កាលពីថ្ងៃពុធទី១៩តុលានេះ តុលាការកាត់ទោសខ្មែរក្រហមបានបើកសវនាការបឋមអំពីសមត្ថភាពសុខភាពរបស់អ្នកស្រីអៀង ធីរិទ្ធអតីតរដ្ឋមន្ត្រីសង្គមកិច្ចខ្មែរក្រហម ក្នុងដំណើរការកាត់ទោសមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ។ មេដឹកនាំជាន់ខ្ពស់បួននាក់របស់ខ្មែរក្រហមត្រូវឡើងសវនាការជំនុំជម្រះថ្ងៃទី២១ វិច្ឆិកាគឺ៣ទសវត្សក្រោយពីបដិវត្តន៍បាតដៃទទេដ៏ខ្មៅងងឹតបំផុតក្នុងសតវត្សទី២០នេះបានផុតរលត់។
តុលាការតែងតាំងអ្នកជំនាញខាងសុខភាព៤នាក់ធ្វើការវាយតម្លៃថា តើអ្នកស្រីអៀង ធីរិទ្ធមានសុខភាពល្អដែលអាចចូលរួមសវនាការបានយ៉ាងណា។
លោកJohn Campbell ត្រូវតុលាការចាត់តាំងឲ្យវាយតម្លៃសុខភាពចុងចោទនេះសម្រាប់សវនាការពីថ្ងៃ២៩ដល់ថ្ងៃ៣១សីហា។
ចៅក្រម Silvia Cartwright បានឲ្យលោកCampbell ឡើងបំភ្លឺ។
«សូមលោកបកស្រាយអំពីកិច្ចសម្ភាសន៍របស់លោកជាមួយអ្នកស្រីអៀង ធីរិទ្ធបីលើកក្នុងពេល២ថ្ងៃមកនេះ។ ការសាកល្បង និងការពន្យល់របស់លោកមានសារៈសំខាន់សម្រាប់សវនាការ»។
លោកហួត លិណា អ្នកជំនាញម្នាក់និយាយថា អ្នកស្រីអៀង ធីរិទ្ធមានសុខភាពមធ្យម។
«អ្នកស្រីអៀង ធីរិទ្ធគាត់បានពិន្ទុ១៥នៅថ្ងៃទី១ និង១៨នៅថ្ងៃទី២។ គាត់នៅចន្លោះពី១០ទៅ២០នេះគឺគាត់មានកម្រិតមធ្យមបាទ»។
អ្នករួចជីវិតពីរបបខ្មែរក្រហមនៅខេត្តកំពង់ស្ពឺ និយាយថា គេមានជំនឿលើអង្គចៅក្រម។
លោកស៊ុំ រិទ្ធីដើមបណ្តឹងរដ្ឋប្បវេណីនិយាយថា៖
«ពួកខ្ញុំមកជាដើមបណ្តឹងហ្នឹងគឺពឹងទៅលើច្បាប់។ បើច្បាប់គេថា គាត់មិនអាចចូលរួមការកាត់ទោសបាន អាហ្នឹងស្រេចលើតុលាការសម្រេច»។
ភាគីដើមបណ្តឹងរដ្ឋប្បវេណីមានសិទ្ធិតាមផ្លូវច្បាប់ផ្តល់សក្ខីកម្ម សួរជនសង្ស័យ និងទាមទារសំណងផ្លូវចិត្ត។
អ្នកផ្សេងទៀតនិយាយថា គេមិនចង់បង្ខំកាត់ទោសមេដឹកនាំខ្មែរក្រហមទេ បើអ្នកទាំងនេះមានបញ្ហាសុខភាព។
អ្នកស្រីលឹម សារឿនមកពីខេត្តកំពង់ស្ពឺនិយាយថា៖
«បើយើងអត់ដឹងគាត់ឈឺ អាហ្នឹងមានចិត្តនឹកខឹង។ អត់ចិត្តខ្លួនឯង ខឹង។ ប៉ុន្តែបើដឹងគាត់ឈឺអញ្ចឹង យើងអនុគ្រោះឲ្យគាត់ទៅ»។
ជនជាតិខ្មែរជិត២លាននាក់បានស្លាប់ក្នុងរបបខ្មែរក្រហមដោយសារទារុណកម្ម ការប្រហារជីវិត ទុរ្ភិក្ស និងធ្វើការហួសកម្លាំង។
ចុងចោទទាំង៤សុទ្ធតែចាស់ជរា។ ពួកគេនៅក្នុងមជ្ឈដ្ឋានផ្ទៃក្នុងរបស់ប៉ុល ពត ស្ថាបនិកវាលពិឃាដរបស់ខ្មែរក្រហម ក្រុមម៉ៅនិយម ដែលទទួលខុសត្រូវការបាត់បង់ជីវិតជនជាតិខ្មែរ១លាន៧សែននាក់ពីឆ្នាំ១៩៧៦ដល់១៩៧៩។
តុលាការនេះកំពុងស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងនេះ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