ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ប៉ាគីស្ថាន​និង​ឥណ្ឌា​យល់ព្រម​គ្នា​ធ្វើ​ការ​ចរចា​សន្តិភាព​ឡើង​វិញ


រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌា S.M. Krishna (ឆ្វេង) ចាប់​ដៃ​ជាមួយ​សមភាគី​របស់​លោក​គឺ​រដ្ឋមន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន Shah Mahmood Qureshi នៅ​មុន​កិច្ច​ប្រជុំ​ផ្លូវការ​នៅ​ក្រសួង​​ការ​បរទេស​​នៅ​ទី​ក្រុង​អ៊ីស្លាម៉ាបាត​ ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក
រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌា S.M. Krishna (ឆ្វេង) ចាប់​ដៃ​ជាមួយ​សមភាគី​របស់​លោក​គឺ​រដ្ឋមន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន Shah Mahmood Qureshi នៅ​មុន​កិច្ច​ប្រជុំ​ផ្លូវការ​នៅ​ក្រសួង​​ការ​បរទេស​​នៅ​ទី​ក្រុង​អ៊ីស្លាម៉ាបាត​ ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក

អ៊ីស្លាម៉ាបាត ប្រទេស​ប៉ាគីស្ថាន៖ ប្រទេស​ប៉ាគីស្ថាន​និង​ឥណ្ឌា​បាន​យល់ព្រម​គ្នា​ធ្វើ​ការ​ ចរចា​សន្តិភាព​ទូលំទូលាយ​ឡើង​វិញ​លើវិស័យ​ជាច្រើន ​ដែល​រដ្ឋាភិបាល​ក្រុង​ញូវដេលី (New Delhi) បាន​ផ្អាក​ នៅ​ពេល​បន្តិច​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្រុង​មុំបៃ (Mumbai) ​ក្នុង​ឆ្នាំ​២០០៨។

សេចក្តី​ប្រកាស​មួយ​ដែល​ចេញផ្សាយ​ ក្នុង​ពេល​ដំណាល​គ្នា​នៅ​ក្រុង​អ៊ីស្លាម៉ាបាត (Islamabad) ​និង​ញូវដេលី​ បាន​ឲ្យ​ដឹង​ថា​ប្រទេស​ទាំង​ពីរ​ដែល​ប្រណាំង​ប្រជែង​គ្នា​ផ្នែក​អាវុធ​នុយក្លេអ៊ែរ​ «បាន​យល់​ព្រម​គ្នា​ធ្វើ​ការ​ចរចា​ឡើង​វិញ​លើ​គ្រប់​វិស័យ»។

ក្រុម​មន្ត្រី​ជាន់ខ្ពស់​ឥណ្ឌា​និង​ប៉ាគីស្ថាន​នឹង​បើក​ការ​ចរចា​គ្នា​មួយ​ឈុត​លើ​បញ្ហា​ប្រឆាំង​នឹង​ភេរវកម្ម បញ្ហា​មនុស្សធម៌ ​បញ្ហា​ជម្លោះ​ដណ្តើម​តំបន់​កាស្មៀរ (Kashmir)​ បញ្ហា​សន្តិភាព​និង​សន្តិសុខ ​ព្រម​ទាំង​រឿង​ព្រំដែន​ផ្សេងៗ​ទៀត។

សេចក្តី​ប្រកាស​នោះ​និយាយ​ថា​លោក​ ស្ហាហ៍ មេហ៍មូដ គូរេស្ហ៊ី (Shah Mehmood Qureshi) ​រដ្ឋមន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន ​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ញូវដេលី​ នៅ​ខែ​កក្កដា​ ដើម្បី​ជួប​ជា​មួយ​លោក​ អេស អេម គ្រឹស្នា (S.M Krishna)​ ជា​សមភាគី​របស់​លោក ​ហើយ​នឹង​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​កម្រិត​ការ​ចម្រើន​ទៅ​មុខ​ក្នុង​ការ​ចរចា​ទាំង​នោះ។

ការ​សម្រេច​ត្រឡប់​ទៅ​រក​ការ​ចរចា​គ្នា​វិញ​គឺ​គេ​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ អាទិត្យ​មុន​នេះ​ នៅ​ប្រទេស​ប៊ូតាន (Bhutan)​ ជា​ទី​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ឥណ្ឌា​និង​ប៉ាគីស្ថាន​ បាន​ជួប​គ្នា​នៅ​ក្រៅ​អង្គ​សន្និសីទ​តំបន់។

ពេល​និយាយ​ជាមួយ​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្រុង​អ៊ីស្លាម៉ាបាត ​លោក​ យូស៊ូហ្វ រ៉ាហ្សា ហ្គីឡានី (Yousuf Raza Gilani) ​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ​បានស្វាគមន៍​ការ​ពិភាក្សា​នោះ​ហើយ​បាន​សរសើរ​លោក​ម៉ាន់មោហាន់ សីង្ហ (Manmohan Singh) ​ជា​សមភាគី​របស់​លោក​ក្នុង​ការណ៍ដែល​លោក​បាន «បើក​ឲ្យ​មាន​ជំពូក​ថ្មី​មួយ»​ ក្នុង​ទំនាក់ទំនង​ទ្វេភាគី​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​បាន​សម្តែង​ការ​ពេញ​ចិត្ត​ជាមួយ​ការ​សម្រេច​នោះ​ដោយ​និយាយ​ថា ​នេះ​គឺ​ជា​សមិទ្ធិផល​ចេញ​មក​ពី​ការ​ខំ​ប្រឹងប្រែង​រួម​ផ្សំ​យូរ​មក​ហើយ ​ដែល​លោក​និង​លោកម៉ាន់មោហាន់ សីង្ហ ​ជា​សមភាគី​បាន​ធ្វើ​តាំង​ពី​លោក​ទាំង​ពីរ​បាន​ជួប​គ្នា​ដំបូង​ នៅ​ខែ​មេសា​ឆ្នាំ​២០១០​ក្នុង​ប្រទេស​ប៊ូតាន ​នោះ​មក៕

ប្រែ​សម្រួល​ដោយ នៅ​ សារីម

XS
SM
MD
LG