លោកនាយករដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា មានប្រសាសន៍ថា នៅពេលឆាប់ៗនេះ លោកនឹងដាក់ជូនរដ្ឋសភានូវច្បាប់មួយស្តីពីការបង្កើតអង្គការថ្មីមួយ ដើម្បីត្រួតពិនិត្យសុវត្ថិភាពនុយក្លេអ៊ែរនៅឥណ្ឌា។ ច្បាប់នេះគឺជាវិធានការមួយក្នុងចំណោមវិធានការមួយចំនួន ដែលធ្វើឡើងដោយរដ្ឋាភិបាលសំដៅធ្វើឲ្យការរំជួលចិត្តរបស់សាធារណជនស្ងប់ស្ងាត់ ទាក់ទងទៅនឹងទីតាំងរោងចក្រនុយក្លេអ៊ែរនៅតាមឆ្នេរសមុទ្រដែលត្រូវបានគ្រោងធ្វើ ដែលមនុស្សមួយចំនួន ព្រួយបារម្ភថាអាចនាំឲ្យកើតមានសារជាថ្មីនូវគ្រោះមហន្តរាយនុយក្លេអ៊ែរដូចនៅប្រទេសជប៉ុន។
រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ទីភ្នាក់ងារថ្មីដែលបានស្នើឡើង ដើម្បីត្រួតពិនិត្យសុវត្ថិភាពនុយក្លេអ៊ែរ នឹងទទួលការងារបន្តពីក្រុមប្រឹក្សានីយ័តកម្មផ្នែកឋាមពលអាតូមិច (Atomic Energy Regulatory Board) របស់ប្រទេសនេះ ប៉ុន្តែទីភ្នាក់ងារនេះ នឹងនៅជាស្វយ័តនិងឯករាជ្យ។
លោក វី ណារ៉ាយ៉ាណាសាមី (V. Narayanasamy) រដ្ឋមន្ត្រី នៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសឲ្យដឹងពីសេចក្តីសម្រេចចិត្តនេះ កាលពីថ្ងៃអង្គារ។
«ចេតនារបស់រដ្ឋាភិបាល គឺត្រូវធានាឲ្យប្រាកដថាថាមពលអគ្គិសនីប្រើប្រាស់នុយក្លេអ៊ែរ ត្រូវតែមានសុវត្ថិភាព សន្តិសុខ និងសន្សំសំចៃ។ ក្រៅពីកិច្ចការនេះ ការប្តេជ្ញាចិត្តចំពោះកម្មវិធីថាមពលនុយក្លេអ៊ែរក្នុងស្រុកចែកជាបីដំណាក់កាលរបស់ឥណ្ឌា ត្រូវបានបញ្ជាក់ឲ្យដឹងសារជាថ្មី»។
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការជួបប្រជុំរវាងលោក ម៉ានមហាន ស៊ីង (Manmohan Singh) នាយករដ្ឋមន្ត្រីឥណ្ឌា និង លោក ចៃរ៉ាម រ៉ាម៉េស (Jairam Ramesh) រដ្ឋមន្ត្រីបរិស្ថាន ព្រមទាំងលោក ព្រីវីរ៉ាជ ចាវ៉ាន (Prithviraj Chavan) ប្រមុខរដ្ឋមន្ត្រីនៃរដ្ឋម៉ាហារ៉ាសត្រា (Maharashtra) របស់ឥណ្ឌា។ មនុស្សម្នាក់ ត្រូវបានសម្លាប់ នៅក្នុងរដ្ឋម៉ាហារ៉ាសត្រា កាលពីសប្តាហ៍មុន នៅពេលដែលការតវ៉ារបស់ពួកគេ បានក្លាយទៅជាហិង្សា។ ពួកគេតវ៉ាប្រឆាំងទៅលើរោងចក្រនុយក្លេអ៊ែរនៅតាមឆ្នេរសមុទ្រ ដែលបានគ្រោងរួចហើយ នៅក្នុងតំបន់ចៃតាពួរ (Jaitapur) ។
