ខ្យល់ព្យុះសង្ឃរា Florence មានសភាពខ្សោយជាងមុននៅពេលវាជិតបោកបក់មកដល់ឆ្នេរសមុទ្រខាងកើតនៃស.រ.អា ក៏ប៉ុន្តែពួកអ្នកព្យាករណ៍អាកាសបានព្រមានថា ទំហំនៃខ្យល់ព្យុះនេះ និងសមត្ថភាពវាក្នុងការធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងជា ការគំរាមកំហែងដល់ជីវិតមនុស្សដែលឋិតនៅក្នុងកន្លែងវាបោកបក់កាត់។
ប្រជាជននៅក្នុងរដ្ឋ North Carolina និងរដ្ឋ South Carolina មានពេលវេលានៅថ្ងៃព្រហស្បតិ៍នេះដើម្បីបញ្ចប់ការប្រុងប្រៀបរបស់ពួកគេដើម្បីបើកឡានចេញពីកន្លែងពួកគេរស់នៅ ឬមួយគេចពីកន្លែងមានខ្យល់ព្យុះនេះ។
មជ្ឈមណ្ឌលខ្យល់ព្យុះសង្ឃរាជាតិរំពឹងថា ខ្យល់ព្យុះនេះនឹងបោកបក់មកដល់ឆ្នេរសមុទ្រនៅជិតព្រំដែននៃរដ្ឋទាំងពីរនេះនៅយប់ថ្ងៃព្រហស្បតិ៍ ឬព្រឹកថ្ងៃសុក្រ។ ការព្យាករណ៍ធាតុអាកាសបានចែងថាខ្យល់ព្យុះនេះនឹងនៅវិលវល់នៅតាមបណ្តោយឆ្នេរសមុទ្រក្នុងថ្ងៃសុក្រ និងថ្ងៃសៅរ៍។
ល្បឿនយឺតនៃខ្យល់ព្យុះសង្ឃរា Florence បានធ្វើឱ្យខ្យល់ព្យុះនេះមានពេលវេលាបង្អុរភ្លៀងខ្លាំងនៅក្នុងរដ្ឋ Carolina ទាំងពីរបណ្តាលឱ្យមាន «ទឹកជំនន់ភ្លាមៗនិងទឹកជន់ទន្លេនិងស្ទឹងផងដែរ»។
នៅពេលដែលខ្យល់ព្យុះនេះបោកបក់ចេញពីតំបន់នោះ ក្រុមអ្នកព្យាករណ៍អាកាសរំពឹងថា នឹងមានភ្លៀងធ្លាក់ពី៥០ទៅ៧៥ស.ម.ក្នុងតំបន់ឆ្នេរសមុទ្រ ហើយកន្លែងខ្លះអាចមានភ្លៀងរហូតដល់ ១០០ស.ម.ផងដែរ។ នៅក្នុងកន្លែងឆ្ងាយពីឆ្នេរសមុទ្រ អាចមានភ្លៀងរហូតដល់២៥ស.ម.ក្នុងរដ្ឋ Carolinas ទាំងពីរនិង១៥ស.ម.នៅក្នុងរដ្ឋជិតខាង៕