ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បង្កើន​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ​អាច​ប៉ះពាល់​ដល់​សម្ព័ន្ធ​ភាព​របស់​សហរដ្ឋ​អាមេរិក


គ្រូបង្វឹក​ Sarah Murray (កណ្តាល) នៃ​ក្រុម​កីឡា​បាល់ទឹកកកផ្នែកនារី​នៃ​ប្រទេស​កូរ៉េខាងជើង​បាន​មកដល់​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡា​ជាតិ​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃទី​២៥ មករា ២០១៨។
គ្រូបង្វឹក​ Sarah Murray (កណ្តាល) នៃ​ក្រុម​កីឡា​បាល់ទឹកកកផ្នែកនារី​នៃ​ប្រទេស​កូរ៉េខាងជើង​បាន​មកដល់​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡា​ជាតិ​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃទី​២៥ មករា ២០១៨។

សារ​បែប​សម្រុះសម្រួល​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មករា កន្លង​ទៅ​នេះ អាច​បង្ហាញ​ឲ្យ​ឃើញ​ថា កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​ទាក់ទង​កូរ៉េ​ខាង​ជើង​ពាក់ព័ន្ធ​នឹង​កីឡា​អូឡាំពិក គឺ​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ គេ​ឃើញ​នៅ​មាន​ការ​ព្រួយ​បារម្ភ​ដែល​ថា ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ​កាន់តែ​ប្រសើរ​ឡើង​អាច​ប៉ះពាល់​ដល់​យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​ជា​អតិបរមា​របស់​សហរដ្ឋ​អាមេរិក​លើ​កូរ៉េ​ខាង​ជើង។

ក្រោយ​ពី​កិច្ច​ប្រជុំ​រួម​គ្នា​មួយ​របស់​គណបក្ស​នយោបាយ​នានា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ចប់​ទៅ​កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​របស់​លោក Kim Jong Un បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ដែល​ជំរុញ​ឲ្យ​ជនជាតិ​កូរ៉េ​ទាំង​អស់ «ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​ក្រៅ​ប្រទេស‍» ឲ្យ «បង្កើន​ទំនាក់ទំនង​រវាង​កូរ៉េ​ខាង​ជើង​និង​កូរ៉េ​ខាង​ត្បូង​ឲ្យ​បាន​ប្រសើរ​ឡើង​ឲ្យ​បាន​ឆាប់» និង​ធ្វើ​ការ​ដើម្បី «សម្រេច​ឲ្យ​បាន​នូវ​ការ​បង្រួបបង្រួម​គ្នា​ឡើង​វិញ​ដោយ​ឯករាជ្យ‍» ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង។

សារ​នេះ​ក៏​គាំទ្រ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​នៅ​លើ​ឧបទ្វីប​កូរ៉េ និង​ជំរុញ​ឲ្យ​មាន​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​កម្មវិធី​ផ្លាស់ប្ដូរ​ផ្សេងៗ​ផង​ដែរ។

ការ​ស្នើ​ឡើង​ដោយ​សន្តិវិធី​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នេះ គឺ​ជា​ការ​វិវឌ្ឍ​បែប​វិជ្ជមាន​ថ្មី​ចុង​ក្រោយ​បំផុត​ដែល​កើត​ចេញ​ពី​កិច្ច​ប្រឹងប្រែង​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In ក្នុង​ការ​បញ្ចុះ​បញ្ចូល​កូរ៉េ​ខាង​ជើង​ឲ្យ​ចូលរួម​នៅ​ក្នុង​កីឡា​អូឡាំពិក ដែល​ជា​វិធី​មួយ​ដើម្បី​ចាប់ផ្ដើម​ឡើង​វិញ​នូវ​កិច្ច​ចរចា​រវាង​កូរ៉េ​ទាំង​ពីរ និង​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង។

ការ​យល់ព្រម​របស់​រដ្ឋាភិបាល​លោក Kim Jong Un ក្នុង​ការ​បញ្ជូន​ក្រុម​គណៈប្រតិភូ​ដ៏​ធំ​មួយ​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ក្នុង​ទីក្រុង PyeongChang ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៨ នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​កិច្ច​ប្រឹងប្រែង​ជា​បន្ត​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ការ​អភិវឌ្ឍ​គ្រាប់​ផ្លោង​មីស៊ីល​នុយក្លេអ៊ែរ​ដែល​ហោះ​បាន​ចម្ងាយ​ឆ្ងាយ​មួយ ដែល​មាន​សមត្ថភាព​អាច​ហោះ​ដល់​ដែនដី​គោក​របស់​សហរដ្ឋ​អាមេរិក​បាន។

លោក Moon Jae In ក៏​បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ពន្យារពេល​ការ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​រួម​គ្នា​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។ សមយុទ្ធ​រួម​គ្នា​នេះ ត្រូវ​បាន​កូរ៉េ​ខាង​ជើង​យល់​ឃើញ​ថា​ជា​ការ​ហាត់​សម​បែប​បង្ក​ហេតុ​ដើម្បី​ឈ្លានពាន​ខ្លួន។