កិច្ចព្រមព្រៀងដើម្បីស្ថាបនារោងចក្រនុយក្លេអ៊ែរ នៅតំបន់ចៃតាពួរ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនបារាំងមួយ ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីបារាំង នីកូឡា សាកូហ្សី (Nicholas Sarkozy) ទៅកាន់ប្រទេសឥណ្ឌា កាលពីខែធ្នូ។ កិច្ចព្រមព្រៀង គ្រោងនឹងបង្កើតម៉ាស៊ីនភ្លើងដើរដោយថាមពលនុយក្លេអ៊ែរ សរុបទាំងអស់ចំនួន៦។ ក្រុមមន្ត្រីឥណ្ឌា ថ្លែងថា ថាមពលនុយក្លេអ៊ែរ ជាគ្រឿងផ្សំដ៏ចាំបាច់ និងមានសារៈសំខាន់ ក្នុងការផ្តល់ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច និងសេវាកម្មជាមូលដ្ឋាន សម្រាប់ពលរដ្ឋរាប់សិបលាននាក់។
តែទោះយ៉ាងណា គ្រោះមហន្តរាយនុយក្លេអ៊ែរកាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសជប៉ុន បានជំរុញឲ្យមានការជំទាស់ទៅនឹងគម្រោងចៃតាពួរនេះ ដោយផ្អែកលើមូលដ្ឋានថា ទីតាំងនោះ ក៏ជាតំបន់ងាយទទួលរងនូវការរញ្ជួយដី និងរលកស៊ូណាមី ដូចទៅនឹងរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា របស់ជប៉ុនដែរ។
លោក ចៃរ៉ាម រ៉ាម៉េស រដ្ឋមន្ត្រីបរិស្ថាន បានឲ្យដឹងថា រដ្ឋាភិបាល កំពុងរៀបចំការរចនាទ្រង់ទ្រាយសំខាន់ៗ ដែលមានភាពប្លែកគ្នា សម្រាប់ទីតាំងរោងចក្រចៃតាពួរ។
«សព្វថ្ងៃនេះ សេចក្តីសម្រេចចិត្តដ៏សំខាន់មួយ ត្រូវបានធ្វើឡើងនៅក្នុងតំបន់ចៃតាពួរ។ ម៉ាស៊ីនភ្លើងដើរដោយថាមពលនុយក្លេអ៊ែរនីមួយៗ នឹងមានប្រព័ន្ធសុវត្ថិភាពដាច់ដោយឡែកពីគ្នា ដែលជាប្រព័ន្ធប្រតិបត្តិការ និងថែរក្សាឯករាជ្យពីគ្នា។ នេះជាការបោះជំហានទៅមុខយ៉ាងសំខាន់»។
សេចក្តីរាយការណ៍របស់សារព័ត៌មាន នៅទីនេះ ក្នុងប្រទេសឥណ្ឌា បានដកស្រង់សម្តីរបស់លោក រ៉ាម៉េស កាលពីថ្ងៃសៅរ៍ ដោយនិយាយថា វាប្រហែលជាមានភាពចាំបាច់ក្នុងការ«ផ្អាក» គម្រោងចៃតាពួរ ដោយសារហេតុផលសុវត្ថិភាព។ លោក បាននិយាយសម្រាលដល់ការអត្ថាធិប្បាយបែបនោះ កាលពីថ្ងៃអង្គារ។ លោក ឆាវ៉ាន ប្រមុខរដ្ឋមន្ត្រី បានផ្តល់ការធានាអះអាងថា គ្មានអ្វីនឹងត្រូវបានកសាងឡើងដោយប្រញ៉ាប់ប្រញ៉ាល់ទេ។
ទីតាំងរោងចក្រចៃតាពួរ ទំនងជានឹងប្រឈមមុខការជំទាស់បន្តទៀត ដែលមិនគ្រាន់តែឈរលើមូលដ្ឋានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពីសំណាក់អ្នកមានលំនៅក្នុងមូលដ្ឋាន ដែលថ្លែងថា រោងចក្រនេះ នឹងដកហូតផ្ទះសម្បែង និងការចិញ្ចឹមជីវិត ពីពួកគេ៕
ប្រែសម្រួលដោយ លី សុខឃាង