ទាហានកូរ៉េខាងជើងម្នាក់ និងអ្នកនេសាទពីរនាក់ទៀត បានរត់គេចចូលទៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ ដែលនេះជាសញ្ញាបញ្ជាក់ថា ការដាក់ទណ្ឌកម្មអន្តរជាតិលើរបបដឹកនាំកូរ៉េខាងជើង កំពុងតែដាក់គំនាបសេដ្ឋកិច្ចតឹងតែងលើប្រជាពលរដ្ឋសាមញ្ញ។
ទាហានយាមល្បាតកូរ៉េខាងត្បូង បានបាញ់កាំភ្លើង ២០ គ្រាប់ ដើម្បីជាការព្រមានដល់ទាហានកូរ៉េខាងជើង ដែលបានដេញតាមចាប់ទាហានកូរ៉េខាងជើងម្នាក់ ដែលបានរត់គេចឆ្លងតំបន់គ្មានយោធា DMZ នៅព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ ដែលមានទាហានឈរជើងនៅសងខាងតំបន់នេះយ៉ាងតឹងតែង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង។
អ្នកនាំពាក្យនាយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង លោក Roh Jae-cheon បានបញ្ជាក់ថា ទាហានកូរ៉េខាងជើងដែលមានឋានន្តរសក្ដិទាបម្នាក់ បានឆ្លងព្រំដែននៅតំបន់កណ្ដាលភាគខាងលិចនៃប្រទេសកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនមានការបាញ់កាំភ្លើងណាមួយធ្វើឡើងសំដៅទាហានផ្ដាច់ខ្លួននោះទេ។
លោក Roh Jae-cheon បាននិយាយថា៖ «យោធាកូរ៉េខាងត្បូងបានជួយសង្គ្រោះអ្នកផ្ដាច់ខ្លួននោះដោយសុវត្ថិភាព ហើយអាជ្ញាធរពាក់ព័ន្ធនឹងធ្វើការស៊ើបអង្កេតលើមូលហេតុ និងនីតិវិធីនានា សម្រាប់ការផ្ដាច់ខ្លួនរបស់ទាហានកូរ៉េខាងជើងនេះ»។
ទាហានផ្ដាច់ខ្លួនរូបនេះ គឺជាទាហានទី ៤ និងជាអ្នកសុំសិទ្ធិជ្រកកោនកូរ៉េខាងជើងម្នាក់ ក្នុងចំណោម ១៥ នាក់ ដែលឆ្លងព្រំដែនដោយផ្ទាល់ចូលមកកាន់ប្រទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំនេះ។ កាលពីឆ្នាំ ២០១៦ មានតែទាហានកូរ៉េខាងជើងម្នាក់ និងពលរដ្ឋកូរ៉េខាងជើង ៤ នាក់ ប៉ុណ្ណោះ ដែលបានឆ្លងតំបន់ DMZ នៅព្រំដែនចូលទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ភាគច្រើននៃអ្នកផ្ដាច់ខ្លួនកូរ៉េខាងជើងប្រហែល ៣ ម៉ឺននាក់ ដែលបានរត់គេចចូលប្រទេសកូរ៉េខាងត្បូងតាំងពីសង្គ្រាមកូរ៉េបានបញ្ចប់នៅក្នុងឆ្នាំ ១៩៥៣ មក គឺបានរត់គេចកាត់តាមប្រទេសចិន៕