ជាងមួយសប្តាហ៍មកហើយ កសិករឥណ្ឌា១ម៉ឺននាក់បានមកបោះជំរំនៅលើផ្លូវ Highway ឬផ្លូវជាតិនានាឆ្ពោះទៅកាន់ទីក្រុងញូវដែលី ដើម្បីទាមទារឲ្យមានការដកចេញច្បាប់ថ្មីចំនួនបីដែលនឹងផ្លាស់ប្តូររបៀបលក់ទិន្នផលដំណាំរបស់ពួកគេជាច្រើនទសវត្សរ៍នៅទីផ្សារកសិកម្មដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដើម្បីត្រួសត្រាយផ្លូវសម្រាប់ពាណិជ្ជកម្មទីផ្សារសេរី។
លោក Krishan Kumar ដែលធ្វើកសិកម្មលើដីតូចមួយក្នុងរដ្ឋ Haryana បាននិយាយថា៖
«តើខ្ញុំនឹងលក់ទៅកាន់អ្នកទិញឯកជនដោយផ្ទាល់ដូចម្តេច? ផលដំណាំរបស់ខ្ញុំគឺតិចតួចពេកដែលពិបាកក្នុងការដឹកជញ្ជូនទៅកាន់តំបន់ជិតខាងដូចជាទីក្រុងញូវដែលីដើម្បីតថ្លៃបានតម្លៃខ្ពស់។ ផ្សាររបស់រដ្ឋាភិបាលមានចម្ងាយប្រហែល១០គីឡូម៉ែត្រពីភូមិរបស់ខ្ញុំហើយវាងាយស្រួលសម្រាប់ខ្ញុំលក់នៅទីនោះ»។
ដូចជាលោក Kumarដែរ កសិករដ៏ច្រើនដែលបានប្រមូលផ្តុំនៅជាយក្រុងញូវដែលីបានខឹងសម្បានឹងរដ្ឋាភិបាលដែលបានដកច្បាប់ដែលពួកគេបានពឹងផ្អែកលើដើម្បីការពារខ្លួនពីកម្លាំងទីផ្សារ។
ខណៈដែលរដ្ឋាភិបាលនិយាយថាច្បាប់ថ្មីនឹងផ្លាស់ប្តូរកសិកម្មឥណ្ឌានិងអនុញ្ញាតឲ្យកសិករលក់ផលិតផលរបស់ពួកគេក្នុងតម្លៃខ្ពស់នៅទីណាក៏ដោយក្នុងប្រទេស កសិករខ្លាចថាពួកគេនឹងងាយរងគ្រោះពីការកេងប្រវ័ញ្ចដោយសហគ្រាសឯកជននានា។ ពួកគេនិយាយថា ការណ៍នេះនឹងបន្ថយចំណូលដែលតិចតួចរួចទៅហើយរបស់ពួកគេ។
បាតុករជាកសិករនាំគ្នាបោះជំរំ
បន្ទាប់ពីត្រូវបានបដិសេធមិនឲ្យធ្វើបាតុកម្មនៅកណ្តាលរដ្ឋធានី កសិករនានាបានចតត្រាក់ទ័រនិងឡានដឹកទំនិញរបស់ពួកគេដែលមានស្តុកដោយ អាហារ ពូក និងភួយនៅខាងក្រោយផ្លូវhighway ឬផ្លូវជាតិដែលមានដាក់របាំងការពារដោយប៉ូលិស។
ពួកគេឆុងតែ ចិតដំឡូង និងចម្អិនបន្លែក្នុងឆ្នាំងធំៗនៅតាមចញ្ចើមផ្លូវ ហើយនឹងសម្រាកក្នុងឡានរបស់ពួកគេនៅពេលយប់ត្រជាក់ឬនៅទីវាល។ ពួកគេបានត្រៀមរួចជាស្រេចសម្រាប់ការប្រឈមមុខដាក់គ្នាដែលនឹងអូសបន្លាយរយៈពេលយូរជាមួយនឹងរដ្ឋាភិបាល។
រដ្ឋាភិបាលបានព្យាយាមរំសាយកំហឹងរបស់ពួកគេដោយរៀបចំការចរចាចំនួនពីរលើកជាមួយនឹងអ្នកតំណាងរបស់ពួកគេ ប៉ុន្តែមិនទាន់ទទួលជោគជ័យនៅឡើយទេ។
បាតុករភាគច្រើនមកពីរដ្ឋ Haryana និងរដ្ឋ Punjab ដែលជាតំបន់ផលិតស្រូវសាលី និងអង្ករដ៏សម្បូរបែបនិងមានអារម្មណ៍គំរាមកំហែងខ្លាំងជាងគេដោយសារច្បាប់ថ្មីនេះ។ នៅក្នុងរដ្ឋទាំងនោះ កសិករភាគច្រើនលក់គ្រាប់ធុញ្ញជាតិរបស់ពួកគេ ក្នុងផ្សារដែលត្រូវបានគេស្គាល់ថា«mandis» នៅក្នុងតម្លៃមួយដែលបានរដ្ឋាភិបាលបានកំណត់។ ការធានា«តម្លៃអប្បបរមា» បានផ្តល់ការជឿជាក់ដល់កសិករក្នុងការវិនិយោគនិងដាំដុះដំណាំ។
ការធានារបស់រដ្ឋាភិបាលត្រូវបានច្រានចោល
ទោះបីជាលោកនាយករដ្ឋមន្ត្រី Narendra Modi បានធានាអះអាងថា ពាណិជ្ជកម្មសេរីនឹងធានាបាននូវប្រាក់ចំណេញល្អប្រសើរនិងបង្កើនប្រាក់ចំណូល កសិករដែលកំពុងតវ៉ានៅតែមិនជឿ។
ក្រុមបាតុករបានលើកឡើងពីបទពិសោធន៍របស់កសិករនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសដែលទីផ្សារគ្រប់គ្រងដោយរដ្ឋាភិបាលត្រូវបានរុះរើ។ លោក Lakshman Singh កសិករម្នាក់មកពីរដ្ឋ Punjab និយាយថា៖ «ក្នុងរដ្ឋ Bihar និងរដ្ឋ Uttar Pradesh ឈ្មួញឯកជនបានទិញស្រូវសាលីនិងអង្ករនៅតម្លៃទាបខ្លាំងបើប្រៀបធៀបនឹងអ្វីដែលយើងទទួលបានសម្រាប់ដំណាំរបស់យើង។ កសិករជាច្រើននៅទីនោះនៅតែមិនអាចលក់ទំនិញរបស់ពួកគេចេញបាននៅឡើយ»។
ការទាមទារចម្បងរបស់ពួកគេគឺឲ្យរដ្ឋាភិបាលបន្តកំណត់តម្លៃអប្បបរមាមួយសម្រាប់ដំណាំធំៗចំនួន២៤ប្រភេទដើម្បីធានាថា សហគ្រាសឯកជននិងបណ្តាញផ្សារទំនើបធំៗនឹងមិនបន្ទាបតម្លៃ។
ច្រើនជាង២ភាគ៣នៃកសិករឥណ្ឌាមានដីតូចជាង២ហិចតា ហើយរកប្រាក់ចំណូលបានតិចដែលពួកគេអាចសល់ប្រាក់បន្តិចបន្តួចដើម្បីទិញគ្រាប់ពូជនិងជី។
ខណៈដែលផ្សារ mandis ជារឿយៗត្រូវបានគេរិះគន់ថា មិនមានប្រសិទ្ធិភាពនិងត្រូវបានគ្រប់គ្រងដោយអ្នកតំណាងលក់ដែលកេងប្រវ័ញ្ចយកប្រាក់ចំណេញអស់ កសិករជាច្រើនការពារប្រព័ន្ធនោះ ដោយនិយាយថាអ្នកតំណាងទាំងនោះក៏មានតួនាទីសំខាន់ក្នុងការផ្តល់ឥណទានដល់ពួកគេ ដែលមានឥណទានគ្រប់ប្រភេទតាំងពីការទិញគ្រាប់ពូជដល់បញ្ហាបន្ទាន់ក្នុងគ្រួសារ។