ការ​ប៉ះពាល់​ដល់​សន្តិភាព

ឥរិយាបថ​បែប​សម្រុះ​សម្រួល​ភ្លាមៗ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នេះ បាន​ធ្វើ​ឲ្យ​អ្នក​វិភាគ​ជា​ច្រើន​មាន​ការ​សង្ស័យ។

អ្នក​វិភាគ​ផ្នែក​សន្តិសុខ​លោក Daniel Pinkston ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Troy នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ឲ្យ​បទ​ពិសោធន៍​នៃ​កីឡា​អូឡាំពិក​នេះ​ជួយ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​កូរ៉េ​ខាង​ជើង​តាម​មធ្យោបាយ​ខ្លះ និង​ចង់​ឲ្យ​កូរ៉េ​ខាង​ជើង​ក្លាយជា​រដ្ឋ​ដែល​មាន​ការ​សហការ​ជាង​មុន​មួយ។ ប៉ុន្តែ ខ្ញុំ​គិត​ថា វា​នឹង​មិន​អាច​ទៅ​រួច​នោះ​ទេ‍»។

គោល​បំណង​របស់​រដ្ឋាភិបាល​លោក Moon Jae In គឺ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ឲ្យ​ត្រឡប់​មក​កាន់​ការ​ចរចា​ជា​អន្តរជាតិ​ឡើង​វិញ ដើម្បី​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​ចេញ និង​ការ​ធានា​បាន​នូវ​សន្តិសុខ​ល្អ។

ប៉ុន្តែ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ប្រកាន់​ជំហរ​ដែល​មិន​អាច​សម្រប​សម្រួល​បាន​មួយ​នៅ​ក្នុង​ការ​ប្រកាស​ថា​ខ្លួន​ជា​រដ្ឋ​នុយក្លេអ៊ែរ ដោយ​ផ្ដល់​ហេតុផល​ថា ខ្លួន​ត្រូវការ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​សហរដ្ឋ​អាមេរិក និង​កន្លង​មក​បាន​បដិសេធ​មិន​ពិភាក្សា​អំពី​ក្ដី​រំពឹង​ក្នុង​ការ​ធ្វើ​ឲ្យ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

សហរដ្ឋ​អាមេរិក​មិន​ជឿ​លើ​ការ​អះអាង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដែល​ថា អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​គឺ​សម្រាប់​តែ​ការ​ការពារ​ខ្លួន​តែ​មួយ​មុខ​នោះ​ទេ។ ប្រធាន​ទីភ្នាក់ងារ CIA លោក Mike Pompeo កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បញ្ជាក់​ថា កូរ៉េ​ខាង​ជើង​ត្រៀម​ខ្លួន​ប្រើ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​សម្រាប់​គោល​បំណង «បង្ខិតបង្ខំ‍» ដើម្បី​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​ឡើង​វិញ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក Kim Jong Un នៅ​ទី​បំផុត។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​បាន​ចាត់ទុក​ការ​អភិវឌ្ឍ​មីស៊ីល​នុយក្លេអ៊ែរ​ដែល​ហោះ​បាន​ចម្ងាយ​ឆ្ងាយ​របស់​កូរ៉េ​ខាង​ជើង​ថា​ជា​ការ​គំរាមកំហែង​ជា​បន្ត​មួយ​ផង​ដែរ និង​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​យល់ព្រម​លះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន មុន​ពេល​ការ​ពិភាក្សា​ផ្លូវការ​ណា​មួយ​អាច​ចាប់ផ្ដើម​បាន។

ឱកាស​នៃ​ការ​ចរចា

ការ​ព្រមព្រៀង​គ្នា​រវាង​កូរ៉េ​ទាំង​ពីរ​ពាក់ព័ន្ធ​នឹង​កីឡា​អូឡាំពិក​នេះ អាច​ផ្ដល់​ឱកាស​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​សម្រាប់​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។ គេ​ឃើញ​មាន​ការ​ប៉ាន់​ប្រមាណ​មើល​ថា ប្រសិនបើ​កិច្ច​សហប្រតិបត្តិការ​រវាង​កូរ៉េ​ទាំង​ពីរ​នៅតែ​បន្ត លោក Moon Jae In នឹង​ព្យាយាម​លុប​ចោល​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​រវាង​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដូវ​ផ្កា​រីក​ក្នុង​ឆ្នាំ​នេះ ដើម្បី​ទុក​ឲ្យ​មាន​លំហ​ការទូត​បន្ថែម​ទៀត​ជាមួយ​កូរ៉េ​ខាង​ជើង។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​យល់ព្រម​ពន្យារ​ពេល​បន្ថែម​ទៀត​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​នេះ​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ដោយ​ហេតុ​ថា រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជាក់​ថា សមយុទ្ធ​នេះ​គឺ​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ការ​ត្រៀម​ខ្លួន​រួចរាល់​បែប​យោធា​ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ណា​មួយ។

ជាង​នេះ​ទៅ​ទៀត គេ​ឃើញ​មាន​ក្ដី​បារម្ភ​មួយ​ចំនួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​ថា ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In អាច​នៅ​មិន​ទាន់​ច្បាស់​ចំពោះ​ការ​គាំទ្រ​របស់​លោក​ចំពោះ​គោល​នយោបាយ «ដាក់​សម្ពាធ​ជា​អតិបរមា» របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ​លើ​កូរ៉េ​ខាង​ជើង ហើយ​ជំនួស​មក​វិញ អាច​យល់ព្រម​ចំពោះ​ការ​បន្ធូរបន្ថយ​ការ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​លើ​កូរ៉េ​ខាង​ជើង​ដើម្បី​កិច្ច​សហប្រតិបត្តិការ​រវាង​កូរ៉េ​ទាំង​ពីរ។

អតីត​អ្នក​វិភាគ​របស់​ទីភ្នាក់ងារ CIA អ្នកស្រី Sue Mi Terry បាន​និយាយ​នៅ​ឯ​វេទិកា​ស្ដី​ពី​សន្តិសុខ​ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​មករា កន្លង​ទៅ​នេះ​ថា៖ «ប្រសិនបើ​កូរ៉េ​ខាង​ត្បូង​សម្រេច​ប្រើ​វិធី​ផ្សេង និង​ធ្វើ​តាម​ការ​ទាមទារ​មួយ​ចំនួន​របស់​កូរ៉េ​ខាង​ជើង ខ្ញុំ​គិត​ថា វា​នឹង​បង្កើត​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​លោក Moon Jae In‍»។

ក្រុម​គណបក្ស​ប្រឆាំង​កូរ៉េ​ខាង​ត្បូង​ក៏​បាន​រិះគន់​ផង​ដែរ​លើ​លោក Moon Jae In ចំពោះ​ការ​បំពេញ​ចិត្ត​តាម​ការ​ចូលរួម​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​កីឡា​អូឡាំពិក។ ពួកគេ​បាន​បញ្ជាក់​ថា ការ​ចូលរួម​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​កីឡា​អូឡាំពិក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​សុឆន្ទៈ​បែប​ឃោសនា​មួយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ដក​ទណ្ឌកម្ម​ចេញ។

ប៉ុន្តែ អ្នកស្រី Sue Mi Terry ដែល​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS បាន​និយាយ​ថា អ្នកស្រី​មិន​ជឿ​ថា រដ្ឋាភិបាល​លោក Moon Jae In នឹង​បំផ្លាញ​សម្ព័ន្ធភាព​របស់​ខ្លួន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដោយ​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឡើង​វិញ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅ​ពេល​នេះ​នោះ​ទេ។

អ្នកស្រី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «កូរ៉េ​ខាង​ត្បូង​បាន​ប្រាប់​សហរដ្ឋ​អាមេរិក​ថា ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង ពួកគេ​បាន​រៀន​សូត្រ​ពី​ប្រវត្តិសាស្ត្រ​ថា ពួកគេ​នឹង​មិន​ធ្វើ​សម្បទាន​ឯកតោភាគី​ចំពោះ​កូរ៉េ​ខាង​ជើង​នោះ​ទេ‍»។

ដោយ​យល់​ឃើញ​ថា កិច្ច​សហប្រតិបត្តិការ​របស់​កូរ៉េ​ខាង​ជើង​ក្នុង​កីឡា​អូឡាំពិក​នេះ​ជា «រឿង​ល្អ‍» មួយ​នោះ រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង​លោកស្រី Kang Kyung Wha បាន​និយាយ​ថា រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ក៏​ត្រៀម​ខ្លួន​សម្រាប់​ការ​បង្កហេតុ​ណា​មួយ​បន្ថែម​ទៀត​ពី​កូរ៉េ​ខាង​ជើង​ផង​ដែរ។ លោកស្រី​បាន​ថ្លែង​ដូច្នេះ​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មករា​កន្លង​ទៅ​នេះ នៅ​ក្នុង​អំឡុង​ពេល​លោកស្រី​ផ្ដល់​បទ​សម្ភាសន៍​ដល់​ទីភ្នាក់ងារ​ព័ត៌មាន Reuters អំពី​ជំនួប​បន្ទាប់បន្សំ​ក្រៅ​ពី​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Davos ប្រទេស​ស្វីស។

ស្រប​ពេល​ដែល​ស្នើ​ឲ្យ​មាន​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ក៏​កំពុង​រៀបចំ​ធ្វើ​ក្បួន​ព្យុហយាត្រា​យោធា​ដ៏​ធំ​មួយ​ផង​ដែរ ដែល​ទំនងជា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ ខាង​មុខ​នេះ គឺ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​មុន​ពេល​ការ​ប្រកួត​កីឡា​អូឡាំពិក​ចាប់ផ្ដើម​ឡើង។ រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​យក​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ ដែល​ជា​ថ្ងៃ​ព្យុហយាត្រា​យោធា​នេះ ជា​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ជា​ការ​ប្រារព្ធ​ដល់​ការ​បង្កើត​កង​កម្លាំង​យោធា​របស់​ប្រទេស៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG