ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​សមហាត់​ជា​មួយ​ប្រទេស​សមាជិក​អាស៊ានដើម្បី​ទប់ស្កាត់​គ្រោះ​មហន្តរាយ​


អ្នក​ជំនាញ​សុខាភិបាលនៃ​ប្រទេស​កម្ពុជា និង​ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ធ្វើ​លំហាត់​ត្រៀម​ផែនការ​ទប់ស្កាត់​ជំងឺឆ្លង​រាត​ត្បាត និង​គ្រោះមហន្តរាយ​ផ្សេង​ៗ​រយៈពេល​ប្រាំ​ថ្ងៃ​នេះ​នៅ​ក្នុង​សប្តាហ៍​មុន ដើម្បី​ឆ្លើយតប​ទៅ​នឹង​លទ្ធភាព​នៃ​ការផ្ទុះ​ឡើ​ជំងឺ​ឆ្លង។ លំហាត់​នេះ​បាន​ផ្តោត​ទៅ​លើ​របៀប​រៀបចំ​ផែនការ​សម្រាប់​ទប់ស្កាត់​ជំងឺ​គ្រុន​ផ្តាសាយ​ ការរញ្ជួយដី​ ខ្យល់ព្យុះ​ ការចម្លង​មេរោគ​តាម​ចំណីអាហារ​ គ្រោះថ្នាក់​ឧស្សាហកម្ម​ គ្រោះ​ភ្លើង​ឆេះ​ព្រៃ​ គ្រោះ​ទឹកជំនន់​ គ្រោះ​រាំងស្ងួត​ ការបាក់រលំ​អាគារ​ និង​គ្រោះ​រលក​សមុទ្រ (Tsunami) ដែល​ធ្វើ​ឱ្យ​ខាតបង់​តម្លៃ​ និង​បាត់បង់​ជីវិត​មនុស្ស។

តំណាង​ប្រមាណ​១៣០​នាក់​ពី​រដ្ឋាភិបាល​ ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ចូលរួម​នៅ​ក្នុង​ការធ្វើ​លំហាត់​នេះ។ លំហាត់​រយៈពេល​ប្រាំ​ថ្ងៃ​នេះ​នៅ​ក្នុង​សប្តាហ៍មុន​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជួយ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ឱ្យ​ឆ្លើយតប​ទៅ​នឹង​លទ្ធភាព​នៃ​ការផ្ទុះ​ឡើង​ជំងឺ​ឆ្លង​,​ យោង​តាម​សេចក្តី​ថ្លែងការណ៍។

លោក​វេជ្ជបណ្ឌិតសុខ​ ទូច​ ប្រធាន​នាយកដ្ឋាន​ទប់ស្កាត់​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​ បាន​ថ្លែង​ប្រាប់​ វីអូអេថា លំហាត់​ត្រៀម​ផែនការ​ទប់ស្កាត់​ជំងឺ​ឆ្លង​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ និង​បណ្តា​ប្រទេស​អាស៊ាន​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ហេតុការណ៍​ដ៏​អាក្រក់​ណា​មួយ​ដែល​នឹង​អាច​កើត​ឡើង។

លំហាត់​នេះ​បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​របៀប​រៀបចំ​វិធានការ​យុទ្ធសាស្ត្រ​សម្រាប់​ទប់​ស្កាត់​ ការពារ​ ព្យាបាល​ និង​ផែនការ​ស្នើសុំ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ ដូច​ជា​ថ្នាំពេទ្យ​ សន្តិសុខ​ ពស្តុភារ​ ការដឹកជញ្ចូន​ និង​ទីជម្រក​ពី​សហគមន៍​អន្តរជាតិ​ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​នៅ​ក្នុង​តំបន់​រងគ្រោះ។

