ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្លែង​ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​អ.ស.ប. លោក Biden ជំរុញឲ្យ​មាន​ការឯកភាព​គ្នា​ក្នុង​ការដោះសា្រយ​ការប្រឈម​ជា​សាកល


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​ទៅកាន់​សម័យប្រជុំ​លើក​ទី៧៦ នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​ទៅកាន់​សម័យប្រជុំ​លើក​ទី៧៦ នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​ថា ពិភព​លោក​ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នាជាង​ពេល​ណាៗ​ទាំង​អស់​ ដើម្បី​ដោះស្រាយ​នូវ​ការ​ប្រឈម​ជា​សាកល។

ក្នុង​សុន្ទករថា​ទៅ​កាន់​មហា​សន្និបាតអង្គការ​សហប្រជា​ជាតិ​លើក​ទី​មួយ​ក្នុង​នាម​ជា​ប្រមុខរដ្ឋសហរដ្ឋ​អាមេរិក​លោក Biden មាន​ប្រសាសន៍​ថា «សន្តិសុខ​របស់​យើង វិបុលភាព​របស់​យើង​ និង​សេរីភាព​របស់​យើង​ មាន​ការទាក់ទង​គ្នាទៅវិញ​ទៅ​មក​ជាង​ពេល​ណាៗ​ទាំង​អស់»។

លោក​ក៏​បាន​ថ្លែង​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​បាន​វិល​ត្រឡប់​មក​កាន់​វេទិកាអន្តរជាតិ​វិញ​ហើយ​ ជា​ពិសេស​វេទិកានៅ​ក្នុង​អង្គការ​សហប្រជា​ជាតិ​នោះ។

ការប្រកាស​នូវ​ជំហរ​នេះ​ មាន​លក្ខណៈ​ផ្ទុយ​គ្នា​ទៅ​នឹងទ្រឹស្តី «ប្រទេស​អាមេរិកមុន» របស់​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​កាន់​តំណែង​មុនលោក ​គឺ​លោក Donald Trump។

ពាក់ព័ន្ធ​នឹង​កម្លាំងយោធា​សហរដ្ឋ​អាមេរិក​វិញ លោក​ប្រធានាធិបតី Biden បាន​ថ្លែង​ថា «ការ​ប្រើប្រាស់​នូវ​អំណាច​យោធា​អាមេរិក ​គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​យើង។ វា​មិន​មែន​ជា​ជម្រើស​ទី​១​របស់​យើង​នោះទេ ហើយ​វា​មិន​ត្រូវ​យក​មក​ប្រើ​ដើម្បីធ្វើ​ជា​ចម្លើយ​នូវ​គ្រប់បញ្ហា​ទាំង​អស់ដែល​យើង​បានឃើញ​នៅ​ជុំវិញ​ពិភព​លោក​នោះ​ឡើយ»។

មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការសហប្រជាជាតិ ​គឺ​ជា​ឱកាស​មួយ​ដល់​រដ្ឋ​ជា​សមាជិក​ទាំង​១៩៣​ប្រទេស​ដើម្បី​ពិភាក្សាការ​ប្រឈមនានាស្តីពី​សារៈសំខាន់របស់​ពិភព​លោក​និង​តំបន់។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden បានធ្វើ​ដំណើរ​ទៅ​កាន់​បូរី​ញូវយ៉ក​កាល​ពីយប់​ថ្ងៃ​ចន្ទ​ ដើម្បី​ជួប​ប្រជុំ​ដោយ​ផ្ទាល់​ជា​មួយប្រមុខរដ្ឋ​ប្រមាណ​១០០​នាក់​នៅ​ទីស្នាក់ការ​ធំ​របស់​អង្គការ​សហប្រជា​ជាតិ។ ក្រោយ​ការ​ថ្លែងសុន្ទកថា​របស់​លោកនៅ​ថ្ងៃអង្គារ លោក Biden ក៏​នឹង​មាន​ជំនួប​ដាច់​ដោយឡែក​មួយ ជា​មួយ​នាយក​រដ្ឋមន្ត្រី​ប្រទេស​អូស្ត្រាលី​លោក Scott Morrison និង​បន្ទាប់មក​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson នៅសេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

កាល​ពី​សប្តាហ៍​មុន​ ​ប្រទេស​ទាំង​បី​ បាន​ប្រកាស​នូវ​សន្ធិសញ្ញា​សន្តិសុខមួយ​ដែល​នឹង​ផ្តល់បច្ចេកវិទ្យា​នាវា​មុជ​ទឹក​ដែល​ប្រើ​ថាម​ពលនុយក្លេអែររបស់​អាមេរិក​ និង​ជំនាញ​នាវា​ជើងទឹក​របស់​អង់គ្លេស​ទៅ​ឲ្យ​ប្រទេស​អូស្ត្រាលី​ដើម្បី​ជួយ​ប្រទេស​នេះ​ក្នុង​ការ​ប្រយុទ្ធ​ទប់​ទល់​នឹង​ការ គំរាមកំហែង​នៅ​ក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ អ្នក​វិភាគមើល​ឃើញ​ថា នេះ​ជាសកម្មភាព​មួយ​ ដើម្បី​ព្យាយាម​ទប់​ទល់ឥទ្ធិពល​របស់​ចិន​ដែល​កំពុង​តែ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​តំបន់​នោះ៕

អ្នកស្រី Margaret Besheer អ្នក​យកព័ត៌មានរបស់​វីអូអេប្រចាំ​នៅ​អ.ស.ប. ​រួមចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ។

XS
SM
MD
LG