ស្ថានទូតឥណ្ឌានិងអាជ្ញាធរកម្ពុជាបានជួយសង្គ្រោះជនជាតិឥណ្ឌាចំនួន ៦៧ នាក់ ដែលជាប់អន្ទាក់របស់ភ្នាក់ងារក្លែងក្លាយ ដែលបានទាញឱ្យពួកគេធ្លាក់ខ្លួនចូលទៅក្នុងអគារដែលប្រព្រឹត្ត «ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត» នៅប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
បើតាមស្ថានទូតឥណ្ឌា ប្រតិបត្តិការជួយសង្គ្រោះនោះធ្វើឡើងកាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ ហើយជនជាតិឥណ្ឌាទាំងនោះត្រូវបានសង្គ្រោះចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានស្ថានទូត និងអាជ្ញាធរកម្ពុជាធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញជាបន្តបន្ទាប់ គិតចាប់តាំងពីថ្ងៃ ៣០ ខែកញ្ញា។
ស្ថានទូតឥណ្ឌាបញ្ជាក់ថា៖ «បន្ទាប់ពីស្ថានទូតធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃកម្ពុជា ជនជាតិឥណ្ឌាចំនួន ៦៧ នាក់ត្រូវបានជួយសង្គ្រោះពីការឆបោកការងារ ហើយមនុស្សចំនួន ២៨ នាក់ចុងក្រោយ មន្ត្រីស្ថានទូតបានទៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។ សុវត្ថិភាពរបស់អ្នកគឺជាអាទិភាពរបស់យើង»។
ស្ថានទូតឥណ្ឌាបានណែនាំពលរដ្ឋឥណ្ឌាឱ្យប្រុងប្រយ័ត្តខ្ពស់ចំពោះការស្វែងរកការងារនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងនៅកម្ពុជា ព្រោះមានការផ្តល់ការងារបោកប្រាស់តាមរយៈភ្នាក់ងារក្លែងក្លាយ ដែលបានលួងលោមពលរដ្ឋទាំងនោះឱ្យទៅបម្រើការនៅអគារ ឬកន្លែងដែលមានប្រតិបត្តិការឆបោកតាមបណ្តាញអ៊ីនធឺណិត។
ស្ថានទូតនេះបានបន្ថែមថា៖ «ស្ថានទូតឥណ្ឌានៅតែបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ និងនៅតែប្តេជ្ញាជួយជនជាតិរបស់យើងដែលជាប់អន្ទាក់ក្នុងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ ទន្ទឹមនឹងនេះ ជនជាតិឥណ្ឌាត្រូវបានណែនាំឱ្យអនុវត្តការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការចាប់យកឱកាសការងារក្នុងប្រទេសកម្ពុជា និងនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត តាមរយៈភ្នាក់ងារដែលគួរឱ្យសង្ស័យ និងការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គម»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេថា អំពើឆបោកតាមប្រព័ន្ធអនឡាញ បានធ្វើឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលកម្ពុជា ហើយរំខានដល់ការទាក់ទាញភ្ញៀវទេសចរ ការវិនិយោគ និងការពង្រឹងសន្តិសុខជាដើម។ ដូច្នេះ លោកយល់ឃើញថា បញ្ហានេះទាមទារឱ្យមានការពង្រឹងការអនុវត្តច្បាប់និងអនុវត្តឱ្យបានតឹងរ៉ឹង ជាពិសេសកុំលើកលែងចំពោះអ្នកពាក់ព័ន្ធ ក្នុងការប្រព្រឹត្តសកម្មភាពឆបោកទាំងនោះ។
លោកថ្លែងថា៖ «ចំណុចទាំងអស់នេះ គឺទាមទារឱ្យរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជាត្រូវពង្រឹងក្នុងការអនុវត្តច្បាប់ដើម្បីចាត់វិធានការទប់ស្កាត់ទៅលើការឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស ឬក៏ហ្គេមអនឡាញជាដើម ដើម្បីធ្វើម៉េចកុំឱ្យកើតមានក្នុងប្រទេសកម្ពុជា ហើយគេចផុតពីការរិះគន់របស់សហគមន៍អន្តរជាតិ ក៏ដូចជាបង្កើនឡើងវិញភ្ញៀវទេសចរ ឬអ្នកវិនិយោគសម្រាប់កម្ពុជាយើង»។
បើតាមលោក អំ សំអាត អាជ្ញាធរត្រូវត្រួតពិនិត្យរាល់អគារទាំងឡាយណាដែលមានការសង្ស័យថា ធ្វើប្រតិបត្តិការឆបោកតាមអនឡាញ ហើយអ្នកផ្តល់ព័ត៌មានអំពីបទល្មើសបច្ចេកវិទ្យានោះត្រូវទទួលបានការការពារពីអាជ្ញាធរដើម្បីឈានទៅកាត់បន្ថយ និងលុបបំបាត់ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា។
ស្ថានទូតឥណ្ឌាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី២ ខែតុលាថា ពលរដ្ឋឥណ្ឌាទាំង ៦៧ នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីស្ថានទូត និងមន្ត្រីនគរបាលកម្ពុជាទទួលបានតម្រុយជាក់លាក់ជាច្រើន នាំទៅដល់ការបើកប្រតិបត្តិការជួយសង្គ្រោះ។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុល ប៉ុន្តែមិនទាន់អាចទាក់ទងបាននៅឡើយទេ។
វីអូអេក៏បានព្យាយាមសុំការអត្ថាធិប្បាយបន្ថែមពីស្ថានទូតឥណ្ឌានៅទីក្រុងភ្នំពេញ តាមសារអ៊ីមែល តែគ្មានការឆ្លើយតប។
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង ប្រាប់វីអូអេថា អ្នកស្រីមិនទាន់ទទួលបានព័ត៌មានលម្អិតអំពីករណីសង្គ្រោះជនជាតិឥណ្ឌាកាលពីពេលថ្មីៗនោះនៅឡើយទេ។ ប៉ុន្តែអ្នកស្រីថា កម្ពុជាតែងតែបង្ក្រាបបទល្មើសទាំងនោះ និងបានសហការជាមួយរដ្ឋាភិបាលប្រទេសផ្សេងទៀត ដើម្បីឆ្លើយតបនឹងរឿងនេះជាប្រចាំ។ អ្នកស្រីទទួលស្គាល់ថា ការទប់ស្កាត់បទល្មើសបច្ចេកវិទ្យានេះជាកិច្ចការលំបាកមួយ នៅពេលបច្ចេកវិទ្យាព័ត៌មានកាន់តែរីកចម្រើននោះ។
អ្នកស្រីថ្លែងថា៖ «រឿងជាច្រើនដែលជនបរទេសមកធ្វើបទល្មើសនៅកម្ពុជាហ្នឹងគឺយើងតែងតែបង្ក្រាប ឬមួយបញ្ជូនទៅប្រទេសគេវិញ ដោយទុកមុខឱ្យគេខ្លាំងណាស់ ដោយគិតថា វាជាកិត្តិយសរបស់ប្រទេសមួយៗ ហើយគ្មានប្រទេសណា ដែលចង់ឱ្យពលរដ្ឋរបស់ខ្លួនទៅធ្វើបទល្មើសនៅប្រទេសគេទេ»។
អ្នកស្រីបន្ថែមថា៖ «ឥទ្ធិពលនៃភាពរីកចម្រើនរបស់បច្ចេកវិទ្យាហ្នឹងគឺយើងទប់អត់ឈ្នះទេ ហើយក៏វាសាយភាយមករងគ្រោះដល់ប្រទេសតូចតាច ដែលយើងមិនមែនជាអ្នកជំនាញផ្នែកបច្ចេកវិទ្យាហ្នឹងទេ។ យើងគ្រាន់តែជាអ្នកប្រើប្រាស់»។
គិតចាប់តាំងពីឆ្នាំ ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ ស្ថានទូតឥណ្ឌាបានសម្របសម្រួលក្នុងការធ្វើមាតុភូមិនិវត្តន៍ជនជាតិឥណ្ឌាជាង១ពាន់នាក់ទៅប្រទេសកំណើតវិញ ដោយក្នុងនោះ គិតត្រឹមរយៈពេល ៩ ខែ ឆ្នាំ ២០២៤ ជនជាតិឥណ្ឌាជិត ៧៧០ នាក់ត្រូវបានជួយសង្គ្រោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
កាលពីខែឧសភា ឆ្នាំ ២០២៤ ជនជាតិឥណ្ឌាចំនួន ៦០ នាក់ក៏ត្រូវបានជួយសង្គ្រោះចេញពីកាស៊ីណូមួយកន្លែងក្នុងក្រុងព្រះសីហនុ និងត្រូវបញ្ជូនទៅប្រទេសឥណ្ឌាវិញដោយសុវត្ថិភាព។ ករណីនាពេលនោះ អាជ្ញាធរកម្ពុជាថា ជនបរទេសទាំងនោះមិនពេញចិត្តនឹងការងារ ប៉ុន្តែស្ថានទូតឥណ្ឌាប្រចាំកម្ពុជាថា ជនជាតិឥណ្ឌាទាំងនោះរងគ្រោះដោយអំពើឆបោកការងារ។
វេទិកាបញ្ចេញមតិ