ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងហ្សាការតា នៅសប្តាហ៍នេះ បានអំពាវនាវពលរដ្ឋខ្មែរដែលកំពុងសិក្សានិងស្នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្រោយករណីបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនគ្រាប់កើតឡើងនាពេលថ្មីៗ។
ក្នុងសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងហ្សាការតាចេញកាលពីថ្ងៃទី១៥ ខែឧសភានេះ បញ្ជាក់ថា យោងលើឧប្បត្តិហេតុនៃការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទីក្រុង Surabaya នៃខេត្ត Java ខាងកើត និងស្ថានភាពសន្តិសុខនាពេលថ្មីៗនេះ ស្ថានទូតស្នើប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងសិក្សានិងស្នាក់អាស្រ័យក្នុងប្រទេសឥណ្ឌូណេស៊ីឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ។
សេចក្តីជូនដំណឹងនោះត្រូវបានសរសេរក្នុងន័យដើមថា៖
«បើពុំមានការចាំបាច់សូមជៀសវាងតំបន់មួយចំនួនដូចជា ស្ថានីយរថភ្លើង តំបន់ក្បែរស្នាក់ការប៉ូលីស ព្រះវិហារ Catholic និងទីប្រជុំជននានា ដែលអាចជាទីតាំងមិនមានសុវត្ថិភាព។ ក្នុងករណីមានអាសន្នសូមទាក់ទងមកស្ថានទូតតាមអាសយដ្ឋាន No. 41 Pajaten Barat, Jakarta Selatan និងទូរស័ព្ទលេខ +៦២ ២១ ៧៨១ ២៥២៣, ០៨២១ ១២៣ ៦៨៦៣៩, ០៨១២ ៨២៥ ៦៦៦៥៨ និង ០៨១៣ ១៧៥ ៦៥ ៤៨៦»។
VOA បានព្យាយមសុំការអធិប្បាយពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី តែមិនទាន់មានការឆ្លើយតបណាមួយនៅឡើយនោះទេ រហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ។ ចំណែកមន្ត្រីនៃក្រសួងការបរទេសកម្ពុជា រួមទាំង អ្នកនាំពាក្យលោក ជុំ សុន្ទរី ក៏មិនអាចសុំការអធិប្បាយបន្ថែមបានដែរ។
កាលពីថ្ងៃអាទិត្យ មានការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រះវិហារសាសនាគ្រិស្តចំនួនបីកន្លែងដោយបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់១៣នាក់ និងរបួស៤១នាក់ផ្សេងទៀតក្នុងទីក្រុង Surabaya ខេត្ត Java ខាងកើតនៃប្រទេសឥណ្ឌូណេស៊ី។
ក្រុមរដ្ឋឥស្លាមអះអាងថា ការបំផ្ទុះគ្រាប់បែកនេះគឺជាស្នាដៃរបស់ពួកគេ។ប្រធានាធិបតីឥណ្ឌូណេស៊ីបានហៅហេតុការណ៍នេះថា «កំណាចឃោរឃៅ» នៅក្នុងទីក្រុងធំបន្ទាប់ទីពីររបស់ឥណ្ឌូណេស៊ី៕