ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឧបការី​រដ្ឋមន្រ្តី​ការ​បទេស​ស.រ.អា.​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​អំពី​ឃាតកម្ម​លោក​ កែម ឡី

  • នៅ វណ្ណារិន

លោក​ ​Tom Malinowski​ ​ឧបការី​រដ្ឋមន្រ្តី​ការ​បទេស​ ​អាមេរិក​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​ប្រជា​ធិប​តេយ្យ​និង​សិទ្ធិការងារ​​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន នា ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ​ នាថ្ងៃ​ទី១៩ ខែ​កក្កដា ​ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

នា​ថ្ងៃ​អង្គារ​នេះ​ ​លោក​ ​Tom Molinowski ឧបការី​រដ្ឋ​មន្រ្តី​ការ​បទេស​អាមេរិក​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ឲ្យ​អ្នក​ជំនាញ​ស៊ើប​អង្កេត​ឯករាជ្យ​ចូលរួម​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​ករណី​បាញ់​ប្រហារ​លោក ​កែម ឡី។

ឧបការី​រដ្ឋមន្រ្តី​ការ​បទេស​អាមេរិក​គឺ​លោក​ ​Tom Molinowski​ បាន​បញ្ជាក់​ពី​ក្តី​សោក​សង្រេង​ចំពោះ​ករណី​បាញ់​សម្លាប់​លោក​ កែម ឡី អ្នក​វិភាគ​បញ្ហាសង្គម​ ​ហើយ​លោក​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ឲ្យ​មាន​ការ​ចូលរួម​ស៊ើប​អង្កេត​ពី​អ្នក​ជំនាញ​ឯករាជ្យ​ផង​ដែរ។ ការ​អំពាវនាវ​របស់​មន្ត្រី​ការទូត​ដ៏​សំខាន់​របស់​អាមេរិក​រូប​នេះ​ត្រូវ​បាន​ទាត់​ចោល​ភ្លាមៗ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា។​

នា​ថ្ងៃ​អង្គារ​នេះ​ ​លោក​ ​Tom Molinowski ឧបការី​រដ្ឋ​មន្រ្តី​ការ​បទេស​អាមេរិក​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ឲ្យ​អ្នក​ជំនាញ​ស៊ើប​អង្កេត​ឯករាជ្យ​ចូលរួម​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​ករណី​បាញ់​ប្រហារ​លោក ​កែម ឡី។​

លោក​បន្ត​ការ​បើក​ឲ្យ​មាន​ភាគី​ឯករាជ្យ​ណា​មួយ​ចូលរួម​ស៊ើប​អង្កេត​ក្នុង​ករណីដែល​លោក​ហៅ​ថា​ជា​«សោកនាដ​កម្ម​ដ៏​គួរ​ឲ្យ​រន្ធត់»​នោះ វា​នឹង​ជួយ​ជម្រះ​មន្ទិល​សង្ស័យ​ដែល​កំពុង​តែ​កើត​មាន​ចំពោះ​គណបក្ស​កាន់​អំណាច​ ​និង​រដ្ឋាភិបាល​លោក​ ហ៊ុន សែន។​

(ចុចមើលកម្រងរូបភាព លោក Tom Malinowski គោរព​វិញ្ញាណក្ខន្ធសពលោក កែម ឡី)

ក្នុង​សន្និសីទ​ព័ត៌មាន​ពិសេស​មួយ​ដើម្បី​សរុប​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​២ថ្ងៃ​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​ ​លោក​ ​Tom Malinowski​ ​ឧបការី​រដ្ឋមន្រ្តី​ការ​បទេស​អាមេរិក​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​ប្រជា​ធិបតេយ្យ​ និង​ការងារបាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា៖​

