ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

២០​ឆ្នាំ​ក្រោយ​មក ឥណ្ឌូណេស៊ី​ពិចារណា​ពីកេរ្តិ៍​ដំណែល​នៃ​ការ​ធ្វើ​កំណែទម្រង់​របស់​ខ្លួន


ស្រ្តី​ម្នាក់​ដាក់​ផ្កា​លើ​ផ្នូ​របស់ជនរងគ្រោះ​ដែល​បាន​ស្លាប់​អំឡុង​ពេល​ចលាចល​នយោបាយឆ្នាំ១៩៩៨កាលពី​ថ្ងៃទី​១៣ ឧសភា ឆ្នាំ ២០១៨។

​នៅខែឧសភា​នេះ កត់​សម្គាល់​រយៈ​ពេល​២០​ឆ្នាំ​​ចាប់​តាំងពី​ការ​បញ្ចប់​នៃ​ការដឹកនាំ​ផ្តាច់​ការ​របស់​លោកស៊ូ​ហាតូ។​ ២០ឆ្នាំ​ក្រោយ​មក​ឥណ្ឌូណេ​ស៊ី​ពិចារណា​កេរ្តិ៍​ដំ​ណែល​នៃ​កំណែ​ទម្រង់​របស់​ខ្លួន។

ប្រទេស​ឥណ្ឌូណេស៊ីបាន​ទទួល​ឯករាជ្យ​ពី​ការ​ត្រួតត្រា​របស់​ប្រទេស​ហូឡង់​នៅ​ឆ្នាំ​១៩៤៥​ ​ក៏ប៉ុន្តែ ​ឥណ្ឌូណេស៊ី​បាន​ក្លាយ​ជា​ប្រទេស​កាន់កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​ខែឧសភា ​ឆ្នាំ​១៩៩៨​ ​នៅពេល​ដែល​មេដឹកនាំ​ផ្តាច់ការ​យោ​ធា​ស៊ូហាតូ​បាន​ចុះ​ចេញ​ពី​តំណែង​បន្ទាប់​ពីកាន់​អំណាច​អស់​រយៈ​ពេល៣៣ឆ្នាំ។

ខែ​ឧសភានេះ​កត់​សម្គាល់​ខួប​ឆ្នាំ​ទី​២០នៃ​ការ​ធ្វើ​កំណែទម្រង់​ក្រោយ​ការបញ្ចប់នៃ​របប​ផ្តាច់​ការ ​ហើយ​នឹង​ការ​ពិសោធន៍​លទ្ធិ​ប្រ​ជាធិបតេយ្យ​របស់​ខ្លួន ​សកម្មជនឥណ្ឌូណេស៊ី​ជា​ច្រើនកំពុង​ពិនិត្យមើល​ការ​សន្យា​ទាំងឡាយ ក្នុង​អំឡុងពេល​២០​ឆ្នាំ​កន្លងមក​នេះដែល​បាន​សម្រេច​ខ្លះ​និង​មិនបាន​សម្រេច​ខ្លះ។

ប្រធានា​ធិបតី​ស៊ូ​ហាតូ ​ជា​ឧត្តមសេនីយ៍​ម្នាក់​ដែល​បាន​ដណ្តើម​អំណាច​នៅ​ឆ្នាំ​១៩៦៥បន្ទាប់​ពី​ការ​សម្លាប់​មនុស្ស​អស់​ជិត​មួយ​១លាននាក់​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា ​ជា​ពួកកុម្មុយ​និស្ត​ ឆ្វេង​និយម ​បញ្ញ​វន្ត​និង​ជន​ជាតិ​ភាគតិច។​ លោក​បាន​ដឹក​នាំ​ប្រទេស​ឥណ្ឌូណេស៊ី​ដោយ​ប្រើ​កណ្តាប់​ដៃ​ដែក​អស់​៣ទសវត្សរ៍។​លោក​បាន​ធ្វើ​មជ្ឈការ​និងបានធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​រីក​ចម្រើន​លូតលាស់មួយចំនួន។ ក៏ប៉ុន្តែ ​បាន​បង្ក្រាបសិទ្ធិ​ពលរដ្ឋ​ហើយ​បាន​ធ្វើ​ឲ្យ​ក្រុមគ្រួ​សារ​របស់​លោក​មានបាន​ដោយ​មាន​ប្រាក់​កាស​រហូត​ដល់៣៥​ពាន់​លាន​ដុល្លារ​ ​ជា​វប្ប​ធម៌​ពុករលួយ​មួយ​ដែល​នៅ​ញាំ​ញី​ប្រទេស​ឥណ្ឌូណេស៊ីមកដល់ពេល​សព្វថ្ងៃ​នេះ។​លោក​បាន​ចុះ​ចេញ​ពី​ដំណែង​នៅ​ថ្ងៃ​ទី២១ ​ខែ​ឧសភា ​ឆ្នាំ​១៩៩៨បន្ទាប់​ពីការតវ៉ាប្រឆាំង​និង​កុបកម្មដ៏​ធំ​របស់​និស្សិតដែលដៅលើ​ការ​សម្លាប់​ជន​ជាតិ​ឥណ្ឌូណេស៊ី​ដើម​កំណើតចិន ​និងការដាក់​សម្ពាធ​មក​ពី​ប្រទេស​លោក​ខាង​លិច​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ទីម័រ​ខាង​កើត។

ក្រោយ​ឆ្នាំ១៩៩៨ ការចាប់​កំណើត​នៃ​សេរីភាព​នៃ​ការ​និយាយ​ស្តី​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​បណ្តាញ​ព័ត៌មាន​ឯករាជ្យ ​ប៉ុន្តែក៏​មានការ​កើន​ឡើង​នូវសំឡេងមិន​អត់ឱន​ដែរ ​ជាពិសេស​មក​ពីពួក​ឥស្លាមជ្រុល​និយម​ដែល​បានធ្វើឲ្យគំនិត​របស់​ពួកគេ​មាន​អ្នកស្តាប់​កាន់​តែ​ច្រើនឡើង​ជាង​ពេល​ណាទាំងអស់។​ ការណ៍​នេះ​មិនមែន​ជាការ​គាប់​ជួន​ទេ​ដែល​ក្រុម​នោះ​មួយ​ហៅ​ថា រណសិរ្យអ្នកការពារ​ឥ​ស្លាម​ឬ Islamic Defenders Front ​បាន​ត្រូវ​បង្កើត​នៅ​ឆ្នាំ​១៩៩៨និង​ក្រុមប្រឹក្សា​មូចាហ៊ីឌីន​ឥណ្ឌូណេស៊ី​ដែល​ផ្សព្វផ្សាយ​គម្ពី Sharia បាន​បង្កើត​នៅ​ឆ្នាំ​២០០០។

លោកRichard Ohជា​អ្នកនិពន្ធ​ប្រលោម​លោក​និង​អ្នក​ផលិតខ្សែភាព​យន្ត​ឥណ្ឌូ ណេស៊ី ​ដែលបាន​រស់​នៅសង្កាត់ Pluit ដែល​មាន​ជន​ជាតិ​ចិន​ភាគច្រើនក្នុង​តំបន់​ភាគ​ខាង​ជើង​រដ្ឋ​ធានី​ហ្សាការតា​នៅ​ខែ​ឧសភា ​ឆ្នាំ​១៩៩៨។ លោក​បាន​រំលឹក​ឡើង​វិញ​ពីបរិយា​កាស​នៅ​ទី​នោះ។

លោក​បាន​ប្រាប់VOAថា៖ «ខ្ញុំ​បាន​ស្ថិត​នៅ​ក្នុង​ចំណោមមនុស្សមួយ​ក្រុម​តូច​ដែល​បាន​ដាក់វេន​គ្នាការពារផ្លូវចូល​ទៅ​កាន់​បរិវេណ​របស់​យើង។ ​ក្នុង​អំឡុង​នៃ​ការ យាមរបស់​យើង ​ខ្ញុំ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ជាលើក​ដំបូង​នូវរថយន្តធំៗ​ដែល​ដឹក​ពួក​យុវជន​អត់ពាក់​អាវដែលបាន​ដាក់​ពួកគេ​ចុះ​នៅ​ពាស​ពេញ​តាម​ផ្លូវ​ក្នុង​សង្កាត់​នោះ​ បាន​លួចប្លន់​ ដុតនិង​ចាប់​រំលោភ​ស្រ្តីក្នុង​អាគារ Apartmentនៅ​ជិត Pasar Ikan‍»។

លោក Oh ដែ​ល​ក្រោយ​មកបាន​សរសេរ​ព្រឹត្តិការណ៍​ទាំង​នោះ​ក្នុង​ប្រលោម​លោក​២ដែល​មាន​ចំណង​ជើង​ថា «Pathfinder of Love និងThe Heart of the Night‍» បាន​និយាយថា ​វា​មិនមែន​ជាការ​ងាយ​ស្រួលដូចដែល​និយាយទេ​ថា ​មិនមានសេរីភាព​នៃការ​និយាយ​ស្តី​នៅ​ក្រោម​ការដឹក​នាំ​របស់​លោកស៊ូហាតូហើយ​នឹង​មាន​សេរីភាព​ពេញ​លេញ​ក្នុង​សម័យ​ប្រជាធិបតេយ្យ​នេះ។

លោក​បាន​និយាយ​ទៀត​ថា មានសិល្បៈដែល​មិនគួរឲ្យ​ជឿ​និងមិនមាន​លក្ខណ​នយោបាយក្នុង​អំឡុងនៃរបប​ផ្តាច់​ការ។​ ហើយ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ក្រោមការ​ដឹក​នាំ​របស់​ប្រធានា​ធិបតី​ជាប់​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យមាន​ការរឹត​បន្តឹង​សិទ្ធិ​របស់​យើង​សម្រាប់​សេរីភាព​នៃ​ការ​និយាយ​ស្តី។​ សព្វ​ថ្ងៃ​នេះ ​មាន​ច្បាប់​ព័ត៌ មាន​និងការ​ជួញ​ដូរ​តាម​អេឡិច​ត្រូនិក​ដែល​អាចដក​ហូត​សិទ្ធិ​ជន​ណា​ម្នាក់។​សេរីភាព​នៃ​ការ​និយាយ​ស្តី​ក៏ត្រូវបានជំនួស​ដោយ​ភាព​មិន​អត់ឱន ​ហើយ​សំខាន់​ជាង​នេះ​ទៀត មានការមិនរវល់អើពើ​ដល់​ការរួមសាមគ្គី​ក្នុង​សង្គម។

​ក៏ប៉ុន្តែ ​លោក Andreas Harsono ​អ្នក​ស្រាវ​ជ្រាវ​របស់​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ​ដែល​ធ្លាប់​ធ្វើ​ជា​អ្នក​យក​ព័ត៌មាន​ហើយ​បាន​បង្កើត​អង្គការ​សម្ព័ន្ធ​ភាព​អ្នក​កាសែត​ឯករាជ្យ​ឥណ្ឌូណេស៊ី​បាន​និយាយ​ថា ​ខណៈ​ដែល​សេរីភាព​ព័ត៌​មាន​មិន​ល្អ​ឥត​ខ្ចោះ​ក៏ដោយ សេរីភាព​ព័ត៌មាន​ប្រាកដ​មាន​ភាព​ប្រសើរ​ឡើង​ចាប់​តាំង​ពី​ការ​ធ្វើ​កំណែទម្រង់​មក។

លោក​បាន​និយាយ​ថា «​អង្គការ​សង្គម​ស៊ីវិល​ក៏​កំពុង​កាន់​តែ​ខ្លាំង​ឡើង​ៗ​ដែរ‍»។​បញ្ហា​ធំបំផុត​ក្នុង​ទស្សនៈ​របស់​លោក​គឺថា «២០ឆ្នាំ​ក្រោយ​មក ​ទំនាក់​ទំនង​រវាង​សាសនា​ឥស្លាម​និង​រដ្ឋ​ឥណ្ឌូណេស៊ី​នៅ​តែ​មាន​បញ្ហា‍»។

​លោក Harsonoនិយាយ​ទៀត​ថា «​ទាំងអស់​នេះ​ជា​បញ្ហា​ប្រឈម​ដែល​ចលនា​កំណែ​ទម្រង់ឆ្នាំ​៩៩មិនបាន​ទទួល​ជោគជ័យ​គឺ​ ​ការ​លុប​បំបាត់បទ​បញ្ញត្ត​ការរើស​អើង​និង​ស្ថាប័ន​រដ្ឋ រួមមាន​ក្រសួង​កិច្ចការ​សាសនា‍»។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដែល​មាន​អ្នកកាន់​សាសនា​ឥស្លាមធំ​ជាងគេបង្អស់ក្នុង​ពិភព​លោក ក៏ប៉ុន្តែ គោរព​សាសនា​ឥស្លាម​ដែល​មាន​ការ​អត់ឱន​បានចុះ​ខ្សោយ​បន្តិច​ម្តង​ៗ​អនុញ្ញាតឲ្យ​ពួក​ក្រុម​ជ្រុល​និយម​រៀប​ចំ​របៀប​វារៈ​នយោបាយ​ចាប់​តាំងពី​កំណើន​បទបញ្ញត្ត​ទទួល​ឥទ្ធិ​ពល​ពី​ច្បាប់​ Sharia ​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ទៅលើ​ការ​បោះឆ្នោត​ជ្រើសរើស​អភិបាល​ក្រុង​ហ្សាការតា​ឆ្នាំ២០១៧​នៅពេល​ដែល​អភិបាល​ក្រុងនេះ​ដែល​ជា​អ្នកកាន់​គ្រឹស្ត​សាសនា​បាន​ជាប់​ពន្ធនាគារ​ដោយ​សារ​អ្វី​ដែល​ហៅ​ថា​ការ​ប្រមាថ​មើល​ងាយ​សាសនា​ឥស្លាម។

​ជាង​នេះទៀត ​ទោះ​បី​២០​ឆ្នាំ​ក្រោយមកបន្ទាប់​ពីការ​ធ្វើ​កំណែទម្រង់ ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ក្នុងរយៈ​ពេល​ថ្មី​ៗ​នេះ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​មិន​បាន​ដោះ​ស្រាយ​។ គេនៅ​មិនទាន់​អាច​ពិភាក្សា​ការ​សម្លាប់មនុស្ស​ដ៏​ច្រើន​នៅ​ចន្លោះឆ្នាំ​១៩៦៥​ដល់​៦៦​ដែល​បាន​បើក​ផ្លូវ​ដើម្បី​លោកស៊ូហាតូ​កាន់​អំណាច។ សូម្បីតែ​ប្រធានា​ធិបតី​នៅ​ពេល​បច្ចុប្បន្ននេះ​គឺ លោក Joko Widodo ឬ Jokowiដែល​មិន​មែន​ជាប្រធានា​ធិបតីឡើង​កាន់​អំណាច​ដោយការ​ដណ្តើម​អំណាច​ខាង​យោ​ធាក្នុង​ប្រ​ទេស​ឥណ្ឌូណេស៊ី​ក៏​ដោយ ​ក៏​មិនអាចធ្វើ​ឲ្យ​សម្រេច​ជោគជ័យ​ខាងសិទ្ធិ​មនុស្ស​ដែរ។​នេះតាម​លោកស្រី Maria Sumarsih ដែលរៀប​ចំកម្មវិធីការ​តវ៉ាដើម្បី​សិទ្ធិ​មនុស្សប្រចាំ​សប្តាហ៍​នៅ​ក្នុង​រដ្ឋ​ធានី​ហ្សាការតា។

