នៅពេលដែលរបបខ្មែរក្រហមបានចូលមកដល់នៅឆ្នាំ១៩៧៥ កងទ័ពរបស់ខ្មែរក្រហមបានគ្រប់គ្រងពេញប្រទេស ហើយបានចូលមកដល់ស្រុករបស់អ្នកស្រី តាំង គីម នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ពួកគេបានត្រួតពិនិត្យតាមផ្ទះនីមួយៗរហូតដល់ផ្ទះអ្នកស្រីតាំង គីម និងស្វាមីដែលធ្វើជាទាហានលន់ នល់។ ប្តីរបស់គាត់ត្រូវបានគេយកទៅសម្លាប់នៅក្បែរវាលស្រែ។ អ្នកស្រីតាំង គីម ដែលពេលនោះមានអាយុ២៣ឆ្នាំ បានដឹងថា ជោគវាសនាដ៏គួរឱ្យខ្លាចមួយបានកើតឡើងមកលើរូបគាត់។
ប្តីរបស់អ្នកស្រីត្រូវបានគេសម្លាប់នៅចំពោះមុខអ្នកស្រី។ ក្រុមកម្មាភិបាលខ្មែរក្រហមបានធ្វើបាប រំលោភអ្នកស្រី ហើយមានបំណងសម្លាប់អ្នកស្រី។ ប៉ុន្តែអ្នកស្រីបានរួចខ្លួន ដោយការអាណិតរបស់កម្មាភិបាលម្នាក់ ខណៈអ្នកឯទៀតកំពុងសម្លាប់ស្ត្រីមានផ្ទៃពោះម្នាក់ទៀត។ អ្នកស្រីបានចូលទៅពួននៅក្នុងត្រពាំងដែលនៅក្បែរកន្លែងនោះអស់រយៈពេល៣ថ្ងៃ។
សព្វថ្ងៃនេះ អ្នកស្រីតាំង គីម មានអាយុ៦១ឆ្នាំ ក៏ប៉ុន្តែការចងចាំដ៏រន្ធត់នៅតែដក់នៅក្នុងចិត្តអ្នកស្រីជានិច្ច។ អ្នកស្រីបាននិយាយប្រាប់ថា៖
«ខ្ញុំយល់សប្ដិឃើញពួកខ្មែរក្រហម ខ្ញុំភ័យអឺយភ័យ។ ខ្ញុំរត់ ……..គ្នាវាមានបីនាក់ ប្រុសម្នាក់ ស្រីពីរនាក់។ ប្រុសហ្នឹងលីកាំភ្លើង ស្រាប់តែមានភ្លើងមកលើខ្ញុំ។ ខ្ញុំភ្ញាក់ឡើង ទើបដឹងថា ជាយល់សប្ដិ»។
ទោះបីជាអ្នកស្រីតាំង គីម មានសំណាងរស់រានមានជីវិតបន្ទាប់ពីរបបប្រល័យពូជសាសន៍នេះបានដួលរលំក៏ដោយ ក៏អ្នកស្រីស្ថិតនៅក្នុងចំណោមស្ត្រីរាប់ពាន់នាក់ដែលរងគ្រោះដោយអំពើហិង្សាផ្លូវភេទ។ ពួកគេភាគច្រើនទទួលរងនូវភាពឈឺចាប់ ដោយលាក់បាំងរឿងអាម៉ាស់ ខណៈសង្គមខ្មែរមានការអាណិតអាសូរ ឬយល់ដឹងតិចតួចចំពោះជនរងគ្រោះដោយការចាប់រំលោភ។
លោកស្រី Kasumi Nakagawa ជាសាស្ត្រាចារ្យជនជាតិជប៉ុនផ្នែកសិក្សាយេនឌ័រនៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានប្រាប់ VOA តាមសារអេឡិចត្រូនិកថា៖
«វប្បធម៌ខ្មែរបន្ទោសទៅលើស្ត្រី ដោយរិះគន់ទៅលើស្ត្រីរងគ្រោះថា ពួកគេជាអ្នកបង្កឲ្យកើតមានបទឧក្រិដ្ឋរំលោភទៅវិញ។ ដូច្នេះប្រសិនបើស្ត្រីណារងការរំលោភបំពាន ឬរងការធ្វើបាប វាពិបាកណាស់ក្នុងការឲ្យពួកគេនិយាយការពិត»។
