របាយការណ៍ថ្មីមួយបានរកឃើញថា ការរឹតបន្តឹងលើសេវាទូរស័ព្ទ និងអ៊ីនធឺណិត និងការបង្កើនការឃ្លាំមើលកំពុងធ្វើឱ្យផ្នែកដ៏ធំនៃប្រទេសមីយ៉ាន់ម៉ាឬភូមាត្រូវបានកាត់ផ្តាច់ពីព័ត៌មានខាងក្រៅ។
របាយការណ៍របស់អង្គការមិនរកប្រាក់ចំណេញ Athan Myanmar បង្ហាញថា ទីប្រជុំជនជាង ៨0 ត្រូវបានកាត់ផ្តាច់សេវាទូរស័ព្ទ និងអ៊ីនធឺណិតមកទល់ពេលនេះក្នុងឆ្នាំនេះ ហើយអាជ្ញាធរបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ៧0នាក់ ពីបទរិះគន់យោធា។ សេវាអ៊ីនធឺណិតត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅក្នុងតំបន់មួយចំនួន ហើយយឺតក្នុងតំបន់ផ្សេងទៀត។
បុគ្គលម្នាក់ដែលធ្វើការក្នុងអាជីវកម្មអ៊ីនធឺណិតបានប្រាប់ VOA ថា ការពង្រីកការត្រួតពិនិត្យកំពុងធ្វើឱ្យមានការលំបាកកាន់តែខ្លាំងឡើងក្នុងការបើកគេហទំព័រព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ មនុស្សជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចូលប្រើប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន។
ប្រភពម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភអំពីសន្តិសុខបាននិយាយថា៖ «ខ្ញុំសូមជម្រាបថា សេវាដូចជា Facebook Messenger គេហទំព័រព័ត៌មាន ដូចជា BBC និង Reuters ជាដើម [ត្រូវបានរំខានតាំងពីម្សិលមិញ។ ក្រុមប្រឹក្សាយោធាបានហាមប្រាមកម្មវិធីជាច្រើនដែលផ្តល់សេវាមូលដ្ឋានសម្រាប់ប្រព័ន្ធ cloud របស់យើង។ យើងមិនអាចប្រើវាទៀតទេ។ ប្រសិនបើអ្នកចង់ប្រើវា អ្នកត្រូវតែប្រើ VPN គឺឧបករណ៍សម្រាប់ភ្ជាប់ទៅប្រព័ន្ធកុំព្យូទ័រដោយសម្ងាត់»។
យោធា ដែលគេហៅថា Tatmadaw កំពុងធ្វើសកម្មភាពយ៉ាងសកម្មដើម្បីបិទ VPN គឺបណ្តាញ ឧបករណ៍ សម្រាប់ភ្ជាប់ទៅប្រព័ន្ធកុំព្យូទ័រដោយសម្ងាត់ដោយជួយអ្នកប្រើប្រាស់អ៊ីនធឺណិត ចៀសផុតពីការរឹតបន្តឹងក្នុងការចូលមើលគេហទំព័រនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាផ្ញើសារ។
លោក Simon Migliano ប្រធានផ្នែកស្រាវជ្រាវនៅបណ្តាញTop10VPN បានប្រាប់ VOA កាលពីខែកក្កដាថា ទង្វើនេះ«បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេរីភាពសារព័ត៌មាន សកម្មភាព និងសមត្ថភាពពលរដ្ឋក្នុងការតម្រូវឱ្យរដ្ឋាភិបាលទទួលខុសត្រូវ»។ អង្គការដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនេះ ធ្វើការសាកល្បងសុវត្ថិភាពនៃ បណ្តាញVPN និងស្រាវជ្រាវអំពីអ៊ីនធឺណិត និងសុវត្ថិភាពបច្ចេកវិទ្យា។
របាយការណ៍របស់អង្គការ Athan Myanmar បង្ហាញថា ស្ទើរតែគ្រប់ទីប្រជុំជនក្នុងរដ្ឋ Rakhine តំបន់ Sagaing រដ្ឋ Chin រដ្ឋ Kachin និងភាគខាងជើងទីក្រុង Lashioនៃរដ្ឋ Shan បានរងផលប៉ះពាល់។ កន្លែងទាំងអស់នេះកំពុងមានការតស៊ូប្រយុទ្ធយ៉ាងខ្លាំងក្លា ឬក្នុងករណី តំបន់ Sagaing គឺជាបន្ទាយរឹងមាំនៃកងកម្លាំងការពារប្រជាជន ដែលជាក្រុមប្រដាប់អាវុធរបស់រដ្ឋាភិបាលរួបរួមដែលប្រឆាំងរដ្ឋប្រហារ។
លោក U Han មកពីគម្រោងអ៊ីនធឺណិតមីយ៉ាន់ម៉ា បានប្រាប់ VOA ថា ផលវិបាកនៃការកាត់ផ្តាច់សេវាទូរស័ព្ទ ចំពេលមានការប្រយុទ្ធគ្នា និង «ពេលស្ថានការណ៍នយោបាយប្រែប្រួល» កំពុងបង្កជាបញ្ហាធំ។
លោកបានបន្តថា៖ «វាមានប៉ះពាល់ផ្ទាល់លើសកម្មភាពជីវភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់មជ្ឈដ្ឋាន ហើយដោយសារអ្វីដែលកើតឡើង វាប៉ះពាល់ដល់សិទ្ធិមនុស្ស»។
ចាប់តាំងពីយោធាបានដណ្ដើមអំណាចនៅខែកុម្ភៈ ឆ្នាំ២០២១ ពួកយោធាបានព្យាយាមរារាំងសេវាព័ត៌មាន និងបណ្តាញព័ត៌មានឯករាជ្យ។ អាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយត្រូវបានដកហូត អ៊ីនធឺណិតត្រូវបានបិទ ហើយអ្នកកាសែតរាប់សិបនាក់ត្រូវបានចាប់ដាក់គុក។
យ៉ាងហោចណាស់មានអ្នកកាសែត ១៧៦ នាក់ត្រូវបានចាប់ខ្លួន និង ៤ នាក់ត្រូវបានសម្លាប់ និងមានរហូតដល់ ៥០ នាក់នៅតែស្ថិតក្នុងពន្ធនាគារ ឬនៅក្នុងឃុំឃាំងរបស់ប៉ូលិស។ នេះបើយោងតាមសហព័ន្ធអ្នកកាសែតអន្តរជាតិ។
ក្រុមប្រឹក្សាយោធាមិនបានឆ្លើយតបនឹងសំណួររបស់ VOA អំពីការរឹតត្បិតសេវាអ៊ីនធឺណិតទេ។ ពីមុនក្រុមប្រឹក្សាយោធាបានបដិសេធថា ខ្លួនមិនបានកំណត់គោលដៅរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយទេ។
ទោះជាយ៉ាងណា ទិន្នន័យរបស់ក្រុមឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយ និង ក្រុមសិទ្ធិមនុស្សបង្ហាញថា ប្រទេសមីយ៉ាន់ម៉ាឬភូមាមានកំណត់ត្រាអន់ផ្នែកលើកស្ទួយសេរីភាព។
អង្គការសិទ្ធិមនុស្ស Freedom House ថា ភូមាជាប្រទេសអាក្រក់បំផុតទី២ក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន ក្នុងការគាបសង្កត់និងរំលោភសិទ្ធិប្រើអ៊ីនធឺណិត។ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន Reporters Without Borders ឱ្យចំណាត់ថ្នាក់ប្រទេសភូមាលេខ ១៧១នៃប្រទេសជំនួន១៨0សម្រាប់សន្ទស្សន៍សេរីភាពជុំវិញពិភពលោកដែលលេខ១ បង្ហាញពីបរិយាកាសសេរីភាពល្អបំផុត។
អង្គការឃ្លាំមើលនេះនិយាយថា វិស័យសារព័ត៌មានក្នុងប្រទេសមីយ៉ាន់ម់ា ឬ ភូមាជា«វិជ្ជាជីវៈដ៏គ្រោះថ្នាក់បំផុត» ហើយបានកត់សម្គាល់«ពីគ្រោះថ្នាក់ខ្លាំងរបស់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយដោយត្រូវរងទារុណកម្ម ចាប់ដាក់គុក ឬសម្លាប់»។
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