លោកស្រី​បាន​និយាយ​ថា៖ «ប្រធានាធិបតីJokowi បាន​តាំង​ចិត្ត​ដើម្បី​ដោះស្រាយ​ករណី​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ​ហើយ​នឹង​បញ្ចប់​និទណ្ឌភាព​សម្រាប់​ពួកគេ ​ក៏ប៉ុន្តែ មិន​ដែល​មាន​វិធានការ​ជាក់​លាក់​ដើម្បី​ដឹងឮ​អំពី​បញ្ហា​នេះ​ទេ។ ​ហើយ​ការតែង​តាំង​លោក Wiranto ដែល​ត្រូវ​បាន​គេសង្ស័យប្រព្រិត្ត​ការរំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស​ទីម័រខាង​កើត ​បាន​ក្លាយ​ជា​រដ្ឋ​មន្រ្តី​ខាង​សម្រប​សម្រួលកិច្ចការ​ខាង​នយោបាយ​និង​សន្តិសុខ​និងការ​តែងតាំង​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​ដើម្បី​កាន់​ដំណែង​សំខាន់ៗ​នៅ​ក្នុង​រដ្ឋាភិបាល​ជា​ភស្តុតាង​នៃការ​វិលត្រឡប់​នៃ​មិត្ត​ភក្តិដ៏​ជិត​ស្និទ្ធ​របស់​លោកស៊ូហាតូ​មុន​សម័យ​កែទម្រង់‍»។

២០​ឆ្នាំ​ក្នុង​សករាជ​ថ្មី​នេះ ​ប្រទេស​ឥណ្ឌូណេស៊ី​មិនមែន​មិនមាន​បញ្ហា​នោះ​ទេ។ក៏ប៉ុន្តែ ​ឥណ្ឌូ​ណេស៊ី​ជា​ប្រទេសកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំទី​៣​របស់​ពិភពលោក​នៅ​ពេល​សព្វថ្ងៃ​នេះ ហើយ​បាន​បង្ហាញ​នូវ​ការ​ឆាប់​ងើប​ឡើង​គួរឲ្យ​កត់​សម្គាល់់។

យុទ្ធនាការ​យូរយារ​ណាស់​មក​ហើយ​ប្រឆាំងនឹង​អំពើ​ពុករលួយ​ដែល​បាន​បន្ត​ញាំ​ញី​ប្រទេស​នោះ​បាន​ឃើញការ​បំបែក​ភាព​ទាល់​ច្រក​កាល​ពី​ខែមេសា​នៅ ពេល​ដែល​លោក Setya Novanto អតីត​ប្រធាន​អង្គការ​នីតិ​បញ្ញត្តិ​ឥណ្ឌូណេស៊ី​បាន​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគា​រ១៥ឆ្នាំ​ចំពោះ​ការ​លួច​បន្លំ​ប្រាក់ ​បន្ទាប់​ពី​ការប្រឹងប្រែង​អស់​ពេល​របស់​ពួក​មន្រ្តី។

លោកNovantoជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​ម្នាក់​របស់​ឥណ្ឌូណេស៊ី​ដែល​ត្រូវ​បាន​រកឃើញ​ថា មានទោស​ពី​រឿង​ពុករលួយ។ រឿងក្តី​នេះ​បាន​ត្រូវគេ​មើលឃើញ​ជា​ទូទៅ​ថា​ជា​ចំណុច​របត់​ក្នុងការ​ខំ​ប្រឹងប្រែង​ដើម្បី​ដោះ​ស្រាយ​អំពើ​ពុករលួយ​ក្នុង​ប្រទេស។

លោក Adnan Topan Husodo នៃ​អង្គការ​ឃ្លាំ​មើល​អំពើ​ពុករលួយ​ឥណ្ឌូណេស៊ីបាន​និយាយ​ថា «ការ​សម្រេច​កាល​ពីពេល​ថ្មី​ៗ​នេះ​ប្រឆាំងនឹង​លោក Novanto ​ជាព្រិត្តិការណ៍ថ្មី​ពិត​ប្រាកដ​មួយ​ចំពោះ​ការ​ខំ​ប្រឹង​ប្រែង​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រ​ទេស​ឥណ្ឌូណេស៊ី‍»៕

ប្រែ​សម្រួល​ដោយ ជឹង​ ប៉ូជីន


XS
SM
MD
LG