លោកអ៊ែនឌ្រូ ប៊ែតស៍​ (Andrew​ Bates) ទាហាន​ជាប់​កិច្ចសន្យា​របស់​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា​ គ្រូពេទ្យ​ ក្រុម​សន្តិសុខ​ និង​ក្រុម​ភស្តុភារ​ត្រូវ​មាន​បញ្ជី​ការងារ​រួម​ដែល​ជា​បញ្ជី​ផ្គត់ផ្គង់​បរិក្ខា​ និង​បុគ្គលិក​ ដើម្បី​បំពេញ​ កិច្ចការងារ​ទាំង​នោះ​។

លោក​វេជ្ជបណ្ឌិត​សុខ ទូច​បាន​បញ្ជាក់​ថា​ នៅ​ពេល​ណា​ដែល​ប្រទេស​កម្ពុជារក​ឃើញ​ករណី​មេរោគ​ឆ្លង ប្រទេស​កម្ពុជា​ត្រូវ​អនុវត្ត​វិធានការ​ហ៊ុំព័ទ្ធ​តំបន់​ប៉ះពាល់​ជា​បន្ទាន់។ ប៉ុន្តែ​កម្ពុជា​មិន​អាច​ទប់ទល់​ជំងឺ​ឆ្លង​បាន​១០០​ភាគរយ​ទេ។​ ដូច្នេះ​ប្រទេស​ទាំងអស់​ត្រូវ​ត្រៀម​វិធានការ​ទប់ស្កាត់​ហេតុការណ៍​អាក្រក់​បំផុត ដែល​មិន​អាច​ទប់ស្កាត់​បាន​នេះ។ លោក​បន្ត​ថា៖

«សំខាន់​ការត្រៀមរៀបចំ​ធ្វើ​ផែនការ​របស់​ប្រទេស​នីមួយ​ៗ​ ដូច​ជា​ធ្វើ​ផែនការ​ជា​រួម​ក្នុង​នាម​ជា​អាស៊ាន​ ពី​ព្រោះក្នុង​អាស៊ាន​នេះ​ យើង​មាន​យន្តការ​គ្រោះ​មហន្តរាយ។ យើង​ក៏​ផ្សាភ្ជាប់​នឹង​ការ​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​សាកល​ជាមួយយន្តការ​ទប់ស្កាត់​គ្រោះមហន្តរាយ»។

លោក​វេជ្ជបណ្ឌិត​សុខ ទូច​ បាន​បន្ត​ថា​ប្រទេស​ទាំងអស់​ត្រូវការ​កងកម្លាំង​សន្តិសុខ​ពិតប្រាកដ​ ដើម្បី​ធានា​ដល់​ការ​ដឹកជញ្ចូន​ជំនួយ​ទៅ​ដល់​កន្លែង​រងគ្រោះ​ និង​ការរៀបចំ​ផែនការ​ផ្តល់​សេវា​ការពារ​ ឬ​ ការព្យាបាល​ នៅ​ពេល​ដែល​មនុស្ស​ធ្លាក់​ខ្លួន​ឈឺ​។

លោក​អ៊ែនឌ្រូ ប៊ែតស៍ បាន​បញ្ជាក់​ថា ក្រុម​អាជ្ញាធរ​ប្រចាំ​តំបន់​ត្រូវ​ផ្តោត​ការ​យកចិត្តទុក​ដាក់​ទៅ​លើ​ការ​ឆ្លើយ​តបប្រចាំ​តំបន់​ ដូចជា​ភ្លើង​ឆេះ​ព្រៃ​ និង​សុវត្ថិភាព​សាធារណៈ។​ លោក​បញ្ជាក់​ថា តួនាទី​គាំទ្រ​ពហុ​ផ្នែក​ គឺ​សំដៅគាំទ្រ​ភ្នាក់ងារ​ទប់ស្កាត់​ជំងឺ​ឆ្លង​ថ្នាក់​ជាតិ​ដែល​មាន​ក្រសួង​សុខាភិបាល​ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ ព្រមទាំង​ធ្វើ​ទំនាក់ទំនង​ជាមួយ​យោធា​ប្រទេស​ជិត​ខាង​ ដូច​ជា​កងកម្លាំង​ពហុ​ជាតិ​ និង​អង្គការ​សហប្រជាជាតិ។

XS
SM
MD
LG