ប្រទេសឥណ្ឌូនេស៊ីនៅពេលថ្មីៗនេះ បានបដិសេធមិនព្រមផ្ដល់ឋានៈស្របច្បាប់ដល់ក្រុមសាសនាចិនមួយហៅថាក្រុមហ្វាលូនគង់ (Falun Gong)។ ប្រទេសចិន បានហាមឃាត់ក្រុមនោះនៅក្នុងប្រទេសចិន ហើយក្រុមការពារសិទ្ធិមនុស្ស និយាយថា ការសម្រេចចិត្ដដើម្បីរឹតបន្ដឹងមកលើក្រុមហ្វាលូនគង់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ធ្វើឡើងដើម្បីរក្សាទំនាក់ទំនងល្អជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំមួយនេះ។
កាលពីព្រឹកថ្ងៃអាទិត្យ នៅមុខកីឡាដ្ឋានធំ របស់ទីក្រុងហ្សាការតា អ្នកប្រតិបត្ដិសាសនា ហ្វាលូនគង់ យ៉ាប ស៊ុងកូណូ (Yap Sungkono) ដឹកនាំអ្នកហាត់ប្រាណមានសមាជិក ២០នាក់។ សេចក្ដីសម្រេចចិត្ដថ្មីៗ ធ្វើឡើងដោយក្រសួងមហាផ្ទៃរបស់ប្រទេសឥណ្ឌូនេស៊ីមិនទទួលស្គាល់ក្រុមនោះ ជាអង្គការសង្គមស្របច្បាប់ មិនបានបញ្ឈប់ក្រុមនោះមិនឲ្យប្រមូលផ្ដុំគ្នាប្រចាំសប្ដាហ៍ទេ។ តែលោក ស៊ុងកូណូ ថ្លែងថា វាបានរារាំងក្រុមនោះ មិនឲ្យរៀបចំការតវ៉ាជាទ្រង់ទ្រាយធំបានឡើយ។
គាត់និយាយថាចំពោះព្រឹត្ដិការណ៍ធំៗ ដូចជាការដង្ហែក្បួន គេបានពើបប្រទះនឹងបញ្ហាខ្លះ បង្កឡើងដោយអាជ្ញាធរ ហើយក្រុមនោះតែងតែមិនមានភាពប្រាកដប្រជាអំពីភាពស្របច្បាប់របស់ខ្លួន។
ក្រុមហ្វាលូនគង់ ឬខ្លះហៅថា ហ្វាលូនដាហ្វា (Falun Dafa) ផ្ដើមឡើងនៅក្នុងប្រទេសចិនកាលពីទសវត្សរ៍ឆ្នាំ១៩៩០។ ក្រុមនោះអនុវត្ដភាពស្មឹងស្មាធិ៍និងការពត់ខ្លួនប្រាណ ដើម្បីដាស់តឿនអារម្មណ៍។ ក្រុមនោះនិយាយថា ខ្លួនមិនធ្វើនយោបាយទេ ហើយមិនមែនជាសាសនាដែរ។សមាជិកឥណ្ឌូនេស៊ីរបស់ខ្លួនជាច្រើនកាន់សាសនាអ៊ីស្លាម។
ទីទី រ៉ាកម៉ន (Titi Rachman) ដូចជាអ្នកដទៃដែរ ដែលហាត់ប្រាណដើរនឹងរត់ ជិតក្រុមអ្នកហាត់ប្រាណហ្វាលូនដាហ្វា យល់ថាការហាត់ប្រាណដូច្នោះនាំឲ្យមានសុខភាពល្អ។
នាងនិយាយថាការហាត់ប្រាណនេះជាការល្អដល់សតិអារម្មណ៍និងដល់ខ្លួនប្រាណហើយ នេះជាការហាត់ប្រាណដូចគ្នា និងរបៀប វ៉ៃ តាន់ គុង (wai tan kung) ឬ តាយ ជី(tai chi)។ វ៉ៃតាន់គុង និង តាយជី ជា ការហាត់ប្រាណប្រពៃណីនៅក្នុងប្រទេសចិន។ អ្នកអនុវត្ដហ្វាលូន ដាហ្វា ហាត់ប្រាណនៅលើទីកន្លែងសាធារណៈទូទាំងប្រទេស ដើម្បីជ្រើសយកសមាជិក។ ក្រុមនោះអះអាងថា ខ្លួនមានសមាជិកជាង ៧.០០០ពាន់នាក់ នៅក្នុងប្រទេស អិនដូណេស៊ី។អ្នកហាត់ប្រាណក៏ប្រើប្រាស់ព្រឹត្ដការណ៍នោះដើម្បីធ្វើឲ្យគេយល់ដឹងអំពីការធ្វើទុក្ខបុកម្នេញមកលើសមាជិកហ្វាលុងគង់ នៅក្នុងប្រទេសចិន។
