ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​លុបចោល​សេចក្ដី​បង្គាប់​រឿង​ទិដ្ឋាការ​និស្សិត​បរទេស


រូបឯកសារ៖ និស្សិត​បរទេស​នាំ​គ្នា​ដើរ​ធ្វើ​ទស្សនកិច្ច​ក្នុង​បរិវេណ​សាកលវិទ្យាល័យ Harvard ក្នុង​សហរដ្ឋអាមេរិក​។

និស្សិត និង​អ្នក​អប់រំ​បាន​បង្ហាញ​អារម្មណ៍​ធូរស្រាល និង​សេចក្ដី​សប្បាយ​រីករាយ បន្ទាប់ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ដក​ចេញ​នូវ​ក្បួន​ច្បាប់​ដែល​តម្រូវ​ឲ្យ​និស្សិត​បរទេស​ត្រូវ​មាន​វត្តមាន​នៅ​សាកល​វិទ្យាល័យ បើ​មិន​ដូច្នេះ​ទេ​នឹង​ប្រឈម​នឹង​ការ​បាត់បង់​ឋានៈ​ទិដ្ឋាការ​របស់​ខ្លួន​នោះ។

ចាប់តាំង​ពី​សប្ដាហ៍​មុន​មក និស្សិត និង​អ្នក​អប់រំ​នានា​មាន​អារម្មណ៍​វិលវល់ និង​អន្ទះអន្ទែង​ពាក់ព័ន្ធ​នឹង​ភាព​ស្រពិចស្រពិល​អំពី​ថា​តើ​ពួកគេ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រៀន​តាម​អនឡាញ​ជំនួស​ឲ្យ​ការ​រៀន​ផ្ទាល់​ក្នុង​ថ្នាក់ ឬ​ក៏​យ៉ាង​ណា​នោះ។ ចាប់តាំង​ពី​ខែ​មីនា​មក សាកលវិទ្យាល័យ​ជា​ច្រើន​បាន​បិទ​ទ្វារ និង​ប្ដូរ​ពី​ការ​រៀន​ក្នុង​ថ្នាក់​ទៅ​រៀន​តាម​អនឡាញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។

សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ Harvard លោក Lawrence Bacow បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​ផ្ញើ​ទៅ​កាន់​សហគមន៍​របស់​សាកលវិទ្យាល័យ Harvard ថា៖ «នេះ​គឺ​ជា​ជោគជ័យ​ដ៏​សំខាន់​មួយ។ សេចក្ដី​បង្គាប់​កន្លង​មក​បាន​បង្អាក់​ដល់​ការ​អប់រំ​ថ្នាក់​ឧត្តមសិក្សា​ទាំង​អស់​នៅ​សហរដ្ឋ​អាមេរិក។ ខ្ញុំ​បាន​ឮ​ពី​និស្សិត​អន្តរជាតិ​ជា​ច្រើន​ថា សេចក្ដី​បង្គាប់​កាល​ពី​ថ្ងៃ​ទី ៦ ខែ​កក្កដា បាន​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ។ ឥឡូវ​ពួកគេ​អាច​ធូរស្បើយ​ក្នុង​ចិត្ត និង​ផ្ដោត​លើ​ការ​សិក្សា​របស់​ពួកគេ​បាន​ហើយ ដែល​នេះ​ជា​រឿង​តែ​មួយ​គត់​ដែល​ពួកគេ​ចង់​ធ្វើ»។

សាកល​វិទ្យាល័យ Harvard និង​សាកល​វិទ្យាល័យ MIT បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ក្រសួង​សន្តិសុខ​មាតុភូមិ និង​ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ ដែល​បាន​ចេញ​សេចក្ដី​បង្គាប់​ថា និស្សិត​បរទេស​ចាំបាច់​ត្រូវ​សិក្សា​ដោយ​ផ្ទាល់​នៅ​ក្នុង​ថ្នាក់​នៅ​បវេសនកាល​ថ្មី​ខាង​មុខ​នេះ មិន​មែន​តាម​អនឡាញ​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​បាត់បង់​ឋានៈ​ទិដ្ឋាការ និង​ប្រឈម​នឹង​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG