ញូឌែលលី៖ ក្រុមហ៊ុនរបស់ឥណ្ឌាបានធ្វើវិនិយោគ រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងទ្វីបអាហ្រ្វិក ដើម្បីបង្កើនសក្តានុពលនៃការកើនឡើងផ្នែកទីផ្សារបស់ខ្លួន។
ពីប្រទេសកេនយ៉ា (Kenya) នៅភាគខាងកើត ប្រទេសហ្សីមបាបវេ (Zimbabwe) នៅភាគខាងត្បូង និងប្រទេសនីហ្សេរីយ៉ា (Nigeria) នៅភាគខាងលិច ក្រុមហ៊ុនសាជីវកម្មមួយដែលមានឈ្មោះថា អេស្សា ហ្គ្រុប (Essar group) របស់ប្រទេសឥណ្ឌាបានចំណាយប្រាក់១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើវិនិយោគនៅក្នុងទ្វីបអាហ្រ្វិក ទៅលើពាណិជ្ជកម្មទាំងឡាយ ដែលមានចាប់តាំងពីពាណិជ្ជកម្មផ្នែកថាមពល ដែកថែប ការជីករ៉ែ ទៅដល់ទូរគមនាគមន៍ និងសំណង់។
នាយកមួយរូបនៃក្រុមហ៊ុនសាជីវកម្ម អេស្សា ហ្គ្រុប លោក ហ្វឺដហូស ឃូវ៉ាឌៀ (Firdhose Coovadia) មានប្រសាសន៍ថា នៅពេលក្រុមហ៊ុនចង់ពង្រីកការបណ្តាក់ទុន ឱកាសដែលកំពុងតែកើនឡើងនៅក្នុងទ្វីបអាហ្រ្វិក គឺជាចម្លើយយ៉ាងច្បាស់លាស់មួយ។ លោកមានប្រសាសន៍ថា ទោះបីជាប្រទេសចំនួន៥៣នៃទ្វីបនេះមានភាពខុសគ្នាច្រើនយ៉ាងណាក៏ដោយ ក៏ទំនោរម៉ាក្រូរបស់ពួកគេមានភាពប្រហាក់ប្រហែលគ្នា។
«លោកអ្នកសម្លឹងមើលទៅលើអ្វីដែលទ្វីបនេះអាចផ្តល់ឲ្យ នាពេលបច្ចុប្បន្ននេះ ក្នុងឆ្នាំ២០១០។ ខ្ញុំគិតថា អ្វីដែលលោកអ្នកនឹងឃើញនៅទីនោះ គឺការលេចឡើងយ៉ាងច្បាស់សារជាថ្មីនូវស្មារតីសហគ្រិន។ ទីពីរ មានការកើនឡើងនូវឆន្ទៈនិងការបើកចំហរសម្រាប់ពាណិជ្ជកម្ម ការបើកចំហរសម្រាប់ការវិនិយោគ និងការប្តេជ្ញារបស់អ្នកនយោបាយនិងអ្នកធ្វើច្បាប់ ដែលថានឹងមិនមានការវិលត្រឡប់ក្រោយវិញចំពោះការវិនិយោគនិងការអភិវឌ្ឍន៍នោះទេ។ សម្រាប់វិនិយោគិន នេះគឺពិតជាចំណុចផ្លាស់ប្តូរមួយ រវាងថាតើទ្វីបនេះ មានលក្ខណៈយ៉ាងដូចម្តេច ស្ថិតនៅទីណា កាលពីមុន និងថាតើទ្វីបនេះ នឹងទៅជាយ៉ាងណានាពេលអនាគត»។
នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនឥណ្ឌាបានទិញ និងធ្វើវិនិយោគប្រមាណ ១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅលើជំនួញជាច្រើននៅក្នុងទ្វីបអាហ្រ្វិក។ ក្នុងនោះ គឺរួមមានក្រុមហ៊ុនទូរគមនាគមន៍ Bharti ដែលបានចំណាយប្រាក់ ៩ពាន់លានដុល្លាររបស់ខ្លួន ដើម្បីទិញយកប្រតិបត្តិការទូរស័ព្ទដៃ នៅក្នុងប្រទេសអាហ្រ្វិកចំនួន ១៥ នៅក្នុងឆ្នាំនេះ ដែលជាការ វិនិយោគដ៏ធំជាងគេបង្អស់របស់ក្រុមហ៊ុនឥណ្ឌាមួយ។
ក្រុមហ៊ុនផ្សេងទៀតដែលបានដាក់ការវិនិយោគនៅក្នុងទ្វីបអាហ្រ្វិក ទាក់ទងទៅនឹងជំនួញផ្នែកឱសថ រថយន្ត ព័ត៌មានវិទ្យា ថាមពល ការជីកយករ៉ែ និងទំនិញប្រើប្រាស់។
ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ ក៏បានធ្វើការវិនិយោគយ៉ាងធំទៅលើវិស័យប្រេងនិងឧស្ម័ន ដើម្បីបំពេញតម្រូវការថាមពល ដែលកំពុងតែត្រូវការយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា។
អ្នកវិនិយោគជាច្រើនមើលឃើញទ្វីបដែលសំបូរទៅដោយធនធានមួយនេះ ថាជាព្រំដែនថ្មីមួយសម្រាប់ពាណិជ្ជកម្មសាកល។ ជាផ្ទះរបស់ប្រជាពលរដ្ឋប្រមាណមួយពាន់លាននាក់ សេដ្ឋកិច្ចរបស់ទ្វីបអាហ្រ្វិកមានការកើនឡើងប្រមាណ 4,5 ភាគរយ។
លោក ឌេបាស្ហីស មុខឺជី (Debashish Mukherjee) ដែលធ្វើការឲ្យក្រុមហ៊ុនផ្តល់យោបល់ អេ ធី ខឺននី (A.T. Kearney) ក្នុងក្រុងញ៉ូវឌេលលី មានប្រសាសន៍ថា ទ្វីបនេះមានសក្តានុពលធំធេងណាស់។
«ទ្វីបអាហ្រ្វិក គឺដូចប្រទេសឥណ្ឌាកាលពីពីរ ឬបីទសវត្សរ៍មុន។ ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗនៅក្នុងប្រទេសអាហ្រ្វិកជាច្រើន កំពុងកើនឡើង។ មានការវិនិយោគទៅលើវិស័យអប់រំនៅក្នុងប្រទេសជាច្រើន ក្នុងភាគខាងត្បូងនៃតំបន់សាហារ៉ា។ ដូច្នេះ តារាងចង្អុលបង្ហាញសម្រាប់ការពិនិត្យមើលទៅមុខជាច្រើនមានភាពត្រឹមត្រូវ ហើយខ្ញុំគិតថា ក្រុមហ៊ុនជាច្រើនចង់ក្រេបយកផលប្រយោជន៍លើឱកាសនេះ ដោយធ្វើការបណ្តាក់ទុនឲ្យបានឆាប់រហ័ស»។
ដោយទទួលបានការទាក់ទាញពីតម្លៃពលកម្មនិងថ្លៃដីថោក ក្រុមហ៊ុនឥណ្ឌាក៏នឹងធ្វើដំណើរចូលទៅរកស៊ីក្នុងទ្វីបអាហ្រ្វិកនៅក្នុងវិស័យកសិកម្មខ្នាតពាណិជ្ជកម្មផងដែរ។ ផ្ទៃដីដែលអាចធ្វើការដាំដុះបាននៅទ្វីបអាហ្រ្វិកតែប្រមាណ១៥ភាគរយប៉ុណ្ណោះ មានដាំដំណាំ។ ហើយប្រទេសជាច្រើនដែលមានការខ្វះខាតអាហារ ទោះបីជានៅសល់ដីក៏ដោយ កំពុងអញ្ជើញវិនិយោគិនបរទេស ឲ្យមកធ្វើវិនិយោគលើផ្នែកកសិកម្ម។
ដោយសារនៅក្នុងប្រទេសឥណ្ឌា វិស័យកសិកម្មត្រូវបានគ្រប់គ្រងដោយក្រុមគ្រួសារមួយចំនួនតូច ក្រុមហ៊ុនទាំងឡាយមានការទាក់ទាញចំពោះលទ្ធភាព ក្នុងការចាប់ផ្តើមប្រតិបត្តិការក្នុងទ្រង់ទ្រាយធំ ក្នុងទ្វីបអាហ្រ្វិក។ លោក អារុន អាហ្កាវ៉ាល (Arun Agarwal) គឺជាប្រធានគណកម្មាធិការអាហ្រ្វិក នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្ម នៅក្នុងរដ្ឋធានីញ៉ូវឌែលលី។
