ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង ដែល​ជាប់​ពន្ធនាគារ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត


លោក ហុង សុខហួរ សមាជិកព្រឺទ្ធសភា​គណបក្ស​សមរង្ស៊ី ស្រែក​ប្រាប់អ្នកសារព័ត៌មាន​ពីក្នុង​ឡានទ្រុងរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដោយអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​ទៅចុះ​ឈ្មោះ និង​បោះ​ឆ្នោត​ឲ្យបានគ្រប់គ្នា នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក ហុង សុខហួរ សមាជិកព្រឺទ្ធសភា​គណបក្ស​សមរង្ស៊ី ស្រែក​ប្រាប់អ្នកសារព័ត៌មាន​ពីក្នុង​ឡានទ្រុងរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដោយអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​ទៅចុះ​ឈ្មោះ និង​បោះ​ឆ្នោត​ឲ្យបានគ្រប់គ្នា នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​​​កាត់​ទោស​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ នៅ​ព្រឹក​នេះ ក្រោយ​ចេញ​ពី​សវនាការ​ដែល​តុលាការ​កោះ​ហៅ​លោក​មក​ធ្វើ​ជា​សាក្សី​ក្នុង​សំណុំ​រឿង​របស់ លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​បទ​សម​គំនិត​ក្នុង​ការ​ក្លែង​ឯកសារ​សាធារណៈ លោក​ ហុង សុខហួរ បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​ឲ្យ​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាមទារ​ឲ្យ​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង លោក ហុង សុខហួរ ​ដែល​កំពុង​ជាប់​ចោទពី​បទ​ក្លែង​ឯកសារសន្ធិ​សញ្ញា​ព្រំ​ដែន​កម្ពុជា-វៀតណាម បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ដើម្បី​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​ និង​ដើម្បីទាមទារ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា។ លោក​ ហុង សុខហួរ អះអាង​ថា ការ​កាត់ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​ គឺ​ដោយសារ​តុលាការ​មិន​ឯករាជ្យ​ និង​ស្ថិត​ក្រោម​គំនាប​នយោបាយ។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សាលា​ដំបូង​រាជធានី បើក​សវនាការ​សំណុំរឿង​ក្ដី​លោក សម រង្ស៊ី និង​យុវជន​ពីរ​នាក់​ទៀត​ដែល​ជា​ជំនួយ​ការ​របស់​លោក សម រង្ស៊ី និង​ជំនួយ​ការ​របស់​លោក ហុង​ សុខហួរ ដែល​អ្នក​ទាំង​បី​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ពាក់ព័ន្ធ​នឹង​បទ​សម​គំនិត​ក្លែង​ឯកសារ​សាធារណៈ ដែល​ជា​សំណុំ​រឿងបំបែក​ចេញ​ពី​សំណុំ​រឿង​របស់​លោក ​ហុង សុខហួរ។

តុលាការ​ បាន​កោះ​ហៅ​លោក ហុង សុខហួរ ដែល​ទើប​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​៧ឆ្នាំ មក​ធ្វើ​ជាសាក្សី​ក្នុង​សវនាការ​នេះ។

រូបឯកសារ៖ លោក ហុង សុខហួរ (ស្តាំ) សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម ​រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ ត្រូវបាន​ប៉ូលិស​នាំ​ខ្លួន​ចូលសាលាដំបូងរាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។ នៅថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក ហុង សុខហួរ (ស្តាំ) សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម ​រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ ត្រូវបាន​ប៉ូលិស​នាំ​ខ្លួន​ចូលសាលាដំបូងរាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។ នៅថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក ហុង​ សុខហួរ សមាជិក​ព្រឹទ្ធសភា​ដែល​មាន​សញ្ជាតិ​បារាំង ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញសម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ចំពោះ​បទល្មើស​ចំនួន​បី​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​សាធារណៈ ក្រោយពី​លោក​បាន​ប្រើ​ប្រាស់​ទំព័រ​ Facebook របស់​លោក​ សម រង្ស៊ី បង្ហោះ​នូវ​ឯក​សារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​និយាយ​ថា​ជា​ឯកសារ​ក្លែងក្លាយ។

បន្ទាប់ពី​សវនាការ​ដោយ​គ្មាន​ការ​ចូល​រួម​ពី​ចុង​ចោទ ចៅក្រម លោក លាង សំណាត់ ក៏​បាន​ប្រកាស​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ទី៩ ខែ ធ្នូ ទៅ​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​ចុង​ចោទ​ទាំង​បី ដោយ​មូល​ហេតុ​ម្ដាយ​ក្មេក​របស់​លោក សម រង្ស៊ី ទើប​ទទួល​មរណភាព និង​ចុងចោទ​ពីរ​នាក់​ទៀតមិន​បាន​ចូល​រួម​សវនាការ។​

ខណៈ​សមត្ថកិច្ច​បណ្ដើរ​ចេញពី​តុលាការ​ឲ្យ​ចូល​រថយន្ត​ទ្រុង​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ រួម​ជា​មួយជន​ត្រូវ​ចោទ និងជន​ជាប់​ចោទ​ផ្សេង​ទៀត លោក ហុង សុខហួរ បាន​ស្រែក​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖

«អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះបោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​នឹង​បាន​បោះ​ឆ្នោត​ក្នុង​ការ​ប្ដូរ​ផ្លាស់ ដើម្បី​ឲ្យ​បានតុលាការ​យុត្តិធម៌ គោរព​សិទ្ធិ​មនុស្ស និងការពារ​បូរណភាព​ទឹកដី»។

ក្រៅពី​លោក ហុង សុខហួរ ក៏​មាន​ប្រធាន អនុ​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ សមាជិក​ព្រឹទ្ធសភា និង​តំណាងរាស្ត្រ រួម​ទាំងសកម្មជន​ជា​ច្រើន​ទៀត​របស់​គណបក្ស​ប្រឆាំង ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន កាត់​ទោស និង​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ផ្សេងៗ​គ្នា។

យុវជនមួ​យ​ចំនួន​ដែល​បាន​បង្ហោះ​សារ​រិះគន់​មេដឹកនាំ​គណបក្ស​កាន់​អំណាច​លើ​បណ្ដាញ​សង្គម Facebook កន្លង​មក ក៏​ត្រូវ​បាន​ឃាត់​ខ្លួន ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ផង​ដែរ។​

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់ VOA ថា ការ​អំពាវ​នាវ​របស់​លោក ហុង សុខហួរ គឺ​ជា​ការ​ឃោសនា​នយោបាយ​ ដោយ​រំពឹង​ថា​លោក​អាច​រួចផុត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ។

លោក​បន្ថែម​ថា តុលាការ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់តែ​លើ​ជន​ដែល​ប្រព្រឹត្ត​បទ​ល្មើស ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម​តែ​ប៉ុណ្ណោះ។​

«គាត់​ថា​ឲ្យ​បងប្អូន​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បីបោះ​ឆ្នោត​ឲ្យ​គាត់។ គាត់​ជាប់​ឆ្នោត​ទៅ​ វា​មានការ​ផ្លាស់​ប្ដូរ​ ហើយ​គាត់​ធ្វើ​វិសោធន​កម្ម​ច្បាប់។ ហ្នឹង​គាត់​រួច​ពី​គុក​ហើយ ហ្នឹង​ជា​ចេតនា​គាត់​ចង់​អញ្ចឹង។ ក៏​ប៉ុន្តែ ​ទៅ​ម៉េច​ហ្នឹង​រួច? ឆ្នាំ​២០១៣​ គាត់​ឡើង​ដល់​កំពូល​ហើយ ហើយ​ឥលូវ​នេះ​មាន​ឥស្សរ​ជន​មួយ​ចំនួន​របស់​គាត់​ធ្លាប់​បោះ​ឆ្នោត​ឲ្យ​គាត់​ធ្លាប់​គាំទ្រ​គាត់ គេ​ចេញ​រួច​ហើយ មាន​អី​ទៀត។ សំឡេង​វា​អត់​មាន​នៅ​រហូត​ដល់​៥៥​កៅអី​ទៀត​ទេ»។

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)
លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

លោក សុខ ឥសាន បន្ថែម​យ៉ាង​ដូច្នេះ៖ «ហុង សុខហួរ បង្ហោះ​កិច្ច​ព្រមព្រៀង​ក្លែងក្លាយ ប្រឌិត​ឯកសារ​ក្លែង​ក្លាយ ប្រើ​ប្រាស់​ឯកសារ​ក្លែង​ក្លាយ​ ដើម្បី​អី? ដើម្បី​ជា​ចេតនា​ទុច្ចរិត​ខាង​នយោបាយ។ គេ​ហៅ​ថាសម្លាប់​ជីវិត​នយោបាយ​របស់​គណបក្ស​ប្រជាជន អា​ហ្នឹង​ជា​ចេតនា​ធំ​ណាស់។ វា​មាន​រដ្ឋាភិបាល​ណា​ដែល​ចុះ​ហត្ថ​លេខា​លុប​ខ្សែ​បន្ទាត់​ព្រំ​ដែន​របស់​ខ្លួន? នៅ​លើ​ពិភព​លោក​វា​អត់​មាន​ទេ។ អញ្ចឹង​គាត់​ដុត​កំហឹង​ប្រជា​ជន​ឲ្យ​ស្អប់ ឲ្យ​កម្ចាត់​គណបក្ស​ប្រជាជន ដែល​គាត់​មួល​បង្កាច់​ថា ជា​អ្នក​ចុះ​ហត្ថ​លេខា​លុប​ខ្សែ​បន្ទាត់​ព្រំដែន។ អា​ហ្នឹង​ហើយ​ជា​ចេតនា​ស៊ី​ជម្រៅ​ខ្លាំង​ណាស់ គ្រោះ​ថ្នាក់​ណាស់»។

