ប្រធានាធិបតីថ្មីរបស់ប្រទេសឥណ្ឌូណេស៊ីលោក Prabowo Subianto បានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនកាលពីថ្ងៃសុក្រ ដែលជាការចាប់ផ្ដើមនូវដំណើរទស្សនកិច្ច ៥ ប្រទេសរបស់លោក ដែលក្នុងនោះអាចមានជំនួបជាមួយនឹងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Prabowo ដែលជាអតីតនាយឧត្តមសេនីយ៍វ័យ ៧៣ ឆ្នាំ បានស្បថចូលកាន់តំណែងកាលពីខែមុន។ លោកបានសន្យាថានឹងធ្វើឱ្យឥណ្ឌូណេស៊ីមានជំហរកាន់តែលេចត្រដែតនៅលើឆាកអន្តរជាតិ ហើយស្របពេលនោះដែរនៅប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធជាយូរមកហើយរបស់ខ្លួន។
មុនពេលចេញដំណើរ លោក Prabowo បាននិយាយថាលោកនឹងធ្វើទស្សនកិច្ចទៅចិនមុនគេ ដែលនៅទីនោះលោកគ្រោងនឹងជួបពិភាក្សាជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping ហើយបន្ទាប់មកលោកនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកតបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden។
គេមិនច្បាស់ទេថាតើដំណើរទស្សនកិច្ចរបស់លោក Prabowo នៅសហរដ្ឋអាមេរិកនឹងរួមមានផងដែរនូវជំនួបជាមួយនឹងលោក Trump ប៉ុន្តែលោក Hasan Nasbi ដែលជាអ្នកនាំពាក្យរបស់លោក Prabowo បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ថា ការពិភាក្សាជាមួយនឹងលោក Trump ទំនងជាអាចស្ថិតនៅលើរបៀបវារៈ។
លោក Prabowo បាននិយាយថា ដំណើរទស្សនកិច្ចនេះនឹងរួមមានផងដែរនូវទស្សនកិច្ចទៅកាន់ប្រទេសប៉េរូដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំរបស់វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) និងទៅកាន់ប្រទេសប្រេស៊ីលដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស G-20 មុនពេលលោកបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងចក្រភពអង់គ្លេស ដែលនៅទីនោះលោកនឹងជួបជាមួយនឹងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer៕
វេទិកាបញ្ចេញមតិ