«នៅក្នុងប្រទេសឥណ្ឌា មានបញ្ហាដីធ្លី។ លោកអ្នកមិនអាចមានដីធំបានទេ។ ដូច្នេះ ប្រទេសស៊ូដង់ អេជូពី តាន់ហ្សានី ម៉ូហ្សាមប៊ិក សេនីហ្គាល់ និងប្រទេសជាច្រើនផ្សេងទៀត ផ្តល់ដីធំនៅក្នុងលក្ខខណ្ឌងាយស្រួល»។
ពាណិជ្ជកម្មឥណ្ឌាទទួលបានភាពងាយស្រួលជាងធម្មតា ក្នុងការធ្វើប្រតិបត្តិការនៅក្នុងទ្វីបអាហ្រ្វិក ដោយសារទំនាក់ទំនងជាមួយនឹងតំបន់នេះ មានតាំងពីរាប់ជំនាន់មកហើយ។ ជនជាតិឥណ្ឌាជាច្រើន ដែលបានធ្វើដំណើរមកទ្វីបអាហ្រ្វិក ដើម្បីសាងសង់ផ្លូវថ្នល់និងផ្លូវរថភ្លើង នៅក្នុងដែនដីអតីតអាណានិគមអង់គ្លេសមួយនេះ បានតាំងទីលំនៅនៅក្នុងទ្វីបនេះ។
ទោះជាយ៉ាងណា មានជនជាតិឥណ្ឌាជាច្រើននៅតែយល់ឃើញថា ទ្វីបអាហ្រ្វិកគឺជាកន្លែងដ៏ពិបាកក្នុងការធ្វើពាណិជ្ជកម្ម។ លោក ឃូវ៉ាឌៀ នៃសាជីវកម្ម អេស្សា ហ្គ្រុប មានប្រសាសន៍ថា បញ្ហាប្រឈមនៅទ្វីបអាហ្រ្វិក គឺមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងបញ្ហាប្រឈម ដែលវិនិយោគិនជួបប្រទះ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត។
«ការិយាធិបតេយ្យគឺជាបញ្ហាមួយ ហើយនឹងភាពស្មុគស្មាញផ្នែកនយោបាយ។ លោកអ្នកត្រូវតែយល់និងត្រូវមានការចាប់អារម្មណ៍ទៅលើនយោបាយនិងប្រវត្តិសាស្រ្តរបស់ប្រទេសនីមួយៗ។ ហេដ្ឋារចនាសម្ព័ន្ធគឺជាបញ្ហាសំខាន់មួយ។ លោកអ្នកប្រហែលរំពឹងថា អ៊ីម៉ែលនិងការបញ្ជូនព័ត៌មានមានដំណើរការល្អ។ ហេដ្ឋារចនាសម្ព័ន្ធសាមញ្ញបែបនេះ ជាញឹកញយមិនដំណើរការប្រកបដោយប្រសិទ្ធភាពទេ និងមានបញ្ហាផ្សេងៗទៀតដូចជាការដឹកជញ្ជូន ភស្តុភារ និងសេវាផែកប៉ាល់ ដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងប្រទេសឥណ្ឌា កាលពីមួយឬពីរទសវត្សរ៍មុន»។
ការសម្រុកចូលទៅធ្វើពាណិជ្ជកម្មនៅក្នុងទ្វីបអាហ្រ្វិក ត្រូវបានគាំទ្រដោយរដ្ឋាភិបាល ដែលបានសន្យាថានឹងពង្រីកការវិនិយោគនិងពាណិជ្ជកម្មជាមួយទ្វីបនេះ។ ប៉ុន្តែ អ្នកវិភាគផ្នែកពាណិជ្ជកម្មនិយាយថា មិនដូចជាការសម្រុកចូលទៅក្នុងទ្វីបអាហ្រ្វិករបស់ចិន ដែលត្រូវបានជំរុញដោយរដ្ឋាភិបាលនោះទេ ការសម្រុកចូលទៅក្នុងទ្វីបនេះរបស់ឥណ្ឌាគឺភាគច្រើនធ្វើឡើងដោយផ្នែកឯកជន៕
ប្រែសម្រួលដោយ ឌី ខាំបូលី