ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្យល់ព្យុះ Ida ធ្វើឲ្យ​ពលរដ្ឋ​ក្នុង​ទីក្រុង New Orleans រងទុក្ខ ស្រប​ពេល​ដែល​អាកាសធាតុ​កំពុង​កើន​កម្តៅ​ខ្លាំង


ទិដ្ឋភាព​​រងការ​ខូចខាត​ដោយ​សារ​ព្យុះ Ida នៅ​ក្នុង​ក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋ​អាមេរិក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

ព្យុះ Ida បានធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​រាប់លាន​នាក់នៅ​ក្នុង​រដ្ឋ Louisiana ភាគអាគ្នេយ៍​សហរដ្ឋ​អាមេរិក​គ្មាន​អគិ្គសនី​និង​ទឹក​ស្អាត​ប្រើ​ប្រាស់។

បង្គោល​អគ្គិសនី​ដែល​ត​ភ្ជាប់​ទីក្រុង​ទេសចរណ៍ New Orleansនិង​ផ្នែក​ជា​ច្រើន​ទៀត​នៃ​រដ្ឋ Louisiana ភាគ​ខាង​ត្បូង​ ត្រូវ​ទទួល​រង​ការ​ខូច​ខាត​ឬ​បំផ្លាញ​ដោយ​សារខ្យល់​ព្យុះ Ida ដែល​បាន​បោក​បក់​មក​លើ​តំបន់​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​របស់​រដ្ឋ​មួយ​នេះ​ក្នុង​ល្បឿន​ខ្យល់​២៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ដោយ​ធ្វើ​ឲ្យបង្គោល​ចែកចាយ​ចរន្តអគ្គិសនី​មួយ​កន្លែង​ដួល​រលំ​ចូល​ក្នុង​ទន្លេ Mississippi។

អាជ្ញាធរ​រដ្ឋនិង​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​ថាម​ពល​ក្នុង​តំបន់​និយាយ​ថា វា​អាច​ប្រើ​ពេល​រហូត​ដល់​៣០​ថ្ងៃ​ក្នុង​ការ​ស្តារ​ចរន្តអគ្គិសនីទាំងស្រុង​ឡើង​វិញ​ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុងតំបន់​រង​គ្រោះ​មាន​ការ​បារម្ភ​ពី​ការ​គ្មាន​ម៉ាស៊ីន​ត្រជាក់ប្រើ​ប្រាស់ និងអាច​ធ្លាក់​ខ្លួន​ឈឺ​ដែល​អាចកើត​ចេញពីអាកាសធាតុ​ក្តៅ​ហួតហែង​នៅ​ចុង​រដូវក្តៅ​នេះ។ អ្នក​ព្យាករណ៍​អាកាសធាតុ បាន​ឲ្យ​ដឹង​ថា អាកាស​ធាតុក្តៅ​ អាចមាន​ក្នុង​ចន្លោះ​ពី៣២​ទៅ​៣៧​អង្សារសេ។ សាលារៀន​ត្រូវ​បាន​បិទ​ទ្វារ​ដោយ​គ្មាន​ពេល​កំណត់ ហើយ​មន្ទីរ ពេទ្យ​ជា​ច្រើន​កន្លែង​ដែលពោរពេញ​ទៅដោយ​អ្នក​ជំងឺ​កូវីដ១៩​នោះ​ កំពុង​ដំណើរ​ការ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ភ្លើង។

មន្ត្រី​ក្នុង​ទីក្រុងNew Orleans បាន​បង្កើត​មជ្ឈមណ្ឌល​គ្រា​អាសន្ន​ជា​ច្រើន​កន្លែង​ជុំវិញ​ទី​ក្រុង​ដើម្បី​ឲ្យ​ពលរដ្ឋ​ទទួល​បាន​កន្លែង​ត្រជាក់ ទទួល​បាន​ម្ហូប​អាហារ ទឹក​ និង​សាក​ថ្ម​ទូរសព្ទដៃ​របស់​គេ​ផង​ដែរ។

ពលរដ្ឋក្នុង​តំបន់​ទាំង​មូល​បាន​រង់ចាំក្នុង​ជួរ​ដ៏វែង​អស់​ជា​ច្រើន​ម៉ោង​ដើម្បី​ទិញប្រេង​ឥន្ធនៈសម្រាប់ចាក់​ម៉ាស៊ីន​ភ្លើង​ប្រើប្រាស់​ក្នុង​លំនៅដ្ឋានរបស់​ពួកគេ។

ពួក​មន្ត្រី​ថាមពល​និយាយ​ថា អគ្គិសនីត្រូវ​បានស្តារឡើង​វិញ​ខ្លះៗហើយ​ដល់​អតិថិជន៨៥.០០០នាក់​ កាលពីយប់​ថ្ងៃអង្គារ ហើយ​សេវា​មួយ​ចំនួន​ទៀត​ អាច​ត្រូវ​បាន​ស្តារ​ឡើងវិញនៅ​ក្រុងNew Orleans នៅ​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ។

នៅ​ខាង​ក្រៅ​ទីក្រុង New Orleans ឯណោះ​វិញ កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដោយ​កម្លាំង​សមត្ថកិច្ច​និង​អ្នក​ស្ម័គ្រចិត្ត​កាលពី​ថ្ងៃ​អង្គារ កំពុង​បន្ត​ជួយ​សង្គ្រោះ​អ្នក​ដែល​ជាប់​នៅ​ក្នុង​លំនៅ​ដ្ឋាន​របស់​ខ្លួនជា​ច្រើន​កន្លែង​ក្នុង​តំបន់​លិច​ទឹក។ តំបន់​ជា​ច្រើន​ត្រូវ​បាន​កាត់​ផ្តាច់​ដោយសារ​ការដួលរលំ​ដើម​ឈើ​និង​កម្ទេចកម្ទី​ផ្សេងៗ​ទៀត​ដែល​បាន​បិទ​ផ្លូវ​។

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៤​នាក់​ បាន​ស្លាប់​ដោយ​សារ​ខ្យល់​ព្យុះIdaនេះ​ដែល​ក្នុង​នោះ​២​នាក់​ បាន​ស្លាប់​ក្នុង​ការ​បាក់​ផ្លូវ​ Highwayដ៏​សំខាន់​មួយ​នៅ​ក្នុង​រដ្ឋ​ជិត​ខាង​គឺរដ្ឋ Mississippi។

មជ្ឈមណ្ឌល​ជាតិ​ត្រួតពិនិត្យ​ខ្យល់ព្យុះ​និយាយ​ថា ព្យុះ​Ida ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើការ​គំរាម​កំហែង​អាយុ​ជីវិត​មនុស្សតាម​រយៈការ​បង្កឲ្យ​មាន​ទឹក​ជំនន់ និង​ខ្សល់​គួចនៅ​ទូទាំង​រដ្ឋTennessee និង​នៅ​តាម​បណ្តា​រដ្ឋ​មួយ​ចំនួន​ផ្សេងៗ​ទៀត​ ដូច​ជា​រដ្ឋ North Carolina រដ្ឋVirginia រដ្ឋMaryland រដ្ឋ Pennsylvania រដ្ឋ New York រដ្ឋ New Jersey និង​រដ្ឋ Connecticut ផង​ដែរ៕

XS
SM
MD
LG