«សហរដ្ឋ​អាមេរិក​ និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​មួយ​ដែល​អាច​ជឿទុក​ចិត្ត​បាន​ ​ទៅ​ក្នុង​ការ​បាញ់​សម្លាប់​រូប​លោក កែម ឡី។​ ខ្ញុំ​អាច​និយាយ​បន្ថែម​ថា ស្រប​ពេល​រដ្ឋាភិបាល​កម្ពុជា​មាន​សិទ្ធិ​ពេញ​លេញ​នៅ​ក្នុង​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់​ ពាក់ព័ន្ធ​នឹង​ការ​ចោទ​សង្ស័យ​ផ្សេងៗ​ដែល​មិន​អាច​ជៀស​បាន​ជុំវិញ​ករណី​នោះ​ ​ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​ក៏​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ការ​ចូលរួម​របស់​អ្នក​ជំនាញ​ឯករាជ្យ​នានា​ក្នុង​ការ​ស៊ើប​អង្កេត​នោះ​ផង​ដែរ»។​

ការ​លើក​ឡើង​របស់​លោក​ ​Tom Malinowski ធ្វើ​ឡើង​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ ក្រោយ​ពេល​ដែលលោកហើយនឹង​ក្រុមបុគ្គលិក​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ កែម ឡី ​នៅ​វត្ត​ចាស់​ ​សង្កាត់​ជ្រោយ​ចង្វា​ ក្រុង​ភ្នំពេញ។​ ​លោក​ Tom Malinowski​ ក៏​បាន​បញ្ជាក់​ពីក្តី​សោកស្តាយ និង​ការ​បាត់បង់​លោក ​កែម ឡី ​ដែល​ជា​ជន​គម្រូ​ និង​ក្លាហាន​មួយ​រូប។

លោក​ Tom Malinowski​ ​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​បាន​សរសេរ​ក្នុង​សារ​រំលែក​ទុក្ខ​ក្នុង​ន័យ​ដើម​ថា៖​

«យើង​សុំ​ផ្តល់​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក ​កែម ឡី​ សម្រាប់​ភាព​សុចរិត​ ភាព​ឯករាជ្យ​ ​និង​សុទិដ្ឋិ​និយម​របស់​លោក។​ ​យើង​នឹង​នៅ​តែ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រជាជន​កម្ពុជា​ ​ដើម្បី​សម្រេច​ក្តី​បំណង​ដូច​ដែល​លោក​ចង់​បាន​សម្រាប់​យើង​ទាំង​អស់​គ្នា​នា​ពេល​អនាគត»។​

លោក កែម ឡី​ ​ដែល​ជា​អ្នក​វិភាគ​ ​និង​អ្នក​ស្រាវ​ជ្រាវ​សង្គម ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ ​និង​គណបក្ស​ជំទាស់​ចំៗ​នោះ​ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើងបាញ់​ស្លាប់​នៅ​នឹង​កន្លែងក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​ Caltex​ ​ក្នុង​កណ្តាល​ក្រុង​ភ្នំពេញ​ ​កាល​ពីថ្ងៃ​អាទិត្យ ​ទី១០ ​ខែ​កក្កដា​កន្លង​ទៅ។ ការ​បាញ់​សម្លាប់​បណ្ឌិតរូប​នេះបាន​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ ​ក្រោយ​ពី​លោក​បាន​ធ្វើ​បទ​សម្ភាសន៍​ និង​បញ្ចេញ​មតិ​តាម​សារ​ព័ត៌​មាន​នានា​អំពី​របាយ​ការណ៍​មួយ​របស់​អង្គការ​ Global Witness ​ដែល​និយាយ​ពី​ការ​កាន់កាប់​ជំនួញ​ដោយ​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។​

(ចុចមើល​កម្រង​រូបភាព​លោក Tom Malinowski ធ្វើ​សន្និសីទ​សារព័ត៌មាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កម្ពុជា)

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​នា​ថ្ងៃ​អង្គារ​នេះ​ ​លោក​ Tom Malinowski​ បញ្ជាក់​ថា ​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ឯករាជ្យ​ណា​មួយ​នោះ​នឹង​អាច​ជួយ​លុប​លៀង​ការ​មន្ទិល​សង្ស័យ​មួយ​ចំនួន​ទៅ​លើ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ​ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរអាច​សិក្សា​ពី​បទ​ពិសោធន៍​របស់​ប្រទេស​ផ្សេងៗ​ដែល​ស្រដៀង​នេះ។

