កាលពីថ្ងៃអង្គារ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងជំទាស់របស់សកម្មជនការពារបរិស្ថានបីរូបរបស់ចលនាមាតាធម្មជាតិ ដែលបានប្តឹងប្រឆាំងការផ្តន្ទាទោសរបស់តុលាការខេត្តកោះកុង។ ព្រះរាជអាជ្ញាក្នុងសវនាការនោះ បានស្នើតុលាការឲ្យបង្គាប់សកម្មជនទាំងបីនោះ ឲ្យអនុវត្តទោសដែលនៅសេសសល់។ សកម្មជនមួយរូបក្នុងចំណោមសកម្មជនទាំងបីនាក់ ហៅការស្នើរបស់ព្រះរាជអាជ្ញានេះ ថាជា«ការសងសឹក»។
ក្រុមសកម្មជនបរិស្ថានទាំងបីរូបនៃចលនាមាតាធម្មជាតិ នឹងមិនត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនោះទេ ក្រោយពីសាលាឧទ្ធរណ៍ បានបើកសវនាការកាលពីថ្ងៃអង្គារ លើបណ្តឹងជំទាស់របស់ពួកគេ ទៅលើការផ្តន្ទាទោសរបស់តុលាការខេត្តកោះកុង។ នេះបើយោងតាមការបញ្ជាក់ពីសកម្មជនមួយរូបក្នុងចំណោមសកម្មជនទាំងបី និងសាច់ញាតិរបស់សកម្មទាំងបីរូបនេះ។
ក្រុមសកម្មជនទាំងបីដែលរួមមាន លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និង លោក ស៊ីម សំណាង បានចាកចេញពីប្រទេសកម្ពុជា កាលពីសប្តាហ៍មុន ដើម្បីគេចពីការចាប់ខ្លួនរបស់តុលាការខេត្តកោះកុង។
លោក សាន់ ម៉ាឡា ប្រាប់ VOA តាមការសន្ទនាលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃពុធនេះថា លោក និងសកម្មជនពីរនាក់ផ្សេងទៀត នឹងមិនវិលត្រឡប់ចូលមកមាតុប្រទេសវិញនោះឡើយ។លោកថា ក្រុមលោកត្រូវរង់ចាំរហូតដល់ពេលសាលាឧទ្ធរណ៍ប្រកាសសាលដីកាលើបណ្តឹងរបស់ពួកគេនោថ្ងៃទី១៥ ខែកុម្ភៈខាងមុខនេះ។
«ប្រសិនបើសាលដីកា ថ្ងៃទី១៥ មិនមានឬក៏មានការគំរាមកំហែងសារជាថ្មីមកលើពួកយើងទាំងបីនាក់ហ្នឹងគឺ យើងនឹងត្រឡប់ទៅវិញ។ បើសាលដីកាហ្នឹងនឹងសម្រេចថា ឲ្យយើងទៅអនុវត្តទោស ម្តងទៀត ប្រហែលជាយើងមិនទាន់ត្រឡប់ទៅប្រទេសកម្ពុជាវិញទេ»។
ក្នុងសវនាការ កាលពីថ្ងៃអង្គារនៅសាលាឧទ្ធរណ៍ លោកព្រះរាជអាជ្ញា ជា ម៉េត បានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា សកម្មជនទាំងបីគួរតែមកអនុវត្តទោសដែលនៅសេសសល់ ដោយសារតុលាការមានភស្តុតាងគ្រប់គ្រាន់ ក្នុងចោទប្រកាន់ជនទាំងបី ហើយភស្តុតាងនោះ គឺត្រូវគ្នានឹងចម្លើយរបស់ជនរងគ្រោះ និងសាក្សីនានា។
ព្រះរាជអាជ្ញារូបនេះ ក៏បានស្នើចៅក្រមឲ្យពិចារណាលើសំណើរបស់ព្រះរាជអាជ្ញារងរបស់តុលាការខេត្តកោះកុង ដែលទាមទារឲ្យសកម្មជនទាំងបីមកអនុវត្តទោសដែលត្រូវបានព្យួរដោយតុលាការខេត្តកោះកុង។
លោក សាន់ ម៉ាឡា ប្រាប់ VOA បន្ថែមថា ការថ្លែងរបស់ព្រះរាជអាជ្ញា ទំនងជាត្រូវបានធ្វើឡើងតាមការចង់បានរបស់អ្នកមានអំណាចដែលមានអាជីវកម្មបូមខ្សាច់។
«ដូចដែលយើងទាំងអស់គ្នាបានដឹង តុលាការត្រូវបានគេប្រើមករាប់សិបឆ្នាំហើយ ដើម្បីជាឧបករណ៍ ក្នុងការគំរាមកំហែងដល់សកម្មជន។ ដូច្នេះ ខ្ញុំមើលឃើញថា ប្រាកដជាអ្នកដែលមានអំណាច នៅពីក្រោយខ្នងរឿងនេះ។ អ្នកដែលមានអំណាចរកស៊ីរត់ពន្ធខ្សាច់ហ្នឹង ដោយសារតែខឹងជាមួយនឹងសកម្មជនមាតាធម្មជាតិ ដែលរំខានការរកស៊ីរបស់គេ ធ្វើឲ្យគេខាតចំណូលអស់រាប់ម៉ឺនដុល្លារហ្នឹង គេក៏ព្យាយាមសងសឹកតាមប្រព័ន្ធតុលាការ»។
កាលពីថ្ងៃអាទិត្យអង្គការសង្គមស៊ីវិលនិងសហគមន៍មានទំនាស់ដីធ្លីសរុប៤៨ អំពាវនាវឱ្យសាលាឧទ្ធរណ៍បដិសេធសេចក្ដីសម្រេចរបស់តុលាការខេត្តកោះកុង ដែលបានផ្ដន្ទាទោសសកម្មជនការពារបរិស្ថានទាំងបីនាក់ឱ្យជាប់ពន្ធនាគារចំនួន១៨ខែនិងពិន័យជាប្រាក់ជាង១០០លានរៀល។
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសមាគម និងសហគមន៍មានទំនាស់ដីធ្លីសរុបចំនួន៤៨ស្ថាប័ន ចេញផ្សាយកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ការសម្រេចរបស់តុលាការខេត្តកោះកុងធ្វើឡើងដោយពុំមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់អ្នកទាំងបីរូបនោះទេ។ លើសពីនេះ សង្គមស៊ីវិលក៏បានចាត់ទុកបទចោទលើអ្នកទាំង៣ថា មានចរឹតលក្ខណៈនយោបាយ។
លោក សំ ចំរើន មេធាវីការពារសកម្មជនទាំងបី បានប្រាប់ VOA នៅថ្ងៃពុធនេះថា លោកមិនអធិប្បាយទៅលើសវនាការដែលធ្វើឡើងកាលពីថ្ងៃអង្គារ។ ប៉ុន្តែលោកនឹងពិភាក្សាជាមួយកូនក្តីរបស់លោកនៅក្រោយការប្រកាសសាលដីការបស់សាលាឧទ្ធរណ៍។
អ្នកស្រី ថា សុភាព ភរិយារបស់លោក ស៊ីម សំណាង មានប្រសាសន៍ ថា ស្វាមីអ្នកស្រី និង សកម្មជនពីររូបផ្សេងទៀត គួរបន្តស្នាក់នៅក្រៅប្រទេសកម្ពុជា ខណៈពេលដែលសាលាឧទ្ធរណ៍មិនទាន់ធ្វើការសម្រេចសេចក្តីលើបណ្តឹងជំទាស់របស់សកម្មជនការពារបរិស្ថានទាំងបីរូបជាស្ថាពរ។
«សម្រាប់ខ្ញុំគិតថា គាត់គួរតែនៅសិន ដោយសារតែ បើសិនបើយើងមក យើងអាចប្រឈមនឹងការជាប់ពន្ធនាគារ ដោយសារតែពួកគាត់បានធ្វើរឿងដែលសកម្មនៅលើការបូមខ្សាច់អញ្ចឹងណ៎ាបង»។
សកម្មជនការពារបរិស្ថានទាំងបីរូប ត្រូវបានតុលាការខេត្តកោះកុង កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ កាលពីខែកក្កដា ឆ្នាំ២០១៦ ពីបទ «គំរាមកំហែងនិងធ្វើឲ្យខូចខាត»។ ប៉ុន្តែដោយសារពួកគេបានអនុវត្តទោសក្នុងពន្ធនាគារចំនួន១០ខែនិង១៥ថ្ងៃហើយនោះ តុលាការបានសម្រេចព្យួរទោសដែលនៅសេសសល់ ហើយដោះលែងពួកគេឲ្យមានសេរីភាពវិញ។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូនៅខេត្តកោះកុងប្រាប់ VOA កាលពីសប្តាហ៍មុនថា សកម្មជនទាំងបីរូបបានចាកចេញពីប្រទេសកម្ពុជា។ ការចាកចេញកើតឡើងបន្ទាប់ពីលោក សាន់ ម៉ាឡា សកម្មជនម្នាក់ក្នុងចំណោមសកម្មជនទាំងបីរូបធ្វើការកាន់តែសកម្មដើម្បីទប់ស្កាត់ សកម្មភាពបូមខ្សាច់នៅខេត្តកោះកុង។
លោកថា ពួកគេក៏ចូលរួមចំណែកការការពារព្រៃកោងកាងផងដែរ។ ហើយការអធិប្បាយនានារបស់ពួកគេលើការនាំចេញខ្សាច់ទៅកាន់ប្រទេសសិង្ហបូរីដែលត្រូវបានគេរាយការណ៍ថា បានបាត់បង់ចំណូលប្រមាណ៧០០លានដុល្លារសហរដ្ឋអាមេរិកនោះ ជាមូលហេតុដែលនាំឲ្យពួកចាកចេញពីប្រទេស៕