ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​បើក​សាលារៀន​ឡើង​វិញ


អ្នកស្រី Betsy DeVos រដ្ឋមន្ត្រី​ក្រសួង​អប់រំ ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​អប់រំ​ កាល​ពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​សហរដ្ឋ​អាមេរិក​អ្នកស្រី Betsy DeVos កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ជំរុញ​សហគមន៍​មូលដ្ឋាន​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ឲ្យ​បើក​សាលារៀន​ឡើង​វិញ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ ដោយ​មាន​ការ​បង្រៀន​ផ្ទាល់​ក្នុង​ថ្នាក់​ចំនួន ៥ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ អ្នកស្រី​បាន​និយាយ​ថា ការ​បើក​សាលារៀន​ឡើង​វិញ​នេះ​គឺ​មាន​សុវត្ថិភាព​ទាំងស្រុង ទោះបីជា​ចំនួន​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នេះ​កើន​ឡើង​ថ្មី​ខ្ពស់​ក៏​ដោយ។

នៅ​ក្នុង​កម្មវិធី​ពិភាក្សា​នៃ​ទូរទស្សន៍ Fox News និង​ទូរទស្សន៍ CNN អ្នកស្រី DeVos បាន​ជំទាស់​ទៅ​នឹង​ដំបូន្មាន​របស់​អ្នក​ជំនាញ​ផ្នែក​សុខភាព និង​អាជ្ញាធរ​ថ្នាក់​រដ្ឋ និង​ថ្នាក់​មូលដ្ឋាន ដែល​ប្រឆាំង​នឹង​ការ​បើក​សាលារៀន​ពេញ​ទំហឹង​ឡើង​វិញ ដែល​ភាគ​ច្រើន​ត្រូវ​បាន​បិទ​តាំង​ពី​ខែ​មីនា​មក នៅ​ពេល​ដែល​ជំងឺ​កូវីដ១៩ បាន​វាយលុក​ពាសពេញ​ប្រទេស។

នៅ​ពេល​បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៦ ម៉ឺន​ករណី ឬ​ក៏​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ ដោយ​ជា​រឿយៗ​មាន​ការ​កើន​ឡើង​ប្រចាំ​ថ្ងៃ​ខ្ពស់​ជា​រៀងរាល់​ថ្ងៃ​ក្នុង​ពេល​មួយ​សប្ដាហ៍​កន្លង​មក​នេះ។

អ្នកស្រី DeVos បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី «Fox News Sunday» ថា៖ «ការ​ចូល​រៀន​វិញ​គឺ​ពិតជា​សំខាន់។ ទិន្នន័យ​កន្លង​មក​បាន​បង្ហាញ​ថា វា​មិន​មាន​គ្រោះថ្នាក់​នោះ​ទេ»។ អ្នកស្រី​បាន​លើក​ឡើង​ថា អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា កុមារ​មិន​ចម្លង​ជំងឺ​នេះ​ដូច​កម្រិត​ដែល​មនុស្ស​ពេញ​វ័យ​ចម្លង​នោះ​ឡើយ។

អ្នកស្រី DeVos បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍ CNN ថា៖ «មាន​តម្រូវការ​ចាំបាច់​ឲ្យ​កុមារ​ចូល​រៀន។ សាលារៀន​ចាំបាច់​ត្រូវតែ​បើក​ឡើង​វិញ»។ ប៉ុន្តែ​អ្នកស្រី​បាន​អនុញ្ញាត​ថា នៅ​ក្នុង​សហគមន៍​ណា​ដែល​អត្រា​ឆ្លង​ជំងឺ​នេះ​កើន​ឡើង​ភ្លាមៗ ការ​រៀន​តាម​អនឡាញ​អាច​ធ្វើ​ឡើង «រយៈពេល​ប៉ុន្មាន​ថ្ងៃ»។ អ្នកស្រី​បាន​ប្រាប់​ទូរទស្សន៍ Fox News ថា៖ «នៅ​កន្លែង​ណា​ដែល​មាន​ការ​ឆ្លង​ខ្លាំងក្លា យើង​ត្រូវតែ​ដោះស្រាយ​ជាមួយ​បញ្ហា​នោះ»។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក បាន​ផ្សព្វផ្សាយ​ការ​ណែនាំ​សម្រាប់​ការ​បើក​សាលារៀន​ឡើង​វិញ ដែល​អំពាវនាវ​ឲ្យ​សិស្ស​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​អ្នក​ដទៃ​យ៉ាង​តិច ២ ម៉ែត្រ ដែល​នេះ​គឺ​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ទាំង​ស្រុង​នៅ​តាម​សាលារៀន​ភាគ​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG