ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនអន្តោប្រវេសន៍​ខុសច្បាប់​ជនជាតិ​ម៉ាលី​ទទួល​បាន​ការ​កោតសរសើរ​ ចំពោះ​ការ​សង្គ្រោះ​ក្មេង​ម្នាក់​នៅ​ប៉ារីស


លោកMamoudou Gassama វ័យ​២២ឆ្នាំ មក​ពី​ប្រទេស​ម៉ាលី ចាកចេញ​ពី​វិមាន Elysee បន្ទាប់​ពី​លោក​បាន​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron នោ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។
លោកMamoudou Gassama វ័យ​២២ឆ្នាំ មក​ពី​ប្រទេស​ម៉ាលី ចាកចេញ​ពី​វិមាន Elysee បន្ទាប់​ពី​លោក​បាន​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron នោ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។

ជនភៀសខ្លួន​ម៉ាលី​ម្នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​បារាំង​ដោយ​ខុសច្បាប់​កំពុង​តែ​ត្រូវ​បាន​គេ​ហៅ​ថា​ជា «បុរស​ពីងពាង» ឬ Spider-man និង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វីរបុរស​បន្ទាប់​ពី​តោង​ឡើង​អាគារ apartment មួយ​ក្នុង​ទីក្រុង ប៉ារីស ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​ប្រុស​ម្នាក់​ដែល​កំពុង​តោង​យ៉​មុខ​ផ្ទះ​នៅ​ជាន់​ទី​បួន។

បុរស​ម្នាក់​នោះ​គឺ​លោក Mamoudou Gassama វ័យ​២២​ឆ្នាំ។ លោក​បាន​និយាយ​ថា លោក​បាន​ឃើញ​ក្មេង​នោះ​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​នៅ​ក្នុង​តំបន់​មួយ​ដែល​លោក​បាន​ទៅ​កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​មើល​ការ​ប្រកួត​កីឡា​បាល់ទាត់ តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ភោជនីយដ្ឋាន​មួយ។

លោក​បាន​ថ្លែង​ប្រាប់​បណ្តាញ​សារព័ត៌មាន CNN ថា «ខ្ញុំ​ចូលចិត្ត​ក្មេងៗ។ ខ្ញុំ​មិន​ចង់​ឃើញ​ក្មេង​នោះ​គ្រោះថ្នាក់​នៅ​ចំពោះ​មុខ​ខ្ញុំ​នោះ​ទេ។ ខ្ញុំ​បាន​រត់​ទៅ​និង​រក​វិធី​ជួយ​ជីវិត​គាត់។ សូម​អរគុណ​ដល់​ព្រះ​ជា​ម្ចាស់​ដែល​ខ្ញុំ​បាន​តោង​ឡើង​ទៅ​លើ​អាគារ​នោះ​ដើម្បី​ជួយ​គាត់»។

វីដេអូ​បានបង្ហាញ​ថា លោក Gassama ប្រើដៃ​ទទេ​តោង​ឡើង​ពី​យ៉​មុខផ្ទះ​មួយ​ទៅ​យ៉​មួយ​ទៀត។

បុរស​ម្នាក់​នៅ​ជាន់​ទី​បួន​បាន​ព្យាយាម​ជួយ​ដល់​ក្មេង​ម្នាក់​នោះ​ពី​យ៉​ជាប់​នោះ​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​បាន។ ​
លោក Gassama បាន​ឡើង​ដល់​យ៉​មុខ​ផ្ទះ​និង​បាន​ជួយ​សង្គ្រោះ​ដល់​ក្មេង​ប្រុស​ម្នាក់​នោះ​ដោយ​ប្រើ​ដៃ​ម្ខាង។

ទម្រាំ​តែ​ក្រុម​ការងារ​ពន្លត់​អគ្គីភ័យ​មក​ដល់ ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់​នោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​សុវត្ថិភាព​រួច​ទៅ​ហើយ។

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​ថ្លែង​អំណរគុណ​ដល់​ជនភៀសខ្លួន​ម្នាក់​នោះ​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ឯ​វាំង អេលីហ្សេរ។ លោក Macron ពណ៌នា​លោក Gassama ថា​ជា​គំរូ​ដ៏​ល្អ​មួយ។ លោក Macron បាន​ផ្តល់​មេដាយ​ក្លាហាននិង​សញ្ជាតិ​បារាំង​ដល់​លោក Gassama ជាមួយនឹង​ការងារ​ជា​មន្ត្រី​ពន្លត់​អគ្គីភ័យ​នៅ​ក្រសួង​ពន្លត់​អគ្គីភ័យ​ទៀត​ផង។ លោក Gassama បាន​ថ្លែង​ទៅ​កាន់​លោក​ប្រធានាធិបតី​ថា «ព្រះ​ជាម្ចាស់​ជួយ​ខ្ញុំ» ក្នុង​ការ​ជួយ​សង្គ្រោះ​នោះ។ លោក Gassama ថ្លែង​ថា «នៅ​ពេល​ដែល​ខ្ញុំ​កាន់​តែ​ឡើង​ខ្ពស់ ខ្ញុំ​កាន់​តែ​មាន​ទឹក​ចិត្ត​ក្លាហាន​ក្នុង​ការ​ឡើង​កាន់​តែ​ខ្ពស់​ទៀត»។

លោក Macron បាន​គាំទ្រ​ដល់​ច្បាប់​មួយ​ក្នុង​ការ​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍​របស់​បារាំង។ លោក​បាន​មាន​ប្រសាសន៍​ថា មិន​មាន​ភាព​ខុសគ្នា​រវាង​ការ​ផ្តល់​រង្វាន់​ដល់​លោក Gassama ចំពោះ​ភាព​អង់អាច​ក្លាហាន​របស់​លោក​និង​ការ​កាន់​ជំហរ​រឹងមាំ​លើ​អន្តោប្រវេសន៍នោះ​ទេ។ ​

លោក Gassama ក៏​ទទួល​បាន​ការ​កោតសរសើរ​ពី​អភិបាល​ក្រុង ប៉ារីស លោកស្រី Anne Hidalgo ផង​ដែរ។ លោកស្រី​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Twitter ថា លោកស្រី​បាន​ទូរស័ព្ទ​ទៅ​អរគុណ​លោក​រួចហើយ​ចំពោះ​សកម្មភាព​ដ៏​ក្លាហាន​របស់​លោក។ ​

សេចក្តីរាយការណ៍​ព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា ឪពុកម្តាយ​របស់​ក្មេង​ប្រុស​ម្នាក់​នោះ​មិន​នៅ​ផ្ទះ​នោះ​ទេ នៅ​ពេល​ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង។ ម្តាយ​របស់​ក្មេង​នោះ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ផ្សេង ហើយ​ឪពុក​របស់​ក្មេង​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា ចេញ​ទៅ​ទិញ​ឥវ៉ាន់​នៅ​ផ្សារ។ ឪពុក​របស់​ក្មេង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ចំពោះ​ការ​ទុក​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​នៅ​ផ្ទះ​ម្នាក់​ឯង​ដោយ​គ្មាន​នរណា​ម្នាក់​នៅ​ជាមួយ៕

XS
SM
MD
LG