សភារបស់ប្រទេសឥណ្ឌូណេស៊ី បានអនុម័តសេចក្តីព្រាងច្បាប់មួយដើម្បីផ្លាស់ប្តូររដ្ឋធានីចេញពីហ្សាការតាទៅកាន់តំបន់ព្រៃ Kalimantan នៅលើកោះ Borneo។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងផែនការនៅថ្ងៃអង្គារនេះ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ច្បាប់រដ្ឋធានីថ្មីដែលផ្តល់ក្របខណ្ឌ ច្បាប់មួយសម្រាប់គម្រោងដ៏ធំដែលមានតម្លៃ៣២ពាន់លានដុល្លាររបស់លោកប្រធានាធិបតី Joko Widodo ចែងអំពីផែនការផ្តល់ថវិកាសម្រាប់ការអភិវឌ្ឍនិងការគ្រប់គ្រងរដ្ឋធានីថ្មីនេះ។
លោក Suharso Monoarfa រដ្ឋមន្ត្រីក្រសួងផែនការបានប្រាប់សភាបន្ទាប់ពីសេចក្តីព្រាងច្បាប់នោះ បានអនុម័តនៅថ្ងៃអង្គារនេះថា «រដ្ឋធានីថ្មីមានតួនាទីសំខាន់ហើយជានិមិត្តរូបនៃអត្ត សញ្ញាណរបស់ជាតិ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីដ៏សំខាន់»។
លោក Monoarfa បានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋធានីថ្មី នឹងមានឈ្មោះថា «Nusantara» ដែលមានន័យថាប្រជុំកោះឥណ្ឌូណេស៊ី ដែលលោកប្រធានាធិបតី Widodo បានជ្រើសរើស។
ផែនការផ្លាស់ប្តូររដ្ឋាភិបាលចេញពីរដ្ឋធានីហ្សាការតា ដែលជាទីក្រុងដ៏មមាញឹកមានប្រជាពលរដ្ឋ១០ លាននាក់ដែលមានបញ្ហាកកស្ទះ ទឹកជំនន់ និងខ្យល់កខ្វក់ ត្រូវបានប្រធានាធិបតីឥណ្ឌូណេស៊ីជាច្រើននាក់ យកមកពិចារណាកន្លងមក ប៉ុន្តែមិនមានប្រធានាធិបតីណាម្នាក់បានធ្វើដល់ដំណាក់កាលនេះទេ។
លោកប្រធានាធិបតី Jokowi បានប្រកាសផែនការលើកដំបូងនៅឆ្នាំ២០១៩ ក៏ប៉ុន្តែមានការពន្យារពេលដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍នេះ មើលឃើញរដ្ឋធានីថ្មី ថាជាមជ្ឈមណ្ឌលបញ្ចេញសារធាតុកាបូនតិច ដែលនឹងគាំទ្រផ្នែកឱសថស្ថាន សុខភាពនិងបច្ចេកវិទ្យា ហើយនឹងធ្វើឲ្យប្រសើរឡើងនូវការរីកលូតលាស់ប្រកបដោយចីរភាពនៅទូទាំងប្រទេស៕