ករណីដែលបង្ហាញអំពីឥរិយាបថនេះនៅតែកើតមាន ជាក់ស្តែងកាលពីប៉ុន្មានសប្ដាហ៍មុន ពិធីករប្រចាំស្ថានីយទូរទស្សន៍ហង្សមាស បានបន្ទោសជនរងគ្រោះដែលត្រូវបានគេរំលោភថា ជាអ្នកដែលជំរុញឲ្យមានការរំលោភនេះកើតឡើង។ នេះបើតាមការលើកឡើងរបស់សកម្មជនស្ត្រី។
និយាយអំពីការរំលោភនៅក្នុងរបបខ្មែរក្រហម
មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាស្ថាប័នចងក្រង និងកត់ត្រាឯកសារទាក់ទងនឹងរបបខ្មែរក្រហម បានឲ្យដឹងថា នៅក្នុងឆ្នាំ២០០៣ ពួកគេបានកត់ត្រាឯកសារអំពីស្រ្តីចំនួន១៩០នាក់ ដែលត្រូវបានគេចាប់រំលោភកាលពីសម័យខ្មែរក្រហម។
ប៉ុន្តែមានតែអ្នកស្រី តាំង គីមម្នាក់ប៉ុណ្ណោះ ដែលហ៊ាននិយាយការពិតអំពីបទពិសោធន៍ដ៏ឈឺចាប់ទាំងនោះជាសាធារណៈ ហើយត្រូវបានលើកយកមកបង្ហាញនៅក្នុងភាពយន្តឯកសារមួយក្នុងឆ្នាំ២០០៥។
នៅក្នុងឆ្នាំ២០០៧ អ្នកស្រីតាំង គីមបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ខណៈពេលដែលតុលាការកំពុងស្ថិតនៅដំណាក់កាលកំណត់វិសាលភាពនៃច្បាប់។ ប៉ុន្តែបណ្ដឹងរបស់គាត់ត្រូវបានតុលាការច្រានចោល។
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាទូទៅមានឱកាសតិចតួចក្នុងការស្វែងរកយុត្តិធម៌ប្រឆាំងនឹងជនល្មើស ដោយសារតែតុលាការកូនកាត់មួយនេះ កាត់ទោសតែមេដឹកនាំកំពូល និងអ្នកទទួលខុសត្រូវខ្ពស់បំផុតប៉ុណ្ណោះ។
អ្នកស្រី តាំង គីម និយាយថា គាត់មានការខកចិត្តចំពោះដំណើរការរបស់តុលាការ។ គាត់មានស្ថានភាពសុខភាព និងការរស់នៅមិនសូវល្អ។ គាត់យល់ថា ការទៅតុលាការមានការលំបាកដោយសារផ្ទះរបស់គាត់នៅឆ្ងាយពីតុលាការខ្មែរក្រហម ហើយគាត់ខ្វះខាតថវិកាសម្រាប់ការធ្វើដំណើរ ហើយគាត់ក៏មិនត្រូវបានអនុញ្ញាតឲ្យធ្វើសក្ខីកម្មដែរ។
អ្នកស្រី តាំង គីមបាននិយាយថា៖
«ប្រហែលជាគេគិតថា រឿងនឹងវាសាមញ្ញ។ ការទៅតុលាការក៏មានការលំបាក ត្រូវដាំបាយខ្ចប់ផង និងអស់លុយថ្លៃជិះឡានផង ពិបាកសព្វគ្រប់។ សូម្បីតែអ្នកជាប់គុកក៏រស់នៅប្រសើរជាងខ្ញុំផង។ គេមានបាយ មានពេទ្យមើល ពេលឈឺ ជា។ ខ្ញុំអស់លុយខ្លួនឯង»។
អតីតកម្មាភិបាលខ្មែរក្រហមជាច្រើននាក់បន្តការរស់នៅដោយមិនមានការផ្តន្ទាទោសនោះទេ។ មានអ្នកខ្លះរស់នៅជិតជនរងគ្រោះទៀតផង។ អ្នកស្រី តាំង គីម បាននិយាយថា អ្នកស្រីស្គាល់អតីតកម្មាភិបាលចាស់ៗជាច្រើនដែលរស់នៅជិតផ្ទះរបស់អ្នកស្រីនៅខេត្តកំពង់ឆ្នាំង។
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បាននិយាយថា វាពិតជាពិបាកណាស់សម្រាប់ស្ត្រីដែលហ៊ានបង្ហាញការពិត ពីព្រោះនៅពេលគាត់ត្រូវបានគេរំលោភ វាគឺជារឿងមួយដែលមិនអាចទទួលយកបាន។ ហើយប្រសិនបើគាត់មកនិយាយការពិត សង្គមរបស់យើងមិនអាណិតគាត់ទេ។ ប៉ុន្តែថែមទាំងមាក់ងាយគាត់ទៀតផង។ ដូច្នេះគាត់ទទួលសម្ពាធកាន់តែខ្លាំង។
ជារឿយៗជនរងគ្រោះនៃការរំលោភផ្លូវភេទនៅតែពិបាកទទួលបានយុត្តិធម៌ព្រហ្មទណ្ឌ និងការទទួលយកពីសង្គម។
អ្នកស្រីតាំង គីមបានទទួលរងការឈឺចាប់ខ្លាំងឡើងថែមទៀត នៅពេលដែលប្ដីទី២របស់អ្នកស្រីដែលរៀបការនៅក្នុងអំឡុងឆ្នាំ១៩៨០បានសុំអ្នកស្រីលែងលះគ្នា នៅពេលគាត់ដឹងថា អ្នកស្រីត្រូវបានគេចាប់រំលោភ។ ការផ្ដាច់សង្វាសនេះបានបន្សល់ទុកកូន៣នាក់ឲ្យអ្នកស្រីចិញ្ចឹម។
ដើម្បីឲ្យរួចផុតពីការចងចាំដ៏តក់ស្លុតនោះ អ្នកស្រីតាំង គីម បានងាកទៅរកព្រះពុទ្ធសាសនា ដោយបួសជាដូនជី។ កាលពីខែកក្កដា កន្លងទៅនេះ អ្នកស្រីបានធ្វើការចែករំលែកបទពិសោធន៍នោះ នៅឯមជ្ឈមណ្ឌលសិក្សាប្រល័យពូជសាសន៍នៅក្នុងទីក្រុង Cape Town និង Johannesburg ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
សាស្ត្រាចារ្យ Kasumi Nakagawa និយាយថា បទពិសោធន៍របស់អ្នកស្រី តាំង គីម ក្នុងការពិភាក្សាជាសាធារណៈអំពីរឿងអាម៉ាស់ផ្ទាល់ខ្លួន បានបង្ហាញបញ្ហារបស់ជនរងគ្រោះពីការចាប់រំលោភ ហើយវាពិតជាពិបាកសម្រាប់ជនរងគ្រោះក្នុងការស្វែងរកយុត្តិធម៌ដោយចំហ។
«ការដែលអ្នកស្រី [តាំង គីម] សម្រេចចិត្តបួសជាដូនជី ក៏បានបង្ហាញដែរថា អ្នកស្រីដឹងថា វាពិតជាមិនអាចទៅរួច ក្នុងការមានសេចក្ដីសុខក្នុងចិត្ត បើគាត់បន្តរស់នៅក្នុងសង្គមមនុស្សធម្មតា។ ដោយក្លាយជាដូនជី អ្នកស្រីបានបោះបង់ការស្វែងរកយុត្តិធម៌ ប៉ុន្តែសុខចិត្តស្វែងរកសេចក្ដីសុខស្ងប់ចិត្តនៅក្នុងផ្លូវធម៌»។
យុត្តិធម៌ព្រហ្មទណ្ឌ និងការទទួលយករបស់សង្គម នៅតែជាការលំបាកសម្រាប់ជនរងគ្រោះពីការរំលោភនៅក្នុងសង្គមបច្ចុប្បន្ន ដែលមិនត្រឹមតែប្រឈមនឹងសង្គមអភិរក្សនិយមនោះទេ ប៉ុន្តែក៏ជាសង្គមដែលមានប្រព័ន្ធតុលាការពុករលួយ និងការអនុវត្តច្បាប់មានភាពធូររលុង។
អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានសិក្សាលើករណីរំលោភលើរាងកាយចំនួន ៧៦២ករណីពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ ហើយបានរកឃើញថា ពាក់កណ្ដាលនៃជនរងគ្រោះបានដោះស្រាយបញ្ហាក្រៅតុលាការ ដោយទទួលយកប្រាក់សំណងពីជនល្មើស។
ការកាត់ទោសករណីរំលោភនៅក្នុងការរៀបការទាំងបង្ខំ
សាលាក្តីបានកំណត់ថា ការរំលោភក្នុងសម័យខ្មែរក្រហមមិនស្ថិតនៅក្នុងយុត្តាធិការរបស់ខ្លួន ដោយសារការរំលោភនេះមិនមាននៅក្នុងគោលនយោបាយរបស់ខ្មែរក្រហមឡើយ។ ប៉ុន្តែសំណុំរឿង ០០២/០២ បានបញ្ចូលការរំលោភក្នុងការរៀបការដោយបង្ខំ ទៅក្នុងការចោទប្រកាន់។ ឆ្នាំមុន តុលាការបានស្ដាប់សក្ខីកម្មរបស់សាក្សីដំបូងបង្អស់នៅក្នុងបទចោទប្រកាន់នេះ។
លោក នេត ភក្ត្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម បានប្រាប់ VOA ថា សំណុំរឿង ០០២/០២ នេះមានជនរងគ្រោះនៃករណីបង្ខំឲ្យរៀបការ និងចាប់រំលោភចំនួន៦៦៤នាក់។
លោកបានបន្តទៀតថា បើទោះបីជាតុលាការមិនអាចកាត់ទោសជនល្មើសដែលប្រព្រឹត្តដោយផ្ទាល់ក៏ដោយ ក៏អង្គការផ្សេងទៀតកំពុងពិចារណាការរៀបចំពិធីរំឭកការចងចាំ ដើម្បីជំរុញឲ្យមានការពិភាក្សាជាសាធារណៈ និងទទួលស្គាល់ការឈឺចាប់របស់ជនរងគ្រោះទាំងនេះ។
«ពាក់ព័ន្ធជាមួយនឹងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ មានគម្រោងមួយចំនួនដែលអនុវត្តដោយអង្គការ។ ដូចជាអង្គការក្តីករុណាធ្វើគម្រោងមួយឈ្មោះ«ខាន់ស្លាក្រោមអង្គការ» ដែលអនុញ្ញាតឲ្យមានការរៀបអាពាហ៍ពិពាហ៍ឡើងវិញ។ ពិធីរំឭកនូវអនុស្សាវរីឋយ៍របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងរបបខ្មែរក្រហម ក៏មានការសម្ដែងសិល្បៈនិងរឿងរ៉ាវផ្សេងៗដែលកើតមានឡើងនៅក្នុងរបបនោះដែរ»។
លោក ឆាំង យុ បាននិយាយថា ជនរងគ្រោះពីការចាប់រំលោភនៅក្នុងសម័យខ្មែរក្រហម និងជនរងគ្រោះផ្សេងទៀតដែលស្ថិតក្រោមរបបនេះ នៅតែមានការលំបាក និងមានការឈឺចាប់ ក្នុងការទទួលយកការកាត់ក្តីរបស់តុលាការខ្មែរក្រហម។
«ការពិត នៅក្នុងផ្លូវច្បាប់ខុសពីការពិតនៅក្នុងប្រវត្តិសាស្ត្រ។ មានបទឧក្រិដ្ឋជាច្រើនដែលខ្មែរក្រហមបានធ្វើ។ ដោយសារតែបទឧក្រិដ្ឋមានច្រើន តុលាការត្រូវតែសម្រេចចិត្តថា បទឧក្រិដ្ឋមួយណាដែលត្រូវលើកយកមកពិចារណា មានផលប្រយោជន៍អ្វីខ្លះ ត្រូវការរយៈពេលប៉ុន្មាន ត្រូវការថវិកាប៉ុន្មាន។ តុលាការមិនអាចកាត់ទោសបទឧក្រិដ្ឋទាំងអស់ដែលមានច្រើនសន្ធឹកសន្ធាប់នោះទេ»។
លោកឆាង យុ បានបន្ថែមថា អ្នកស្រីតាំង គីម បានជំរុញទឹកចិត្តឲ្យស្ត្រីកម្ពុជាទាំងឡាយ ដែលបានឆ្លងកាត់សម័យខ្មែរក្រហមក្តី ឬមិនបានឆ្លងក្តី ហ៊ានបញ្ចេញការពិតប្រាប់ពិភពលោក៕