ប្រទេសឥណ្ឌានិងចិនបានចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងថ្មីមួយដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាខាងយោធាតាមព្រំដែនជួរភ្នំហិមពាន្តដែលមានជម្លោះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រដែលយោងលើប្រភពភាគីទាំងពីរ។ កិច្ចព្រមព្រៀងនេះជាដំណោះស្រាយជម្លោះធំជាងគេបង្អស់រវាងមហាយក្សអាស៊ីទាំងពីរចាប់តាំងពីមានការប៉ះទង្គិចគ្នាស្លាប់រស់រវាងកងទ័ពនៃប្រទេសទាំងពីរកាលពី ៤ ឆ្នាំមុនមក។
ដំណើរការអនុវត្តកិច្ចព្រមព្រៀងនេះបានចាប់ផ្តើមកាលពីថ្ងៃពុធ ហើយត្រូវគេរំពឹងថានឹងបញ្ចប់ជាស្ថាពរនៅដំណាច់ខែនេះ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៃកងទ័ពឥណ្ឌា។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បាននិយាយថា៖ «យោងតាមដំណោះស្រាយដែលព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះរវាងឥណ្ឌានិងចិន ...កងទ័ពជួរមុខនៃប្រទេសទាំងពីរកំពុងអនុវត្តការងារដែលពាក់ព័ន្ធ ដោយដំណើរការទៅមុខដោយរលូនមកដល់ពេលនេះ»។
មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់ដែលដឹងរឿងនេះលម្អិតបាននិយាយថា កងទ័ពទាំងសងខាងបានចាប់ផ្តើមដកចេញពីតំបន់ Depsang និងតំបន់ Demchok ដែលជាចំណុចនៅសេសសល់ចុងក្រោយនៃការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរ។
ប្រទេសជិតខាងគ្នាទាំងពីរដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរបានឈានដល់ការព្រមព្រៀងគ្នាក្នុងសប្តាហ៍នេះលើការល្បាតព្រំដែន ដែលក្រោយមកបានត្រួសត្រាយផ្លូវសម្រាប់ការចរចាផ្លូវការជាលើកដំបូងក្នុងពេល ៥ ឆ្នាំមកនេះរវាងប្រធានាធិបតីចិនលោក Xi Jinping និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅក្រៅកិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ដែលបានធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ី៕
វេទិកាបញ្ចេញមតិ