អតីតនាយករដ្ឋមន្ត្រីឥណ្ឌាលោក Manmohan Singh បាននិយាយថា ប្រទេសឥណ្ឌាត្រូវចាត់វិធានការ ៣ ជំហាន «ជាបន្ទាន់» ដើម្បីស្ដារសេដ្ឋកិច្ចជាតិពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ ឱ្យទៅរកភាពធម្មតាវិញ។
នៅក្នុងសារឆ្លើយឆ្លងតាមអ៊ីមែលជាមួយនឹងទូរទស្សន៍ BBC លោក Singh បានបញ្ជាក់ថា ដំបូង រដ្ឋាភិបាលត្រូវតែ «ធានាថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានការពារ ហើយពួកគេអាចមានលទ្ធភាពចំណាយបានតាមរយៈជំនួយសំខាន់ជាលុយដោយផ្ទាល់»។
ជំហានទីពីរ អាជីវកម្មនានានៅក្នុងប្រទេសឥណ្ឌាត្រូវតែទទួលបានមូលនិធិគ្រប់គ្រាន់តាមរយៈ «កម្មវិធីធានាឥណទានដែលគាំទ្រដោយរដ្ឋាភិបាល»។
សម្រាប់ជំហានទី ៣ លោក Singh បាននិយាយថា ប្រទេសឥណ្ឌាត្រូវតែដោះស្រាយផ្នែកហិរញ្ញវត្ថុរបស់ខ្លួន តាមរយៈ «ស្វ័យភាពស្ថាប័ន និងវិធីអនុវត្ត»។
លោក Singh ថា ការខ្ចីថវិកាប្រហែលជាចាំបាច់ ប្រសិនបើរដ្ឋាភិបាលចង់ស្ដារសេដ្ឋកិច្ចឱ្យបានពេញទំហឹងឡើងវិញ។
លោក Singh ធ្លាប់បានដឹកនាំកម្មវិធីកំណែទម្រង់ដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចប្រទេសឥណ្ឌា នៅពេលដែលលោកធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាលពីជិត ២០ ឆ្នាំមុន៕