ដ្យាការតា ឥណ្ឌូណេស៊ី៖ សមាជិកនៃព្រះវិហារប្រូតេស្តង់គ្រឹស្ត បាតាក (Batak Christian Protestant Church) ត្រូវតែរកកន្លែងថ្មីមួយដើម្បីគោរពប្រតិបត្តិសាសនា បន្ទាប់ពីក្រុមអ្នកតវ៉ាបានបង្ខំពួកគេឲ្យជម្លៀសខ្លួនចេញពីផ្ទះចំនួន៧ខ្នង ក្នុងចំណោមផ្ទះ ដែលពួកគេប្រើដើម្បីប្រតិបត្តិសាសនា។ ក្រុមអ្នកតវ៉ា ដែលជាក្រុមកាន់សាសនាអ៊ីស្លាមនិយមតឹងបាននិយាយថា ក្រុមគ្រឹស្តសាសនិក ជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពសាសនាខុសច្បាប់។ ឧបទ្ទវហេតុនេះ បានទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើភាពមិនចេះអត់ឱនគ្នានៅក្នុងប្រទេសមួយ ដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានសរសើរកាលពីពេលថ្មីៗនេះ ចំពោះការដែលប្រទេសនេះមានពហុសាសនា។
កាលពីថ្ងៃអាទិត្យ ក្រុមអ្នកតវ៉ាបានបញ្ចូលក្រុមអ្នកគាំទ្ររបស់រណសិរ្សការពារសាសនាអ៊ីស្លាម (Islamic Defenders Front) ដែលជាក្រុមអ៊ីស្លាមប្រកាន់តឹង ដែលត្រូវបានស្គាល់ដោយសារកលល្បិចប្រឈមមុខរបស់គេ ព្រមទាំងសមាជិកនៃចលនាម៉ូស្លីមអភិរក្សមួយចំនួនទៀត។
យោងតាមច្បាប់របស់ឥណ្ឌូនេស៊ី គេហដ្ឋានមិនអាចត្រូវបានប្រើសម្រាប់ការប្រារព្ធពិធីសាសនាឡើយ។ ប៉ុន្តែ អ្នកកាន់សាសនាគ្រឹស្តបាតាក បានថ្លែងថា ពួកគេត្រូវបានបង្ខំឲ្យប្រើគេហដ្ឋានរបស់ខ្លួនដើម្បីគោរពប្រតិបត្តិសាសនា ដោយសាររដ្ឋាភិបាលមិនអនុញ្ញាតឲ្យពួកគេសាងសង់ព្រះវិហារ។
ក្រិត្យមួយកាលពីឆ្នាំ២០០៦ តម្រូវឲ្យក្រុមសាសនាទាំងឡាយ ដែលមានសមាជិកលើសពី៩០នាក់ ធានាថា ខ្លួនមានអ្នកគាំទ្រក្នុងតំបន់ចំនួនយ៉ាងតឹច៦០នាក់ មុនពេលដែលពួកគេអាចសាងសង់កន្លែងថ្មីមួយសម្រាប់ការគោរពប្រតិបត្តិសាសនា។ ពួកគេក៏ត្រូវតែទទួលការយល់ស្របពីសំឡេងភាគច្រើនពីក្រុមមេដឹកនាំសាសនាថ្នាក់ស្រុក និងខេត្តដែរ។
ក្រុមសិទ្ធិមនុស្សបានថ្លែងថា បទបញ្ជានេះ ត្រូវបានប្រើដើម្បីការពារការវាយប្រហារជាច្រើននៅជុំវិញទីក្រុងហ្សាការតា កាលពីប៉ុន្មានខែនេះ។ ក្រុមអ្នកតាក់តែងច្បាប់មួយចំនួនបានអំពាវនាវឲ្យមានបទបញ្ជាថ្មីមួយ ដែលនឹងធានាឲ្យមានភាពសុខដុមរមនាខាងសាសនា។ អ៊ែនឌ្រាហាសូណូ (Andreas Harsono) នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) មានប្រសាសន៍ថា បទបញ្ជានេះ មានភាពតឹងរ៉ឹងពេក។
«ក្រិត្យស្តីពីកន្លែងគោរពប្រតិបត្តិសាសនា ត្រូវបានដាក់ឲ្យអនុវត្តជាមូលដ្ឋាន នៅពេលដែលអ្នកទាំងនោះគ្រោងបង្កើតព្រះវិហារ ប៉ុន្តែក្រិត្យនេះមិនអាចត្រូវដាក់ឲ្យអនុវត្តទេ ប្រសិនបើពួកគេចង់កសាងវិហារអ៊ីស្លាមនោះ។ ដូច្នេះ ក្នុងន័យនេះ ក្រិត្យច្បាប់នេះ មានការរើសអើងទៅលើក្រុមជនជាតិភាគតិចនៅឥណ្ឌូនេស៊ី»។
អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានអំពាវនាវដល់រដ្ឋាភិបាលឥណ្ឌូនេស៊ីឲ្យគោរពតាមការធានារបស់រដ្ឋធម្មនុញ្ញខាងសេរីភាពសាសនា ដោយពិនិត្យឡើងវិញនូវក្រិត្យស្តីពីកន្លែងប្រតិបតិ្តសាសនា។ ប៉ុន្តែ មន្ត្រីនៃក្រសួងកិច្ចការសាសនាបាននិយាយថា បទបញ្ជានេះ មានភាពចាំបាច់ដើម្បីទប់ស្កាត់ជម្លោះខាងនិកាយសាសនា នៅតាមសហគមន៍ ដែលមានសាសនាចម្រុះ។ ពួកគេបានឲ្យដឹងទៀតថា បញ្ហាផ្ទៃក្នុង ដូចជាការបង្កើតកន្លែងគោរពប្រតិបត្តិសាសនា ឬការកំណត់ថាតើអ្វីខ្លះត្រូវហាមឃាត់ក្នុងសាសនាអ៊ីស្លាម គឺហួសពីដែនសមត្ថកិច្ចរបស់ពួកគេ។
លោក ណាសារុឌីន អូមារ (Nasaruddin Umar) ជាប្រធាននៃមគ្គុទ្ទេសក៍អ៊ីស្លាមរបស់ក្រសួងកិច្ចការសាសនា។ លោកបានថ្លែងថា រដ្ឋាភិបាល គ្រាន់តែចង់ចាត់ចែងខាងទំនាក់ទំនងសាសនា ដើម្បីកុំឲ្យមានជម្លោះ។ រដ្ឋាភិបាលមិនជ្រៀតជ្រែកជំនឿ ឬកិច្ចការសាសនាណាមួយឡើយ។
ប្រទេសឥណ្ឌូនេស៊ី មានពលរដ្ឋកាន់សាសនាអ៊ីស្លាមច្រើនជាងគេបំផុតនៅក្នុងពិភពលោក ប៉ុន្តែរដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធនឹងសាសនាទេ ហើយទទួលស្គាល់សិទ្ធិរបស់ពលរដ្ឋក្នុងការប្រតិបត្តិសាសនាមួយក្នុងចំណោមសាសនាចំនួន៦ដែលរដ្ឋបានអនុញ្ញាត ដោយរាប់ទាំងសាសនាគ្រឹស្តផងដែរ៕៚
ប្រែសម្រួលដោយ លី សុខឃាង