ការរឹតត្បឹតមកលើក្រុមហ្វាលូនគង់ដោយអាជ្ញាធរឥណ្ឌូនេស៊ី មានសភាពទន់ខ្សោយប្រៀបធៀប នឹងការហាមប្រាមដោយអាជ្ញាធរនៅក្នុងប្រទេសចិន។ ចិនបានចាត់ទុកក្រុមនោះ ជាក្រុមគោរពជំនឿខុសពីសាសនាធម្មតា ហើយបានចាប់ដាក់គុកសមាជិកជាច្រើននាក់។ ចិន បដិសេធថាមិនបានធ្វើបាបក្រុមហ្វាលូនគង់ទេ តែ អសប បានចងក្រងឯកសារមានករណីជាច្រើននៃបទរំលោភលើសិទ្ធិមនុស្ស ធ្វើឡើងដោយអាជ្ញាធរចិន មកលើសមាជិករបស់ក្រុម ហ្វាលូនគង់។
គេមិនឃើញមានសមាជិកហ្វាលូនគង់ចិនច្រើនទេ នៅក្នុងទីក្រុងហ្សាការតា។
ឥណ្ឌូនេស៊ីមិនអនុញាតឲ្យក្រុមនោះរស់នៅជាអចិន្ដ្រៃយ៍ ហើយធ្វើការនៅក្នុងប្រទេសឥណ្ឌូនេស៊ីទេ ខណៈដែលក្រុមនោះស្វែងរកការជ្រកកោននយោបាយ នៅក្នុងប្រទេសដទៃ។
លោក ហេ យុងហ្វេង (He Yungfeng) និយាយថា មុនគាត់រត់ចេញរួចពីប្រទេសចិន ដែលនៅទីនោះ គាត់បានត្រូវជាប់គុកជាច្រើនឆ្នាំ ដោយសារតែបានប្រកាសប្រាប់សាធារណជន អំពីជំនឿរបស់គាត់ ហើយបានត្រូវរងទារុណកម្ម ដោយក្រុមប៉ូលិស។
គាត់និយាយថា នៅរដូវធ្លាក់ទឹកកក ពេលរងាខ្លាំង នៅក្នុងគុក គេបានសម្រាតយកខោអាវគាត់ ចេញ ហើយយកទឹកត្រជាក់មកចាក់ពីលើប្រាណ រួចកោសស្បែកគាត់ រហូតដល់ជិតដាច់សាច់។ មន្ដ្រីនៃក្រសួងមហាផ្ទៃឥណ្ឌូនេស៊ី ថ្លែងប្រាប់វីអូអេថា ទំនាក់ទំនងល្អជាមួយចិន ជា មូលហេតុមួយ ដែលមិនទទួលស្គាល់ក្រុមហ្វាលូនគង់។ ឯកសាររបស់តុលាការ ដែលក្រសួងមហាផ្ទៃដាក់ពាក្យបណ្ដឹងនិយាយថា ចិនទាមទារឲ្យអាជ្ញាធរឥណ្ឌូនេស៊ីចេញការហាមប្រាមមកលើក្រុមហ្វាលូនគង់។
ហារីស អាស្សារ (Harris Azhar) អ្នកសម្របសម្រួលរបស់អង្គការការពារសិទ្ធិមនុស្ស «កុងត្រាស» (Kontras) និយាយថា កិច្ចប្រឹងប្រែងរបស់ចិន ក្នុងការគាបសង្កត់មកលើប្រទេសដទៃដើម្បីដាក់ទោសមកលើក្រុមហ្វាលូនគង់ដែលទីក្រុងប៉េកាំងមិនចូលចិត្ដ មិនជារឿងធ្វើឲ្យគេភ្ញាក់ផ្អើលទេ។ តែលោកនិយាយថា ក្នុងលក្ខណៈជាប្រទេសគោរពលទ្ធិប្រជាធិបតេយ្យឥណ្ឌូនេស៊ី គួរការពារសិទ្ធិជនភាគតិចមិនមែនធ្វើការរឹតត្បឹតមកលើក្រុមនោះ។
«យើងមានការព្រួយបារម្ភខ្លាំងចំពោះរដ្ឋាភិបាលមួយដែលស្ទាក់ស្ទើរមកលើការផ្ដល់សុវត្ថិភាពដល់ក្រុមនោះ ដើម្បីការពារក្រុមនោះពីក្រុមមួយទៀតដែលចង់ធ្វើទុក្ខបុកម្នេញមកលើក្រុមនេះ»។
លោក មានការព្រួយបារម្ភថា ខណៈដែលឥទ្ធិពលសេដ្ធកិច្ចរបស់ចិនសង្កត់កាន់តែខ្លាំងមកលើតំបន់(អាស៊ីអាគ្នេយ៍) ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសដទៃនឹងរឹតត្បឹតមកលើក្រុមហ្វាលូនគង់ ដើម្បីរក្សាឲ្យទំនាក់ទំនងល្អជាមួយប្រទេសចិន៕
ប្រែសម្រួលដោយ អ៊ូ ធួក