ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ច្រាន​ចោល​ការ​អះអាង​ថា​រដ្ឋាភិបាល​ទុក​ពលរដ្ឋ​នៅ​តំបន់​រុន​តាឯក​ចោល


នាយករដ្ឋមនត្រ្ី​កម្ពុជា​លោក​ហ៊ុន ម៉ាណែត​ស្វាគមន៍​បុគ្គលិក​រោងចក្រកាលពីថ្ងៃទី​២៩ សីហា ឆ្នាំ២០២៣។
នាយករដ្ឋមនត្រ្ី​កម្ពុជា​លោក​ហ៊ុន ម៉ាណែត​ស្វាគមន៍​បុគ្គលិក​រោងចក្រកាលពីថ្ងៃទី​២៩ សីហា ឆ្នាំ២០២៣។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​សុក្រ​នេះ បាន​ការពារ​ថា​រដ្ឋាភិបាល​របស់​លោក​មិន​ទុក​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​អង្គរ​មក​តំបន់​ថ្មី​រុន​តាឯក និង​ពាក់​ស្នែង ចោល​នោះ​ទេ។

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ធម្មជាតិ​រុនតាឯក និង​តំបន់​ពាក់ស្នែង ក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា​កន្លង​ទៅ អង្គការ​អន្តរ​ជាតិ​និង​អ្នក​នយោបាយ​មួយ​ចំនួន​បាន​ឆ្លៀត​ឱកាស​យក​ការ​ជម្លៀស​ពលរដ្ឋ​ពី​តំបន់​អង្គរ​មក​វាយ​ប្រហារ​ថា​រដ្ឋាភិបាល​យក​ប្រជាជន​«បោះ​ចោល​យ៉ាង​វេទនា»។ ប៉ុន្តែ​លោក​ថា​រដ្ឋាភិបាល​បាន​ព្យាយាម​អភិវឌ្ឍ​តំបន់​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ ដោយ​មាន​ភ្លើង​ទឹក​ផ្លូវ សាលា​រៀន និង​វត្ត​អារាម។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «សេវា​ដែល​ខ្ញុំ​បាន​ផ្តល់​ឲ្យ​នេះ មិន​បាន​ល្អ​ឥត​ខ្ចោះ ដូច​ខ្ញុំ​និយាយ​មិន​បាន​មក​ផ្ទះ​១០០​ជាន់​ទេ។ ប៉ុន្តែ​ក៏​យើង​បាន​ឈាន​ជា​ជំហាន ដើម្បី​ផ្តល់​សេវា ផ្តល់​ហេដ្ឋារចនា​សម្ព័ន្ធ​ជូន។ អញ្ចឹង​នៅ​ត្រូវ​បន្ត​ធ្វើ​ទៀត មិន​អាច​ទុក​ចោល​ទេ»។

លោក​នាយករដ្ឋមន្រ្តី​បញ្ជាក់ថា​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា​ការ​ផ្លាស់​ប្តូរ​មក​ទីតាំង​ថ្មី​មាន«ការ​លំបាក» ជាពិសេស​ក្នុង​ដំណាក់​កាល​ដំបូង។

បើ​តាម​លោក ហ៊ុន ម៉ាណែត រដ្ឋាភិបាល​ត្រូវ​តែ​ជម្លៀស​ពលរដ្ឋ​ចេញ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​កំណើន​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​ និង​បារម្ភ​ពី​ការ​ដក​ប្រាសាទ​អង្គរ​វត្ត​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ។