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​បញ្ជី​អ្នក​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ គ្រោង​នឹង​បិទ​បញ្ចប់ នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​នេះ។

របាយ​ការណ៍​បណ្ដោះ​អាសន្ន​របស់ ​គ.ជ.ប បង្ហាញ​ថា ​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​របស់​ពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឡើង​នៅ​ទូទាំង​ប្រទេសរហូត​មក​ដល់​ពេល​នេះ​ មាន​ជាង​៧​លាន​នាក់ ឬ​ស្មើ​នឹង​ជាង៧៧% ដែល​បាន​ចុះ​ឈ្មោះ ខណៈ​ពលរដ្ឋ​ជាង​២លាន​នាក់​ទៀត​ នៅ​មិន​ទាន់​ចុះ​ឈ្មោះ​នៅ​ឡើយ។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លើក​ឡើង​ថា​ ការ​អំពាវ​នាវ​របស់​លោក ហុង សុខហួរ ដោយ​សារ​លោក​ចង់​បង្ហាញ​ថា​ករណី​កាត់​ទោស​លោក គឺជា​រឿង​នយោបាយ ស្រប​ពេលដែល​លោក​ អ៊ូ វីរៈ យល់​ថា ចំណាត់​ការ​របស់តុលាការ​ មាន​ភាព​លំអៀង​ក្នុង​ការ​អនុវត្តច្បាប់​លើ​គណបក្ស​ប្រឆាំង។

«បើ​តាម​យើង​វិភាគ​ផ្លូវ​ច្បាប់​វិញ បើ​គាត់​ផុស​ដោយ​មិន​ដឹង គ្រាន់​តែ​គ្មាន​ចេតនា មិន​គូរ​មាន​ទោស​ទេ។ តាម​ពិត​បទ​ព្រហ្មទណ្ឌ​ទាក់ទង​រឿងការ​បំភ្លៃ​ឯកសារ ជា​ពិសេស​ទាក់ទង​រឿង​ដែល​គាត់​និយាយ​ហ្នឹង​មិនមែនបំភ្លៃ​ឯកសារ​ទេ។ តាម​ពិត​ហាក់​ជា​បទ​ព័ត៌មាន​មិន​ពិត ប៉ុន្តែ​បទ​ព័ត៌មាន​មិន​ពិត ​វា​ត្រូវ​ទាមទារ​ឲ្យ​គាត់​ដឹង​ហើយ​បំភ្លៃ​ដោយ​ចេតនា​ទុច្ចរិត​ទៅ​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​បាន​ឃើញ​ពី​បញ្ហាហ្នឹង​ទាល់​តែ​សោះ។ ហើយ​ទី២​ កម្រិត​ទោស​ហ្នឹង​ធ្ងន់​ណាស់ ៧​ឆ្នាំ​ហ្នឹង​ធ្ងន់​លើស​លប់​ឆ្ងាយ​មែន​ទែន​នូវ​អ្វី​ដែល​ជា​ការ​ទទួល​ទោស បើសិនជា​មិនមែន​ចេតនា​ទុច្ចរិត។ ដោយសារ​អញ្ចឹង​ហើយ​ខ្ញុំ​មើល​ទៅ​វា​ឆ្លុះ​បញ្ចាំង​នឹង​រឿង​នយោបាយ​ច្រើន​ជាង។ ហើយ​លោក ហុង សុខហួរ ប្រហែល​ជា​និយាយ​ហ្នឹង​និយាយ​រឿង​នយោបាយ​ទាំង​ស្រុង ក្នុង​ករណី​របស់​គាត់​ដែល​ទាក់ទង​នឹង​រឿង​នយោបាយ​តែ​ម្ដង»។

បឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)
បឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)

លោក​ អ៊ូ វីរៈ បន្ថែម​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋក្នុង​ការ​ចូល​រួម​ក្លាយ​ជា​ម្ចាស់​ជោគ​វាសនា​របស់​ប្រទេស​ជាតិ ដើម្បី​ឲ្យ​ពួកគាត់​ទទួល​បាន​ផល​ប្រយោជន៍​ពីប្រជា​ពលរដ្ឋ​ខ្លួន​ឯង។

លោក ហុង សុខហួរ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ឯក​សារ​សាធារណៈ​ ​បទ​ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង ​និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​ ​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​ឆ្នាំ​១៩៧៩។

ឯកសារ​ ដែល​មន្ត្រី​គណបក្ស​ជំទាស់​ចាត់​ទុក​ថា​ ជា​ការ​បញ្ចេញ​មតិ​ការពារ​បូរណភាព​ដែន​ដី​នោះ ត្រូវ​បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ដើម​ចម​នាំឲ្យ​តុលាការ​ចោទ​ប្រកាន់​លោក​សម រង្ស៊ី​ពី​បទ​សម​គំនិត​ក្នុង​បទ​ល្មើស​នេះ​ផង​ដែរ៕

XS
SM
MD
LG