«ខ្ញុំ​គិត​ថា ​មាន​វិធី​ជា​ច្រើន ​ដែល​រឿង​នេះ​អាច​សម្រេច​បាន។ ​មាន​ម៉ូដែល​ជា​ច្រើន​ ប្រសិន​បើ​យើង​មើល​ជុំវិញ​ពិភពលោក រដ្ឋាភិបាល​នានា​បាន​ទទួល​ផល​ប្រយោជន៍​ជាច្រើន​ចំពោះ​ការ​ដាក់​ឲ្យ​មាន​ការ​ចូលរួមពី​ក្រុម​អ្នក​ជំនាញ​ខាង​ក្រៅ​ នៅ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ករណី​ដូច​នេះ។ ដូច​នេះ​ ខ្ញុំ​នឹង​មិន​ផ្តល់​សេចក្តី​ណែនាំ​ឲ្យ​ធ្វើ​អ្វី​មួយ​ជាក់លាក់​នោះ​ទេ។ ខ្ញុំ​គិត​ថា ​ចំណុច​សំខាន់​គឺ​ថា​ ​មាន​តម្រូវ​ការ​ខ្លាំង​សម្រាប់​ការ​ស៊ើប​អង្កេត​ ​ដែល​ទទួល​បាន​ការ​ជឿជាក់​ពី​ប្រជា​ពលរដ្ឋ​គ្រប់​គ្នា​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា ដែល​ក្នុង​រួម​មាន​ទាំង​អ្នក​ដែល​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​រដ្ឋាភិបាល​ ​និង​គណ​បក្ស​កាន់​អំណាច»។​

ទោះ​ជា​យ៉ាងក្តី អ្នក​នាំ​ពាក្យ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​គឺ​លោក​ ផៃ ស៊ីផាន​ថ្លែង​ប្រាប់​ VOA ​ថា​ ការ​លើក​ឡើង​របស់​លោក Tom Malinowski ​មាន​សភាព​ជា​«អ្នក​នយោបាយ» ហើយ​មិន​បាន​គិត​គូរ​ពី​នីតិវិធី​ច្បាប់​របស់​កម្ពុជា​នោះ​ទេ។​ ​លោក​បន្ត​ថា​ ​លោក​ក៏​មិន​ដែល​ឃើញ​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​ពី​ភាគី​ឯករាជ្យ​ណា​មួយ​ ​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ដែរ។​

​លោក​ ផៃ ស៊ីផាន ​លើក​ឡើង​ថា៖​

«ខ្ញុំមិន​ដែល​ឃើញ​សហរដ្ឋ​អាមេរិក​យក​អ្នក​ដទៃ​ឲ្យ​ជួយ​ស៊ើប​អង្កេត​ក្នុង​បញ្ហា​ដែល​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ​ទេ។​ ​ដូច្នេះ​ការ​លើក​ឡើង​នេះ​គឺ​មាន​និន្នាការ​នយោបាយ​ច្រើនជាង​និន្នាការ​ដើម្បី​ស្វែង​រក​ការណ៍​ពិត​នៃ​ការ​ធ្វើ​ឃាត​លើ​លោក​កែម ឡី»។​

អ្នក​នាំពាក្យ​រូប​នេះ​ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា​ ករណី​ឃាតកម្ម​លើ​លោក​ កែម ឡី​ គឺ​ស្ថិត​ក្នុង​ដៃ​តុលាការ​ និង​ចៅក្រម​ស៊ើប​អង្កេត​តាម​នីតិវិធី​តុលាការ​កម្ពុជា ហើយ​គ្រប់​ភាគី​គួរ​ទុក​ឱកាស​ឲ្យ​តុលាការ​ធ្វើ​ការ​ស៊ើប​អង្កេត។

