ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមហ៊ុន​សកល​លោក​ទាម​ទារ​​ឲ្យ​មាន​​ប្រេង​ដូង​ និង​ក្រដាស​ប្រកប​ដោយ​​និរន្តរភាព​ ចេញ​​ពី​​ប្រទេស​ឥណ្ឌូនេស៊ី


គំនរ​ឈើ​ហ៊ុប​ ដែល​ត្រូវ​បាន​គេ​កាប់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។

ក្រុម​ហ៊ុន​អន្តរជាតិ​កំពុង​កាត់​បន្ថយ​ការ​ទិញ​ទំនិញ​ពី​ក្រុមហ៊ុន​ធំ​បំផុត​មួយ​របស់ប្រទេស​ឥណ្ឌូនេស៊ី ឈ្មោះស៊ី​ណា​ម៉ាស (Sinar Mas) ដោយ​សារ​តែ​ មាន​ការ​អះ​អាងថា ក្រុម​ហ៊ុន​នេះបាន​កាប់​ព្រៃ​ឈើ​របស់​ប្រទេស​នេះដោយ​ខុស​ច្បាប់ ​ហើយ​ដាំ​ដុះ​នៅ​លើ​ដី​មាន​ជី​ជាតិ​នោះវិញ។ ក្រុម​បរិស្ថាន​ឈ្មោះ​គ្រីន​ភីស (Greenpeace) បាន​ដឹក​នាំ​កិច្ច​ប្រឹង​ប្រែង ដើម្បី​ជំរុញ​ឲ្យមាន​ផលិតផល​ប្រេង​ដូង និង​ក្រដាសប្រកប​ដោយនិរន្តរ​ភាព នៅប្រទេស​ឥណ្ឌូ​នេ​ស៊ី។

កាល​ពី​ពេល​ថ្មីៗ​នេះ ហាង​លក់​អាហារឆ្អិន​ស្រាប់​ របស់​សហរដ្ឋ​អាមេរិក ឈ្មោះ​ប៊ើហ្គឺឃីង ​(Burger King) បាន​ចាប់​ផ្តើម​កាត់​បន្ថយ​ការ​ទិញ​ប្រេង​ដូង​ពី​សាខាមួយ ​របស់​ក្រុម​ហ៊ុន​ស៊ីណា​ម៉ាស ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ប្រេង​ដូង​ធំ​បំផុត​លំដាប់​ទី​២ ក្នុងពិភព​លោក។

ហាង​នេះបាន​ចាត់​វិធានការដូច្នេះ​ បន្ទាប់​ពី​សវន​កម្មមួយ​បាន​រក​ឃើញ​ថា សាខា​របស់​ក្រុម​ហ៊ុនស៊ី​ណា​ម៉ាស ឈ្មោះ​ស្មាត (SMART) បាន​បំពានលើ​ច្បាប់ឥណ្ឌូនេស៊ី ដោយ​ដាំ​ដុះ​នៅ​លើ​ដីមាន​ជី​ជាតិ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ការ​ប៊ោន។ SMART បាន​ផ្តល់​សិទ្ធិ​ឲ្យ​ធ្វើ​សវនកម្មនេះ។

ហាងប៊ើ​ហ្គឺ​ឃីងចូល​រួម​ក្នុង​បញ្ជី​ក្រុម​ហ៊ុន​ពហុជាតិ​សាសន៍ ដោយ​រាប់​បញ្ចូល​ទាំងក្រុម​ហ៊ុនផលិតអាហារ ​ឈ្មោះ​ណេ​ស្លេ (Nestle) និង​ក្រុម​ហ៊ុន​លក់​ផលិត​ផល​សម្រាប់​អតិថិជន​ឈ្មោះ​យូ​នី​លែវើ​ (Unilever) ដែល​កំពុង​កាត់​បន្ថយ​ការ​ទិញ​ប្រេង​ដូង និង​ក្រដាស​ ដែល​ផលិត​ដោយ​អង្គភាពនា​នា​របស់​ក្រុម​ហ៊ុន​ស៊ី​ណា​ម៉ាស។

អតិថិជនកាន់​តែ​ច្រើនឡើង នៅ​ជុំវិញ​ពិភព​លោក​កំពុង​យក​ចិត្ត​ទុក​ដាក់ទៅ​លើ​យុទ្ធនា​ការ​របស់គ្រីន​ភីស ដើម្បី​ការពារ​ព្រៃ​ឈើ​របស់​ឥណ្ឌូនេស៊ី។ គ្រីន​ភីស​ និង​ក្រុម​អភិរក្សដទៃ​ទៀត​បាន​ឲ្យ​ដឹង​ថា ព្រៃ​ឈើ និង​ដី​មាន​ជី​ជាតិ​មួយ​ចំនួន​ដ៏​ល្វឹង​ល្វើយ ​កំពុង​ត្រូវ​បានកាប់ត្រាយ​ ​ដើម្បី​យក​ឈើ​ និងផលិត​ក្រដាស ឬ​ក៏​យក​កន្លែង​សម្រាប់ធ្វើ​ចំការ​ដូង​ប្រេង។

លោកប៊ូស​តារ​ ម៉ៃថា​ (Bustar Maitar) នៃគ្រីន​ភីស​ប្រចាំ​នៅ​តំបន់​អាស៊ី​អគ្នេយ៍ ថ្លែង​ថា​ សវនកម្ម ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ BSI បាន​បង្ហាញ​ពី​តួនាទី​របស់​ក្រុម​ហ៊ុនស៊ី​ណា​ម៉ាស​ ក្នុង​ការ​កាប់​ព្រៃឈើ។

«យើង​បាន​រក​ឃើញ​ថា អ្វី​ដែល​ក្រុម​ហ៊ុន​ស៊ី​ណា​ម៉ាសកំពុង​ធ្វើ ​គឺបាន​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ​ ដែលទាក់ទាញទឹកភ្លៀង​ បំផ្លាញ​ជម្រក​សត្វជិតផុត​ពូជ ហើយ​ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ដែរ​ បាន​បំផ្លាញ​ដី​មាន​ជីជាតិ ដែល​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ចាប់ទុក​ជាតិ​កា​ប៊ោន​ ដើម្បី​ធ្វើ​ឲ្យ​ការ​ផ្លាស់​ប្ដូរ​អាសធាតុ​ ធ្វើ​ដំណើរ​ការ​ទៅ​ដោយ​យឺតៗ​»។

ពី​ដំបូង​ ក្រុម​ហ៊ុន​ស៊ី​ណា​ម៉ាស​បាន​បដិសេធ​ថា ខ្លួនមិន​បាន​ដាំ​ដុះ​នៅ​លើ​ដី​មាន​ជី​ជាតិ​ទេ បើ​ទោះ​ជា​ឥឡូវ​នេះ ខ្លួន​បាន​ទទួល​ស្គាល់​ថា ​មាន​បញ្ហា​ក៏​ដោយ។ ប៉ុន្ដែទោះជាយ៉ាង​ណាក្ដី​ ក្រុម​ហ៊ុននេះ ​បាន​ឲ្យ​ដឹងថា ដី​ដែល​ពាក់​ព័ន្ធនឹង​បញ្ហា​នេះ​ មាន​ទំហំ​តូច​ជាង​អ្វី​ដែលគ្រីនភីសបាន​អះ​អាង​ចោទ​ប្រកាន់។

SMART បាន​ថ្លែង​ថា ខ្លួន​កំពុង​ធ្វើ​ការ​ ដើម្បី​ការ​ពារ​បរិស្ថាន​ ហើយ​ថា នៅ​ត្រឹម​ឆ្នាំ​២០១៥​ ផលិតកម្ម​ទាំង​អស់​នឹង​មាន​និរន្តរ​ភាព។ លោកដត ដាសូណូ (Daud Dharsono) ជានាយក​របស់​ SMART ។

«SMART ទទួល​ស្គាល់​អំ​ពីការ​មិន​គោរព​ច្បាប់ទាក់​ទង​ទៅ​នឹងទំហំ​ដី​ចំនួន១.៨ភាគ​រយ​ នៃ​តំបន់​ដែល​ត្រូវ​បាន​ដាំ​ដុះ​នៅ​លើ​ដី​មាន​ជីជាតិ ។ ចាប់​ពី​ពេល​នោះមក​ SMART បាន​ចាត់​វិធានការ​កែ​តម្រូវ​ដ៏​ចាំ​បាច់​មួយ​ចំនួននៅ​ទី​កន្លែង​ណា​ដែល​អាច​ធ្វើ​ទៅ​បាន​ ដូចជា​ការ​ស្តារដី​នោះ​ឡើង​វិញ​ជា​ដើម​»។

គេ​បាន​ប្រទះ​ឃើញ ប្រេង​ដូង​នៅ​ក្នុង​ផលិត​ផល​រាប់​ពាន់​មុខ​ ដែល​រាប់​ចាប់​តាំង​ពី​នំ គ្រឿង​សំអាង​ រហូត​ដល់​ឥន្ធនៈ​ជីវ​សាស្រ្ត​ទៀតផង។

ឥណ្ឌូនេស៊ី​ជា​ប្រទេស​ផលិត​ប្រេងដូងច្រើនជាងគេ​បំផុតក្នុង​ពិភព​លោក ហើយ​បរិមាណ​ចំនួន​២០​លាន​តោន​ ដែល​ខ្លួន​បាន​ផលិត​កាល​ពី​ឆ្នាំ​មុន បំ​ពេញ​សេចក្ដី​ត្រូវ​ការ នៃ​ការ​បញ្ជា​ទិញ​របស់សកល​លោក​ បាន​ជិត​ពាក់​កណ្តាល​ ។ តួ​លេខ​របស់​ក្រសួង​បរិស្ថានបង្ហាញ​ថា ឥណ្ឌូនេស៊ី​មាន​ផែន​ការ​បន្ថែមទំហំ​ដីចំនួន​១៨​លាន​ហិក​តា​ទៀត សម្រាប់ធ្វើ​ចំការ​ដូង​ប្រេង​នៅ​ទសវត្សរ៍ក្រោយ​។

ក្រុម​អភិរក្ស​ព្រួយ​បារម្ភ​ថា ការ​បង្កើន​នោះ​ ភាគ​ច្រើន​ អាចត្រូវ​ធ្វើ​ឡើង​ ដែល​នាំ​ឲ្យ​ខូចប្រយោជន៍ព្រៃ​ឈើ និង​ដី​មាន​ជីជាតិ​របស់​ឥណ្ឌូនេស៊ី។

ក្រុម​តស៊ូ​មតិ​ការ​ពារ​ប្រេងដូងថ្លែង​ថា ​ការ​បង្កើន​ផលិត​ផលអាច​មាន​លទ្ធភាព​ធ្វើ​ទៅ​បាន ហើយការពារព្រៃ​ឈើ​នៅ​ពេល​ជា​មួយ​គ្នា​ផង​ដែរ​។ ការ​ពិភាក្សា​តុ​មូល​ស្តី​ពី​ប្រេង​ដូងប្រកប​ដោយ​និរន្តភាព​( Roundtable of Sustainable Palm Oil ឬ​ហៅ​កាត់​ថា RSPO) ជា​យន្ត​ការ​ តែ​មួយ​គត់​ ដែល​ស្របតាម​បទ​ដ្ឋាន​ឧស្សាហកម្ម​ ហើយ​ដែល​ដាក់​កិច្ច​ការ​យក​ប្រេងដូង​ទៅ​ប្រើក្នុង​វិស័យ​ផ្សេង​ៗ នៅ​ទូ​ទាំង​ពិភព​លោកប្រកប​ដោយ​និរន្តរ​ភាព ទៅក្នុង​បញ្ជី​ត្រឹម​ត្រូវ។

ប៉ុន្តែ​ ក្រុម​បរិស្ថាន​បាន​ហៅ RSPO ថា​គ្មាន​ប្រសិទ្ធ​ភាព​ទេ។ មាន​តែ​ក្រុម​ហ៊ុន​ដាំ​ដូង​ប្រេងចំនួន​១២​ប៉ុណ្ណោះ​ ក្នុង​ចំណោម​ក្រុម​ហ៊ុន​រាប់​ពាន់​នៅ​ឥណ្ឌូនេស៊ី ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ត្រឹម​ត្រូវ​ ។ គ្រីន​ភីស​បាន​ថ្លែង​ថា​ ដរាប​ណា​ក្រុម​ហ៊ុន​កាន់​តែ​ច្រើន​ឡើង​ គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ត្រឹម​ត្រូវ​ទេ នោះ​ព្រៃ​ឈើរបស់​ឥណ្ឌូនេស៊ីនៅ​តែស្ថិត​ក្នុង​ការ​គំរាម​កំហែង។

លោក​ចូហាន់ វើប៊ើក (Johan Verburg) ជា​ប្រធាន​នៃ​ក្រុម​ប្រឹក្សា​ទទួល​ពាក្យ​បណ្តឹង​នៃអង្គ​ការ​RSPO។ លោក​មាន​ប្រសាសន៍​ថា អង្គការ​នេះ​នឹង​បញ្ជូន​លិខិត​ព្រមានទៅឲ្យ​ក្រុម​ហ៊ុន​សាខា​SMART ទាក់​ទង​ទៅ​នឹង​របាយការណ៍​របស់​គ្រីន​ភីស។

«វា​ច្បាស់​ណាស់​ថា​ ជា​ករណី​ស្រប​ច្បាប់​មួយ​ ហើយ​ដោយគោល​បំណងរបស់​ RSPO គឺ​សំដៅ​ទៅ​រក​ផលិត​កម្ម​ និង​ការប្រើ​ប្រាស់​ប្រកប​ដោយ​និរន្តរ​ភាព យើង​កំពុង​ចូល​ប្រឡូកក្នុងការ​សន្ទនា​គ្នាជាមួយនឹងសមាជិក​មួយនេះ ដើម្បី​ឲ្យ​ RSPO កែ​លំអ​ការ​អនុវត្តន៍​របស់​ខ្លួន»។

ក្រុម​អ្នក​បរិស្ថាននិយាយ​ថា ប្រព័ន្ធ​ដើម្បី​តាម​ឃ្លាំ​មើល​ ហើយ​និង​ដាក់ផលិតផលប្រេង​ដូងប្រកបដោយ​និរន្តរ​ភាព នៅ​ក្នុង​បញ្ជី​ត្រឹម​ត្រូវ មាន​សភាព​យឺត​ជាង​ការ​ទាម​ទារ​របស់​អតិថិជន ដែលចង់បាន​ផលិត​ផល​មិនធ្វើឲ្យខូចបរិស្ថាន ។

ដោយ​ការ​ដាក់​ឈ្មោះនៅ​ក្នុង​បញ្ជី​ត្រឹម​ត្រូវ មិន​អាចធ្វើ​ដំណើរ​ការឲ្យ​បាន​ឆាប់​រហ័ស​បែប​នេះ​ហើយ ទើប​ក្រុម​ហ៊ុន​ទំនិញ​មួយ​ចំនួន​កំពុង​ស្វែង​រក​របៀបថ្មីៗ ដើម្បី​បង្ហាញ​ថា ទំនិញ​ទាំង​នោះ មាន​លក្ខណៈមិន​ធ្វើ​ឲ្យ​ខូចបរិស្ថាន​ទេ​។

ក្រុម​ហ៊ុន​គ្រប់​គ្រង​ជំនួញ ឈ្មោះSAP ផ្តល់​ជូនកម្ម​វិធី​កុំព្យូទ័រ​ ដែល​ធ្វើឲ្យ​ក្រុម​ហ៊ុននា​នាធ្វើ​ការវាស់​ស្ទង់​ពី​ការគោរព​ច្បាប់បរិស្ថាន​ និង​បទ​បញ្ជា​ផ្នែក​ឧស្សាហកម្ម​។

លោក​សៃ​ម៉ុន ដេល (Simon Dale) នៃ​ក្រុមហ៊ុន​SAP ដែល​មាន​ទី​ស្នាក់​ការនៅ​ប្រទេស​សឹង្ហ​បូរី ថ្លែង​ថា​ កម្មវិធី​កុំព្យូទ័រ អាច​វាស់​ស្ទង់​កម្រិត​ជាតិ​កា​ប៊ោន​របស់​ក្រុម​ហ៊ុន និង​និរន្តរ​ភាព​នៃ​ផលិត​ផលរបស់​ខ្លួន។

«ក្រុម​ហ៊ុននានា​កំពុង​ប្រើ​ប្រាស់​ផលិត​ផលរបស់​យើង ដើម្បី​គ្រប់​គ្រង​ រូបមន្ត​នៃផលិត​ផលរបស់​ពួក​គេ នៅ​ក្នុង​ករណី​ខ្លះៗ។ ដូច្នេះ ដើម្បីធ្វើ​ជា​ផ្នែក​មួយ​នៃ​ការ​ធានា​ឲ្យ​ប្រាកដថា ក្រុមហ៊ុន​កំពុង​ធានា​បាន​នូវ​ផលិត​ផល​ប្រកប​ដោយ​និរន្តរ​ភាព ការណ៍នោះ​ជាផ្នែកមួយ​នៃ​រូបមន្ត​នេះ ហើយ​ផ្នែក​ដទៃ​ទៀត​គឺ​ថា ប្រសិន​បើ​ផលិត​ផលឆ្លង​កាត់​តាម​បណ្ដាញផ្គត់​ផ្គង់ ត្រូវបាន​តាម​ដាន​មើលថា​តើ​ចេញពី​ប្រភព​ប្រកប​ដោយ​និរន្តរ​ភាពឬ​យ៉ាង​ណា​នោះ ប្រការ​នោះ​ក៏​ជា​ចំណុចមួយទៀតដែរ​ ដែល​អតិថិជន​ម្នាក់ៗនឹង​អនុវត្ត​តាម​ដំណោះ​ស្រាយ​របស់​យើង»។

លោក​ដេល​ថ្លែង​ថា កម្ម​វិធី​កុំព្យូទ័រ​ជួយ​ក្រុម​ហ៊ុននា​នាឲ្យចូល​ប្រឡូក​ដោយ​ផ្ទាល់​ជាមួយ​និងអតិថិជន​របស់​ខ្លួន​លើ​បញ្ហា​បរិស្ថាន ហើយបង្ហាញ​អំពី​អ្វី​ៗ​ដែល​ ពួក​គេ​កំពុង​ធ្វើ​កិច្ចការ​ ដើម្បី​ការ​ពារ​ភពផែន​ដី​នេះ៕

ប្រែ​សម្រួល​ដោយ​លី​ សុខ​ឃាង

XS
SM
MD
LG