ឥណ្ឌូណេស៊ីនៅមិនទាន់ទទួលស្គាល់ការទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូងទេ។ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោក Sugiono ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទ។ ការលើកឡើងរបស់លោក Sugiono នេះគឺដើម្បីច្រានចោលការព្រួយបារម្ភដែលថាសេចក្តីថ្លែងការណ៍រួមគ្នារបស់ឥណ្ឌូណេស៊ីជាមួយចិនកាលពីពេលថ្មីៗនេះអាចធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យរបស់ឥណ្ឌូណេស៊ី។
ឥណ្ឌូណេស៊ីបានធ្វើឲ្យមានប្រតិកម្មផ្សេងៗកាលពីខែមុននៅពេលប្រទេសនេះឈានដល់ «ការយល់រួមគ្នាមួយស្តីពីការអភិវឌ្ឍរួមគ្នាក្នុងតំបន់ដែលមានការទាមទារត្រួតស៊ីគ្នា» នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយចិន ដែលបានធ្វើឡើងក្នុងអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន។
សេចក្តីថ្លែងការណ៍នេះត្រូបានយល់ឃើញជាទូទៅថាជាការទទួលស្គាល់ការទាមទារទាំងស្រុងរបស់ចិនលើសិទ្ធិកាន់កាប់សមុទ្រចិនខាងត្បូង ដែលនៅទីនោះចិនបានព្យាយាមពង្រីកវត្តមានរបស់ខ្លួនរាប់ឆ្នាំមកហើយក្នុងដែនទឹកដែលមានជម្លោះនោះនិងច្រានចោលសេចក្តីសម្រេចរបស់តុលាការអន្តរជាតិមួយដែលថាការទាមទាររបស់ចិនលើតំបន់ភាគច្រើននៃផ្លូវទឹកនោះគ្មានមូលដ្ឋានច្បាប់។
លោក Sugiono ដែលប្រើឈ្មោះតែមួយដូចនេះ បានប្រាប់ក្រុមតំណាងរាស្ត្រឥណ្ឌូណេស៊ីថា៖ «ឥណ្ឌូណេស៊ីរក្សាជំហរដដែលថាគ្មានមូលដ្ឋានច្បាប់អន្តរជាតិសមស្របណាមួយក្នុងបញ្ហាខ្សែបន្ទាត់ ៩ ចំណុចនោះទេ»។ លោក Sugiono និយាយដូច្នេះសំដៅដល់ខ្សែបន្ទាត់មួយដែលចិនបានប្រើលើផែនទីដើម្បីកំណត់ព្រំដែនតាមការទាមទាររបស់ខ្លួនលើសិទ្ធិកាន់កាប់ផ្លូវទឹកយុទ្ធសាស្ត្រនោះស្ទើរតែទាំងស្រុង។
លោក Sugiono បានថ្លែងថា៖ «គោលការណ៍សំខាន់គឺថាលោកប្រធានាធិបតីបានបង្គាប់ថាឥណ្ឌូណេស៊ីនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងដើម្បីផលប្រយោជន៍ជាតិ។ ទាក់ទិននឹងរឿងអធិបតេយ្យភាព យើងមិនប្តូរគោលជំហររបស់យើងទេ»។
លោកថាឥណ្ឌូណេស៊ីនិងចិនមិនទាន់ឯកភាពគ្នាលើតំបន់ជាច្រើនសម្រាប់គម្រោងអភិវឌ្ឍន៍រួមនោះនៅឡើយទេ និងបានបន្ថែមថាឥណ្ឌូណេស៊ីបានជូនដំណឹងរួចហើយដល់មេដឹកនាំប្រទេសជិតខាងនានាអំពីផែនការនេះដើម្បី «កាត់បន្ថយភាពតានតឹង»៕
វេទិកាបញ្ចេញមតិ