លោក​បន្ត​ថា៖​

«អា​ហ្នឹង​ទុក​លក្ខណៈ​ឲ្យ​ដែន​សមត្ថ​កិច្ច​នៃ​តុលាការ​គេ​ធ្វើ ជាជាង​អ្នក​ខាង​ក្រៅ​លូក​លាន់​នៅ​ក្នុង​សាច់​រឿង​ហ្នឹង។​ ​ដូច​ខ្ញុំ​ជម្រាប​ថា​ បើ​យក ​FBI​ ​មក​ ​តើ​ ​FBI ​គេ​ការពារ​ផល​ប្រយោជន៍​នរណា?​ រឹត​តែ​បង្កើត​បញ្ហា​ស្មុគស្មាញ​ទៀត។​ ​អញ្ចឹង​យក​យួន​មក​ក៏វា​មិន​សម។​ ​យក​ចិន​មក​ក៏​វា​មិន​សម​ ព្រោះ​ច្បាប់​វា​មិន​អនុញ្ញាត»។​

(ចុចមើល​កម្រង​រូបភាពជុំវិញ​ការ​បាញ់​សម្លាប់​លោក កែម ឡី)

មក​ដល់​ពេល​នេះ​ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​លើ​ជន​ជាប់​ចោទ​មួយ​រូប​ដែល​អះ​អាង​ថា ​ខ្លួន​ឈ្មោះ​ «ជួប សម្លាប់‍»​ វ័យ​៣៨​ឆ្នាំ​ពី​បទ​ «ឃាតកម្ម​គិត​ទុក​ជា​មុន​ និងកាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត»។​ ​ហើយ​ជន​រូប​នេះ​ក៏​បាន​អះអាង​បញ្ជាក់​ប្រាប់​មន្ត្រី​តុលាការ​ និង​អាជ្ញាធរ​ថា ​ខ្លួន​បាន​បាញ់​សម្លាប់​លោក ​កែម ឡី​ កណ្តាល​ថ្ងៃ​ដោយ​សារតែ​លោក​ កែម ឡី​ ជំពាក់​លុយ​ខ្លួន​ប្រមាណ​៣ពាន់​ដុល្លារ​អាមេរិក។​ ​ក៏​ប៉ុន្តែក្រុម​គ្រួសារ​លោក ​កែម ឡី​ ​ក៏​ដូច​ជា​សាច់​ញាតិ​ជន​ជាប់​ចោទ​នៅ​តែមាន​មន្ទិល​សង្ស័យ​ចំពោះ​ការ​អះអាង​នេះ។​

សារ​ព័ត៌មាន​ក្នុង​ស្រុក​នានា ដែល​ចេញ​ផ្សាយ​ភ្លាមៗ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នោះ​ បាន​ឲ្យ​ដឹង​ថា​ ​ជន​ជាប់​ចោទ​មាន​ឈ្មោះ​ពិត​ថា​ អឿត អាង​ ​អាយុ​៤៤ឆ្នាំ​ ​មាន​ទី​លំនៅនៅ​ស្រុក​អង្គរ​ជុំ​ ខេត្ត​សៀមរាប​ ​ដែល​ធ្លាប់​ធ្វើជា​មន្ត្រី​យោធា​ ជា​អ្នក​ការពារ​បរិស្ថាន​ ​និង​ធ្លាប់​បួស​ជា​សង្ឃ។​

នៅ​ក្នុង​សន្និសីទ​បញ្ចប់​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់​លោក ​លោក ​Tom Malinowski​ ​ ឧបការី​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​ការងារ​ នា​ថ្ងៃ​អង្គារ​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​អ្នក​ដែល​លោក​បាន​ជួប​សន្ទនា​ រួម​ទាំង​មាន​មន្ត្រី​សង្គម​ស៊ីវិល​ ​និង​មន្ត្រី​រដ្ឋាភិបាល​ផង​នោះ​ ​ក៏​សង្ឃឹម​ផង​ដែរ​ថា​ នឹងមាន​ការ​ចូលរួម​ស៊ើប​អង្កេត​ពីភាគី​ឯករាជ្យ​ណា​មួយ​ក្នុង​ករណី​ឃាតកម្ម​សម្លាប់​លោក​ កែម ឡី៕

XS
SM
MD
LG