កាល​ពី​ខែ​វិច្ឆិកា អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជា​តិ Amnesty International បាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការ​ណ៍​របស់​ខ្លួន​ថារដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​ទៅ​លើ​ច្បាប់​អន្តរជាតិ តាម​រយៈ​ការ​ជម្លៀស​ប្រជាពល​រដ្ឋ​ប្រមាណ​១​ម៉ឺន​គ្រួសារ​ នៅ​ក្នុង​តំបន់​អង្គរ ដោយ​បង្ខំ។ របាយ​ការណ៍​ដដែល​បញ្ជាក់ថា​៖ «មនុស្ស​ជា​ច្រើន​ត្រូវ​បាន​យាយី គំ​រាម​កំហែង និង​បង្ខំ​ឱ្យ​ចាក​ចេញ​ដោយ​គ្មាន​ការពិ​គ្រោះ​យោបល់​ពិត​ប្រាកដ​។ ស្ទើរ​តែ​គ្មាន​នរណា​ម្នាក់​ចង់​ទៅ​ឡើយ​(ទៅ​កន្លែង​ថ្មី​នៅរុនតា​ឯក)»។

ផ្លាក​សញ្ញាបង្ហាញទិសដៅនៃតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
ផ្លាក​សញ្ញាបង្ហាញទិសដៅនៃតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ការ​តាំង​ទីលំនៅថ្មីនៅ​ឃុំ​រុន​តាឯក ស្រុក​បន្ទាយ​ស្រី គឺ​នៅ​ឆ្ងាយ ហើយ​កង្វះ​លំ​នៅ​ឋាន​បាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព ដោយ​សារ​ការ​រស់​នៅ​ក្រោម​អាកាសធា​តុមិន​ល្អ ខ្វះ​ទឹក​ស្អាត បង្គន់​អនាម័យ​មិន​គ្រប់​គ្រាន់ អគ្គិសនី ផ្លូ​វត្រឹម​ត្រូវ និង​ឱកាស​នៃ​ការរស់​នៅ។ នេះ​បើ​តាម​របាយ​ការណ៍​ដដែល។

ក្រោម​ហេតុ​ផល​ខ្លាច​ប៉ះពាល់​តំបន់​ប្រាសាទ​អង្គរ​វត្ត រដ្ឋាភិបាល​បាន​រៀបចំ​តំបន់​រុន​តាឯក និង​តំបន់​ផ្សេង​ទៀត​សម្រាប់​អ្នក​ដែល​ត្រូវ​ជម្លៀស​ចេញ ដោយ​បាន​ស្ថាបនា​ផ្លូវ រៀប​ចំ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ​ទឹក​ម៉ាស៊ីន​ផ្សេងៗ​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ថ្មី។ ប៉ុន្តែ​ដោយ​សារ​តំបន់​នោះ​នៅ​ឆ្ងាយ​ពីក្រុង ប្រជាជន​ខ្លះ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ឆ្ងាយ ហើយ​អ្នក​ខ្លះ​ក៏​សម្រេច​បោះ​បង់​ការងារ​នៅ​ក្នុង​ទីក្រុង។ អ្នក​ខ្លះ​ក៏​នៅ​បន្ត​ការងារ បើ​ទោះ​ត្រូវ​ចំណាយ​ច្រើន​លើ​ថ្លៃ​សាំង ដើម្បី​ធ្វើ​ដំណើរ។

រដ្ឋាភិបាល​អះអាង​ថា​ការ​ទៅ​រស់​នៅ​តំបន់​ថ្មី ដែល​រដ្ឋាភិបាល​ផ្តល់​ដីដែល​មាន​ទទឹង​២០​ម៉ែត្រ និង​បណ្តោយ​៣០​ម៉ែត្រ​ធ្វើ​ឡើង​តាម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត។

ពលរដ្ឋ​មួយ​ចំនួន​នៅ​តំបន់​រុន​តាឯក​ធ្លាប់​ប្រាប់​វីអូអេ​ថា​ដី​ដែល​រដ្ឋ​ផ្តល់​ឲ្យ​តូច មិន​សូវ​មាន​ជីវ​ជាតិ ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​ដាំ​អ្វី​ទទួល​បាន​ផល​ឡើយ។ បន្ថែម​ពី​នេះ តំបន់​ថ្មី​មាន​ទីតាំង​ឆ្ងាយ​ពីក្រុង​សៀម​រាប រហូត​ដល់​ជាង​៣០​គីឡូម៉ែត្រ៕

XS
SM
MD
LG