លោក Shamsher កសិករម្នាក់មកពីរដ្ឋ Haryana បាននិយាយថា៖ «ឈ្មួញកណ្តាលទាំងនេះគឺជាទូរ ATM របស់យើង។ បើសិនជាកូនខ្ញុំឈឺ គាត់នឹងឲ្យប្រាក់កម្ចីដល់ខ្ញុំ។ បើសិនខ្ញុំត្រូវការអ្វី គាត់នឹងឲ្យខ្ញុំ។ ដំណើរការនេះល្អសម្រាប់យើង។ យើងនឹងមិនអាចទទួលបានប្រយោជន៍បែបនេះ នៅពេលដែលក្រុមហ៊ុនឯកជនធំៗទិញផលដំណាំពីយើងទេ»។
លោកនិងកសិករមួយចំនួនទៀតបាននិយាយថា ពួកគេនឹងមិនទៅណាទេរហូតទាល់តែការបារម្ភរបស់ពួកគេត្រូវបានដោះស្រាយ។
លោក Shamsher ថ្លែងថា៖«យើងនឹងត្រឡប់ទៅវិញលុះត្រាតែរដ្ឋាភិបាលដកច្បាប់ «ខ្មៅ»ទាំងនេះចេញ មិនថាវាមានរយៈពេលមួយខែឬ៦ខែទេ»។
ទស្សនៈខុសគ្នារវាងសេដ្ឋវិទូ
សេដ្ឋវិទូមានគំនិតផ្ទុយគ្នាលើបញ្ហានេះ។ អ្នកខ្លះគាំទ្រកំណែទម្រង់នេះដោយថាវាចាំបាច់ក្នុងការរុះរើវិស័យកសិកម្មរបស់ឥណ្ឌាដែលកំពុងកាន់តែស្មុគស្មាញ។ សេដ្ឋវិទូផ្សេងទៀតនិយាយថារដ្ឋាភិបាលត្រូវតែបន្តគាំទ្រកសិករដោយធានាលើតម្លៃដោយសារតែពួកគេបានរងគ្រោះដោយសារចំណូលធ្លាក់ចុះ។
លោក Gurcharan Das អ្នកវិភាគម្នាក់បានលើកពីទិន្នផលពីកសិដ្ឋានក្នុងប្រទេសឥណ្ឌាគឺបានត្រឹមពាក់កណ្តាលឬតិចជាង បើប្រៀបធៀបនឹងប្រទេសមួយចំនួន។ លោកនិយាយថា៖ «កំណែទម្រង់អ្វីមួយតែងតែពិបាកហើយខ្ញុំសង្ឃឹមថារដ្ឋាភិបាលអាចរក្សាជំហរឹងមាំ»។
ខណៈដែលតួលេខកើនឡើង ហើយការអំពាវនាវឲ្យលុបចោលច្បាប់ថ្មីកាន់តែតានតឹង បាតុកម្មទាំងនេះនៅក្នុងទីក្រុងញូវដែលីបង្ហាញ ពីកំហឹងដែលបានផ្ទុះយ៉ាងខ្លាំងរបស់កសិករក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងប្រទេសមួយដែលកសិកម្មទ្រទ្រង់ប្រជាជនជិតពាក់កណ្តាលប្រទេស ពួកគេអាចបង្កជាបញ្ហាប្រឈមសម្រាប់លោកនាយករដ្ឋមន្ត្រី Modi។ នេះបើយោងតាមអ្នកសង្កេតការណ៍៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