ឌូណេស៊ី​លើ​រ៉ែ​នីកែល ​ដែល​លោក​បាន​ធ្វើ​បន្ទាប់​ពី​បាន​បញ្ឈប់​ការនាំចេញ​រ៉ែ​បុកស៊ីត​ដែល​មិនទាន់​កែច្នៃ​នៅឆ្នាំ​នេះ។

ប្រែសម្រួល​ដោយ​លោក​សុខ ខេមរា​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG