លោកស្រីអោង សានស៊ូជី មេដឹកនាំប្រជាធិបតេយ្យភូមាបានជួបក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីនេះជាមួយឥស្សរជនបរទេសជាន់ខ្ពស់ជាច្រើន។ ការជួបនេះរួមមានទាំងរដ្ឋាភិបាលស៊ីវិលមានតែឈ្មោះរបស់ភូមាដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវកំណែទម្រង់ខាងនយោបាយដែលកំពុងបន្តមានឡើងនៅក្នុងប្រទេសនោះ ក៏ប៉ុន្តែ ពួកអ្នកវិភាគព្រមានថាការរីកចម្រើននៅមានភាពស្រួយនៅឡើយ។
លោកស្រីអោង សានស៊ូជី មេដឹកនាំនិយមលទ្ធិប្រជាធិបតេយ្យបានជួបកាលពីយប់ថ្ងៃច័ន្ទជាមួយលោក George Soros នៅគេហដ្ឋានរបស់លោកស្រីក្បែរមាត់បឹង។
អង្គការមូលនិធិចិត្តសប្បុរសធម៌របស់មហាសេដ្ឋីអាមេរិកាំងប្រាប់ឲ្យដឹងថា ខ្លួនគាំទ្រការធានាដែលផ្តល់ព័ត៌មានដោយគ្មានការចាប់ពិរុទ្ធដល់ប្រទេសភូមានិងពួកសកម្មជនដែលអំពាវនាវឲ្យមានការយកចិត្តទុកដាក់ជាសាធារណៈដល់ការប្រើអំណាចជ្រុលហួស។
លោក Soros ជាឥស្សជនសាធារណៈថ្មីៗបំផុតដែលបានជួបជាមួយជ័យលាភីណូបែលសន្តិភាពចាប់តាំងពីលោកស្រីត្រូវបានដោះលេងកាលពី១ឆ្នាំមុន ឲ្យរួចពីការឃុំឃាំងនៅក្នុងផ្ទះជាខណៈៗអស់រយៈពេល១៥ឆ្នាំ។ លោក Carl Thayer សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយនៅបណ្ឌិតសភាការពារប្រទេសអូស្ត្រាលីនិយាយថា មេដឹកនាំពាណិជ្ជកម្ម និងនយោបាយដ៏មានឥទ្ធិពល កំពុងតែនាំគ្នាធ្វើការផ្លាស់ប្តូរក្នុងកម្រិតខ្ពស់បំផុតនៅក្នុងប្រទេសភូមា ហើយនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់។
«លោកស្រីជាមនុស្សមានបញ្ញាឈ្លាសវៃ ហើយគេដាក់ឲ្យនៅឯកោ។ ហើយខ្ញុំគិតថា លោកស្រីត្រូវការការណែនាំរបស់មនុស្ស ដូចជាលោក Soros និងមនុស្សផ្សេងៗទៀត ហើយនឹងស្ថាប័នហិរញ្ញវត្ថុ និងអង្គការមូលនិធិ ហើយនឹងមនុស្សនៅមូលដ្ឋាន ដើម្បីប្រតិបត្តិការខិតខំប្រឹងប្រែងរបស់លោកស្រី»។
កាលពីមួយខែមុន លោកស្រីអោង សានស៊ូជីបានជួបជាមួយលោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Hillary Clinton នាយករដ្ឋមន្រ្តីថៃលោកស្រី Yingluck Shinawatra និងរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ីនិងជប៉ុន។ នៅចុងសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស William Hague ត្រូវគេរំពឹងថា នឹងបំពេញទស្សនកិច្ចប្រទេសភូមា។
ដំណើរបំពេញទស្សនកិច្ចរបស់លោក Haque នឹងកើតឡើងក្នុងពេលជាមួយគ្នានៃការលើកលេងទោសជាទូទៅ ដល់ពួកអ្នកទោសដែលបានប្រកាសកាលពីថ្ងៃច័ន្ទដោយបណ្តាញផ្សាយព័ត៌មានរដ្ឋភូមា។
កាយវិការសប្បុរសធម៌នេះ ជាធម្មតាធ្វើឡើងនៅពេលប្រារព្ធបុណ្យឯករាជ្យរបស់ភូមា។ អ្នកទោសដែលគេជ្រើសរើសនឹងត្រូវបានបន្ធូរបន្ថយទោសនៅថ្ងៃអង្គារ។ គេមិនទាន់ដឹងច្បាស់នៅឡើយ ថាតើពួកអ្នកទោសប៉ុន្មាននាក់ ដែលនៅក្នុងពន្ធនាគារ នឹងត្រូវទទួលបានការលើកលេងទោស ឬថា តើមានអ្នកទោសនយោបាយប៉ុន្មាននាក់នឹងរួមមាននៅក្នុងនោះទេ?
