ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ថា​នឹង​ពិភាក្សា​ជាមួយ​លោក Biden អំពី​លទ្ធភាព​សមាជិកភាព​អ៊ុយក្រែន​ក្នុង​អង្គការ​អូតង់


ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយជាមួយមេដឹកនាំសហភាពប្រជាធិបតេយ្យគ្រិស្តសាសនាអាល្លឺម៉ង់ (CDU) ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងកៀវ នៅថ្ងៃទី៩ ខែធ្នូឆ្នាំ២០២៤។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយជាមួយមេដឹកនាំសហភាពប្រជាធិបតេយ្យគ្រិស្តសាសនាអាល្លឺម៉ង់ (CDU) ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងកៀវ នៅថ្ងៃទី៩ ខែធ្នូឆ្នាំ២០២៤។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា លោក​សង្ឃឹម​ថា​នឹង​អាច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ដើម្បី​ពិភាក្សា​អំពី​ការ​អំពាវនាវ​របស់​អ៊ុយក្រែន​ឱ្យ​មាន​ការ​អញ្ជើញ​ខ្លួន​ចូល​ជា​សមាជិក​អង្គការ​អូតង់ (NATO)។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

នៅក្នុង​ការ​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង​អាល្លឺម៉ង់​លោក Friedrich Merz នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ចន្ទ លោក Zelenskyy បាន​បន្ថែម​ថា វា​មាន​ប្រយោជន៍​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​ការ​លើកឡើង​អំពី​បញ្ហា​នេះ​ជាមួយ​នឹង​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក Donald Trump ដោយសារតែ​លោក Trump មិន​ទាន់​ស្បថ​ចូល​កាន់​តំណែង​នៅឡើយ។

លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​រយៈ​អ្នក​បកប្រែ​ភាសា​ថា៖ «ខ្ញុំ​មាន​បំណង​ទូរស័ព្ទ​ទៅ​ប្រធានាធិបតី [អាមេរិក​លោក Joe] Biden នៅ​ពេល​ខាងមុខ​នេះ​ដើម្បី​ពិភាក្សា​អំពី​សំណួរ​នៃ​ការ​អញ្ជើញ [អ៊ុយក្រែន] ឱ្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់។ លោក [Biden] គឺ​ជា​ប្រធានាធិបតី [អាមេរិក] បច្ចុប្បន្ន​ហើយ​វា​គឺ​អាស្រ័យ​លើ​ទស្សនៈ​របស់​លោក​ទាំងស្រុង។ ការ​ពិភាក្សា​រឿង​នេះ​ជាមួយ​នឹង​លោក Trump មុន​ពេល​លោក Trump ចូល​កាន់​តំណែង​គឺ​មិន​ទំនង​នោះ​ទេ»។

កាលពី​ថ្ងៃ​ចន្ទ​នោះ​ផងដែរ លោក Zelenskyy បាន​បង្ហើប​គំនិត​នៃ​ការ​ដាក់​ពង្រាយ​កងទ័ព​បរទេស​នៅ​អ៊ុយក្រែន​រហូត​ទាល់តែ​ដល់​ពេល​ដែល​អ៊ុយក្រែន​បាន​ចូល​ជា​សមាជិក​អង្គការ​អូតង់។

លោក Zelenskyy ថ្លែង​ដូច្នេះ​ថា៖ «កងកម្លាំង​មកពី​ប្រទេស​ណាមួយ​អាច​មាន​វត្តមាន​នៅក្នុង​ប្រទេស​អ៊ុយក្រែន​បាន ដរាបណា​ប្រទេស​នោះ​មិន​មែន​ជា​សមាជិក​អង្គការ​អូតង់។ ប៉ុន្តែ​សម្រាប់​រឿង​នេះ យើង​ចាំបាច់​ត្រូវ​ដឹង​ឱ្យ​បាន​ច្បាស់​អំពី​ថាតើ​ពេលណា​អ៊ុយក្រែន​អាច​ក្លាយជា​សមាជិក​របស់​សហភាព​អឺរ៉ុប​និង​ពេលណា​អាច​ក្លាយជា​សមាជិក​អង្គការ​អូតង់»។

កន្លងមក អ៊ុយក្រែន​បាន​ជំរុញ​ដោយ​មាន​ការ​សម្របសម្រួល​ឱ្យ​ធ្វើ​យ៉ាងណា​បាន​ការ​អញ្ជើញ​ឱ្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់។ ប្រទេស​នេះ​បាន​ទទូច​ជាច្រើន​លើក​ច្រើន​សារ​ក្នុង​អំឡុង​ពេល​សង្គ្រាម​នេះ​ថា​ខ្លួន​ត្រូវការ​ការ​ធានា​ផ្នែក​សន្តិសុខ​ដើម្បី​បង្ការ​រុស្ស៊ី​មិន​ឱ្យ​ធ្វើការ​ឈ្លានពាន​មួយ​ទៀត​នៅ​ពេល​ណា​ដែល​អរិភាព​នៅ​ពេល​បច្ចុប្បន្ន​នេះ​ត្រូវបាន​បញ្ចប់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG