នាព្រឹកថ្ងៃអង្គារនេះ លោកឧបការីរដ្ឋមន្រ្តីការបទេសសហរដ្ឋអាមេរិកទទួលបន្ទុកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគឺ លោកថម ម៉ាលីណូស្គី (Tom Malinowski) បានសម្តែងក្តីសោកសង្រែងចំពោះការបាត់បង់លោកកែម ឡី ហើយថ្លែងថា សហរដ្ឋអាមេរិកនឹងនៅតែធ្វើការជាមួយប្រជាជនកម្ពុជាដើម្បីសម្រេចគោលបំណងរបស់លោក កែម ឡី។
ក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី២ របស់លោកក្នុងប្រទេសកម្ពុជា លោក Tom Malinowski និងភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី Julie Chung អមដំណើរជាមួយនឹងបុគ្គលិកស្ថានទូតអាមេរិកប្រចាំកម្ពុជាចូលរួមក្នុងពិធីបុណ្យសពអ្នកវិភាគនយោបាយឯករាជ្យលោក កែម ឡី នៅវត្តចាស់ សង្កាត់ជ្រោយចង្វាក្រុងភ្នំពេញ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
លោកTom Malinowski មន្ត្រីជាន់ខ្ពស់អាមេរិកបានសរសេរក្នុងសាររំលែកទុក្ខក្នុងន័យដើមថា៖ «យើងសុំផ្តល់ការគោរពយ៉ាងជ្រាលជ្រៅដល់លោកកែម ឡីសម្រាប់ភាពសុចរិត ភាពឯករាជ្យ និងសុទិដ្ឋិនិយមរបស់លោក។ យើងនឹងនៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រជាជនកម្ពុជា ដើម្បីសម្រេចក្តីបំណងដូចដែលលោកចង់បានសម្រាប់យើងទាំងអស់គ្នានាពេលអនាគត»។