ភូមាកំពុងឃុំឃាំងមនុស្សរាប់រយនាក់ដោយសារជំនឿខាងនយោបាយរបស់ពួកគេ។ លោកស្រីគ្លីនតុន និងមន្រ្តីផ្សេងៗទៀត ដែលបានបំពេញទស្សនកិច្ចនៅភូមា បានចូលរួមជាមួយលោកស្រីអោង សានស៊ូជីនៅក្នុងការអំពាវនាវឲ្យដោះលេងពួកគេជាបន្ទាន់។
លោកThitinan Pongsudhirak នាយកវិទ្យាស្ថានការសិក្សាសន្តិសុខ និងអន្តរជាតិ នៅសកលវិទ្យាល័យ Chulalongkorn ក្នុងទីក្រុងបាងកក និយាយថា ដំណើរបំពេញទស្សនកិច្ចរបស់លោកស្រីគ្លីតុនបានបើកផ្លូវឲ្យមានការទាក់ទងខាងការទូតជាមួយភូមា ដែលមានឈ្មោះថ្មីថា ជាមីយ៉ានម៉ា។
«វាជាភ្លើងខៀវសម្រាប់ប្រទេសផ្សេងៗទៀតដើម្បីចាប់ផ្តើមលុបចោលការដាក់ទណ្ឌកម្ម ដើម្បីផ្តល់ជំនួយអភិវឌ្ឍន៍។ ពួកគេត្រូវតែប្រយ័តប្រយ៉ែង ដោយមិនផ្សព្វផ្សាយផលប្រយោជន៍ខាងពាណិជ្ជកម្មឆាប់រហ័សពេក។ មានក្រុមប្រឆាំងខ្លះដែលឃើញថា អត្ថប្រយោជន៍ទាំងនេះជាប្រភេទដ៏ធំមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម»។
ភូមាជាប្រភពដ៏សំខាន់មួយនៃឧស្ម័នធម្មជាតិ ត្បូង និងឈើ។ ប៉ុន្តែ ប្រទេសលោកខាងលិចបានដាក់កម្រិតពាណិជ្ជកម្ម ពីព្រោះតែការដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងការជិះជាន់សង្កត់សង្កិតរបស់ពួកយោធាលើលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
ចាប់តាំងពីរដ្ឋាភិបាលរបស់ប្រធានាធិបតី Thein Sein បានចូលកាន់តំណែងក្នុងខែមិនាឆ្នាំទៅជំនួសការគ្រប់គ្រងរបស់ពួកយោធាមកនោះ រដ្ឋាភិបាលនេះបានទទួលការសរសើរជាបន្តបន្ទាប់ចំពោះចំណាត់ការខាងនយោបាយ និងសេដ្ឋកិច្ចសេរី។ ប្រធានាធិបតី Thein Sein បានធ្វើចរចាដោយផ្ទាល់ជាមួយលោកស្រីអោង សានស៊ូជី។
លោកThitinan និយាយទៀតថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំង២មានសារៈសំខាន់យ៉ាងខ្លាំងដើម្បីទ្រទ្រង់ការធ្វើកំណែទម្រង់។ លោកនិយាយទៀតថា នៅមានអ្នកប្រកាន់នយោបាយតឹងរ៉ឹងនៅក្នុងរដ្ឋាភិបាលដែលនឹងធ្វើឲ្យខូចដល់ដំណើរការនេះ ប្រសិនបើវាទៅលឿនពេក។
«សន្ទុះដែលយើងកំពុងឃើញនេះមិនធ្លាប់មានទេកាលពីពេលមុន ហើយវាមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ការផ្លាស់ប្តូរដំណើរការនេះដោយមិនមានការខាតបង់ដ៏ច្រើនដល់ពួកអ្នកដឹកនាំនៅភូមាគឺជាការពិបាក។ ទោះបីពួកគេចង់ពន្យឺតវា ឬផ្លាស់ប្តូរវាក៏ដោយគឺគេមិនអាចធ្វើបានទេ ព្រោះឥឡូវនេះ ពួកគេចូលជ្រៅណាស់ទៅហើយ។ ឥឡូវនេះ ពេលប្រទេសភូមាជិតដល់ពេលដើរតួនាទីជាប្រធានរបស់សមាគម ASEAN ក្នុងឆ្នាំ២០១៤នោះ ខ្ញុំរំពឹងថា ការធ្វើកំណែទម្រង់ នឹងមាននិរន្តភាព»។
មានការព្រួយកង្វល់ដែរអំពីការឡើងថ្លៃទំនិញ បន្ទាប់ពីអាជ្ញាធរបានដំឡើងថ្លៃឧស្ម័នចំនួន៣០ភាគរយ កាលពីថ្ងៃអាទិត្យ។ កាលពីនៅក្នុងឆ្នាំ២០០៧មានការដំឡើងថ្លៃមិនប្រកាសស្រដៀងគ្នានេះដែរ ដែលបានធ្វើឲ្យមានការប្រឆាំងតវ៉ាហើយដែលបន្ទាប់មកត្រូវពួកយោធាកម្ទេចដោយ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន