ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​មួយ​ដែល​មាន​គ្នា​៦​នាក់​ធ្វើ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រះវិហារ​សាសនា​គ្រិស្ត​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី


ម៉ូតូ​ជាច្រើន​ឆេះ​បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ព្រះវិហារ Pentecost នៅក្នុង​ក្រុង Surabaya​ខេត្ត East Java ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨។
ម៉ូតូ​ជាច្រើន​ឆេះ​បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ព្រះវិហារ Pentecost នៅក្នុង​ក្រុង Surabaya​ខេត្ត East Java ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨។

ប៉ូលិស​ឥណ្ឌូណេស៊ី​និយាយ​ថា ក្រុម​គ្រួសារ​មួយ​ដែល​មាន​សមាជិក​៦​នាក់ ដែល​ក្នុង​នោះ​មាន​ក្មេង​ជំទង់ៗ​និង​កុមារ​ពីរ​នាក់​ផង​ គឺ​ជា​អ្នក​ធ្វើ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ព្រះវិហារ​សាសនា​គ្រិស្ត​ចំនួន​បី​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​១៣​នាក់ និង​ធ្វើ​ឲ្យ​របួស​៤១​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង Surabaya។

ក្រុមរដ្ឋ​ឥស្លាម​អះអាង​ថា​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​គឺ​ជា​ស្នាដៃ​របស់​ខ្លួន។ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​ហៅ​ហេតុការណ៍​នេះ​ថា ​«កំណាចឃោរឃៅ‍» នៅ​ក្នុង​ទីក្រុង​ធំ​បន្ទាប់​ទី​ពីរ​របស់​ឥណ្ឌូណេស៊ី​នេះ។

ក្រុមគ្រួសារ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា ទើប​តែ​ត្រឡប់​មក​ពី​ប្រទេស​ស៊ីរី។ ​

លោក Tito Karnavian ស្នងការ​ប៉ូលិស​ជាតិ​ឥណ្ឌូណេស៊ី បាន​និយាយ​ថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នោះ​រួម​មាន​ ម្តាយ​ ឪពុក កូនស្រី​ពីរ​នាក់​អាយុ​៩​និង​១២​ឆ្នាំ និង​កូនប្រុស​ជំទង់​ពីរ​នាក់។ លោក​បាន​បន្ថែម​ថា ពួកគេ​ទាំង​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម Jemaah Ansharut Daulah ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុម​រដ្ឋឥស្លាម។ ​

លោក Tito និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា «យើង​មិន​អាច​ចាត់​វិធានការ​អ្វី​មួយ​ដោយ​គ្មាន​ច្បាប់​បាន​ទេ។ ច្បាប់​ប្រឆាំង​នឹង​ភេរវកម្ម​មុន​ហួស​សម័យ​ហើយ‍»។ លោក​បាន​បន្ថែម​ទៀត​ថា ប៉ូលិស​គួរ​តែ​អំពាវនាវ​ដល់​ប្រធានាធិបតីឲ្យ​ចេញ​អនុក្រឹត្យ​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវជន​បាន​កាន់​តែ​លឿន។

លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo បាន​និយាយ​ក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​ទៅ​កាន់​កន្លែង​កើតហេតុ​ថា «សកម្មភាព​នេះ​ឃោរឃៅ​ណាស់ ហើយ​វា​ហួស​ពី​កម្រិត​របស់​មនុស្សជាតិ ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដែល​ជា​សមាជិក​ក្នុង​សង្គម​ ប៉ូលិស និង​សូម្បី​តែ​កុមារ​ដែល​មិន​ដឹងអី​រងគ្រោះ‍»។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ថ្កោលទោស​ការ​វាយប្រហារ​នោះ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​បាន​គូស​បញ្ជាក់​ថា លោក​មាន​ការ​តក់ស្លុត​ណាស់ ដែល​កុមារ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នោះ៕

XS
SM
MD
LG