ទាហានរាប់ពាន់នាក់មកពីប្រទេសឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងប្រទេស ៨ ផ្សេងទៀតបានចាប់ផ្ដើមសមយុទ្ធរយៈពេល ២ សប្ដាហ៍កាលពីថ្ងៃចន្ទ ដោយផ្ដោតលើសមត្ថភាពរួមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
សមយុទ្ធប្រចាំឆ្នាំដែលគេស្គាល់ថា «ខែលមហាគ្រុឌ» នេះបានចាប់ផ្ដើមនៅក្នុងតំបន់ Sidoarjo នៃខេត្ត East Java ប្រទេសឥណ្ឌូណេស៊ី ដោយទាហានឥណ្ឌូណេស៊ីជាង ៤.៤០០ នាក់ចូលរួមនៅក្នុងសមយុទ្ធនេះ។
យោធាឥណ្ឌូណេស៊ីបានបញ្ជាក់ថា ទាហានសហរដ្ឋអាមេរិកប្រហែល ១.៨០០ នាក់និងទាហានមកពីប្រទេសផ្សេងទៀតចំនួនរាប់រយនាក់ក៏នឹងចូលរួមនៅក្នុងសមយុទ្ធនេះផងដែរ។
សមយុទ្ធនេះ ដែលធ្វើឡើងដំបូងនៅក្នុងឆ្នាំ ២០០៧ បានវិវត្តក្លាយទៅជា «ព្រឹត្តិការណ៍រួមពហុជាតិលំដាប់ពិភពលោកដែលរៀបចំឡើងដើម្បីបង្កើនសមត្ថភាពរួមរបស់យើង»។ នេះបើតាមការបញ្ជាក់របស់លោកឧត្ដមសេនីយ៍ទោ Joseph Harris មេបញ្ជាការនៃកងឆ្មាំជាតិទ័ពអាកាសសហរដ្ឋអាមេរិកប្រចាំរដ្ឋ Hawaii។
សមយុទ្ធរយៈពេល ២ សប្ដាហ៍នេះនឹងធ្វើឡើងរហូតដល់ថ្ងៃទី ៦ ខែកញ្ញាខាងមុខនៅទីតាំងជាច្រើននៅទូទាំងប្រទេសឥណ្ឌូណេស៊ី។ សមយុទ្ធនេះនឹងមានវត្តមានចូលរួមផងដែរពីអ្នកចូលរួមមកពីប្រទេសអូស្ត្រាលី ជប៉ុន ចក្រភពអង់គ្លេស សិង្ហបុរី កូរ៉េខាងត្បូង កាណាដា នូវែលសេឡង់ និងបារាំង។
ប្រទេសប្រេស៊ីល អាល្លឺម៉ង់ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ហូឡង់ ទីម័រខាងកើត និងប៉ាពូអាស៊ីនូវែលហ្គីណេនឹងចូលរួមនៅក្នុងសមយុទ្ធនេះក្នុងនាមជាប្រទេសសង្កេតការណ៍៕